អ្នកជំនាញពន្យល់ពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃការទិញផ្ទះដោយការបង់រំលស់

0

ដោយ ៖ រ៉ាវី

ភ្នំពេញ៖  បច្ចុប្បន្ននេះ​សម្រាប់​ការទិញ​ផ្ទះ ដោយ​ការអនុវត្ត​វិធីសាស្ត្រ​បង់​រំលស់ គឺ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងនោះ​រាប់ទាំង​ប្រភេទ​លំនៅដ្ឋាន​ធម្មតា សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​បែប​ប្រណីត ស្ថិតនៅក្នុង​បុរី ដែល​ផ្តោត​សំខាន់​លើ​អ្នកមាន​ចំណូល​ខ្ពស់។

តើ​ការទិញ​ផ្ទះ​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ មាន​ចំណុច​ល្អប្រសើរ និង​ប៉ះពាល់​អ្វីខ្លះ ចំពោះ​អតិថិជន​ដែលជា​អ្នកទិញ? ចម្ងល់​មួយ​នេះ​ត្រូវបាន​បំភ្លឺ​ដោយ​លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោក​ឧកញ៉ា នួន រឹទ្ធី បាន​មានប្រសាសន៍​បញ្ជាក់ថា ការបង់​រំលស់​ថ្លៃ​ផ្ទះ​នេះ គឺត្រូវធ្វើ​ឡើង​ដោយ​អម​ជាមួយគ្នា​រវាង​ថ្លៃដើម និង​ការប្រាក់ ។ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ចំនួន​ថ្លៃដើម គឺ​ដំបូង​បាន​រំលស់​តិច​ណាស់ ដែល​វា​ត្រូវ​ចំណាយ​លើ​ការប្រាក់​ច្រើន​ក្នុង​មួយខែ។ បើ​យើង​រំលស់​ក្នុង​រយៈពេល​យូរ យើង​បង់ខាត​កាន់តែច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព នៃ​ចំណូល​របស់ខ្លួន​ជាមុនសិន​ថា តើ​ចំណូល​ដែល​បានមក​ស័ក្តិសម​នឹង​ការទិញ​ផ្ទះ​ដែរឬទេ។

មួយវិញទៀត សម្រាប់​អ្នក​ដែលមាន​ចំណូល​មាន​កម្រិត ក៏​គួរ​ពិចារណា​ថា តើ​ការជួល​ផ្ទះ និង​ការទិញ​ផ្ទះ​ដោយ​ការ​រំលស់​នេះ មួយណា​ប្រសើរ​ជាង​សម្រាប់​ជីវភាព​ជាក់ស្ដែង​របស់​យើង ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​លើក​ជា​ឧទាហរណ៍​ថា យើង​ស្នាក់​នៅក្នុង​ផ្ទះជួល​ដោយ​ចំណាយ200ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​នៅពេល​មាន​គេ​សង់ផ្ទះ​លក់​ដោយ​ការបង​រំលស់​ត្រឹម200ដុល្លារ ក្នុង​មួយខែ​ដូចគ្នា សួរថា​តើ​យើង​ត្រូវ​នៅផ្ទះ​ជួយ​បន្តទៀត ឬ​ត្រូវ​ទិញ​ផ្ទះ ? ជាការ​ពិត បើ​យើង​បូកសរុប​ចំនួន​នៃ​ការចំណាយ​លើ​ការបង់​សរុប​នៃ​ថ្លៃ​ផ្ទះ គឺមាន​ចំនួន​ច្រើន​លើស​ថ្លៃដើម ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការបង់​រំលស់​នេះ គឺ​បាន​បន្ធូរបន្ថយ​ដល់​អ្នកមាន​លទ្ធភាព​ម​ធ្យ​ម និង​ក្រោម​មធ្យម​ទទួលបាន​ផ្ទះ​ស្នាក់នៅ។

លោក​ឧកញ៉ា​បន្តថា និយាយ​រួមការ​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់ មាន​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន។ ចំណុច​ល្អ​ត្រង់​ថា យើង​អាច​មានផ្ទះ​ស្នាក់នៅ និង​ជា​កម្មសិទ្ធិ​តាំងពី​យើង​មិនទាន់មាន​លុយ​ទិញ​ផ្ទះ​គ្រប់ ដោយឡែក​ចំណុច​អវិជ្ជមាន គឺ​ត្រូវ​ចំណាយ​ថ្លៃបង់​ការប្រាក់​ប្រចាំខែ​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here