ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះបានដាំក្បាលចុះខ្លាំង ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះបានដាំក្បាលចុះខ្លាំង ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មេសានេះថា បើមើលនិន្នន័យរបស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគំរោងដែលមានទឹកប្រាក់ត្រឹមតែ៣៦៥លានដុល្លារប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទុនវិនិយោគមានទំហំរហូតដល់១២៨០លានដុល្លារអាមេរិក។អ្នកនាងបន្តថា និន្នាការនេះមានការធ្លាក់ចុះខ្លាំង ដោយសារយើងសង្កេតឃើញថា គំរោងដែលបានប្រកាសសម្ភោធថ្មីៗបានថយចុះច្រើន។
អ្នកនាងបន្តថា “ការថយចុះនៃការវិនិយោគនេះ មិនមែនដោយសារស្ថានភាពនយោបាយទេ តែដោយសារកត្តាទីផ្សារខ្លួនឯង ព្រោះការអភិវឌ្ឍន៍នៅកម្ពុជា៨០ភាគរយ ផ្តោតលើលំនៅដ្ឋាន ហេតុនេះទីផ្សារនៅត្រូវការពេលវេលា ដើម្បីឲ្យតម្រូវការឆ្លើយតបនឹងការផ្គត់ផ្គង់”។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL លោកឧកញ៉ា ចេង ខេង បានថ្លែងឲ្យដឹងផងដែរថា ក្នុងដើមឆ្នាំនេះសកម្មភាពនៃការទិញលក់ដីធ្លី និងសកម្មភាពសាងសង់នៅតែមានភាពសម្ម និងរ៉ឹងមាំ មិនមានសញ្ញាហានិភ័យឬគួរឲ្យបារម្ភណាមួយកើតមាននោះទេ ហេតុនេះការថយចុះនូវការចុះបញ្ជីរទំហំទុនវិនិយោគ មិនមែនជាអ្វីដែលគួរឲ្យកត់សំគាល់នោះទេ ព្រោះគំរោងនិមួយៗពេលស្នើសុំសាងសង់ មិនមែនសាងសង់ចប់ក្នុងរយៈពេលមួយឆ្នាំនោះទេ គឺត្រូវការពេលវេលា៣ទៅ៤ឆ្នាំទើបបញ្ចប់ការសាងសង់។ លោកបន្តថា “យើងមិនមានអ្វីគួរឲ្យបារម្ភទេ ព្រោះសកម្មភាពនៃការទីញលក់ និងកំនើនវិនិយោគនៅតែបន្តកើនឡើង”។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុននីម បានថ្លែងឲ្យដឹងផងដែរថា សកម្មភាពវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានការថមថយល្បឿនពិតមែន ដោយសារជាឆ្នាំនៃការបោះឆ្នោត ដែលធ្វើឲ្យប្រជាជនមួយចំនួនមានការបារម្ភ ទោះបីជាស្ថានភាពនយោបាយ មិនមានអ្វីប្រែប្រួលគួរឲ្យបារម្ភក៏ដោយ។ លោកបន្តថា “ទោះជាយ៉ាងណា ខ្ញុំមើលឃើញថាសកម្មភាពនៃការទិញលក់លំនៅដ្ឋាននៅតែមានសញ្ញាល្អប្រសើរ និងមានភាពរ៉ឹងមាំនៅឡើយ”៕