ឆ្នាំ២០២០ កម្ពុជាត្រូវការបន្ទប់ស្នាក់នៅសណ្ឋាគារលំដាប់ស្ដង់ដាពិភពលោក ១៦០០ សម្រាប់ភ្ញៀវទេសចរកម្រិតខ្ពស់

0

 

ដោយ៖ រ៉ាវី

ភ្នំពេញ ៖  អាស្រ័យដោយមានសន្តិសុខល្អ និងស្ថិរភាពនយោបាយកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងរក្សាបានកំណើនសេដ្ឋកិច្ចជាប់ជានិច្ចដែលស្ថិតនៅរង្វង់ប្រមាណជាង ៧,៥ ភាគរយ ជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យទេសចរណ៍ ដែលត្រូវបានប្រសិទ្ធនាមថាជា «មាសបៃតង» ក៏មានការរីកចម្រើនឥតឈប់ឈផងដែរ។ ជាក់ស្ដែង នៅត្រឹមរយៈពេល៧ខែដើមឆ្នាំ២០១៧ កន្លងទៅនេះ ភ្ញៀវទេសចរចម្រុះជាតិសាសន៍បានមកទស្សនានៅកម្ពុជាប្រមាណជាង ៣ លាននាក់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើការរំពឹងទុករហូតដល់ដំណាច់ឆ្នាំនេះ នឹងមានការកើនឡើងដល់ជាង ៥,៧ លាននាក់។

Naga Event

ភ្ជាប់ទៅនឹងការរំពឹងទុកពីសំណាក់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាខាងលើនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញពីភាពល្អប្រសើរ និងភាពវិជ្ជមានពាក់ព័ន្ធទៅនឹងវិស័យមួយនេះផងដែរថា នៅពេលមានកំណើនភ្ញៀវទេចរ តម្រូវការលើសេវាបម្រើក៏មានការកើនឡើងផងដែរ ជាពិសេស ផ្នែកខាងការផ្គត់ផ្គង់លើសេវាស្នាក់នៅលំដាប់ស្ដង់ដារ សម្រាប់ភ្ញៀវកម្រិតខ្ពស់ ខណៈដែលពេលបច្ចុប្បន្ន នៅមានការខ្វះខាតនោះឡើយ។

ថ្លែងបញ្ជាក់នៅក្នុងឱកាសនៃការប្រកាសបើកសម្ពោធដាក់អោយដំណើរការជាផ្លូវការនូវសណ្ឋាគារ ណាហ្គាវើល២ កាលពីពេលកន្លងទៅនោះ ឯកឧត្តម ថោង ខុន បានលើកឡើងថា ៖ ជារៀងរាល់ឆ្នាំ កម្ពុជាតែងទទួលបានកំណើនភ្ញៀវទេសចរជាប់ជានិច្ច។ ឆ្នាំ២០១៦កន្លងទៅ យើងទទួលបានជាង៥លាននាក់ កើនឡើងប្រមាណជាង ១២% នៃ GDP ។ ហើយនៅត្រឹមរយៈពេល៧ខែ នៃឆ្នាំ២០១៧ នេះ យើងទទួលបានជាង៣លាននាក់ ហើយនៅដំណាច់ឆ្នាំ អាចនឹងកើនឡើងរហូតដល់ ៥,៧លាននាក់ ។ ជាមួយនឹងកំណើនទាំងនេះ វាក៏ជាឱកាសមួយដ៏ប្រសើរសម្រាប់អ្នកផ្គត់ផ្គង់  លើផ្នែកសេវាស្នាក់នៅបណ្តោះអាសន្ន ដូចជា ផ្ទះសំណាក់ និងសណ្ឋាគារជាដើម ។ នៅក្នុងផ្នែកសេវានេះផងដែរ អ្វីដែលត្រូវយកចិត្តទុកដាក់ផងដែរនោះ គឺការផ្តល់សេវាស្នាក់នៅកម្រិតស្ដង់ដា ផ្តោតសំខាន់លើក្រុមភ្ញៀវលំដាប់ខ្ពស់ដូចដែលខាងសណ្ឋាគារ ណាហ្គាវើលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបានបន្តទៀតថា ៖ បច្ចុប្បន្ននេះ សណ្ឋាគារ ណាហ្គាវើល ណាហ្គាវើល មានបន្ទប់ស្នាក់នៅកម្រិតស្ដងដាត្រឹមតែ ១៦០០ បន្ទប់ នៅឡើយ ខណៈដែលតម្រូវការជាក់ស្ដែងសរុបមានច្រើនជាងនេះ ហើយនឹងបន្តកើនឡើងរហូតដល់ប្រមាណ ៤៣៦៣ បន្ទប់ នៅឆ្នាំ ២០១៨ ។ ជាមួយគ្នានេះ ប្រសិនបើភាពល្អប្រសើរនៃវិស័យទេសចរណ៍នៅតែបន្តកំណើនដូចឆ្នាំ២០១៦-២០១៧នេះ គឺតម្រូវការបន្ទប់ស្នាក់នៅលំដាប់ស្ដង់ដានេះអាចនឹងកើនឡើងក្នុងរង្វង់ប្រមាណ ៧០០០-16000 បន្ទប់ នៅឆ្នាំ២០២០ ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់ធនាគារពិភពលោកបានដឹងថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សក្នុងទ្វីបអាស៊ី គឺកើនឡើង៧ភាគរយ ហើយអត្រានៃភាពក្រីក្រ បានថយចុះពី ៤៧,៨ ភាគរយ ក្នុងឆ្នាំ២០០៧ ។ អ្វីដែលធ្វើឲ្យចាប់​អារម្មណ៍​ខ្លាំងនោះ គឺកម្ពុជាមានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី។ កម្ពុជានឹងមានសេដ្ឋកិច្ចកាន់តែប្រសើរ ហើយអត្រានៃភាពក្រីក្រនឹងកាន់តែថយចុះយ៉ាងឆាប់រហ័សជាងគេក្នុងទ្វីបអាស៊ី និងនៅលើពិភពលោក ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here