ដោយ ៖ ប៊ី
ភ្នំពេញ ៖ អ្នកជំនាញអះអាងថា យុទ្ធសាស្ត្របញ្ចុះតម្លៃការលក់អចលនទ្រព្យ កំឡុងពេលផ្ទុះឡើងនៃជំងឺ COVID-19 នឹងធ្វើឱ្យចរន្តសាច់ប្រាក់មានចលនានៅក្នុងទីផ្សារ និងចលនាទិញលក់អចលនទ្រព្យកើនឡើង ដែលជាផ្នែកមួយជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច ខណៈតម្លៃអចលនទ្រព្យមិនមានការប្រែប្រួលនោះទេ។

-->
លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ថា យុទ្ធសាស្ត្របញ្ចុះតម្លៃលក់អចលនទ្រព្យនៅកម្ពុជាធ្វើទៅបានគឺអាស្រ័យលើអ្នកអភិវឌ្ឍន៍ ហើយវានឹងជំរុញចលនាទិញលក់អចលនទ្រព្យនៅទីផ្សារ។
លោកបានថ្លែងថា “យុទ្ធសាស្ត្របញ្ចុះតម្លៃអចលនទ្រព្យ យើងធ្វើវាយូរហើយ។ អ្នកអភិវឌ្ឍន៍របស់យើង ជាមួយនឹងរដ្ឋាភិបាល ធ្វើយុទ្ធសាស្ត្រនេះយូរហើយ ដូចជាពន្ធកាត់ទុក ហើយគម្រោងមួយចំនួនបានបញ្ចុះតម្លៃ ៥ ទៅ ១០ ភាគរយ ឬ១៥ ភាគរយ កំឡុងវិបត្តិ COVID-19 នេះ ដូច្នេះវាជាយុទ្ធសាស្ត្រទីផ្សារដែលពួកគាត់ចាប់ធ្វើដើម្បីជួយឱ្យចរន្តលក់ផុលផុស”។
យុទ្ធសាស្ត្រនៃការបញ្ចុះតម្លៃនេះគឺត្រូវធ្វើឡើងក្នុងតម្លៃសមរម្យណាមួយ ដែលធ្វើឱ្យមានការទាក់ទាញអ្នកវិនិយោគបញ្ចេញប្រាក់ចូលក្នុងទីផ្សារ ហើយទាំងអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគទទួលបានផលចំណេញសម្រាប់ការវិនិយោគរបស់ខ្លួន។ វាជាយុទ្ធសាស្ត្រដើម្បីកៀរគរទុនវិនិយោគ ដូច្នេះវានឹងធ្វើឱ្យមានចរន្តសាច់ប្រាក់ចរាចរក្នុងទីផ្សារ ហើយនឹងធ្វើឱ្យមានចលនាប្រតិបត្តិការទិញលក់អចលនទ្រព្យ។
លោក ច្រឹក សុខនីម បានឱ្យដឹងថា “បញ្ហាជំងឺប្រឈមនឹងភាពភ័យខ្លាចបូកនឹងតម្លៃសេដ្ឋកិច្ច។ វាមានន័យថា យើងគិតតែរឿងសេដ្ឋកិច្ចមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាទាល់តែជំងឺនេះគ្រប់គ្រង ហើយនឹងមានកើតឡើងវិញ”។ លោកបានបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជាមិនមានការប្រឈមបញ្ហាខ្លាំងនោះទេ នៅពេលបច្ចុប្បន្ន ព្រោះវិស័យនេះនៅកម្ពុជាទាមទាររយៈពេលវែងក្នុងការវិវត្តន៍ទៅមុខ”។

យុទ្ធសាស្ត្របញ្ចុះតម្លៃការលក់អចលនទ្រព្យកំពុងទទួលបានជោគជ័យខ្លាំងនៅប្រទេសថៃ។
លោកស្រី Risinee Sarikaputra ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Knight Frank Thailand បានថ្លែងថា ការបញ្ចុះតម្លៃយ៉ាងខ្លាំងពីអ្នកអភិវឌ្ឍន៍កំពូលៗនៅថៃ បានទាក់ទាញអ្នកទិញវិនិយោគជាច្រើននៅក្នុងខែនេះ បន្ទាប់ពីពួកគេបានបាត់ពីទីផ្សារ នៅពេលដែលការកំណត់ប្រាក់កម្ចីដល់តម្លៃបានចូលជាធរមានកាលពីឆ្នាំមុន។
លោកស្រី Risinee បាននិយាយថា “ការបញ្ចុះតម្លៃយ៉ាងច្រើនត្រូវបានអនុវត្តទៅលើយូនីតខុនដូដែលមានកំណត់ និងជាវិធីទាក់ទាញអតិថិជនមករកទីតាំងទាំងនោះ។ បើទោះបីជាយូនីតទាំងនោះត្រូវបានលក់អស់ អ្នកអភិវឌ្ឍន៍នឹងផ្តល់ឱ្យយូនីតផ្សេងទៀតក្នុងតម្លៃដ៏ទាប”៕
