ដោយៈសុខុម
ប៉េកាំង: ប្រទេសចិន កំពុងងាកទៅរកការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើននៅថ្នាក់មូលដ្ឋាន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនដែលនឹងជំរុញអាជីវកម្មក្នុងមូលដ្ឋាន និងជួយបង្កើតការងារជូនពលរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៣០ មករា។
កាលពីចុងខែធ្នូ ឆ្នាំ២០២១ ក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន ទម្លាយឱ្យដឹងថា ខ្លួនបានផ្តល់ឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាននានា នូវកូតា២២៩ពាន់លានដុល្លារអាមេរិក សម្រាប់មូលបត្របំណុល ដែលមានគោលបំណងពិសេសក្នុងឆ្នាំ២០២២ ដើម្បីជួយជំរុញការវិនិយោគ និងគាំទ្រសេដ្ឋកិច្ច។
គម្រោងខ្នាតយក្សសរុប រហូតដល់ទៅ១០២គម្រោង ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងផែនការ អភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។
ទោះជាយ៉ាងណា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេមើលថាជាប់មន្ទិលសង្ស័យ ដោយអ្នករិះគន់និយាយថា ការវិនិយោគដែលជំរុញដោយឥណទានអាចធ្វើឱ្យប្រទេសនេះ ប្រឈមនឹងកម្រិតបំណុលក្នុងស្រុកឡើងចុះមិនទៀង។
ពេលនេះសារព័ត៌មាន South China Morning Post លើកយកតែគម្រោងខ្នាតយក្សចំនួន៦ប៉ុណ្ណោះ ដែលបានបង្កភាពរំជើបរំជួល និងភាពចម្រូងសម្រាសក្នុងប្រទេសចិន ដូចជា ទី១- គម្រោងផ្លូវដែកខេត្តស៊ីឈាន់-តំបន់ទីបេតិ៍ (Sichuan-Tibet Railway)។
គម្រោងនេះគឺជាគម្រោងផ្លូវដែកទី២ រវាងតំបន់ទីបេតិ៍ និងបណ្ដាខេត្តដាច់ស្រយាល ក្រោមទុនវិនិយោគ៥០,៦ពាន់លានដុល្លារអាមេរិក ដោយការស្ថាបនា បានចាប់ផ្ដើមកាលពីដំណាច់ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
ទី២- គម្រោងបញ្ជូនទឹកពីភាគខាងត្បូង ទៅភាគខាងជើង (South-North Water Transfer Project)។
ផែនការដ៏មហិច្ឆតារបស់ប្រទេសចិន ក្នុងការបញ្ជូនទឹករាប់ជាច្រើនពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗពីទន្លេយ៉ាងចឺ (Yangtze River) នៅភាគខាងត្បូង ឆ្ពោះទៅកាន់តំបន់ភាគខាងជើង កាត់តាមប្រឡាយធំៗចំនួន៣ គឺត្រូវបានលើកយកមកជជែក តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៥០ មកម៉្លេះ។
រដ្ឋាភិបាលមិនទាន់បានទម្លាយឱ្យដឹងពីទំហំជាក់លាក់ ដែលខ្លួននឹងវិនិយោគលើគម្រោងនេះនៅឡើយទេ ប៉ុន្តែធ្លាប់មានការប៉ាន់ស្មានថា គម្រោងនេះ អាចចំណាយអស់៥០០ពាន់លានយ័ន (៧៨,៦ពាន់លានដុល្លារអាមេរិក)។
ជាលទ្ធផលនៃគម្រោងនេះ គិតត្រឹមដំណាច់ឆ្នាំ២០២១ ចំណុះទឹកប្រមាណ៤៩,៩ពាន់លានម៉ែត្រគូប ត្រូវបានបញ្ជូនទៅកាន់គោលដៅ ចាប់តាំងពីផ្លូវបញ្ជូនទឹកភាគខាងត្បូងនេះ ត្រូវបានបើកដំណើរការកាលពីដើមឆ្នាំ២០២១។ នេះបើយោងតាមក្រសួងធនធានទឹកនៃប្រទេសចិន។
ទី៣- គម្រោងផ្លូវរូងក្រោមបាតសមុទ្រក្រុងយ៉ានថៃ- ក្រុងតាលៀន (Yantai-Dalian Undersea Tunnel)។
គម្រោងផ្លូវរូងក្រោមបាតសមុទ្រ Bohai Sea ដែលតភ្ជាប់ក្រុងភាគខាងកើតយ៉ានថៃ (Yantai) និងក្រុងតាលៀន (Dalian) ឆ្ពោះទៅភាគខាងជើងនេះមានប្រវែងប្រមាណ៩០គីឡូម៉ែត្រ។
គម្រោងនេះ ត្រូវបានស្នើឡើងតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់សញ្ញាវិជ្ជមានបង្ហាញពីការចាប់ផ្ដើមគម្រោងនេះនៅឡើយទេ។
ទី៤- គម្រោងទំនប់វារីអគ្គិសនីទន្លេយ៉ាលុង ចាងប៉ (Yarlung Zangbo River Dam)។
ការសាងសង់ទំនប់វារីអគ្គិសនីនេះ ត្រូវបានលោក Bohai Sea ប្រធានក្រុមហ៊ុន Power Construction Corporation of China ដែលគ្រប់គ្រងដោយរដ្ឋប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិឆ្នាំ២០២១-២០២៥ របស់រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន នឹងចាប់ផ្ដើមអភិវឌ្ឍទំនប់វារីអគ្គិសនីនេះ។
ខណៈគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយក្ដី ក៏វាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ពីបណ្ដាប្រទេសនៅខ្សែទឹកខាងក្រោមជាពិសេសប្រទេសឥណ្ឌា ដែលបារម្ភខ្លាចប្រទេសចិន យកធនធានទឹកធ្វើជាអាវុធគំរាមមកលើខ្លួន។
ទី៥- គម្រោងផ្លូវរូងក្រោមច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait Tunnel Project)។
ផ្លូវរូងក្រោមសមុទ្រនេះ គឺជាផ្នែកមួយនៃផ្លូវល្បឿនលឿន ក្រុងប៉េកាំង-ក្រុងតៃប៉ិ (Beijing-Taipei Expressway) ដែលនឹងតភ្ជាប់ប្រទេសចិនដីគោក ជាមួយកោះតៃវ៉ាន់។ គម្រោងនេះ មានផ្លូវរូងក្រោមបាតសមុទ្រប្រវែង១២៦គីឡូម៉ែត្រ។
ថ្វីបើមានការសាទរនៅប្រទេសចិនដីគោកយ៉ាងណាក្ដី ក៏កោះតៃវ៉ា់ន់ ហាក់មិនសូវបង្ហាញការចាប់អារម្មណ៍ឡើយ។ មជ្ឈដ្ឋានទូទៅមើលឃើញថា គម្រោងនេះ ជាផ្នែកមួយនៃមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់ការបង្រួបបង្រួមជាតិ ជាពិសេសនៅពេលភាពតានតឹង ឆ្លងកាតច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ឡើងកម្ដៅកាន់តែខ្លាំង ក្នុងរយៈពេល២ឆ្នាំមកនេះ។
៦- គម្រោងទន្លេជីកហុងឈី (Hongqi River Project)
គម្រោងទន្លេជីកហុងឈី ឬដែលគេស្គាល់ថា គម្រោងទន្លេទង់ក្រហម (Red Flag River Project) ដែរនេះ ត្រូវបានស្នើឡើងដោយសកម្មជនសង្គមនិយម Gao Gan ក្នុងឆ្នាំ២០១៧ ជាមួយនឹងគោលបំណងបញ្ជូនទឹកពីតំបន់ទីបេតិ៍ ឆ្ពោះទៅកាន់តំបន់ភ្នំស៊ីនជាំង (Xinjiang) ដ៏ហួតហែង។ ហើយទោះបីជាមិនទាន់ទទួលបានការគាំទ្រ ពីរដ្ឋាភិបាលយ៉ាងណាក្ដី ក៏វាបានបង្កភាពរំជើបរំជួល ពេញបណ្ដាញទំនាក់ទំនងសង្គម នៅពេលគម្រោងនេះត្រូវបានស្នើឡើង។
យោងតាមលោក Gao Gan ឱ្យដឹងថា ទន្លេបញ្ជូនទឹកនេះ នឹងមានប្រវែង៦.១៨៨គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគ៤ទ្រីលានយ័ន (៦២៩ពាន់លានដុល្លារអាមេរិក) ហើយនឹងត្រូវការពេលស្ថាបនា១០ឆ្នាំ។
នៅពេលបញ្ចប់ជាស្ថារ គម្រោងនេះអាចបញ្ជូនទឹកបានក្នុងមួយឆ្នាំៗ៦០ពាន់លានម៉ែត្រគូប៕ South China Morning Post៕