សណ្ឋាគារ និងផ្ទះសំណាក់ជាង១០០ទីតាំងនៅក្នុងខេត្តសៀមរាបបានបិទទ្វារ

0

ដោយវុត្ថា

ភ្នំពេញៈ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា រហូតមដល់ពេលនេះ មានសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តសៀមចំនួនជាង១០០ទីតាំង បាននិងកំពុងប្រឈ និងប៉ះពាល់យ៉ាងខ្លំាងឈានដល់ការបិទទ្វារ ដោយសារការរាតត្បាតជាសកលនូវវិបត្តិនៃជំងឺ Covid-19  ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជកប្រមាណ៨ពាន់នាក់។


លោកលី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ខេត្ដសៀរាប»នាថ្ងៃទី ខែមិថុនា ឆ្នាំ២០២០នេះឱ្យដឹងថា ការទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ  ស្ទើតែគ្រប់ប្រទេសនៅក្នុងសាកលលោក ខណៈដែលគ្មានភ្ញៀវទេសចរធ្វើដំណើរកំសាន្ត ដោយសារព្រួយបារម្ភពីការឆ្លងជំងឺ Covid-19

លោកថ្លែងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរណ៍ធ្លាក់ចុះប្រមាណ៦០ភាគរយ ក្នុងនោះខែមេសា និងឧសភា ភ្ញៀវទេសចរ បានធ្លាក់ចុះយ៉ាងគំហុក ស្ទើតែដល់ចំណុចសូន្យ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ទទួលបានចំណូលតែ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ

លោកអភិបាលរងខេត្តបន្ថែថា អ្វីដែលបិទ គឺបិទដោយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ដោយខ្លួនឯង ដោយសារតែអត់ភ្ញៀវមកទទួលសេវា ហើយមិនមានលទ្ធភាពទប់ទៅនឹងការចំណាយលើប្រតិបត្តិការផ្សេងៗ ប៉ុន្តែសម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ជាលក្ខណៈគ្រួសារគឺនៅដំណើការដដែល និងនៅតែបើកទ្វារទទួលភ្ញៀវជាធម្មតា ប្រជាពលរដ្ឋខ្មែរអាចអញ្ជើញទៅលេងបាន

លោក ង៉ូវ សេងហាក់    ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានទទួលស្គាល់ដែរថា វិស័យទេសចរណ៍នៅក្នុងខេត្ត បាននឹងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានឈានទៅរកការបិទទ្វារ នៅក្នុងដំណាក់កាលនៃវិបត្តិជំងឺCovid-19 នេះ និងធ្វើឱ្យកម្ពុជាបាត់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់។


លោកបន្តថា អាជីវកម្មក្នុងវិស័យសណ្ឋគារមានចំនួន២៣០ ទីតាំងក្នុងនោះមានការព្យួ១៧២ ទីតាំង និងបិទ១៨ កន្លែង ហើយប្រមាណ៤០កន្លែង នៅតែដំណើរការធម្មតាអ្នកដែលវិនិយោគ៩០ភាគរយ នៃម្ចាស់គឺជាជនជាតិខ្មែរ ហើយចំនួន១០ភាគរយជាបរទេសដែលធ្វើការវិនិយោគក្នុងវិស័យទាំងនេះ  

សម្រាប់ផ្ទះសំណាក់មានចំនួន២៦១ ដំណើរការអាជីវកម្មចំនួន៦៦ទីតាំង និងបិទ ៩៦ ទីតាំង ព្រមទាំងផ្អាកអាជីវកម្មចំនួន៩៩ទីតាំង។

ទិន្នន័យរបស់គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ ២០២០ មានភ្ញៀវទេសចរបរទេសចំនួន៣៨៦,០៩៣នាក់ បានទិញបណ្ណចូលទស្សនាប្រាសាទអង្គរវត្ត។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ តួលេខគឺធា្លក់ចុះប្រមាណ៦៥,៤៦ភាគរយ។ ចំណែកឯប្រាក់ចំណូលពីការលក់បណ្ណនេះវិញ ទទួលបានចំនួន ១៨,០២១, ៣៣៦ ដុល្លារ ធ្លាក់ចុះ ៦៤,១៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here