បន្ទាប់ពីកាត់ចូលក្នុងរដ្ឋបាលរាជធានីតើតំបន់កំបូលទាក់ទាញការវិនិយោគយ៉ាងដូចម្តេច?

0

ដោយវុត្ថា

ភ្នំពេញៈ តំបន់កំបូលដែលពីមុនត្រូវបានគេគិតថា មានចំងាយឆ្ងាយពីរាជធានីភ្នំពេញ តែរហូតមដល់ពេលនេះតំបន់នេះស្ថិតនៅមិនឆ្ងាយនោះទេ ខណៈកំបូលគឺជាខណ្ឌថ្មី ដែលត្រូវបានកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ តំបន់នេះកំពុងមានសក្តានុខ្ពស់ ដែលមានរោងចក្រច្រើន និងប្រជាពលរដ្ឋតំាងទីលំនៅច្រើន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរ។


លោកកាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century21 Land Station បានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងមកនេះថា សម្រាប់ដីធ្លីនៅក្នុងតំបន់នេះ មានតម្លៃចន្លោះពី៥០ទៅ១០០ដុល្លារអាមេរិក នៅក្នុងមួយម៉ែត្រការ៉េដែលអាចសាងសង់លំនៅឋានបាន។ ម្យ៉ាងទៀត តំបន់នេះមានសក្តានុពលខ្ពស់ ដែលអ្នកមានធនធានអាចទិញដីសម្រាប់សាងសង់ឃ្លាំងសម្រាប់ស្តុកទំនិញផ្សេងៗ

លោកបន្តថា យើងក៏អាចសាងសង់បន្ទប់ជួល សម្រាប់កម្មករស្នាក់នៅ លំនៅឋានសម្រាប់រស់នៅ និងអាចធ្វើអ្វីៗទៅតាមប្រថ្នារបស់យើងគ្រប់គ្នាបាន លោកបន្ថែមថា ជាពិសេសតំបន់កំបូលមានភាពទាក់ទាញខ្ពស់ ដោយសារនៅជាបន់នេះ នឹងផ្លូវជាតិលេខ៤  ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលមានការនាំចេញ នាំចូលនូវទំនិញគ្រប់ប្រភេទទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗថា បើទោះជារយៈពេលនៃការបង្កើតខណ្ឌកំបូល គិតមកទល់ពេលនេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែសមិទ្ធផលជាច្រើនត្រូវបានលេចចេញកជាបណ្តើរៗ ដូចជា ការរៀបចំសណ្តាប់ធ្នាប់ រៀបចំសួនច្បារ និងដាំដើមឈើលំអរសោភ័ណ្ឌភាព តាមដងផ្លូវជាតិលេខ៤ ជួលជុលផ្លូវចាក់គ្រួសតាមភូមិ សង្កាត់ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងដាក់ភ្លើងអំពូលសឡាតាមបង្គោលក្នុងសង្កាត់មួយចំនួន។

ខណ្ឌកំបូលជាខណ្ឌមួយ ស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រំប្រទល់ខាងកើតទល់នឹងខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ខាងត្បូងទល់នឹងខណ្ឌដង្កោ និងព្រំប្រទល់ខាងជើងទល់នឹងខណ្ឌព្រែកព្នៅ មានផ្ទៃក្រឡាសរុបប្រមាណ៩ពាន់ហិចតាជាងមាន៧សង្កាត់ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឳឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់ប្រទះឡាង៕


LEAVE A REPLY

Please enter your comment!
Please enter your name here