ដោយ៖ ម៉ាណេត
ភ្នំពេញៈ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានទំហំទឹកប្រាក់ដល់ ៥៤,១ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០២០ កើនឡើង១៧,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយគ្នានឹងការបញ្ចេញឥណទានបានកើនទឹកប្រាក់ដល់៣៤,៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើមាន៣០,៥ ពាន់លានដុល្លារ។ នេះបើយោងតាម របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២០នេះ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ស្ថាប័ននេះបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យសុខមាលភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ ជាលទ្ធផលវិស័យធនាគារ និងហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពល្អ។
របាយការណ៍ខាងលើ ដែលគេទំព័រ Cambodiabanknews.com ទទួលបានកាលពីពេលថ្មីៗនេះបានឱ្យដឹងថា វិស័យធនាគារបន្តមានវឌ្ឍនភាពប្រកដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងយ៉ាងកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ដោយឥណទានបានបន្តកើន ១៩,៦ ភាគរយ ហើយប្រាក់បញ្ញើកើន១២,៣ភាគរយ។
របាយការណ៍បានឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសុខភាពរឹងមាំ ហើយបានពង្រីកបណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុជាលំដាប់ និងបានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុឱ្យកើនឡើង ប្រកបដោយចីរភាព។
ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សង់ប្រាក់ត្រូវបានធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ដោយបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់អេឡិចត្រូនិក ទាំងការទូទាត់តម្លៃរាយ និងដុំ ជាពិសេសប្រព័ន្ធបាគង និងប្រព័ន្ធរីថែលថេ ដែលដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពេលខាងមុខឆាប់ៗខាងមុខ ហើយស្តង់ដាQR កូដ រួមនឹងបង្កើតឡើងក្នុងគោលដៅ សម្រួលដល់ការទូទាត់ឆ្លងគ្នារវាងគ្រឹះស្ថានផ្តល់សេវាទូទាត់ និងការអនុវត្តគម្រោងភ្ជាប់ការទូទាត់ ជាមួយប្រទេសក្នុងតំបន់។
ធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ ប្រកដដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេស។ ការប្រើប្រាស់ប្រាក់រៀល បានកើនឡើងគួរឱ្យកត់សម្គាល់នាឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ដែលឆ្លុះបញ្ចាំង ដោយកំណើនរូបិយវត្ថុក្នុងចរចរណ៍ (៣៦,៤ភាគរយ) និងកំណនសមាមាត្រឥណទានជារៀលដល់១៣ភាគរយ នៃឥណទានសរុប៕