ដោយ ប៊ី
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃមានទំហំទឹកប្រាក់ ៣,១ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ កើនឡើង១៨,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។
របាយការណ៍ខាងលើបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញទំនិញ គិតជាទឹកប្រាក់៦៨៧លានដុល្លារ ទៅកាន់ប្រទេសថៃកើនឡើង ១០៦ភាគរយ។
របាយការណ៍បានចង្អុលបង្ហាញថា ផលិតផលសំខាន់ៗរបស់ប្រទេសកម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ រួមមានត្បូង និងគ្រឿងអលង្ការ៣៤៥លានដុល្លារ ផលិតផលអាលុយមីញ៉ូម៤៥លានដុល្លារ និងផលិតផលកសិកម្ម១៧៣លានដុល្លារ។
ជាមួយគ្នានេះដែរការនាំចូលរបស់កម្ពុជា ពីប្រទេសថៃមានទំហំទឹកប្រាក់២,៤ពាន់លានដុល្លារ បានកើនឡើង៥,៦ ភាគរយ។ ផលិតផលថៃដែលនាំចូលសំខាន់ គឺប្រេងឥន្ធនៈ៤៣០លានដុល្លារ រថយន្ត៣១២លានដុល្លារ និងត្បូង និងគ្រឿងអលង្ការ២២០លានដុល្លារ។
កាលពីឆ្នាំមុន ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ បានកើនឡើងដល់ជាង៩,៤១ ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានកំណត់គោលដៅដើម្បីបង្កើនបរិមាណដល់១៥ពាន់លានដុល្លារនៅឆ្នាំ ២០២០នេះ។
ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មក្រៅប្រទេស កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់សរុបជាង៤ ៤៣០ លានដុល្លារ កើនឡើងជាង៧ភាគរយ ខណៈនៃការនាំចូលមានទឹកប្រាក់សរុបប្រមាណ៦៧៣៦លានដុល្លារអាមេរិក ហើយពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលរបស់កម្ពុជា នៅតែបន្តកំណើនខ្ពស់។
ជុំវិញនិងការធ្វើពាណិជ្ជកម្មក្រៅប្រទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញតាមនិន្នាការសេដ្ឋកិច្ចសង្គម ជាក់ស្តែងនៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០ ក្នុងនោះ ការនាំចេញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ៤ ៤៣០ លានដុល្លារអាមេរិក បានកើនឡើង៧,៧ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុន។
ជារួមទឹកប្រាក់នាំចេញនៅរក្សាបានកំណើនល្អ ទោះបីជាដៃគូពាណិជ្ជកម្មក្រៅប្រទេស និងសកល កំពុងជួបបញ្ហាប្រឈម និងការរីកដុះដាលនៃវីរុសកូវីដ–១៩ នេះក៏ដោយ។
ទាក់ទងនិងការរក្សាបានកំណើនរបស់កម្ពុជានេះ មួយផ្នែកកណ្តាលមកពីសម្រេចបានកំណើនខ្ពស់ នៃទឹកប្រាក់ការនាំចេញ នៅក្នុងខែមករាបានកើនឡើង២៥,៤ភាគរយ និងខែកុម្ភៈ កើនឡើង២២,៨ភាគរយនៅក្នុងដើមឆ្នាំនេះ ក្នុងនោះបើពិនិត្យស្ថានភាពទឹកប្រាក់នៃការនាំពេញក្នុងខែមីនា និងខែមេសា ឆ្នាំ២០២០នេះវិញ កំណើននាំចេញបានថមថយចុះក្នុងអត្រាអវិជ្ជមាន គឺដល់ -១៥,៣ភាគរយ និង –០,៥ភាគរយ រៀងគ្នា។
ចំណែកពាណិជ្ជកម្មនៃការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ ការនាំចូលមកកា ន់ទីផ្សារកម្ពុជា មានទំហំទឹកប្រាក់សរុប៦៧៣៦លានដុល្លារអាមេរិក បានកើនឡើង៦,៧ភាគរយ ខណៈនៅក្នុងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ចំនួននេះកើនឡើងជាង២៥ភាគរយ ក្នុងនោះការថមថយចំនួនទឹកប្រាក់នៃការនាំចូលនេះ បណ្តាលមកពីការថមថយទឹកប្រាក់ការនាំចូល ក្នុងកំឡុងខែមីនា មកនៅត្រឹម០,៤ភាគរយ បើធៀបរយៈពេលដូចគ្នាទៅឆ្នាំមុន និងការធ្លាក់ចុះក្នុងអត្រាអវិជ្ជមានជិតដក១៤ភាគរយក្នុងខែមេសា ជាពិសេសការនាំចូលទំនិញសំខាន់ៗបានធ្លាក់ចុះ រួមមាន គ្រឿងសំណង់ ផលិតផលវាយនភណ្ឌ (ពិសេសក្រណាត់) និងគ្រឿងយន្តជាដើម៕