វិភាគ៖ ផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយរារាំងការបង្រួបបង្រួមកូរ៉េ

0

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

ភ្នំពេញ៖ នៅពេល គីម យ៉ូចុង ប្អូនស្រីប្រធានាធិបតីកូរ៉េខាងជើងនាំចុតហ្មាយពិសេសមួយ ជូនប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន ដើម្បីអញ្ជើញប្រធានាធិបតីរូបនេះ ទៅទស្សនកិច្ចនៅកូរ៉េខាងជើង ពិភពលោកបានបើកភ្នែ កធំ​ៗចំពោះការបន្ទប់ឥរិយាបទ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។

បងប្អូនកូរ៉េទាំងពីរនេះ បានបែកបាក់គ្នាក្រោយសង្រ្គាមលោកលើកទី១ គឺនៅឆ្នាំ១៩៥២ ។ បន្ទាប់ពីបែកបាក់គ្នា ក្នុងសង្រ្គាមឧបទ្វីបកូរ៉េ បងប្អូនទាំងពីរនេះបានរកឃើញនិងបានចងសម្ព័ន្ឋមិត្តរៀងៗខ្លួន ដោយកូរ៉េខាងត្បូងបានចងសម្ព័ន្ឋមិត្តជាមួយអាមេរិក និងកូរ៉េខាងជើងបានចងសម្ព័ន្ឋមិត្ត ជាមួ​យមហាយក្សចិន ដែលមានមនោគមវិជ្ជានយោបាយខុសគ្នា។

ជាមួយនឹងសារបញ្ជាក់ពីចេតនាច្បាស់លាស់ ក្នុងបំណងចង់បង្រួបបង្រួម​ បងប្អូនទាំងពីរ ដែលមានមនោគមវិជ្ជាខុសគ្នា និងមានស្ថានភាពសេដ្ឋកិច្ចខុសគ្នាដួចមេឃនិងដីនេះ បានក្លាយជាប្រធានបទក្តៅ សម្រាប់បណ្តាញសារព៌តមាន និងអ្នកវិភាគអន្តរជាតិនានា។

មុននឹងបកស្រាយសាកល្បង តើកូរ៉េទាំងពីរអាចរួមរួមគ្នាឬយ៉ាងណា យើងទៅមើលស្ថានភាពសេដ្ឋកិច្ច សង្គម និងកត្តាប្រជាសាស្រ្តនៃប្រទេសទាំងពីរជាមុនសិន។

កូរ៉េខាងត្បូង

កូរ៉េខាងត្បូងជាប់ជាប្រទេស មានទំហំសេដ្ឋកិច្ចជាប់លំដាប់ថ្នាក់ទី១៣ នៅលើពិភពលោក និងស្ថិតជាសមាជិកនៃមហាយក្សសេដ្ឋកិច្ចទាំង២០នៅលើពិភពលោក។

កូរ៉េខាងត្បូង មានផ្ទៃដីទំហំ១០០,២១០គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង​៥១លាននាក់។

កាលពីឆ្នាំមុន ផលទុនជាតិសរុបរបស់កូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជាង១,៥លាន​លានដុល្លារសហរដ្ឋអាមេរិក ហើយផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ មានទឹកប្រាក់២៥,៤៥៨ដុល្លារអាមេរិក។ ​

កូរ៉េខាងជើង

បើនិយាយពីផ្ទៃដី ប្រទេសកូរ៉េខាងជើងមានផ្ទៃដីធំជាងកូរ៉េខាងត្បូង ដែល​ប្រទេសកុំម្មុយនីស្តដ៏ឯកាមួយនេះ មានផ្ទៃដីសរុបទំហំ១២០,៥៤០គីឡូម៉ែត្រការ៉េ តែមានប្រជាជនត្រឹមជាង២៥លាននាក់ប៉ុណ្ណោះ។

ប្រទេសនេះកាលពីឆ្នាំ២០១៥ មានផលទុនជាតិសរុបត្រឹម១៦,១២ពាន់លា​នដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ ក្នុងមួយឆ្នាំមានត្រឹម១៣០០ដុល្លារអាមេរិកប៉ុណ្ណោះ។

មូលដ្ឋានសេដ្ឋកិច្ច

ផ្អែកលើមូលដ្ឋាន និងទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដែលបានបង្ហាញនេះ យើងអាចលើកជាសំណួរមួយថា តើកូរ៉េខាងត្បូងអាចសុខចិត្តទទួលយកកូរ៉េខាងជើងមករួបរួមជាមួយគ្នា ទាំងខ្លួនទទួលយកថ្មបាក់ឬទេ? នេះជាសំណួរធំមួយ ដែលប្រធានាធិបតីម៉ូន ជេអ៊ីនរក្សាភាពស្ងៀមស្ងាត់ ហើយមិនទាន់មានការឆ្លើយតបទាក់ទង នឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងឬមិនទៅ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ក្នុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ក្នុងការសម្រេចចិត្ត ព្រោះទី១ តើដំណើរទស្សនកិច្ចរបស់ខ្លួន នឹងធ្វើឲ្យសម្ព័ន្ឋមិត្តរបស់ខ្លួន​ជាមួយអាមេរិករងការរង្គោះរង្គើរឬទេ? ហើយតើសម្ព័ន្ឋមិត្តរបស់អាមេរិក​ដូចជា ជប៉ុន និងប្រទេសចិនមានប្រតិកម្មយ៉ាងដូចម្តេច? ទី២ ការបដិសេធមិន​ទៅទស្សនកិច្ច ឬមានចេតនាបដិសេធសំណើរកូរ៉េខាងជើង អាចជាកំហុសប្រវត្តិ​សាស្រ្តមួយឬទេ? ហើយអាចនឹងធ្វើឲ្យឧបទ្វីបកូរ៉េតានតឹងជាថ្មីឬយ៉ាងណា?។

ទី៣ ប្រសិនជាប្រធានាធិបតីស្តាំនិយម ដែលតែងតែមានបំណ​ងចង់បង្រួបបង្រួមជាមួយកូរ៉េខាងជើង ទៅទស្សនកិច្ចនៅកូរ៉េខាងជើង តើនឹងត្រូវ​រងសម្ពាពពីអន្តរជាតិបែបណា? ទាក់ទងនឹងកម្មវិធីរំសាយថាមពលនុយក្លេអ៊ែរ របស់កូរ៉េខាងជើង? ឬកូរ៉េខាងត្បូងធ្វើមិនដឹងមិនលឺពីសម្ពាធអន្តរជាតិ? ចម្លើយគឺប្រធានាធិបតី កូរ៉េខាងត្បូងមិនអាចធ្វើដើម “គ”នោះទេ។

ជម្រើសសមស្រប

ចុតហ្មាយមច្ចុរាជ ក៏អាចហៅថា ចុយហ្មាយហិមៈ ក៏អាចប្រើប្រាស់ ដើម្បីរំលត់ភ្លើងកំហឹងរវាងមេដឹកនាំ និងប្រជាជន ដែលមិនសូវមានការយល់ដឹងពីគ្នា ឬតែងតែមានការយល់​ច្រឡំគ្នាទៅវិញទៅមកបានដែរ។

ជាថ្នូរនៃការទទួលយក ឬបដិសេធមិនទទួលយកចេតនាល្អ ពីកូរ៉េខាងជើងកូរ៉េខាងត្បូង អាចឈរនៅទីតាំងមួយ ដែលអាចទទួលបានផលប្រយោជន៍ទាំងសងខាង ដោយមិនរងសម្ពាពពីអន្តរជាតិ ដូចជា ទី១ កូរ៉េខាងត្បូងអាចជួយកូរ៉េខាងជើង តាមរយៈការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកៃសុងឡើងវិញ និងអាចបើកមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត ដើម្បីជួយផ្តល់ការងារក៏ដូចជា លើកកំពស់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដែលកំពុងជួបនឹងទុរភឹក្ស។ ទី២ កូរ៉េខាងត្បូង អាចបើកឲ្យមានការចេញចូលពីប្រជាជនកូរ៉េខាងជើង ងាយស្រួលជាង​មុន ដើម្បីពង្រឹងនូវទំនាក់ទំនង ក៏ដូចជា សម្តែងសមានចិត្តចំពោះកូរ៉េខាងជើង ក៏ដូចជា អាចធ្វើឲ្យការយល់ច្រឡំចំពោះគ្នាកន្លងមក ត្រូវបានបន្សាបដោយយក​ពេលវេលាជាអ្នកត្រួសត្រាយផ្លូវ។

ទី៣ នៅពេលកូរ៉េខាងត្បូង និងខាងជើងកាន់តែខិតជិតគ្នា ទាំងសេដ្ឋកិច្ច និងការយល់យោគរវាងបងប្អូនទាំងពីរកាន់តែជិតស្និទ្ឋ ហើយផលប្រយោ​ជន៍ត្រូវផ្តល់ឲ្យគ្នាទៅវិញទៅមក។ ពេលវេលានឹងសាកល្បង ក៏ដូចជា អាចឲ្យប្រទេសទាំងពីររួបរួមគ្នាបានឬយ៉ាងណា ពេលនោះមានតែមេដឹកនាំជំនាន់ក្រោយប៉ុណ្ណោះ​ជាអ្នកបង្ហាញ។

ទំនាក់ទំនងអន្តរជាតិ

ក្នុងសមរភូមិកាទូត កូរ៉េខាងត្បូង មានការស្វាគមន៍ស្ទើរគ្រប់ទិសទីនៃពិភពលោក ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជា លទ្ឋភាពដែលកូរ៉េខាងត្បូងមាន ដែលអាចបង្ហូរឥណទានសម្បទាន និងជំនួយឥតសំណងនានា ដើម្បីចូលរួមអភិវឌ្ឍន៍ជួយដល់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើននៅក្នុងពិភ​ពលោករាប់ទាំងកម្ពុជាផងដែរ។

សារពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនលោកបានគាំទ្រការចចារបង្រួបបង្រួមបងប្អូនទាំងពីរ និងបានស្នើឲ្យប្រទេសដទៃទៀតកុំជ្រៀ​តជ្រែកកិច្ចការផ្ទៃក្នុងរបស់កូរ៉េទាំងពីរផងដែរ។

ប៉ុន្តែទោះជាប្រទេសកូរ៉េខាងត្បូង ជាប្រទេសមានឯករាជ្យ អធិបតេយ្យភាព​របស់ខ្លូនក្តី ក៏ប្រទេសនេះមិនអាចសម្រេចចិត្តអ្វីមួយ ដោយឯកតោភាគី ដោយមិនបានថ្លឹងថ្លែង ពីសមានចិត្តសម្ព័ន្ឋមិត្តដ៏ស្អិតរមួតរបស់ខ្លួន និងបណ្តាប្រទេសដទៃទៀតឡើយ។

​នៅក្នុងសមរភូមិកាទួត និងទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍សេដ្ឋកិច្ច​ជារឿងទី១ ដែលកូរ៉េខាងត្បូងមិនអាចធ្វើមិនដឹងមិនលឺនោះទេ ហេតុនេះកាតរពិចារណាថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ជាអ្វីដែលមេដឹកនាំកូរ៉េខាងត្បូងកំពុងគិតជា​អាទិភាពទី១។

ឈរលើមូលដ្ឋានទាំងនេះ គេអាចមើលឃើញជ្រោះដ៏សែនជ្រៅមួយ ដែល​ពិបាកក្នុងការធ្វើឲ្យកូរ៉េទាំងពីរ អាចឈោងចាប់ដៃគ្នាឬបង្រួបបង្រួមគ្នាជាថ្មី ដោ​យសាររងឥទ្ឋិពលពីព្យុះអន្តរជាតិផង ពីផលប្រយោជន៍សេដ្ឋកិច្ចផង និងសមរភូមិកាទូត ដែលមានសីលធ៌មតែសម្បកក្រៅផង។

ការថ្លឹងថ្លែង និងការពិចារណាគ្រប់ជ្រុងជ្រោយ លើទិដ្ឋភាពសេដ្ឋកិច្ចផង ទំនាក់ទំនងអន្តរជាតិផង យុទ្ឋសាស្រ្តកាទូតផង ប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូន ជេអ៊ីន នឹងមិនទៅទស្សនកិច្ចនៅកូរ៉េខាងជើងឡើយ ហើយបើមានដំណើរទស្សនកិច្ច ក៏ស្ថិតក្នុងពេលវេលាសមស្របណាមួយ ដែលមានការបើកភ្លើងខៀវ ពីអាមេរិកផងដែរ។

ភូមិសាស្រ្តនយោបាយ

មុននិយាយពីការចាប់ផ្តើមឡើងវិញ ឬការបើកជញ្ជាំងដែលខ័ណ្ឌចែកព្រំដែនប្រទេសប្រទេសទាំងពីរ ដែលបានបិទកាលពីដើមទសវត្សរ៍ទី៥០ យើងមិន​អាចមិននិយាយពីភូមិសាស្រ្តនយោបាយនោះទេ។ វានឹងជាកំហុសមូយ ប្រសិន ជាភ្លេចពិចារណាទៅលើភូមិសាស្រ្តនយោបាយ។

ការពិតបងប្អូនកូរ៉េទាំងពីរ ក៏អាចនិយាយថា ជាអ្នករងគ្រោះពីមនោគមវិជ្ជា​នយោបាយពីលោកខាងលិច និងលោកខាងកើតផងដែរ ព្រោះលោកខាងលិច(អាមេរិក) បានចាប់កូរ៉េខាងត្បូង និងលោកខាងកើត(ចិន) បានចាប់យកកូរ៉េខាងជើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងយុទ្ឋសាស្រ្តនយោបាយរបស់ខ្លួន។

កូរ៉េខាងជើងអាចរស់បានដោយសារចិន ដែលប្រទេសនេះអាចជាកូនចឹងមួយរបស់ចិន។ ជាក់ស្តែង ទោះបីអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រទេសនេះយ៉ាងណាក៏​ដោយ ក៏ចិននៅតែបើកចំហទ្វារព្រំដែន ដើម្បីធ្វើពាណិជ្ជកម្មជាមួ​យកូរ៉េខាងជើង ដោយសកម្មភាពនាំចេញ នាំចូលរបស់កូរ៉េខាងជើង៧៥ភាគរយបានធ្វើជាមួយចិន ហើយចិនកំពុងប្រើ​ប្រាស់កូរ៉េខាងជើងជាសម្ព័ន្ឋមិត្តផង ក្នុង​យុ ទ្ឋសាស្រ្តភូមិសាស្រ្តនយោបាយផង និងដើម្បីទប់ឥទ្ឋិពលលោកខាងលិចផង។

ចំណែកអាមេរិក បានចងសម្ព័ន្ឋភាពជាមួយកូរ៉េខាងត្បូង ក៏ក្នុងគោលដៅ និងផលប្រយោ​ជន៍ស្រដៀងនឹងចិនដែរ ប៉ុន្តែបើមើលក្នុងទិដ្ឋភាពភូមិសាស្រ្តទាំងអាមេរិក និងចិន​មិនចង់ឲ្យបងប្អូនកូរ៉េទាំងពីរបង្រួបបង្រួមគ្នាឡើយ។ ដោយសារ ទី១ បើសិនជា​ឲ្យបងប្អូនទាំងពីររួបរួមគ្នា កូរ៉េនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយទៀត ដែលមានទាំងសេដ្ឋកិច្ចរសរវើកផង និងមានសព្វាវុធ(អាវុធប្រល័យលោក)ផង។ ទី២ បើសិនជាបងប្អូនទាំងពីរបង្រួបបង្រួបគ្នា ប្រទេសចិននឹងបាត់​បង់ភូមិសាស្រ្ត​នយោបាយ និងឥទ្ឋិពលរបស់ខ្លួននៅតំបន់នេះ ហើយចិននឹងឈរតែឯងក្នុងមនោគមវិជ្ជាមួយ ដែលលោកខាងលិចកំពុងតែចង់កម្ចាត់កម្ចាយ ទី៣ សហព័ន្ឋរុស្ស៊ីដែលនៅក្បែរកូរ៉េខាងជើង ដែលមិនសូវនិយាយស្តី ហាក់រង់ចាំមើ​ល​ខ្លាពីរខាំគ្នា ដើម្បីទទួលបានផលប្រយោជន៍។

សរុបមកវិញ ការចាប់ផ្តើមនូវទំនាក់ទំនងល្អប្រសើរជាងមុន រវាងបងប្អូន   ​កូរ៉េទាំងពីរអាចធ្វើបាន ក្នុងដំណើរសន្សឹមៗ ប៉ុន្តែការបង្រួបបង្រួមបងប្អូនទាំងពីរ​នេះ មិនអាចធ្វើបានភ្លាមៗនោះទេ។

ក្នុងសតវត្សរ៍ទី២១ ប្រទេសនានាបានចាប់យកសេដ្ឋកិច្ចជាអាទិភាពទី១  ភូមិសាស្រ្តនយោ​បាយជាអាទិភាពទី២ ហើយកំពុងធ្វើមិនដឹងមិនលឺពីមនោគមន៍វិជ្ជា នយោបាយ និងក្រមសីលធ៌ម។ ហេតុនេះបើសិនជាកូរ៉េទាំងពីររារាំងដល់ផល​ប្រយោជន៍របស់ពួកគេ ការចាប់ដៃគ្នា ដើម្បីឆ្ពោះទៅកាន់កូរ៉េតែមួយនាពេលអនាគត ពិតជាត្រូវឆ្លងកាត់មហាព្យុះ និងរលកយក្សស៊ូណាមិមិនខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here