ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករណ៍ទំលាក់ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មកនៅត្រឹមកម្រិតកំណើន ៦,៨ភាគរយសម្រាប់ឆ្នាំនេះ ជាអ្វីដែលការព្យាករណ៍ប្រចាំត្រីមាសទី៣ឆ្នាំនេះ ដោយធនាគារនេះបានលើកឡើងពីបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាកំពុងពើបប្រទះ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ធនាគារពិភពលោកស្តីពី ការព្យាករណ៍សាកលដែលមានភាពល្អប្រសើរផ្តល់នូវការរំពឹងទុកបែបវិជ្ជមាន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៤ តុលានេះបានឲ្យដឹងថា កំនើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងប្រទេសឡាវមានល្បឿនមធ្យម បើធៀបទៅនឹងឆ្នាំ២០១៦ ប៉ុន្តែល្បឿននេះនៅមានកម្រិតខ្ពស់ជាងប្រទេសដទៃទៀតក្នុងតំបន់នេះ។ ពាណិជ្ជកម្ម និងវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា គឺជាកំលាំងចលករចម្បងមួយនៃការជំរុញល្បឿននៃកំនើននេះ។

-->
របាយការណ៍ដដែលបានលើកឡើងថា ការនាំចេញវាយណភ័ណ្ឌពីកម្ពុជា មានការថមថយបន្តិច ខណៈពេលដែលការនាំចេញគ្រឿងយន្ត និងបរិក្ខា គ្រឿងបន្លាស់អគ្គិសនីមានការកើនឡើង ហើយកិច្ចប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ក៏ហាក់ដូចជាបានផ្តល់នូវផ្លែផ្កាត្រលប់មកវិញ ហើយកំនើនបានព្យាករណ៍ថា នឹងបន្តរឹងមាំបន្តទៀត ហើយកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៦,៩ភាគរយនៅឆ្នាំ២០១៨ខាងមុខ។
ទោះជាយ៉ាងណាធនាគារអភិវឌ្ឍន៍អាស៊ីកាលពីសប្តាហ៍មុន បានព្យាករណ៍ផ្ទុយពីការព្យាករណ៍របស់ធនាគារពិភពលោក ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើន៧,១ភាគរយ។
ប៉ុន្តែរបាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងពីកម្ពុជាដែលត្រូវប្រឈមហានិភ័យ ដែលអាចធ្វើឲ្យលទ្ឋផលជាក់ស្តែងនៃកំនើនសេដ្ឋកិច្ចកម្ពុជា ទាបជាងអ្វីដែលព្យាករណ៍ ក្នុងទស្សនវិស័យនេះមានដូចជា ការថមថយល្បឿនយ៉ាងគំហុកនៃសេដ្ឋកិច្ចប្រទេសចិន និងភាពមិនប្រាកដប្រជាដែលអាចកើតមានឡើងពាក់ព័ន្ឋនឹងការបោះឆ្នោត។ របាយការណ៍ធនាគារពិភពលោកបញ្ជាក់។
ការដំឡើងប្រាក់ឈ្នួល ធ្វើឲ្យវិស័យវាយណភ័ណ្ឌកាន់តែបាត់បង់ការប្រកួតប្រជែង កំនើនឥណទានថមថយល្បឿនមកនៅត្រឹមកម្រិត១៨,២ភាគរយ ក៏ជាបញ្ហាប្រឈមដែលកម្ពុជាកំពូងជួបប្រទះផងដែរ។
ទោះជាយ៉ាងណាធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារសង្គម និងបន្តជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ដូចជា ត្រូវបណ្តុះថែរទាំវិស័យកម្មន្តសាល ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ការដាក់ឲ្យអនុវត្តន៍នូវអត្រាតម្លៃអគ្គិសនី ដែលមានប្រសិទ្ឋិភាព និងភាពប្រកួតប្រជែង។ ការកំណត់គម្លាតជំនាញ ដើម្បីរៀបចំវគ្គសិក្សា និងកម្មវិធីបណ្តុះបណ្តាលនានា ដើម្បីឆ្លើយតបទៅនឹងគម្លាតនេះ ត្រូវបានចាត់ទុកថា ជាអាទិភាពមួយក្រោមគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ការទំលាក់ការព្យាករណ៍កំនើនសេដ្ឋកិច្ចកម្ពុជា របស់ធនាគារ ពិភពលោក ហាក់មានភាពសមហេតុសមផល ដោយសារវិស័យទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យសំណង់ និងអចលនទ្រព្យថមថយល្បឿន ការថមថយនូវការនាំចេញវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងការថយថយតម្លៃនៃផលិតផលកសិកម្ម។
លោកបន្តថា “នេះជាហានិភ័យខ្ពស់មួយរបស់សេដ្ឋកិច្ចកម្ពុជា ដែលកម្ពុជាត្រូវពង្រឹងទំនាក់ទំនងល្អជាមួយអាមេរិក និងសហគមន៍អឺរ៉ុបដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា”៕