ផ្អែកតាមទ្រឹស្ដីរបស់អ្នកជំនាញផ្នែកអចនទ្រព្យ បានលើកឡើងថា ដើម្បីទទួលជោគជ័យក្នុងវិស័យណាមួយ អ្នកត្រូវតែរៀនពីវិស័យមួយនោះឱ្យស៊ីជម្រៅ និងយល់ឱ្យបានច្បាស់ ជាពិសេស គួរតែរៀនសូត្រ និងកត់សម្គាល់ពីបុគ្គលមួយចំនួនដែលទទួលបានជោគជ័យក្នុងវិស័យនោះ។ ដោយឡែក ងាកទៅកាន់ប្រធានបទខាងលើនេះវិញ ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដូច្នេះអ្នកត្រូវតែរៀនសូត្រ និងស្វែងយល់ពីវិស័យនេះ ហើយត្រូវពិចារណាថា តើគេមានវិធីសាស្ត្រអ្វីដែលអាចឱ្យបុគ្គលម្នាក់ជោគជ័យខាងផ្នែកអចលនទ្រព្យ ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលអ្នកទទួលបានភាពជោគជ័យក្នុងវិស័យអចលនទ្រព្យតែងតែធ្វើ ៖

1.ត្រូវតែច្បាស់លាស់ចំពោះអ្វីដែលអ្នកចង់ធ្វើ : មនុស្សភាគច្រើនបានដឹង និងគិតត្រឹមតែអ្វីពាក្យថា «មិនចង់ធ្វើ ឬមិនចាប់អារម្មណ៍ » ហើយជួនកាល «ចង់ដែរ »ប៉ុន្តែពួកគេទាំងនោះមិនសូវច្បាស់អំពី « អ្វីដែលពួកគេចង់បាន» ពិតប្រាកដនោះទេ។ ដូច្នេះ គួរតែមានការកំណត់ឱ្យបានច្បាស់ថា តើចង់បានអ្វីឱ្យពិតប្រាកដ។
-->
2.វិនិយោគទៅលើលំហូរសាច់ប្រាក់ (Cash flow) : អ្នកជោគជ័យគេទិញរបស់ណាដែលអាចរកលុយឱ្យគេបានជាប្រចាំទោះជាទីផ្សារឡើង ឬចុះក៏ដោយ។
3.សង្ឃឹមសម្រាប់ពេលល្អបំផុត តែក៏ត្រូវរៀបគម្រោងសម្រាប់ពេលអាក្រក់បំផុត : គ្មាននរណាម្នាក់វិនិយោគដោយមានបំណងចង់ឱ្យខាតបង់នោះទេ ប៉ុន្តែជាអកុសលវាបានកើតមានឡើងចំពោះអ្នកវិនិយោគមួយចំនួន។ ដូច្នេះ បើស្ថិតក្នុងស្ថានភាពអាក្រក់បំផុត អ្វីដែលបុគ្គលជោគជ័យអាចធ្វើបាន គឺធ្វើឱ្យហានិភ័យធំប្រែក្លាយទៅជាទ្រង់ទ្រាយតូច។
4.ដឹងពីរបៀបទាក់ទាញ : ចំពោះការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីទាក់ទាញឱ្យទទួលបានអ្នកជួល ឬអតិថិជន អ្នកត្រូវធ្វើឱ្យពួកគេដឹងថារបស់នោះមានលក្ខណៈល្អជាងគេ។
5.មើលឱ្យបានទូលាយជានិច្ច : អ្នកវិនិយោគអចលនទ្រព្យដែលទទួលជោគជ័យតែងតែសម្លឹងមើលទៅគ្រប់អចលនទ្រព្យទាំងអស់ ព្រោះការមានអចលនទ្រព្យក្នុងដៃកាន់តែច្រើន មានន័យថាពួកគេក៏មានឱកាសកាន់តែច្រើនក្នុងការទទួលបានភាគលាភ។

ទាំងអស់នេះគ្រាន់តែជាគន្លឹះមួយចំនួន ដែលអាចជាជំនួយខ្លះៗដល់អ្នកសម្រាប់ការសម្រេចចិត្ត ប៉ុន្តែអ្នកក៏គួរស្វែងយល់ពីស្ថេរភាព និងបរិបទសង្គមដែលកើតមានជាក់ស្ដែងនៅជុំវិញខ្លួនអ្នកផងដែរ ៕