ដោយៈសុជាតា
ភ្នំពេញៈ លោកប៊ុន ផាក ជាស្ថាបនិក និងជា CEO ក្រុមហ៊ុន CAMAZOON បានមើលឃើញទីផ្សារអនឡាញ ជាបរិបទថ្មីសម្រាប់មុខជំនួញរបស់ប្រជាជនកម្ពុជា និងកំពុងមានឱកាសរីកចម្រើនខ្ពស់នាពេលអនាគត។
ស្ថាបនិក និងជា CEO CAMAZOON រូបនេះ ជាសហគ្រិនដែលមានក្រុមហ៊ុនបញ្ជាទិញទំនិញគ្រប់មុខ ពីរោងចក្រនៅប្រទេសចិនដោយផ្ទាល់ យកមកផ្គត់ផ្គងឲ្យអ្នកលក់រាយនៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីបង្កើតឡើង អស់រយៈពេលជាង២ឆ្នាំមកនេះ ក្រុមហ៊ុនលោកត្រូវជួបបញ្ហាជាច្រើនរាប់មិនអស់ មុនពេលលោកអាចធ្វើឲ្យប្រជាជន ងាកមកចាប់ផ្តើមសេវាកម្មបញ្ជាទិញទំនិញតាមអនឡាញ របស់ក្រុមហ៊ុនលោក ស្របពេលដែលប្រជាជនកម្ពុជានិយមប្រើប្រាស់បណ្តាញសង្គម Facebook សម្រាប់ទិញ លក់ទំនិញ។
តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យលោកសម្រេចចិត្ត បង្កើតក្រុមហ៊ុននេះឡើង? លោក ប៊ុន ផាក បានថ្លែងបញ្ជាក់ប្រាប់ Property Asia area ថា “ក្នុងនាមជាសហគ្រិនត្រូវមើលឃើញឱកាសអាជីវកម្ម ដែលមិនទាន់កើតមាននៅលើទីផ្សារ”។
លោកបន្ថែមទៀតថា “សហគ្រិន មានសមត្ថភាព មើលឃើញពីបញ្ហា ហើយអាចដោះស្រាយបញ្ហាមួយនេះ”។
សម្រាប់វេទិកាទិញទំនិញតាមអនឡាញ (E commerce Platform) ប្រទេសជិតជិតខាងកម្ពុជា គេមានសេវាកម្មនេះ និងទទួលបានភាពរីកចម្រើនរួចហើយ។
លោកបន្តថា ដោយឡែកទីផ្សារកម្ពុជា ជាទីផ្សារចំឡែកមួយ ដែលប្រជាជនទិញទំនិញតាមបណ្តាញសង្គម Facebook ស្របពេលដែលបណ្តាប្រទេសធំៗ ដូចជា ប្រទេសចិន មានក្រុមហ៊ុន Alibaba សហរដ្ឋអាមេរិក គេមានក្រុមហ៊ុន Amazon ដែលគេមានទំលាប់ប្រើប្រាស់ អស់រយៈពេល១០ ទៅ២០ឆ្នាំមកហើយ។
លោកប៊ុន ផាកបានបន្តថា កត្តាទាំងនេះហើយ ដែលទាមទារយើងស្វែងយល់ទំលាប់ប្រើប្រាស់របស់ប្រជាជនកម្ពុជា និងខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញតាមបែបប្រពៃណី ដើម្បីស្វែករកឱកាសពង្រីកអាជីវកម្មនៅលើទីផ្សារ ដោយសារតែយើងមិនទាន់វេទិកាទិញទំនិញលេចធ្លោ និងគំរូអាជីវកម្មថ្មីមួយ ដែលទាក់ទាញការចាប់អារម្មណ៍ និងជោគជ័យនោះទេ។
លោកសង្កត់បន្ថែមទៀតថា “Tech Start up វាមិនមានអាជីវកម្មសម្រាប់ប្រាក់ចំណេញថ្ងៃស្អែកនោះទេ។ វាជាវិថីវែងឆ្ងាយ ដែលទាមទារអោយយើងត្រូវថ្លឺងថ្លែងថា សហគ្រិន ត្រូវដឹងគីឡូខ្លួនឯងប៉ុណ្ណា ហើយឈាមយើងរត់បានយូរប៉ុណ្ណា”។
លោកបន្តថា “សហគ្រិនដែលជោគជ័យ ត្រូវមានការជំរុញការលើកទឹកចិត្តខ្លូនឯង ក្នុងការបង្កើតផលិតផល ស្របតាមតំរូវការអតិថិជន ព្រមទាំងស្តាប់ក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានបទពិសោធន៍ច្រើនជាងយើង”៕