ឆ្នាំ២០១៨! សូចនាករសេដ្ឋកិច្ចនៅតែបង្ហាញសញ្ញាវិជ្ជមាន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សូចនាករនៅក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៨នៅតែ បង្ហាញសញ្ញានៅតែវិជ្ជមាន ព្រោះវិស័យអាទិភាពសំខាន់ៗនៅតែមានកំនើន និងការរីកចម្រើនយ៉ាងរ៉ឹងមាំ សម្រាប់រយៈពេលខាងមុខទៀត។

 

លោកហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនៃអគ្គនាយកដ្ឋានថវិកាស្តីពី ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៨  ក្នុងវេទិការសាធារណ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលម៉ិញថា សូចនាករនៃក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៦- ២០១៨ ផលិតផលក្នុងស្រុកសរុប ហៅកាត់ផ.ស.ស តាមការព្យាករណ៍នៅក្នុងឆ្នាំ២០១៨នេះ អាចកើនឡើងជិត១០០លានលានរៀល ខណៈឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មានមានជាង៨៩លានលានរៀល ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបមានកំនើន៧ភាគរយ  និងឆ្នាំ២០១៧សម្រេចបានកំនើនប្រមាណ៦,៩ភាគរយ  និងនៅឆ្នាំ២០១៨ កម្ពុជានឹងអាចរក្សាបានកំនើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់ ៦,៩ភាគរយផងដែរ។

វិស័យដែលនៅតែរក្សាកំណើនល្អសម្រាប់ឆ្នាំ២០១៨រួមមាន វិស័យកសិក​ម្ម អាចស្ថិតនឹងមានកំនើននៅក្នុងរង្វង់២,៣ភាគរយ ខណៈឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មាន២,០ភាគរយ វិស័យឧស្សាហកម្មនឹងមានកំនើន៨,៦ភាគរយ ខណៈឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មានមានកំនើន៩,២ភាគរយ វិស័យសេវាកម្មមានកំនើនប្រមាណ៧,៦ភាគរយ ខណៈឆ្នាំ២០១៧ត្រូវបានប៉ាន់ស្មាន៧,២ភាគរយផងដែរ។

 

លោកហាវ រតនៈបានបន្តថា ប្រាក់ចំណូលប្រជាជនម្នាក់ៗកាលពីក្នុងឆ្នាំ២០១៦បានកើនឡើង១.៣០២ដុល្លារ។ ឆ្នាំ២០១៧ត្រូវបានប៉ាន់ស្មានកើនដល់១.៤៣៥ដុល្លារ និងឆ្នាំ២០១៨នេះ ត្រូវព្យាករណ៍កើនឡើងដល់១.៥៦៨ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកអតិផរណាជាប្រាក់រៀល មានកំណើន៣ភាគរយនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឡើងដល់៣,៨ភាគរយ និងនៅឆ្នាំ២០១៨តាមការព្យាករណ៍ អត្រាអតិផរណាមានកំនើនប្រមាណ៣,៥ភាគរយ ។

 

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ចំណែកទុនបម្រុងអន្តរជាតិ នៅក្នុងឆ្នាំ២០១៦ មានចំនួន៦.៧៣១លានដុល្លារ ក្នុងនោះចំនួនខែនៃការនាំចូលទំនិញ និងសេវាស្ថិតក្នុងរង្វង់៥,៤ភាគរយ។ នៅឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មាន៩.០៥០លានដុល្លារ ហើយចំនួននាំចូលទំនិញ និងសេវាក្នុងរង្វង់ ៦,០ភាគរយ ។ ដោយឡែកនៅក្នុងឆ្នាំ២០១៨ តាមការព្យាករណ៍ទុនបម្រុងអន្តរជាតិ អាចឡើងដល់១០.៥១៨លានដុល្លារ រួមជាមួយចំនួននាំចូលទំនិញ និងសេវាស្ថិតក្នុងរង្វង់៦,៥ភាគរយផងដែរ។

លោកហាវ រតនៈបានបន្តថា ទោះបីសូចនាករនៃក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច មានភាពល្អប្រសើរក៏ដោយ តែបរិការណ៍រួម នៃការរៀបចំថវិការឆ្នាំ២០១៨ នៅតែមានបញ្ហាប្រឈម និងហានិភ័យផងដែរ ដូចជាសម្ពោធចំណាយថវិកា បន្ទុកបុគ្គល ខណៈចំណូលថវិការកៀកនឹងពិដាននៃសក្តានុពល និន្នាការកើនឡើងនៃថ្លៃប្រេង និងសម្ពោធនៃថ្លៃម្ហូនអាហារ ដែលធ្វើឲ្យមានបញ្ហាប្រឈមផ្សេងៗទៀត រួមមាន ថ្លៃអគ្គិសនីខ្ពស់ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅទន់ខ្សោយ កំណើនប្រាក់ឈ្នួលអប្បបរមា ផលិតភាពទាប កង្វះជំនាញ ភាពស្មុកស្មាញ, និងមានថ្លៃខ្ពស់នៃនីតិវិធីធុរកិច្ចផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here