កម្មវិធីវិនិយោគ៥៨៨លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ផលអត្ថប្រយោជន៍ដូចម្តេចដល់ការលើ់កកំពស់ជីវភាពប្រជាជនកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ កម្មវិធីវិនិយោគក្នុងទំហំទឹកប្រាក់៥៨៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដើម្បីកែលម្អភាពធន់នឹងអាកាសធាតុ នៃហេដ្ឋារចនាសម្ព័ន្ធកសិកម្មនៅកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋនៅជនបទ នៃប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ។

នៅតំបន់ខ្លះនៃពិភពលោក នៅតែមានការជជែកវែកញែកគ្នាថា តើការប្រែប្រួល អាកាសធាតុជាការពិតឬយ៉ាងណា។ ប៉ុន្តែនៅទីវាលទំនាបលិចទឹកនៃទន្លេមេគង្គ ក្នុងខេត្តព្រៃវែង ដែលត្រូវធ្វើដំណើរប្រហែលមួយម៉ោង ពីរាជធានីភ្នំពេញ ប្រជាពលរដ្ឋនៅទីនោះបានមើលឃើញយ៉ាងច្បាស់ថា ការប្រែប្រួលអាកាសធាតុ បានគំរាមកំហែងដល់ការរស់នៅរបស់ពួកគេយ៉ាងដូចម្តេច។

នៅរដូវវស្សាចាប់ពីខែឧសភា ដល់ខែតុលា ព្យុះបានកើតឡើងកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរឡើងៗ ជាផលវិបាកដែលបន្ថែមលើទឹក ដែលហៀរពីទន្លេមេគង្គមក។ វាពិតធ្ងន់ធ្ងរណាស់ ដែលធ្វើឱ្យប្រឡាយចាស់ជាច្រើនត្រូវបានខូចខាត រារាំងអ្នកភូមិក្នុងការទទួលបានទឹកផឹក និងប្រព័ន្ធធារាសាស្រ្តពីអាងស្តុកទឹក។ ក្នុងរដូវដាំដុះ សីតុណ្ហភាពកាន់តែខ្ពស់ និងកង្វះទឹកភ្លៀង បាននាំឱ្យមានគ្រោះរាំងស្ងួតខ្លាំង ពោលគឺគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យកសិករពិបាកដាំដុះដើម្បីចិញ្ចឹមជីវិត។

យោងតាមទិន្នន័យមន្ទីរកសិកម្មខេត្ត នៅឆ្នាំ២០១៨ ផ្ទៃដី២៧.០០០ ហិកតានៅខេត្តព្រៃវែងត្រូវបានខូចខាតដោយទឹកជំនន់ និង២៩.០០០ហិកតាទៀត បានរងគ្រោះរាំងស្ងួតដែលនាំឱ្យដល់ការខាតបង់ ប្រមាណ១៦លានដុល្លារ។

នៅឆ្នាំ ២០២០ ទឹកជំនន់បានបង្កផលប៉ះពាល់ ដល់រាជធានីខេត្តចំនួន១៩ ក្នុងចំណោមរាជធានីខេត្តទាំង២៥ របស់កម្ពុជាដោយបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនប្រភេទ។

ការព្យាករណ៍បានបង្ហាញថា នៅត្រឹមឆ្នាំ ២០៣៩ រដ្ឋាភិបាលបានឲ្យដឹងថា នឹងមានការកើនឡើង ១២,៦% នៃបរិមាណទឹកភ្លៀងប្រចាំឆ្នាំ នៅរដូវវស្សាបើប្រៀបធៀបនឹងតួលេខពីឆ្នាំ ១៩៨៦-២០០៥ ។ នេះមិនមែនជាដំណឹងល្អនោះទេ សម្រាប់ខេត្តព្រៃវែងដែលស្ថិតនៅតំបន់ទំនាប ដែលស្ថិតនៅជាប់ទន្លេធំបំផុតពីរក្នុងប្រទេសកម្ពុជា គឺទន្លេមេគង្គនិងទន្លេបាសាក់។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន លោក ទិន ពន្លក បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលដល់កម្រិត និងបរិមាណទឹកភ្លៀង សីតុណ្ហភាព និងការកើនឡើង កម្រិតទឹកសមុទ្រ។ ផលវិបាករបស់វាគឺទាកទងនឹងទឹក ដែលមាន ហើយនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់យើង”។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍវិស័យកសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកម្មវិធីយុទ្ធសាស្ត្រ សម្រាប់ភាពធន់នឹងអាកាសធាតុ (Strategic Program for Climate Resilience) ចំនួន៥៨៨លានដុល្លារ ដែលជាគម្រោងវិនិយោគអនុម័តដោយរដ្ឋាភិបាល និងឧបត្ថម្ភថវិកា ដោយកម្មវិធីសាកល្បងសម្រាប់ភាពធន់ នឹងអាកាសធាតុរបស់មូលនិធិវិនិយោគអាកាសធាតុ (Climate Investment Funds) ។

ADB គ្រប់គ្រងកម្មវិធីនេះ ដែលរួមមានគម្រោងវិនិយោគចំនួន៧ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង និងពង្រឹងការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងប្រព័ន្ធធារាសាស្រ្ត ការបណ្ដុះគ្រាប់ពូជ និងសកម្មភាពក្រោយពេលប្រមូលផល។ វាក៏រួមបញ្ចូលផងដែរ នូវកម្មវិធីជំនួយបច្ចេកទេសចំនួន១១ លានដុល្លារដែលបានបញ្ចប់ក្នុងខែមិថុនាឆ្នាំ ២០២១ ព្រមទាំងបង្ហាញពីវិធីសាស្រ្ត ដែលរាជរដ្ឋាភិបាលអាចយកទៅអនុវត្ត ដើម្បីបញ្ចូលភាពធន់នឹងអាកាសធាតុ ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍។

កម្មវិធីនេះបាននាំឱ្យមានការបង្កើតបទប្បញ្ញត្តិ សេចក្តីណែនាំបច្ចេកទេស និងតម្រូ​វការផ្នែកច្បាប់ថ្មីៗស្តីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលឆ្លើយតបជាក់ស្តែងទៅនឹងតំបន់ភូមិសាស្ត្រខុសគ្នាទាំង៣ របស់ប្រទេសកម្ពុជា គឺតំបន់ឆ្នេរ តំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល។

លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកផ្លាស់ប្តូរអាកាសធាតុនៅ ADB ដែលគ្រប់គ្រងកម្មវិធីSPCR បានមានប្រសាសន៍ថា កម្មវិធីនេះកំពុងជួយផ្តល់អំណា​ចដល់ក្រុមងាយរងគ្រោះ ក្នុងប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកា​សធាតុ។

លោកបន្តថា “វិស័យកសិកម្មមិនត្រឹមតែជាវិស័យ ដែលងាយរងគ្រោះបំផុតនោះទេ ប៉ុន្តែវិស័យនេះ ក៏គាំទ្រដល់ក្រុមដែលងាយរងគ្រោះបំផុត រួមទាំងស្ត្រី និងជនក្រីក្រនៅតាមជនបទ”។ លោកបន្តថា “កម្មវិធីនេះជួយប្រជាពលរដ្ឋនៅតាមជនបទ បង្កើតវិធីសាស្រ្តជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយពង្រឹងបណ្តាញសុវត្ថិភាព និងសន្តិសុខសម្រាប់ពលរដ្ឋងាយរងគ្រោះ”។

ជាឧទាហរណ៍ កម្មវិធី SPCR បានជួយកែលម្អប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំនៅជិតក្រុងពោធិ៍សាត់ ដោយសាងសង់របាំង ដើម្បីគ្រប់គ្រងលំហូរទឹកនៅក្នុងទន្លេពោធិ៍សាត់ និងកាត់បន្ថយការជន់លិច ព្រមទាំងកសាងប្រឡាយមេប្រវែង១៦,៥ ម៉ែត្រប្រព័ន្ធ ធារាសាស្រ្តបន្ទាប់បន្សំដែលនាំទឹកចូល ស្រែ និងអគារចំនួន ២៩ នៅតាមប្រឡាយមេនេះ។

គម្រោងមួយទៀតនេះកម្មវិធី SPCR ហៅថា កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវអង្ករដែលធន់នឹងអាកាសធាតុ បានជួយកសិករនៅខេត្តព្រៃវែង បាត់ដំបង និងកំពង់ធំ អនុវត្តបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អផលិតភាពកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

បច្ចេកវិទ្យាច្នៃប្រឌិតថ្មីមួយ ដែលត្រូវបានបង្ហាញដោយគម្រោងនេះ រួមមាន ការប្រើឡាស៊ែរវាស់កម្រិតដី។ ឧបករណ៍វាស់កម្រិតដីដោយឡាស៊ែរនេះ ធ្វើឱ្យដីរាបស្មើល្អ។ នោះមានន័យថាបរិមាណទឹក និងជីដូចៗគ្នា អាចត្រូវបានប្រើនៅគ្រប់ទីកន្លែង ក្នុងស្រែ ដែលនាំដល់ការកាត់បន្ថយការចំណាយ និងបង្កើនទិន្នផលស្រូវ។

ជាលទ្ធផលលោក ប៉ុល អ៊ំ ជាកសិករនៅស្រុកកំពង់ត្របែកបានមានប្រសាសន៍ថា ទិន្នផលអង្ករពីផ្ទៃដីកន្លះហិកតា បានកើនឡើងពី២០ មកជាង២៩បាវ ខណៈដែលមានការកាត់បន្ថយការប្រើប្រាស់សាំងផងដែរ។

កម្មវិធីនេះបានជួយបង្កើនទិន្នផលស្រូវ ២៥% ដោយផ្តល់លទ្ធភាពដល់កសិករក្នុងការទទួលបាន គ្រាប់ពូជដែលមានគុណភាព បង្រៀនពួកគាត់ពីបច្ចេកទេសសម្ងួត និងការរក្សាទុក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពធន់ នៃពូជស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ។ វាបានជួយបង្កើនផលិតកម្មស្រូវដល់៩.៥លានតោននៅឆ្នាំ ២០២០ កើនឡើងពី៨លានតោនក្នុងឆ្នាំ ២០១២។

លោកស្រី ថន សុម៉ាលី មកពីឃុំព្រែកចង្ក្រានបានរៀនពីរបៀបដាំ ប្រមូលផល រក្សាទុក និងដឹកជញ្ជូនគ្រាប់ពូជ ដែលមានគុណភាព ដើម្បីទទួលបានតម្លៃខ្ពស់។ លោកស្រីជាអ្នកសម្របសម្រួលកសិករចំនួន៣០នាក់ ក្នុងកិច្ចសហការជាមួយ សហករណ៍កសិកម្មបូព៌ាសែនជ័យ ដែលប្រមូលទិញប្រភេទស្រូវធន់នឹងអាកាសធាតុ ដើម្បីសម្ងួត សម្អាត និងលក់ វានៅទីផ្សារ។

ប្រឡាយដែលដំណើរការល្អ នាំឱ្យមានដំណាំចម្រុះនៅឃុំរំចេក ដែលគ្រោះរាំងស្ងួតបានធ្វើឱ្យរដូវដាំដុះ មានរយៈពេលខ្លីត្រឹមតែពីរទៅបីខែ អ្នកស្រុកបានទទួលអត្ថប្រយោជន៍ ពីជំនួយបច្ចេកទេសនៃកម្មវិធី SPCR ដែលបង្ហាញពីវិធីសាស្រ្តដែលរាជរដ្ឋាភិបាលអាចយក ទៅអនុវត្តដើម្បីបញ្ចូលភាពធន់នឹងអាកាសធាតុ ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍។

ឧទាហរណ៍ គម្រោងបង្ហាញដែលប្រើថវិកា៣០.៥៣៥ ដុល្លារ បានស្តារប្រឡាយប្រវែង១.០៥០ ម៉ែត្រ។ ប្រឡាយ ដែលកាលពីមុនរាក់ពេកមិនអាចផ្ទុកទឹកត្រូវបាន កែលម្អដោយបំពាក់លូធំថ្មីពីរ។ ជម្រាលរបស់វាត្រូវបានការពារដោយដុំថ្មតំរៀបគ្នា ដែលចងការពារដោយខ្សែដែក។ គម្រោងនេះ ដែលនឹងត្រូវអនុវត្តបន្ត ដោយរាជរដ្ឋាភិបាលនិងសហគមន៍ សម្រាប់ប្រឡាយប្រវែងសរុប៣.៥ គីឡូម៉ែត្រ នឹងជួយភ្ជាប់ឃុំរំចេកទៅអាងស្តុកទឹកដែលមានចំងាយ៣គីឡូម៉ែត្រពីឃុំ។

លោកស្រី ជិន គួងបានសម្តែងសុទិដ្ឋិនិយមថា ប្រឡាយនេះនឹងធ្វើឱ្យជីវភាពរបស់គាត់ប្រសើរឡើង។ អង្គុយជាស្ត្រីមួយក្រុម លោកស្រីបានមានប្រសាសន៍ថា  គ្រោះរាំងស្ងួតបានធ្វើឱ្យជីវភាពគ្រួសារគាត់ពិបាក ហើយស្វាមីរបស់គាត់ត្រូវចេញក្រៅ ដើម្បីរកការ​ងារសំណង់ធ្វើដោះស្រាយជីវភាព។ ដោយគ្មានអណ្តូងក្នុងភូមិ គាត់ត្រូវធ្វើដំណើរឆ្ងាយដើម្បីដងទឹកមកប្រើប្រាស់។ ប៉ុន្តែនៅពេលមានភ្លៀងធ្លាក់ផ្លូវជាប់ប្រឡាយ កាលពីមុនមានភក់រអិលស្ទើរតែមិនអាចធ្វើដំណើរបាន។

 

 

បន្ទាប់ពីស្តារប្រឡាយនិងធ្វើផ្លូវរួច ផ្លូវនេះនឹងមិនងាយលិចទឹក បង្កជាភក់រអិលទៀតទេ។ តាមការឱ្យដឹងពីលោក ចៀប សំអាត ដែលជាទីប្រឹក្សាគម្រោង លោកស្រីគួងក៏ដូចជាពលរដ្ឋពី២០០គ្រួសារផ្សេងទៀត ក៏បានចូលរួមជាមួយគម្រោងស្តារប្រឡាយនេះដែរ។ ដូច្នេះគាត់នឹងបានរៀនពីរបៀបជ្រើសរើស និងដាំពូជស្រូវធន់នឹងគ្រោះរាំងស្ងួតប្រហែល១០ប្រភេទ ដែលត្រូវការទឹកតិចដើម្បីដាំដុះ។ ពួកគាត់ក៏នឹងរៀនពីរបៀបដាំឱឡឹកនិងដំណាំផ្សេងទៀតដែលផ្តល់ទិន្នផលខ្ពស់។

លោកស្រីគួងបន្ថែមទៀតថា “ប្រឡាយគឺស្រស់ស្អាត។ ពេលប្រឡាយនេះយើងក៏មានផ្លូវស្អាតអមវាដែរ។ វានឹងងាយស្រួលក្នុងការធ្វើដំណើរហើយយើង ក៏មានទឹកស្រោចដំណាំ។ ខ្ញុំអាចដាំដំណាំបានច្រើន និងគ្រប់គ្រាន់សម្រាប់បរិភោគក្នុងគ្រួសារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here