ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមមន្ត្រីបាននិយាយស្រដៀងគ្នាថាកម្ពុជា និងប្រទេសចិននឹងទទួលបានសារៈប្រយោជ៍ពីការលើកកម្ពស់ការប្រើប្រាស់រៀល និងប្រាក់យ៉ន់ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសវាអាចបង្កភាពងាយស្រួល សម្រាប់ការវិនិយោគ និងកាត់បន្ថយហនីភ័យក្នុងការប្ដូរប្រាក់។

-->
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានថ្លែងក្នុងសន្និសិទ្ធខ្សែរក្រវ៉ាត់មួយ ផ្លូវមួយ ពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់យ៉ន់ចិន និងប្រាក់រៀលក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនាព្រឹកថ្ងៃទី ២៤តុលាថា ការជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀល និងប្រាក់ចិន ក្នុងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយការទូទាត់ប្រតិបត្តិការពាណិជ្ជកម្ម កាន់តែមានភាពឆាប់រហ័ស ហើយហានីភ័យអាត្រាប្ដូរប្រាក់ក៏ត្រូវបានកាត់បន្ថយផងដែរ។ លោកជំទាវជឿជាក់ថា ការប្រើប្រាស់ប្រាក់យ៉ន់ និងប្រាក់រៀលនេះ ក៏អាចជុំរុញសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងជាពិសេសការវិនិយោគបន្ថែមពីប្រទេសចិនមកកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានគាំទ្រនូវការលើកកម្ពស់ឲ្យមានការប្រើប្រាស់ប្រាក់រៀល និងប្រាក់យ៉ន់ចិនក្នុងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគផងដែរ ដោយលោកលើកឡើងថា វាជារឿងល្អដែលវាផ្ដល់នូវជម្រើសកាន់តែច្រើន ជាជាងការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកតែមួយមុខ ព្រោះថាបើសិនជាប្រាក់ដុល្លារមានបញ្ហា នោះវានឹងប៉ះពាលដល់ពាណិជ្ជកម្ម ជាពិសេស វាកាន់តែងាយស្រួលដោយចិន ទទួលយកលុយរៀលខ្មែរ ហើយខ្មែរទទួលយកលុយយ៉ន់ចិន ដោយមិនចាំបាច់ផ្លាស់ប្ដូរទៅជាប្រាក់ដុល្លារអាមេរិក។
ទោះជាយ៉ាងណាលោក ង៉ែត ជូទី ប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingបានថ្លែងថា ថ្វីត្បិតសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានទ្រទ្រង់ដោយការវិនិយោគរបស់អ្នកវិនិយោគចិនក្តី ប៉ុន្តែការនាំទំនិញចេញក្រៅប្រទេសបានជាប្រាក់ដុល្លារ ហេតុនេះវាត្រូវការប្រើប្រាស់ពេលវេលាច្រើនថែមទៀត ក្នុងការជំរុញឲ្យប្រាក់រៀលមានការទទួលស្គាល់ និងប្រើប្រាស់សម្រាប់ទូទាត់ពីពាណិជ្ជករ ក៏ដូចជាអ្នកវិនិយោគចិន យកមកប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្ម។
លោកបន្តថា “វាមិនសាមញ្ញពេកទេដើម្បីឲ្យមានការទូទាត់ប្រាក់រៀល ទោះ ជាមានឆន្ទៈសហប្រតិបត្តិការទ្វេរភាគី រវាងរដ្ឋាភិបាលប្រទេសទាំងពីរក្តី គឺវានៅតែទាមទារពេលវេលាច្រើន។លោកបន្តថា “ជនជាតិណាមានទំនុកចិត្តលើប្រាក់រៀលលឿនឬយឺត វាអាស្រ័យលើប្រជាជនកម្ពុជាខ្លួនឯងទទួលស្គាកើ និងឲ្យតម្លៃសិន”៕