ដោយ : គង់ សូរិយា
ភ្នំពេញ : ការសាងសង់ប្រព័ន្ធលូ ដែលគ្មាស្តង់ដា និងមិនមានការញែកប្រព័ន្ធលូទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នាពិតជាមានហានិភ័យ ដល់សុខភាពប្រជាពលរដ្ឋ ខណៈបុរីនានានៅកម្ពុជា មិនបានវិនិយោគលើផ្នែកដែលគេមើលរំលងនេះឡើយ។

ស្ថាបត្យករសិក្សាប្លង់អាគារសន្តិភាព និងជាសាស្ត្រាចារ្យផ្នែកនគរូបនីយកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រលោក ជា ប៊ុនស៊ាង បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននៅតាមបុរី ឬគំរោងអភិវឌ្ឍន៍នានានៅរាជធានីភ្នំពេញភាគច្រើនមិនទាន់បានគិតគូពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្រោមដីនេះនៅឡើយ ដោយពួកគេសាងសង់ប្រព័ន្ធលូរួមបញ្ចូលគ្នារវាងទឹកភ្លៀង និងទឹកស្អុយ ដែលធ្វើឲ្យពេលភ្លៀងមក ទឹកលូស្អុយខ្ពុរឡើងពេញថ្នល់ ខ្វះអនាម័យនិងចម្លងមេរោគដូចជា រោគសើរស្បែក និងជំងឺផ្តាសាយជាដើម។
លោកបន្តថា “ការរៀបចំឲ្យមានប្រព័ន្ធលូដាច់ចេញពីគ្នា រួមជាមួយលំហបៃតងលើសពី៣០ភាគរយ ដោយដាំដើមឈើដូចជាក្នុងគម្រោងណាមួយ ធ្វើឲ្យសហគមន៍អ្នករស់នៅជៀសផុតពីបញ្ហានានាដូចជា ទឹកលិច ក្លិនលូ និងកំដៅជាដើម ពោលគឺទទួលបានផាសុកភាព សុខភាពល្អ និងបរិស្ថានបៃតងស្អាតផងដែរ។ លោកបន្តថា “នៅពេលទឹកភ្លៀងស្ងួត ហើយខ្យល់បក់មក ធ្វើឲ្យមេរោគហើរតាមខ្យល់ មកចំឡងមនុស្ស និងធ្វើឲ្យប្រជាជនកើតជំងឺផ្តាសាយ និងជំងឺដទៃទៀត។ នេះជាមូលហេតុ ដែលការសាងសង់ប្រព័ន្ធលូក្រោមដីមិនបានបែងចែកឲ្យដាច់រវាង លូទឹកស្អុយ និងលូទឹកភ្លៀងដាច់ពីគ្នា។
-->
លោកសាស្ត្រចារ្យ ជា ប៊ុនស៊ាង បានបន្តថា តាមការសង្កេតរបស់លោកកន្លងមកបុរី ឬគម្រោងលំនៅឋានភាគច្រើននៅប្រទេសកម្ពុជា គឺធ្វើរបងខ្ពស់ៗ បន្ថែមមានការបែងចែករវាងតំបន់អ្នកមានជីវភាពខ្ពស់ ជីវភាពមធ្យម និងជីវភាពទាបដែលធ្វើឲ្យមនុស្សពិបាកទំនាក់ទំនងគ្នាប្រចាំថ្ងៃ។
លោកបណ្ឌិត សេង ប៊ុនរិទ្ធ ទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអគ្គនាយកក្រុមហ៊ុន RLS International បានថ្លែងទទូលស្គាល់ថា នៅតាមបណ្តាទីក្រុងរបស់កម្ពុជាភាគច្រើន មិនទាន់គិតគូពីការបែងចែកប្រព័ន្ធ ញែករវាងលូទឹកភ្លៀង និងលូទឹកស្អុយនៅឡើយទេ ដោយសារកង្វះខាតធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ប៉ុន្តែការរៀបចំប្រព័ន្ធបែបនេះ គួរតែធ្វើឡើងឲ្យបានគ្រប់ខេត្ត ក្រុង នៃទីក្រុងទាំងអស់នៅប្រទេសកម្ពុជា ដើម្បីជួយលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ការបែងចែករវាងលូទឹកភ្លៀង និងលូទឹកស្អុយ ក៏នឹងជួយបង្កាពីផលប៉ះពាល់លើគុណភាពទឹកក្រោមដី និងទឹកសម្រាប់ប្រើប្រាស់ផងដែរ។ផ្ទុយទៅវិញ វានឹងមានហានិភ័យដល់សុខភាពខ្ពស់ ប្រសិនជាទឹកស្អុយមិនត្រូវបានចំរោះ ព្រោះតាមរយៈការសិក្សាបានរកឃើញថា ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានហានិភ័យខ្ពស់ណាស់ដល់សុខភាព ប្រសិនបើពួកគាត់បានជីកអណ្តូងយកទឹកមកប្រើប្រាស់ ព្រោះពួកគាត់ប្រើប្រាស់អាងផ្ទុកលាមក ឬអាងទឹកក្រោមបង្គន់ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយគ្រាន់តែជាអាងធ្វើតាមនឹកឃើញ និងមិនបានបិទបាតអាង ដែលបង្កឲ្យទឹកស្អុយជ្រាបចូលប្រភពទឹកនៅខាងក្រោមដីដែលពួកគាត់កំពុងប្រើប្រាស់។
ទោះជាយ៉ាងណាលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានបដិសេធនឹងការលើកឡើងខាងលើ ដោយលោកបានថ្លែងថា បុរីលំនៅដ្ឋាននៅកម្ពុជា ភាគច្រើនបានគិតគូរពីសុខមាលភាពអ្នករស់នៅក្នុងបុរីណាស់ ព្រោះយើងអភិវឌ្ឍន៍ដោយមានការទទួលខុសត្រូវផ្នែកសង្គម។លោកបន្តថា នៅតាមបុរីនិមួយៗ ជាបុរីមានស្តង់ដាតែងតែបានគិតគូពីការរៀបចំប្រព័ន្ធលូឲ្យមានភាពដាច់ពីគ្នារវាងទឹកភ្លៀង និងទឹកស្អុយ ដើម្បីបញ្ចៀសហានិភ័យដល់សុខភាព៕