អាមេរិក សន្យាផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឆ្នាំ២០២០ នេះ គឺជាខួបទី៧០ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្រៅពីគម្រោងអភិវឌ្ឍន៍ សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។

នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ 

លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងថា ក្នុងឆ្នាំ ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាមេរិក នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាកាន់តែមានធំធេងថែមទៀត។ 

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បានសាទរចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទាន យ៉ាងច្រើនសម្រាប់បំពេញតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា ដោយផ្តោតលើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងអភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា សហរដ្ឋអមេរិក ក៏បានផ្តល់ជំនួយបច្ចេកទេសសម្រាប់ការងារកែទម្រង់ថវិកាក្រោមក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ផងដែរ។ 

លើសពីនេះ នៅក្នុងបរិការណ៍ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 នេះ កម្ពុជា ខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឱ្យមានស្ថេរភាព ដោយបានដាក់ចេញវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនឹងគោលនយោបាយកែតម្រូវខ្សែសង្វាក់ផលិកម្មឱ្យស្របតាមតម្រូវការទីផ្សារ ដើម្បីរក្សាអត្រាគ្មានការងារធ្វើឱ្យនៅក្នុងកម្រិតទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here