ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា បានថ្លែឲ្យដឹងនៅថ្ងៃទី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះថា តំណាងក្រុមហ៊ុនចិនធំៗចំនួនពីរបានប្តេជ្ញាចិតេ្តរបស់ខ្លួក្នុងការជួយជ្រោមជ្រែង ដើម្បីបង្កើនការនាំចេញអង្ករកម្ពុជាទៅប្រទេសចិន បន្ថែមលើកូតា ដែលមានស្រាប់ សំដៅធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យស្រូវ-អង្កររបស់ប្រទេសកម្ពុជា ។
មន្ត្រីជាន់ខ្ពស់ក្រសួងចំនួនពីរ នៃប្រទេសកម្ពុជា រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនវិស័យឯកជន ចិនចំនួនពីរ គឺភាគីចិន មាន ឯកឧត្តម LIU Liange ប្រធានធនាគារនីហរ័ណ-អាហរ័ណចិន និង លោក WANG Jiong ប្រធានក្រុមហ៊ុន CITIC Group នៅលើគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ។
ចំណែកការចុះអនុស្សរណៈ យោគយល់គ្នាផ្សេងមួយទៀត គឺរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មដ៏ដែល ជាមួយភាគីចិន តំណាងដោយក្រុមហ៊ុន CITIC Construction Co., Ltd. និងក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ដោយមានគោលបំណងកំណត់មូលដ្ឋានសម្រាប់រៀបចំ និងអនុវត្តគម្រោង រួមមានការសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគម្រោង។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីកំណត់ចំណុចសំខាន់ៗពាក់ព័ន្ធ នឹងទស្សនាទាន វិសាលភាព រចនាសម្ព័ន្ធអនុវត្ត ប្រភព និងគំរូហិរញ្ញប្បទាន ព្រមទាំងកិច្ចការហិរញ្ញវត្ថុនៃគម្រោង ជាសិសេស នឹងផ្ដល់ជាមូលដ្ឋានច្បាស់លាស់ សម្រាប់ការរៀបចំ និងការអនុវត្តគម្រោងដូចជា ការសិក្សាសមិទ្ធិលទ្ធភាព ការរៀបចំប្លង់ លម្អិត ផែនការហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគម្រោង យន្តការប្រើប្រាស់ស្រូវ-អង្ករស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ដើម្បីទទួលបានឥណទានពីធនាគារ និងការបង្កើតទីផ្សារលក់ដូរស្រូវ-អង្ករ។
ពាក់ព័ន្ធការផ្សារភ្ជាប់ជាមួយគម្រោងនេះដែរ ភាគីចិននឹងខិតខំប្រឹងប្រែងជួយជ្រោមជ្រែង ដើម្បីបង្កើនការនាំ ចេញអង្ករកម្ពុជាទៅចិន បន្ថែមពីលើកូតាដែលមានស្រាប់ ហើយសម្រាប់គម្រោងនេះដែរ ត្រូវបានរចនាឡើងសំដៅ ដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យស្រូវ-អង្ករនៅកម្ពុជា សម្រាប់រយៈពេលវែង និងប្រកបដោយចីរភាព ពោលគឺ ដំណោះស្រាយជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាការបោះជំហានទៅមុខមួយជំហាន មុននឹងឈានដល់ដំណោះ ស្រាយសម្រាប់ដំណាំ និងផល្លានុផលផ្សេងទៀត។
ដើម្បីអភិវឌ្ឍនូវគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើប្រើប្រាស់ឥណទានសម្បទានពីសាធារណរដ្ឋប្រជា មានិតចិន ដើម្បីអនុវត្តគម្រោង ដោយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំងស្តុកស្រូវ-អង្ករ និងឡសម្ងួត នៅទីកន្លែងចាំបាច់ទូទាំងប្រទេស ដើម្បីផ្តល់សេវាស្តុក និងសម្ងួត ជូនប្រជាកសិករ និងធុរជន ក្នុងតម្លៃទាប សមរម្យ ដែលកសិករ និងធុរជនអាចទទួលយកបាន។ សម្រាប់គម្រោងនេះដែរ គឺពុំមានផលប៉ះពាល់ជាអវិជ្ជមាន ដល់យន្តការទីផ្សារសេរី ក្នុងវិស័យស្រូវអង្ករឡើយ ព្រោះមិនមានការសាងសង់រោងម៉ាស៊ីនកិនស្រូវបន្ថែម និងមិនធ្វើការ លក់ដូរស្រូវ-អង្ករដោយផ្ទាល់ ដែលអាចបង្កើតឲ្យមានការប្រកួតប្រជែងជាមួយឈ្មួញ និងអ្នកនាំចេញអង្ករទៅទីផ្សារក្រៅ ប្រទេស របស់ផ្នែកឯកជនផងដែរ ៕