ដោយៈ វិវត្តន៍
ក្រចេះ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជាអធិបតី ជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ៣៥លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប៣,៤២៤ម៉ែត្រ។
ស្ពានសំខាន់ៗទាំង៧ទីតាំងនេះ រួមមានដូចជា ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង៣៥ម៉ែត្រ ស្ពានព្រែកឬស្ស ប្រវែង៦២ម៉ែត្រ ស្ពានអន្លង់ឃ្លេ ប្រវែង៤៨ម៉ែត្រ ស្ពានព្រែកឆ្លូង ប្រវែង១៤០ម៉ែត្រ និងស្ពានពាមទេរប្រវែង១៧៥ម៉ែត្រ។
ស្ពានចំនួន២កន្លែងទៀត ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ ប្រវែង១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង១០៥ម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា “សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង”។
លោកបន្តថា ការសម្រេចបាននូវការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ដូចនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាវិស័យអាទិភាពរបស់ជាតិ ហើយសម្ដេចតេជោ តែងតែពុះពារស្វះ ស្វែងរកប្រភពធនធានពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកបន្តថា “កត្តាសុខសន្តិភាព ដ៏ពេញលេញនេះហើយ បានបង្កភាពងាយស្រួលឱ្យប្រជាជនកម្ពុជា អាចធ្វើដំណើរទៅទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួចរាល់ពាសពេញផ្ទៃប្រទេស”។
លោកបន្តថា “សុខសន្តិភាព ពិតជាបានប្រែក្លាយកម្ពុជាទៅជាសង្គមជឿនលឿន និងមានការរីកចម្រើនលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់មានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន រស់នៅក្នុងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើង រួមទាំងការទទួលបាននូវការសិក្សាអប់រំ អាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ បរិស្ថានរស់នៅល្អ សេវាថែទាំសុខភាពផ្សេងៗ ទាំងនៅតាមទីប្រជុំជន និងជនបទ និងមានបណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ ទូរស័ព្ទ អ៊ីនធឺណែត និងប្រព័ន្ធបច្ចេកវិទ្យាទំនើបប្រើប្រាស់យ៉ាងទូលំទូលាយ”៕