ដោយ ៖ រាវី
ភ្នំពេញ ៖ ជាការពិតណាស់ បើនិយាយពីរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន សម្រាប់តំបន់សាងសង់សំណង់លំនៅដ្ឋាន ឬបុរីធំៗ ហាក់មិនមានចន្លោះដីអនុគ្រោះដល់ការអភិវឌ្ឍសំណង់លំនៅដ្ឋានទៀតនោះឡើយ។ អាស្រ័យដូចនេះ បណ្តាអ្នកវិនិយោគនានា បានងាកទៅចាប់អារម្មណ៍តំបន់ផ្សេងទៀតដែលស្ថិតនៅតាមបណ្តាជាយក្រុងគ្រប់ជ្រុងគ្រប់ទិស រហូតធ្លាយទៅដល់តាមបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជាប់ ដូចជាតាមបណ្តោយផ្លូវជាតិ 1-2-3-4-5 ជាពិសេស ផ្លូវជាតិលេខ 6A ចាប់ផ្តើមចេញពីតំបន់ព្រែកលៀបរហូតដល់ព្រុំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល ។

-->
ផ្ទុយពីការគិតរបស់មនុស្សភាគច្រើន ដែលនាំគ្នាលើកឡើងថា ក្រៅពីតំបន់រាជធានីភ្នំពេញ ខេត្ត ដែលមានសក្ដានុពលលើវិស័យអចលនទ្រព្យ ជាពិសេសសំណង់លំនៅដ្ឋានតែម្ដងនោះ គឺខេត្តព្រះសីហនុ និងក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ប៉ុន្តែ ផ្អែកតាមការអះអាងរបស់អ្នកជំនាញលើវិស័យនេះបានធ្វើការបដិសេធ ជាមួយនឹងការលើកថា ខេត្តដែលមានវិសាលភាពចំពោះសំណង់លំនៅដ្ឋាន ក៏ដូចជាបុរី ជាដើមនោះ គឺខេត្តកណ្តាល ប៉ោយប៉ែត និងខេត្តបាត់ដំបង។

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន VTRUST បានឱ្យដឹងថា កាលពីឆ្នាំ 2017 កន្លងទៅ សម្រាប់រាជធានីភ្នំពេញ មានគម្រោងសាងសង់សំណង់បុរី និងផ្ទះល្វែង មានប្រមាណ 12 ម៉ឺនខ្នង ដែលជាចំនួនមួយដ៏ច្រើន។ ដោយឡែកសម្រាប់ខេត្តដែលមានកំណើនលើការសាងសង់សំណង់លំនៅដ្ឋានផ្ទះល្វែង និងបុរីវិញ គឺខេត្តកណ្តាល ដែលកាលពីឆ្នាំ 2017 មានចំនួនរហូតដល់ 8900 ខ្នង ឈរនៅលំដាប់ទី1 ខណៈដែលខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតមានចំនួន 5400ខ្នង ឈរនៅលំដាប់ទី2 និងខេត្តបាត់ដំបង មានចំនួន 3800 ខ្នង ឈរនៅលេខរៀងទី3 ។
អ្នកជំនាញរូបនេះបានឱ្យដឹងទៀតថា ៖ មូលហេតុដែលធ្វើឱ្យខេត្តសៀមរាបមិនមានសក្ដានុពលលើការសាងសង់សំណង់លំនៅដ្ឋាន ក៏ព្រោះតែសៀមរាបជាក្រុងចំណាស់ ដែលមានវិសាលភាពត្រឹមតែជាតំបន់ទេសចរណ៍តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់តំបន់ ប៉ោយប៉ែតជាទីកន្លែងច្រកចេញចូលនៃសេដ្ឋកិច្ចរវាងកម្ពុជា-ថៃ និងជាកន្លែងផ្លាស់ប្ដូរទំនិញ ដែលតម្រូវឱ្យមានពលរដ្ឋជាច្រើនទៅបម្រើការងារនៅទីច្រើនក្នុងរយៈពេលយូរ។ ដូច្នេះវាបានជំរុញឱ្យកើតមានតម្រូវការទីស្នាក់នៅក្នុងរយៈពេលយូរ ឬអាចជាអចិន្ត្រៃយ៍ ។

ទោះជាយ៉ាងណា មន្រ្តីរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា បើទោះជាពេលបច្ចុប្បន្ននេះ ទាំងនៅក្នុរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាបាន និងកំពុងមានការកើនឡើងនូវចំនួនសំណង់លំនៅដ្ឋានយ៉ាងច្រើនដូចការលើកឡើងខាងលើនេះក្ដី វានៅមិនទាន់គ្រប់តម្រូវការនៅឡើយ ។
លោក លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលអាចរក្សាបានក្នុងរង្វង់ចន្លោះ7%ជារៀងរាល់ឆ្នាំនោះ វិស័យនគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ព្រោះថា បើផ្អែកតាមការសិក្សារបស់ក្រសួងអំពីក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី និងទីប្រជុំជនកាលពីឆ្នាំ 2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ នឹងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ 2030 ស្មើនឹង 44ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប។ តាមរយៈទិន្នន័យនេះបានបង្ហាញឱ្យឃើញថា សម្រាប់រយៈពេល 15ឆ្នាំទៀត រាប់គិតចាប់ពីឆ្នាំ 2015 ដល់ 2030 ខាងមុខនេះ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ 80ម៉ឺនលំនៅដ្ឋានទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណជា 5ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ ៕











