មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមានសុទិដ្ឋិនិយមពីកំនើនសេដ្ឋកិច្ចឆ្នាំនេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងកើនឡើងដល់៥,៦ភាគរយ ដោយផ្អែកលើកត្តាមួយចំនួន ខណៈឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាប៉ាន់ប្រមាណថាសេដ្ឋកិច្ចរបស់ខ្លួនសម្រេចបាន៣ភាគរយ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តា​ហ៍នេះថា ជាភ័ព្ទសំណាងរបស់ម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ភាពឈ្លាសវៃ និងភាព ម៉ឺងម៉ាត់ ជាមួយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងថេរវេលាជិត២ឆ្នាំកន្លងមកកម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិនេះ ប្រកបដោយភាពស្វាហាប់ និងភាពបត់បែនជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងស្មារតីបុរេសកម្ម ដែធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយចំនួនតូច ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ហើយបានបង្កើតនូវភាពស៊ាំដ៏រឹងមាំ។

ជាមួយនឹងគោលបំណងជំរុញ ការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់នូវ “ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” លោកអូន ព័ន្ឋមុនីរ័ត្ន

បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត រួមមានដូចតទៅ

-ពន្លឿន ការធ្វើទំនើបកម្ម រចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា

-បន្តពង្រឹងការចុះបញ្ជីនិងការផ្តល់សេវាដល់រោងចក្រធុនធំ សហគ្រាសធុនតូចមធ្យមនិងសិប្បកម្ម

-ចូលរួមសិក្សាស្រាវជ្រាវអំពីធនធានដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ កសិឧស្សាហកម្ម ពិនិត្យ លទ្ធភាពចូលរួមអនុវត្តន៍គំនិតផ្តួចផ្តើម នៃការបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ចនិងSME ក្នុងការចាប់យក ឌីជីថល បន្តពង្រឹង និងការគ្រប់គ្រងដីស្រែអំបិល

-បន្តអនុវត្តគោលនយោបាយថ្លៃទឹក ជំរុញការអភិវឌ្ឍន៍ស្តង់ដារ

-គិគូរ រៀបចំក្របខណ្ឌ អភិវឌ្ឍន៍ ធនធានមនុស្ស ដែលមានទេព្យកោសល្យបច្ចេកវិទ្យា បន្តចូលរួមកាន់តែសកម្មក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាល

-បន្តពង្រឹង គៀងគរថវិកាជាតិគ្រប់ប្រភេទនិងពន្លឿនការកែសម្រួល និងបញ្ចប់សេចក្តីព្រាងគោលនយោបាយអភវឌ្ឍន៍សហគ្រាសធនតូច និងមធ្យម ជាដើម ។

យ៉ាងណាក្ដី ការរំខាននៃមេរោគរាតត្បាតនៃកូវីដ១៩ ប្រភេទអូមីក្រុងនេះដែរ ក៏ជាការរារាំងដល់ការអភិវឌ្ឍ និងវិនិយោគពីខាងក្រៅប្រទេសមកកម្ពុជាមួយកម្រិតផងដែរ ជាក់ស្ដែងកាលពីចុងឆ្នាំកម្ពុជារំពឹងថា ដើមឆ្នាំនេះ នឹងទទួលបានលំហូរ វិនិយោគបរទេសចូលមកជាថ្មី តែដោយសារតែមេរោគថ្មីនេះ ធ្វើឱ្យវិនិយោគិនបរទេស នៅតែមិនទាន់បានចូលមកកម្ពុជាដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here