ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ជាមួយកំនើនឥណទាននិងទំនុកចិត្តបានធ្វើឲ្យទ្រព្យសកម្មក្នុងវិស័យធនាគារនៅកម្ពុជា កើនឡើងដល់១៥០ភាគរយនៃផលទុនជាតិសរុប (GDP)។
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានទទួលកំនើនសេដ្ឋកិច្ចជាមធ្យម៧,៧ភាគរយ ជាមួយនឹងលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈកម្រិតទាបនៃអតិផរណា ប្រមាណក្រោម៥ភាគរយ និងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់។ ទុនបំរ៉ុងអន្តរជាតិកម្ពុជាបានកើនឡើងជាលំដាប់ ដែលអាចទ្រទ្រង់ដល់រយៈពេល៦ខែ នៃការនាំចូលទំនិញនិងសេវា។
-->

លោកជំទាវបន្តថា ជាមួយគ្នានេះវិស័យធនាគារ ក៏មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទ្រព្យសកម្មក្នុងវិស័យនេះ កើនឡើង១៥០ភាគរយនៃផលទុនជាតិសរុបនៅពាក់កណ្តាលឆ្នាំនេះ។លោកជំទាវបន្តថា ការអភិវឌ្ឍវិស័យធនាគារត្រូវបានឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃទំហំ និងវិសាលភាពនៃប្រតិបត្តិការនិងសេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប។ ជាក់ស្តែងចាប់ពីឆ្នាំ២០១៥ ដល់២០១៧ចំនួនគ្រឹះស្ថានធនាគារបានកើនពី១៩ដល់៤៥ ទ្រព្យសកម្មបានកើនពី៥,៨ទ្រីលានរៀល ដល់១២៨,៦ទ្រីលានរៀល (៣១ប៊ីលានដុល្លារអាមេរិក) កើនឡើង២២ដង និងភាពស៊ីជម្រៅផ្នែកហិរញ្ញវត្ថុកើន ពី១៩,៥ភាគរយដល់៧៧ភាគរយ ស្មើនឹងកំនើន៣,៩ដង។
ប្រធានស្តីទីសមាគមធនាគារកម្ពុជា លោកឆារស៍ វ៉ាន់បានថ្លែងថា កំណនទ្រព្យសកម្មក្នុងវិស័យធនាគារ ជាការឆ្លុះបញ្ចាំងពីស្ថិរភាពនៃកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ដែលសម្រេចបានរយៈពេលវែងនៅកម្ពុជា ហើយកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននេះ ជាផ្នែកមួយនៃការចូលរួមជួយទ្រទ្រង់ពីវិស័យធនាគារនៅកម្ពុជា។
លោកបន្តថា “ធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តគាំទ្រ ដល់ធនាគារនានានៅកម្ពុជា ដែលបាននិងកំពុងបង្ហូរឥណទានជួយដល់ពាណិជ្ជករឬសហគ្រិននានា ដើម្បីឲ្យពួកគេមានភាគរីកចម្រើន។លោកបន្តថា “នៅពេលពាណិជ្ជករឬសហគ្រិននានាជោគជ័យ សកម្មភាពជំនួញរបស់ពួកគេគឺជាការចូលរួមចំណែកជំរុញកំនើនសេដ្ឋកិច្ចជាតិ”៕