ដោយលាងគង់ យិនស្ថាបនិកគេហទំព័រ www.propertyarea.asia
ភ្នំពេញ៖ ជំនួបរវាងលោកគីម ជុងអ៊ុន និងដូណាល់ ត្រាំបានធ្វើឲ្យពិភពលោកកំពុងរំពៃគិតយ៉ាងយកចិត្តទុកដាក់ និងរង់ចាំអ៊ុតមើលលទ្ឋផលថា តើអ្វីជាផ្លែផ្កាពិតប្រាកដនៃជំនួបនេះ? ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេ គឺ”ជំហ”របស់បុរសរ៉ូកែត តើនឹងមានកាតរផ្លាស់ប្តូរបែបណា?។
ព្រះអាទិត្យថ្មីមួយត្រៀមរះនៅលើទឹកដីកូរ៉េខាងជើង ហើយប្រជាជនក្រីក្រប្រទេសនេះប្រហែលកំពុងត្រេកអរ និងរង់ចាំស្បៀងដើម្បីចម្អែតក្រពះ មុនពេលទទួលបានវិបុលភាព ចេញពីការសម្រេចចិត្តមួយប្រកបដោយភាពប្រុងប្រយ័ត្ន ក្នុងសមរភូមិភូមិសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ និងយុទ្ឋសាស្រ្តកាទូតដ៏ស្មុគ្រស្មាញមួយ។
-->

គីម ជុងអ៊ុតមានសន្លឹកបៀរធំ
មនុស្សជាច្រើនមិនចង់ដឹងជំហររបស់អាមេរិកទេ តែពួកគេភាគច្រើនកំពុងផ្តោតលើបុរសវ័យក្មេង គីម ជុងអ៊ុនដែលមានសន្លឹកអាត់កឺក្នុងដៃ គឺអាវុធមហាប្រល័យ ជាអ្វីដែលសហរដ្ឋអាមេរិកចង់ឲ្យប្រទេសនេះរំសាយ។
សំណួរដំបូងនៅទីនេះ គឺត្រូវសួរថា តើអាមេរិកចង់ឲ្យរំសាយកម្មវិធីផលិតឬរំលាយចោលនូវគ្រាប់បែកនុយក្លេអ៊ែរ?។ វាជាសំណួរធំមួយ ចម្លើយគឺទាំងពីរ ទើបអាមេរិកអាចនាំវិបុលភាព សម្រាប់ប្រទេសកូរ៉េខាងជើងដ៏ក្រីក្រមួយនេះ។
អ្វីជាជំហររបស់គីម ជុងអ៊ុន? តើបុរសផ្តាច់ការវ័យក្មេងរូបនេះ អាចរំសាយកម្មវិធីនុយក្លេអ៊ែរចោល ដើម្បីទទួលបាននូវផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់ខ្លួនឬទេ? មុននឹងឆ្លើយសំណួរនេះ យើងអាចសួរត្រលប់ទៅវិញថា តើការចំរ៉ាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីផលិតគ្រាប់បែកប៉ារមាណូ ត្រូវចំណាយអស់ធនធានប៉ុន្មាន? និងចំណាយពេលប៉ុន្មាន? តើអាមេរិកសុខៗចង់ចចារជាមួយគីម ជុងអ៊ុនឬ? បើសិនជាប្រទេសនេះគ្មានការ គំរាមកំហែងដល់ខ្លួនឯង និងសម្ព័ន្ឋមិត្តរបស់ខ្លួន?។
ឆ្លើយបាននូវសំណួរនេះ យើងនឹងអាចដឹងបានហើយថា តើគោលជំហ៊ររបស់គីម នឹងប្រែប្រួល១៨០ដឺក្រេឬអត់ហើយ។
សម្ពាធឬអំណោយ?
មើលពីសំបកក្រៅ មហាយក្សចិន ហាក់ត្រូវគេទាត់ឲ្យទៅម្ខាង នៅក្នុងជំនួបកំពូល នេះ ប៉ុន្តែការពិតមិនដូច្នេះទេ ព្រោះចិននៅតែដើរតួនាទី និងមានឥទ្ឋិពលជាមួយកូរ៉េខាងជើងពីក្រោយឆាកដដែល។
មហាយក្សចិនច្បាស់លាស់ណាស់ ស្ងៀមស្ងាត់ តែខ្លាកំពុងក្រាប មិនមែនខ្លាដេកនោះទេ។
មុនជំនួបជាមួយប្រធានាធិបតីដូណាល់ ត្រាំរបស់គីម ជុងអ៊ុន ប្រធានាធិបតីចិនបានអញ្ជើញគីម ជុងអ៊ុនទៅជួបរួចទៅហើយ។ អ្វីដែលជាគោលបំណងពិតប្រាកដរបស់ចិន គឺចង់ឲ្យគីម ជំរុញឲ្យអាមេរិកដកកងទ័ពចេញពីជប៉ុន និងកូរ៉េខាងត្បូង ដើម្បីធានាបាននូវសន្តិភាពរបស់ខ្លួន ជាអ្វីដែលរបបដឹកនាំកូរ៉េខាងជើងបានយកចិត្តទុកដាក់ និងទុកជាមូលដ្ឋាននៃស្ថិរភាពរបស់ខ្លួន។ ការជជែកក៏អាចនិយាយពីការផ្តល់ផលប្រយោជន៍ និងប្រាប់មេដឹកនាំវ័យក្មេង ត្រូវប្រកាន់ជំហររបស់ខ្លួនយ៉ាងដូចម្តេចផងដែរ។
ការដកទ័ពចេញពីជប៉ុន និងកូរ៉េខាងត្បូង និងធ្វើឲ្យចិនកាន់តែមានលទ្ឋភាពខ្ពស់ក្នុងការគ្របដណ្តប់ឥទ្ឋិពលនៅតំបន់អាស៊ីបូព៌ានេះ និងធ្វើឲ្យជប៉ុនកាន់តែរងា ខណៈជប៉ុនខ្លួនឯង បានបង្ហាញការព្រួយបារម្ភពីវាសនារបស់ខ្លួនរួចទៅហើយ បើសិនជាកូរ៉េខាងជើងបែរទៅកាន់សហរដ្ឋអាមេរិកភ្លាមៗនោះ។
សម្ពាពរបស់គីម
ការចាប់ដៃជាមួយអាមេរិក របស់មេដឹកនាំក្រុងព្យុងយ៉ាង ប្រហែលជាចេតនាមួយរបស់មេដឹកនាំឯកោនេះផងដែរ ប៉ុន្តែនៅក្នុងទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ មេដឹកនាំរូបនេះនឹងមិនអាចសម្រេចចិត្តដោយគ្មានការថ្លឹងថ្លែងឡើយ ត្បិតមហាយក្សចិន រុស្ស៊ី អ៊ីរ៉ង់ជាដើម កំពុងផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន និងអាចជាមិត្តស្លាប់រស់របស់ខ្លួនតាំងពីដើមទីមក។
ចិនអាចជាបងធំនៅកូរ៉េខាងជើង ដោយសារសេដ្ឋកិច្ច ឬភាពរស់រានរបស់កូរ៉េខាងជើង អាចរស់បានក៏ដោយសារមហាយក្សចិន និងសម្ព័ន្ឋមិត្តដទៃទៀតដូចជា រុស្ស៊ី អ៊ីរ៉ង់ ជាដើម។
ទោះបីជាកូរ៉េខាងត្បូង ចង់ឃើញបងប្អូនរបស់ខ្លួនផ្លាស់ប្តូរជំហ៊ក្តី និងចង់ឲ្យបងប្អូនរបស់ខ្លួនមានវិបុលភាព តាមរយៈលំហូរវិនិយោគពីអាមេរិក និងពីប្រទេសដទៃទៀតក្តី ក៏ប្រទេសនេះត្រូវការពេលវេលា ដើម្បីផ្លាស់ប្តូរជំហររបស់ខ្លួន និងដើម្បីស្ថិរភាពនៃអំណាចរបស់ត្រកូលគីម ព្រោះគីម ជុងអ៊ុនច្បាស់លាស់ណាស់ថា ឥទ្ឋិពលត្រកូលគីម នឹងនៅតែចែងចាំងនៅទឹកកូរ៉េខាងជើង។
ហេតុនេះការផ្លាស់ប្តូររបត់នយោបាយ ទៅកាន់ការដឹកនាំបែបប្រជាធិបតេយ្យទំនងជាមិនអាចកើតមាននោះទេ ព្រោះរលកមនោគមវិជ្ជាប្រជាធិបតេយ្យបែបលោកសេរី នឹងធ្វើឲ្យឥទ្ឋិពលត្រកូលគីម សាបរលាបបន្តិចម្តងៗ ពីទឹកចិត្តនិងបេះដូងប្រជាជនកូរ៉េខាងជើង។

ជំហររបស់អាមេរិក
ប្រមុខការពារជាតិអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះ ជំនួសដូណាល់ ត្រាំរួចហើយថា គោលជំហររបស់អាមេរិកមិនផ្លាស់ប្តូរ ក្នុងការដកទណ្ឌកម្មពីកូរ៉េខាងជើងឡើយ ប្រសិនជាកូរ៉េខាងជើងមិនរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីដូណាល់ ត្រាំក៏បាននិយាយផងដែរថា លោកនឹងមិនអង្គុយជជែកគ្នាយូរជាមួយលោកគីមឡើយ ប្រសិនការចចារមិនចុះសម្រុងគ្នា ហើយលោកបាននិយាយផងដែរថា លោកលះបង់ជីវិតរបស់លោក ដើម្បីចូលតុចចានៅថ្ងៃស្អែកនេះ។
ជាជាតិសាសន៍មួយ ដែលតែងតែគិតផលប្រយោជន៍ និងឥទ្ឋិពលរបស់ខ្លួនជាធំ ហេតុនេះបើសិនជាគ្មានផលប្រយោជន៍នៅក្នុងជំនួបនេះ អាមេរិកនឹងមិនធ្វើនោះទេ ព្រោះគោលបំណងរបស់ខ្លួន ទី១ គឺចង់ឲ្យកូរ៉េខាងជើងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សម្ព័ន្ឋមិត្ត និងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ ទី២ អាមេរិកច្បាស់លាស់ណាស់ ចង់កាត់បន្ថយឥទ្ឋិពលចិននៅក្នុងប្លុកអាស៊ីបូព៌ា និងទី៣ អាមេរិកចង់បានផលប្រយោជន៍ផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពីកូរ៉េខាងជើង ព្រោះកូរ៉េខាងជើងនឹងទទួលបានវិបុលភាព បើសិនជាអាមេរិកដកទណ្ឌកម្ម។
នេះហើយជាផលប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិផង ផលប្រយោជន៍ផ្នែកភូមិសាស្រ្តនយោបាយផង និងអាចទាត់ចិនលេងបានផង។

ត្រូវការពេលវេលា
មុនជំនួបចចារនេះកើតឡើង កូរ៉េខាងជើងបានប្រកាសរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានត្រៀមអញ្ជើញអ្នកជំនាញ ផ្នែកប៉ារមាណូពីអង្គការសហប្រជាជាតិ និងអ្នកសារព៌តមានចូលរួមធ្វើជាសាក្សី ពីការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
ហេតុនេះជំនួបនេះ លោកគីមនឹងយល់ព្រមរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងពិតប្រាកដ តែភាសានិយាយ និងសកម្មភាពអាចខុសគ្នាឬទេ? នេះជាសំណួរធំមួយ ដូចអ្វីដែលយើងឲ្យលោក អ្នកឆ្លើយនឹងសំណួរខាងលើរួចហើយ។
ជាភាពឆ្លាតវៃមួយ មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា នឹងអញ្ជើញលោកដូណាល់ ត្រាំទៅទស្សនកិច្ចនៅប្រទេសរបស់ខ្លួនរួចទៅហើយ បន្ទាប់ពីលោកមកដល់ប្រទេសសឹង្ហបុរី នៅមុនជំនួបផ្លូវការចូលមកដល់។
ភាសា “យល់ព្រម” ចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចាប់ផ្តើមប្រវត្តិសាស្រ្តជាថ្មី នៃទំនាក់ទំនងល្អប្រសើររវាងកូរ៉េខាងជើង និងអាមេរិកច្បាស់ជាលេចឡើងលើបបូរមាត់របស់មេដឹកនាំគីម មិនខាន។
ជំនួបនេះអាចនឹងមិនទាន់ ឬអាចមានការចុះកិច្ចព្រមព្រៀងសន្តិភាពណាមួយ ប៉ុន្តែការបន្ឋូរបន្ថយភាពតានតឹង តាមរយៈការសន្យារំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការធានាបាននូវសន្តិភាព និងផលប្រយោជន៍របស់កូរ៉េខាងជើងពីអាមេរិក ពិតជាសម្បទានមួយ ដែលប្រទេសទាំងពីរត្រូវផ្តល់ឲ្យគ្នាទៅវិញទៅមក ព្រោះការ អនុវត្តន៍នយោបាយឈ្នះ ឈ្នះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងធ្វើឲ្យជំនួបនេះទទួលបានផ្លែផ្កាជាវិជ្ជមាន។
សរុបមកវិញ ជំនួបជាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យពិភពលោកផ្តោតការយកចិត្តទុកដាក់នេះ នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន លើទិដ្ឋភាពមួយចំនួន ទី១ ការកាត់បន្ថយភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងមួយរយៈ ព្រោះជំហរកូរ៉េខាងជើងបានបន្ទន់មួយចំនួនហើយ ទី២ ផលប្រយោជន៍របស់កូរ៉េខាងជើងនឹងទទួលបាន បើសិនជាមេដឹកនាំសហរដ្ឋអាមេរិក អញ្ជើញទៅទស្សនកិច្ចនៅកូរ៉េខាងជើង ទី៣ ក្នុងជំហរចុងក្រោយរបស់មេដឹកនាំកូរ៉េខាងជើង ហាក់បានប្រកាសថា ប្រទេសរបស់ខ្លួនមិនសុខចិត្តនៅឯកោទៀតទេ ទើបភ្លាមៗប្រទេសរុស្ស៊ីបានជញ្ជើញគីម ជុងអ៊ុនទៅទស្សនកិច្ច។
ហេតុនេះ ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង(មិនមែនអាវុធប៉ារមាណូ) នឹងធ្វើឡើងពិតប្រាកដឬអត់ អាស្រ័យជំហរបស់សហរដ្ឋអាមេរិក ក្នុងការធានានូវសន្តិភាព និងវិបុលភាពរបស់ខ្លួន ជាជាងការគំរាមកំហែង៕