ក្រុមហ៊ុនអាកាសចរណ៍ថៃ​ Thai Airways ធ្លាក់ចុះ ខណៈប្រាក់បាតឡើងថ្លៃ

0

ដោយ Donald Lee

ភ្នំពេញ ៖ ខណៈប្រាក់បាតថៃឡើង ដល់កម្រិតខ្ពស់ក្នុងរយៈពេល៦ឆ្នាំ នៅឆ្នាំនេះដោយមានតម្លៃ៣១,៣១ បាតស្មើនឹង១ដុល្លារអាមេរិកនៅពេលនេះ ខណៈវិស័យសំខាន់​ៗនៅក្នុងសេដ្ឋកិច្ចថៃកំពុងចាប់ផ្តើមធ្លាក់ចុះ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានលាឈប់ពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនបានចេញផ្សាយ លទ្ធផលនៅត្រីមាសទី២របស់ខ្លួន ដែលបង្ហាញពីការខាតបង់សុទ្ធចំនួន២២០លានដុល្លារ។

ការលាឈប់នេះកើតឡើង ស្របពេលដែលនាយកប្រតិបត្តិជាន់ខ្ពស់៣ រូបនៅក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏លាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន ខណៈអាកាសចរណ៍ថៃលោក Sumeth Damrongchaitham បានប្រាប់បុគ្គលិកថា ក្រុមហ៊ុនអាកាសចរណ៍នេះប្រថុយនឹងការបិទ ប្រសិនបើខ្លួណមិនប្រកួតប្រជែងជាមួយគូប្រជែង ក្នុងតំបន់របស់ពួកគេ។

លោក Damrongchaitham បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា “នៅក្នុងយុគសម័យ ដែលអតិថិជនមានការផ្តល់ជូនយ៉ាងច្រើន ក្នុងពេលមានការប្រកួតប្រជែងផ្នែកអាកាសចរណ៍ដ៏ខ្លាំងក្លា បុគ្គលិកត្រូវបានគេស្នើសុំឱ្យចូលរួម និងធ្វើការដើម្បីផ្តួលការប្រកួតក្នុងការទទួលបានលទ្ធផលប្រតិបត្តិការប្រសើរឡើង”។

អតីតប្រធានលោក Ekniti Nitithanprapas បាននិយាយថា មូលហេតុចំបងនៃការធ្លាក់ចុះប្រាក់ចំណូល គឺមកពីភ្ញៀវទេសចរមិនមកប្រទេសថៃ ដោយសារតែការកើនឡើងនៃប្រាក់បាតថៃ។

ភាពខ្លាំងនៃប្រាក់បាតកំពុងរារាំង អ្នកទេសចរចំណូលមធ្យមមួយចំនួន ចាកចេញឆ្ងាយពីថៃ ដោយសារកំលាំង ចំណាយរបស់ពួកគេមានការថយចុះ ទាក់ទងនឹងការឡើងថ្លៃរូបិយប័ណ្ណថៃ។

ប្រាក់បាតឡើងថ្លៃ ជាងរូបិយប័ណ្ណផ្សេងៗទៀតនៅអាស៊ី និងស្ថិតក្នុងចំណោមរូបិយប័ណ្ណដ៏ខ្លាំងបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន។

វិស័យទេសចរណ៍គឺជាផ្នែកសំខាន់មួយ នៃសេដ្ឋកិច្ចថៃដែលមានចំនួនស្មើនឹង១ ភាគ ៥ នៃ GDP របស់ប្រទេសនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានបន្ថែមថា ថ្មីៗនេះប្រទេសខ្លួនបានទម្លាក់គោលដៅទេសចរណ៍របស់ខ្លួន មកនៅត្រឹមប្រមាណ៤០លាននាក់សម្រាប់ឆ្នាំនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាលោក Piphat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកក កាលពីដើមឆ្នាំនេះថា “ការឡើងថ្លៃប្រាក់បាតថៃគឺជាផ្នែកមួយនៃមូលហេតុ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយសារតែអ្នកដែលមកថៃទទួលបានប្រាក់តិចពីប្តូររូបិយប័ណ្ណរបស់ពួកគេ”។

ធនាគារថៃបានទម្លាក់អត្រាការប្រាក់ជាលើកទី២នៅឆ្នាំនេះ ដើម្បីទប់ស្កាត់កំនើនប្រាក់បាត និងជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់មកនៅត្រឹម១,២៥ភាគរយ ដែលជាអត្រាមួយដែលមិនធ្លាប់មាន ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៩។

ទោះយ៉ាងណា អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថាធនាគារកណ្តាលនៅអាស៊ីបានទទួលស្គាល់ការពិតដែលថា សេដ្ឋកិច្ចត្រូវការអត្រាការប្រាក់ទាបជាងមុន ដើម្បីជំរុញការចំណាយក្នុងស្រុក និងដើម្បីទប់ស្កាត់ការឡើងថ្លៃយ៉ាងរហ័សនៃរូបិយប័ណ្ណ (ប្រាក់បាតថៃ) ។ នេះបើយោងតាមរបាយការណ៍ធនគារថៃ ING បានចេញផ្សាយក្នុងសប្តាហ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here