អភិបាលខេត្តបាត់ដំបងអះអាងថា គម្រោងដំណើរការព្រលានយន្តហោះឡើងវិញកំពុងពន្លឿនការសិក្សាលម្អិត

0

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ អនុវត្តទៅតាមផែនការ និងគោលនយោបាយដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យមានការស្តារ និងស្ថាបនាព្រលានយន្តហោះក្នុងខេត្តបាត់ដំបង ដើម្បីដាក់ឱ្យដំណើរការឡើងវិញនោះ ពេលនេះកំពុងស្ថិតនៅក្នុងដំណាក់សិក្សាលម្អិតពីសំណាក់មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនជំនាញក្នុងស្រុក។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ គម្រោងស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបង គឺត្រូវបានមន្ត្រីជំនាញ និងក្រុមការងារកំពុងតែយកចិត្តទុកដាក់ក្នុងការសិក្សា។

លោកបានមានប្រសាសន៍បន្តទៀតថា “មន្ត្រីជំនាញផ្នែកបច្ចេកទេសអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក ពួកគាត់កំពុងតែសិក្សាលម្អិតពាក់ព័ន្ធទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដែលពាក់ព័ន្ធទៅនឹងស្ដារ និងស្ថាបនាបន្ថែមទៅលើទីធ្លានៃព្រលានចាស់ ថាតើគួរតែរក្សាទំហំព្រលានចាស់ ឬត្រូវធ្វើ និងពង្រីក”។

លោកបានបន្តថា “ការស្ដារ ឬស្ថាបនាឡើងវិញក្នុងទំហំប៉ុណ្ណានោះ គឺត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការជាក់ស្ដែង និងពិតប្រាកដនៅក្នុងស្រុក។ ជាមួយគ្នានេះក្រុមហ៊ុនជំនាញក៏កំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លាសម្រាប់ទីចំណតរបស់យន្តហោះក្នុងស្រុក ក៏ដូចជាទីសម្រាប់រថយន្តចូលចតសម្រាប់ដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផងដែរ ដោយឡែកពាក់ព័ន្ធទៅនឹងពេលវេលានៃការចាប់អនុវត្តគម្រោងជាក់លាក់នៅពេលណា ហើយចំណាយថវិកាអស់ប៉ុន្មាន នៅមិនទាន់អាចបញ្ជាក់បាននោះទេ”។

អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍អាកាសយានដ្ឋានខេត្តបាត់ដំបងនៅពេលបច្ចុប្បន្ននេះ គឺជាប្រភេទអាកាសយានដ្ឋានក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម ដែលយើងត្រូវតែពិនិត្យ ដើម្បីស្ដារ និងកែលម្អរឡើងវិញឱ្យស្របតាមទៅស្ដង់ដារអន្តរជាតិ ដែលការផ្តួចផ្ដើមនេះត្រូវបានរដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បានប្រគល់ការងារឱ្យក្រុមមន្ត្រីជំនាញ ដើម្បីលើកសំណើរ ថាតើត្រូវកែលម្អរ និងអភិវឌ្ឍន៍អាកាសយានដ្ឋានមួយនេះរបៀបណា។

លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា “ជាជំហានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត 3C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀត យើងបានពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្រប ទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here