ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្នុងផែនការតភ្ជាប់តំបន់អភិវឌ្ឍន៍ នៃបណ្តាប្រទេសអនុតំបន់មហាទន្លេមេគង្គ កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងរៀបចំជួសជុលនិងសាងសង់ព្រលានយន្តហោះក្នុងខេត្តស្ទឹងត្រែងឡើងវិញ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានថ្លែងឲ្យដឹងតាមទូរស័ព្ទប្រាប់ Propertyarea.asia នារសៀលថ្ងៃទី៦ វិច្ឆិកានេះថា ព្រលានយន្តហោះខេត្តស្ទឹងត្រែង ស្ថិតក្នុងផែនការមេក្នុងការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍នៅតាមបណ្តាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ ដែលបច្ចុ ប្ប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កំពុងសិក្សាលំអិតពីផែនការនេះ មុនសម្រេចដាក់បញ្ចូលទៅក្នុងផែនការនាពេលអនាគត។
លោកបន្តថា “ព្រលានយន្តហោះខេត្តស្ទឹងត្រែង មានសក្តានុពលជាងគេក្នុងចំណោមតំបន់ភូមិភាគឥសាន្ត និងជាច្រករបៀងងាយតភ្ជាប់ទៅកាន់ប្រទេសឡាវ និងប្រទេសក្នុងតំបន់ដទៃទៀត ក៏ដូចជាតភ្ជាប់ទៅកាន់បណ្តាខេត្តភូមិភាគឥសាន្តចំនួនបីទៀត។លោកបន្តថា “ព្រលាននេះមានលទ្ឋភាព និងឆ្លើយតបតាមផែនការមេ នៃផែនការអភិវឌ្ឍន៍ក្នុងមហាអនុតំបន់ទន្លេមេគង្គ។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ប្រសិនជាត្រឹមជួសជុល គឺចំណាយថវិការចន្លោះពី៥ ទៅ៦លានដុល្លារអាចបើកដំណើរការបានហើយ សម្រាប់ចុះចតយន្តហោះតូចៗ ប៉ុន្តែដើម្បីអាចឲ្យយន្តហោះប្រភេទ Airbus320 និង Boing737ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី១៦០ ទៅ១៨០នាក់ ព្រលានយន្តហោះនេះត្រូវចំណាយថវិកាវិនិយោគចន្លោះពី២០ ទៅ៣០លានដុល្លារអាមេរិក។
តាមការពិនិត្យទីតាំង និងលក្ខខ័ណ្ឌភូមិសាស្ត្រ ព្រលានយន្តហោះខេត្តស្ទឹងត្រែងមានសក្តានុពលច្រើនផ្នែក ទី១ ឆ្លើយតបនឹងផែនការរបស់មហាអនុតំបន់ទន្លេមេគង្គ ទី២ ងាយស្រួលក្នុងការតភ្ជាប់ និងសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ ទី៣ ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល និងងាយតភ្ជាប់ទៅកាន់ខេត្តភូមិភាគឥសាន្តចំនួនបី ដែលនៅក្បែរនោះ។នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរូបនេះ។
ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាលោកធួន ស៊ីណានបានថ្លែងថា ប្រសិនជាមានការសាងសង់ ព្រលានយន្តហោះនៅខេត្តស្ទឹងត្រែងមែន ពិតជារឿងអបអរសាទរណាស់ ព្រោះវាងាយស្រួលតភ្ជាប់ទៅខេត្តដទៃទៀត និងតភ្ជាប់ជាមួយប្រទេសឡាវ និងបណ្តាប្រទេសក្នុងតំបន់ដទៃទៀត។លោកបន្តថា ខេត្តស្ទឹងត្រែង ងាយតភ្ជាប់មកកាន់ខេត្តក្រចេះ និងរតនៈគិរី ហើយបើរដ្ឋាភិបាលមានលទ្ឋភាពបើកព្រលានថ្មីមួយនៅខេត្តមណ្ឌលគិរីកាន់តែប្រសើរ។
លោកបន្តថា “ប្រសិនជាមានព្រលាននៅខេត្តស្ទឹងត្រែង ជារឿងអបអរសា ទរ ហើយយើងរំពឹងថាភ្ញៀវទេសចរណ៍ នឹងកើនឡើងច្រើននៅតាមបណ្តាភូមិភាគឥសាន្តបន្ថែមទៀត។លោកបន្តថា “ការពិតខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ធម្មជាតិសម្បើមណាស់ ប៉ុន្តែបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ឋបានក្លាយ ជាឧបសគ្គរាំងស្ទះ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត”៕