សេតវិមាន: សហរដ្ឋអាមេរិក និងមហាយក្សចិន អាចរួមរស់ជាមួយគ្នាដោយសុខសន្តិភាព

0

ដោយៈ សុខុម

ប៉េកាំង: លោក Kurt Campbell មន្ត្រីសេតវិមាន ទទួលបន្ទុកកិច្ចការសម្របសម្រួលសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ថ្លែងថា សហរដ្ឋអាមេរិក និងមហាយក្សចិន អាចរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ហើយមិនគួរចាត់ទុកទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ថាជា “សង្គ្រាមត្រជាក់ថ្មី” ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

លោកបានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំង២កាលពីថ្ងៃអង្គារ ទី៦ កក្កដា ថា “ពេលខ្លះក៏មានស្ថានភាពមិនប្រាកដប្រជា ហើយថែមទាំងមានភាពតានតឹងម្ដងម្ដាលទៀតផង”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានអំពីការអត្ថាធិប្បាយរបស់លោក ដែលបានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយរបស់អង្គការ Asia Society។

លោកបានបន្តថា “តើខ្ញុំជឿជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចរួមរស់ជាមួយគ្នាដោយសុខសន្តិភាពដែរទេ? មែនហើយ ខ្ញុំពិតជាគិតបែបនេះ”។ លោកបន្ថែមថា “ប៉ុន្តែខ្ញុំយល់ថា បញ្ហាប្រឈមនេះនឹងពិបាកខ្លាំងសម្រាប់មនុស្សជំនាន់នេះ និងមនុស្សជំនាន់ក្រោយ”។

ចាប់តាំងពីលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូលកាន់តំណែងនៅខែមករា ដើមឆ្នាំ២០២១ នេះមក រដ្ឋការរបស់លោកបានរក្សាជំហរយ៉ាងតឹងរ៉ឹងចំពោះប្រទេសចិន តាមរដ្ឋការរបស់លោក ដូណាល់ ត្រាំ ដោយលោកបានចាត់ទុកមហាយក្សនៅអាស៊ី មួយនេះថាជា “គូប្រជែងខ្លាំងបំផុត” របស់សហរដ្ឋអាមេរិក។

ចំពោះបញ្ហាដ៏ចម្រូងចម្រាសជុំវិញកោះតៃវ៉ាន់ លោក Kurt Campbell បានគូសបញ្ជាក់ជាថ្មីថា រដ្ឋការរបស់លោក ចូ បៃឌិន មិនទទួលស្គាល់កោះតៃវ៉ាន់ ជាប្រទេសឯករាជ្យនោះឡើយ ដែលស្របទៅនឹង “គោលនយោបាយចិនតែមួយ” (One China Policy)។

ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងកាន់តែខ្លាំងឡើងៗថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ប្រទេសចិន ហើយបានព្រមានប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានាកុំឱ្យលូកដៃចូលក្នុងរឿងនេះ។

លោក Kurt Campbell បានលើកឡើងបន្ថែមទៀតកាលពីថ្ងៃអង្គារ ទី៦ កក្កដា ថា ពេលនេះសហរដ្ឋអាមេរិក កំពុង “ស្វះស្វែងរកដោយស្ងាត់ៗ” នូវគំនិតផ្តួចផ្តើមពាណិជ្ជកម្មក្នុងតំបន់អាស៊ី។

មន្ត្រីសេតវិមាន រូបនេះបានគូសបញ្ជាក់ទៀតថា ខណៈការងើបឡើងនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ពីវិបត្តិកូវីដ-១៩ នៅតែជាគោលនយោបាយអាទិភាពរបស់រដ្ឋការលោក ចូ បៃឌិន “តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងក្លាយជាចំណុចស្នូលនៃការផ្ដោតយកចិត្តទុកជាសំខាន់របស់យើងនៅថ្នាក់តំបន់ ដែលជាលើកដំបូងមិនធ្លាប់មានក្នុប្រវត្តិសាស្ត្ររបស់យើង”។

តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សំដៅលើតំបន់ដែលលាតសន្ធឹងរវាងមហាសមុទ្រ២គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here