ដោយៈតារារះ
ភ្នំពេញៈ ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺជាវិធានការមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនប្រភេទ Delta។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ កំពុងដំណើរការជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិករដ្ឋបាលរាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។
អ្នកធ្លាប់ចាក់វ៉ាក់សាំង២ដូសរួចមកហើយ និងមានបទពិសោធន៍ ចំពោះការចាក់វ៉ាក់សាំង និងផលរំខានក៏ដោយ ប៉ុន្តែសកម្មភាពប៉ុន្មាននេះ នៅតែជាតម្រូវការ និងត្រូវត្រៀមទុកជាមុន មុនពេលចាក់វ៉ាក់សាំងដូសទី៣ ដែលមានដូចជា៖
ទី១ ត្រៀមទប់ទល់ផលរំខាន
ជាការធម្មតាទេ ក្រោយចាក់វ៉ាក់សាំងដូសណីមួយៗរួច រាងកាយនឹងបញ្ចេញអាការៈមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល វិលមុខ។ល។ ក្នុងករណីខ្លះ អ្នកចាក់ដូសទី៣ អាចរងផលរំខានខ្លាំង ជាងពេលចាក់ពីរដូសដំបូង ប៉ុន្តែនេះមិនជាអ្វីគួរឲ្យបារម្ភទេ ព្រោះវាជាបញ្ហាទូទៅ ហើយអ្នកអាចលេបថ្នាំបំបាត់ក្ដៅខ្លួន ក្រោយចាក់វ៉ាក់សាំងបាន ក្នុងករណីឡើងកម្ដៅ។
ទី២ ពាក់ម៉ាស
ការពាក់ម៉ាសនៅតែជាវិធានការល្អមួយ ក្នុងការកាត់បន្ថយភាគរយ នៃការឆ្លងកូវីដ-១៩ ឲ្យនៅកាន់តែទាប។ ម៉្យាងទៀត នៅពេលដែលដល់កន្លែងចាក់វ៉ាក់សាំង អ្នកនឹងជួបមនុស្សច្រើន ជាហេតុចាំបាច់ត្រូវពាក់ម៉ាស និងបន្តរក្សាគម្លាតជាប់ជានិច្ច។
ទី៣ ពាក់អាវដៃខ្លី
អ្នកត្រូវចាក់វ៉ាក់សាំងនៅលើស្មា ដូចនេះហើយគួរតែពាក់អាវដៃខ្លី រលុងៗ ងាយស្រួលក្នុងការលាត់ដៃអាវ ឲ្យគ្រូពេទ្យចាក់វ៉ាក់សាំង។
ទី៤ ត្រៀមឧបករណ៍ជំនួយ
ឧបករណ៍ជំនួយ សំដៅដល់អាល់កុល ឬជែលទុកសម្រាប់បាញ់ នៅកន្លែងអង្គុយរង់ចាំ និងទុកប្រើលាងដៃផងដែរ ព្រោះថានៅកន្លែងចាក់វ៉ាក់សាំង ពុំមានសាប៊ូសម្អាតដៃនោះទេ។ រីឯរឿងសំខាន់មួយទៀត គឺដបទឹក ត្រូវមានជាប់ខ្លួនកុំខាន ទុកផឹកបំពេញជាតិទឹកឱ្យរាងកាយ ចៀសវាងស្រេកឬអាចដួលសន្លប់។
នៅថ្ងៃទី១៨ ខែ សីហាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសទី៣ ឬដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់។ ក្រៅពីនោះ ខេត្តមួយចំនួន នៅតាមព្រំដែនជាប់ប្រទេសថៃ ក៏បានចាក់ដូសទី៣ជូនមន្ត្រីជួរមុខ រួចរាល់ផងដែរ៕