ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ខណៈវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សនោះបានធ្វើឱ្យវិស័យមួយនេះ ត្រូវប្រឈមមុខទៅនឹងបញ្ហាមួយចំនួន ដូចជា តម្រូវការកម្លាំងកម្មករ និងធនធានមនស្សដែលមានចំណេះដឹងច្បាស់លាស់ជាច្រីន។
ឮលោកបណ្ឌិតទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនធានមនុស្សផ្នែកវិស្វករសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៅកម្ពុជានាពេលបច្ចុប្បន្ននេះ នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវនៃការរីកចម្រើន ដ៏ឆាប់រហ័សរបស់វិស័យសំណង់នៅកម្ពុជានារយៈពេល១ទសវត្សរ៍ចុងក្រោយនេះបានទេ។ លោកបានប្រាប់ទៀតថា ជារៀងរាល់ឆ្នាំមានក្រុមហ៊ុនជាច្រើន បានមកទាក់ទងសាកលវិទ្យាល័យ ដើម្បីជ្រើសរើសនិស្សិតដែលកំពុងសិក្សាទៅធ្វើការ ប៉ុន្តែពេលខ្លះសាលាមិនអាចរកនិស្សិតបានគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យក្រុមហ៊ុនទាំងអស់នោះបានទេ។
-->

លោកបន្តថា “ការងារក្នុងវិស័យសំណង់មានច្រើន ដូច្នេះនិស្សិតដែលសិក្សាជំនាញស្ថាបត្យកម្ម និងសំណង់ស៊ីវិល មិនខ្វះការងារធ្វើទេ។ ជាក់ស្តែងមាននិស្សិតខ្លះមានការងារធ្វើចាប់តាំងពីឆ្នាំទី១តែម្តង។
បើតាមលោកទួស សាភឿន ក្នុង១ឆ្នាំមាននិស្សិតខ្មែរចន្លោះពី២០០-៣០០នាក់បានបញ្ចប់ការសិក្សាលើផ្នែកស្ថាបត្យកម្ម ខណៈនៅកម្ពុជាបច្ចុប្បន្នមានគ្រឹះស្ថានសិក្សាពី៥-៦ប៉ុណ្ណោះ ដែលទទួលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ផ្នែកនេះ។
ព្រឹទ្ធបុរសនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន លោក លឹម សុខតៃបាននិយាយថា ធនធានមនុស្សដែលមានចំណេះដឹងទាក់ទងទៅនឹងវិស័យសំណង់ កំពុងមានតម្រូវការច្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយនិស្សិតដែលរៀននៅសាកលវិទ្យាល័យន័រតុន ចាប់ពីឆ្នាំទី៣ឡើងទៅស្ទើរតែទាំងអស់ត្រូវបានក្រុមហ៊ុនមកទាក់ទងយកទៅធ្វើការ។លោកបានបន្តថា ការងារទាក់ទងទៅនឹងវិស័យសំណង់នៅកម្ពុជា នឹងត្រូវការធនធានមនុស្សច្រើនបន្ថែមទៀត ជាពិសេសនៅពេលការការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឈានចូលមកដល់។
លោកបានបន្តថា “បច្ចុប្បន្ននេះនិស្សិត ដែលចូលសិក្សាផ្នែកវិស្វករសំណង់ស៊ីវិល និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន បានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងបច្ចុប្បន្ននេះ និស្សិតដែលកំពុងរៀនផ្នែកវិស្វករសំណង់ស៊ីវិល មានប្រមាណជាង៣០០នាក់ ចំណែកខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម មានប្រមាណប្រហែល១០០នាក់។

លោកបន្តថា រហូតមកដល់ពេលនេះនិស្សិត ដែលបានបញ្ចប់ការសិក្សាលើផ្នែកទាំង២របស់សាកលវិទ្យាល័យ មានចំនួនប្រមាណប្រហែល៣៨០០នាក់ហើយ។
វិស័យសំណង់នៅកម្ពុជាត្រូវបានគេចាត់ទុកជាវិស័យ១ នៅក្នុងចំណោមវិស័យសំខាន់ៗចំនួន៤ ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងគិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យនេះកើនឡើងដល់ទឹកប្រាក់៥៦៣៦លានដុល្លារ កើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកម៉េង ចំរើន ប្រធានក្រុមវិស្វករប្រចាំការដ្ឋានសាងសង់ក្នុងគម្រោងទីក្រុង Olympia City បានថ្លែងថា បច្ចុប្បន្ននេះនៅក្នុងការដ្ឋានសាងសង់ទីក្រុងOlympia City មានវិស្វករ និងស្ថាបត្យករកំពុងធ្វើការសរុបប្រហែល100នាក់ ក្នុងនៅវិស្វករមានប្រហែល៧០ភាគរយ។ លោកបានបន្តថា ក្នុងចំណោមនោះមានវិស្វករ និងស្ថាបត្យករបរទេសប្រហែល៥ភាគរយ ដែលពួកគេទាំងនោះសុទ្ធតែជាអ្នកជំនាញ ដែលមានបទពិសោធ និងស្នាដៃលើគម្រោងធំៗជាច្រើន។
លោកបានថ្លែងថា “ខ្ញុំគិតថាវិស្វករ និងស្ថាបត្យករនាពេលបច្ចុប្បន្នសុទ្ធតែមានសមត្ថភាព អាចធ្វើការនៅតាមការដ្ឋានសំណង់ធំៗបាន ដោយយើងគ្រាន់តែយកអ្នកជំនាញ(មកពីបរទេស) មកជួយបណ្តុះបណ្តាលតែបន្តិចបន្តួចប៉ុណ្ណ។
តែទោះបីជាយ៉ាងណាលោកចំរើន ក៏បានបញ្ជាក់ថា “ខ្ញុំគិតថាសមត្ថភាពរបស់វិស្វករកម្ពុជា នឹងមិនសូវមានបញ្ហាសមត្ថភាពគ្រប់គ្រាន់នោះទេ បន្ទាប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឈានចូលមកដល់នោះទេ តែអ្វីដែលខ្ញុំគិតថាអាចមានបញ្ហានោះគឺខាងផ្នែកស្ថាបត្យកម្ម ព្រោះការ Design របស់អ្នកជំនាញនៅប្រទេសក្នុងតំបន់អាស៊ានមួយចំនួនអាចមានសមត្ថភាពលើសពីស្ថាបត្យករកម្ពុជា”៕