ដោយៈគង់ សូរិយា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថេរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាត ក្នុងស្រុកឱ្យបានច្រើនជាងមុន។
យោងតាមអត្ថបទវិភាគនេះ ដែលនិពន្ឋឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និងសេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះបានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៤។
អត្ថបទបានរំលេចនៅវិធីសាស្ត្រសំខាន់ៗ៤ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ គួរពិចារណាអនុវត្តន៍ដូចជា ទី១ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន និងឥន្ធនៈស្អាត។ គោលនយោបាយទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយ ការបញ្ចេញឧស្ម័នពុលនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះធម្មជាតិ និងចំណាយស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតពីគ្រោះធម្មជាតិទាំងនោះទៀតផង។
ទី២ កម្ពុជាគួរពិចារណាបន្ថែមចំណាយ លើការវិនិយោគដែលបញ្ចេញឧស្ម័នពុលខ្លាំង ឬពន្យល់ឱ្យងាយយល់ គឺការគិតលុយលើរាល់ការបញ្ចេញឧស្ម័នពុល ពីរោងចក្រនានា។ គោលនយោបាយនេះត្រូវមានការចូលរួមទាំងរដ្ឋ ឯកជន និងអ្នកប្រើប្រាស់ទូទៅ។ ជាក់ស្ដែង គោលនយោបាយស្រដៀងគ្នានេះ ត្រូវបានអនុវត្តខ្លះហើយ ដូចជាការលក់ឥណទានកាបូនជាដើម។
ទី៣ ការពិចារណាយកពន្ធ លើការបញ្ចេញឧស្ម័នពុលរបស់រោងចក្រនានា ដើម្បីជំរុញឱ្យពួកគេអនុវត្តបច្ចេកវិទ្យាថ្មី កាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ពួកគេ។
ទី៤ ការងាកពីការប្រើប្រាស់រោងចក្រថាមពលដុតធ្បូងថ្ម មកប្រើថាមពលបៃតងឬថាមពលកកើតឡើងវិញ។ តម្លៃនៃបច្ចេកវិទ្យា ក្នុងការវិនិយោគថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡា និងថាមពលខ្យល់ បានធ្លាក់ថ្លៃជាបន្តបន្ទាប់ ដូច្នេះកម្ពុជាគួរពិចារណាជំនួសរោងចក្រថាមពលដុតធ្យូងថ្ម ដោយថាមពលបៃតងវិញ។
ការអនុវត្តគោលនយោបាយទាំងនេះ គឺរឿងលំបាករបស់រដ្ឋាភិបាល ព្រោះត្រូវចំណាយខ្ពស់ ប៉ុន្តែ ADB ចង់ឲ្យរដ្ឋាភិបាលគិតគូរវែងឆ្ងាយជាងមុន។ ទោះបីជាការវិនិយោគបៃតង មានចំណាយខ្ពស់ជាងការវិនិយោគធម្មតាពិតមែន ប៉ុន្តែវាបង្កផលល្អទៅអនាគត បើវិភាគតាមទស្សនវិស័យ នៃវដ្តជីវិតពេញលេញ ក្រោមសេណារីយ៉ូថ្លៃកាបូន ផលចំណេញផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម៕