អ្នកអភិវឌ្ឍន៍ដីឡូតិ៍ចាប់ផ្តើមប្រែខ្លួនជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបណ្ដើរៗហើយ

0

ដោយ: សុផារី

ភ្នំពេញៈ និន្នា​ការ​នៃ​ការទិញ​ លក់​​ដីឡូតិ៍​ធ្លាប់​មាន​សកម្ម​ភាព​មមាញឹក​យ៉ាងខ្លាំង​ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​មើល​ឃើញ​ថា អាជីវកម្ម​នេះ​ចាប់​ផ្តើម​មាន​សភាព​ស្ងប់ស្ងាត់ទាំង​អ្នក​អភិវឌ្ឍន៍និង​អតិថិជន ហើយ​កើតមាន​នូវ​និន្នាការ​ថ្មី​មួយ​ទៀត គឺ​​អ្នក​អភិវឌ្ឍន៍ដីឡូតិ៍​វិវត្ត​ខ្លួន​ទៅ​ជា​អ្នកអភិវឌ្ឍលំនៅឋាន​វិញ។​

លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បានមានប្រសាសន៍ប្រាប់​ Property Area Asia កាល​ពី​សប្តាហ៍មុនថា វិស័យដីឡូត៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានកម្រិតថមថយហើយ ហើយ​អ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនធំបានប្រែខ្លួនក្លាយទៅជាអ្នកអភិវឌ្ឍបុរីអស់ហើយ។

បើតាម​លោក​ឧកញ៉ា ភាពធ្លាក់ចុះថមថយនេះ ដោយសារភាពបត់បែននិងការអនុគ្រោះរបស់រាជរដ្ឋាភិបាទៅលើអ្នកអភិវឌ្ឍន៍និងអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍មិនសូវមានទៀតឡើយ។

លោក​ឧកញ៉ា មាន​ប្រសាសន៍ថា “ជាក់ស្តែងអ្នកអភិវឌ្ឍន៍ដីឡូតិ៍ត្រូវសុំច្បាប់និងលិខិតអនុញ្ញាតអាជីវកម្មនានាពីរដ្ឋាភិបាលជាមុនសិនមុននឹងអាចមានសិទ្ធិក្នុងការពុះដីឡូលក់។ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ចាំបាត់ត្រូវរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងរបស់ខ្លួន។ លើសពីនេះ ដីពុះឡូតិ៍ទំាងនោះត្រូវមានប្លង់គោលច្បាស់លាស់ ក៏ជាចំណែកកំណត់ដោយច្បាប់ផងដែរ។ ជាពិសេស ប្រព័ន្ធសម្រួលភាពងាយស្រួលផ្សេងៗទៀតដូចជាប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវតែរៀបចំជូនអតិថិជន”។

លិខិត​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវ​ត្ថុ ចុះ​ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២០នេះ បាន​តម្រូវ​ឲ្យ​អ្នក​ពុះដី​ឡូត៍​ទាំងអស់ ត្រូវ​ស្នើ​លិខិត​អនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ ពីមន្ទីរសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​រាជ​ធានី​-ខេត្ត សម្រាប់ដីឡូត៍៍​ដែលមាន​ទំហំ​ក្រោម ០១ហិកតា ឬ ១ម៉ឺន​ម៉ែត្រ​ការ៉េ។

ចំណែក​ឯ​ដីឡូត៍​ដែល​ទំហំ​ចាប់​ពី ១ម៉ឺន​ម៉ែត្រ​ការ៉េ ឬ​ ០១ហិកតា ឡើងទៅ ត្រូវ​តម្រូវ​ឲ្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​អភិវឌ្ឍ​ដីឡូត៍ ពីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

លោកឧកញ៉ាបញ្ជាក់ថា “មិនអាចធ្វើដូចមុនទៀតបានទេ ដោយគ្រាន់តែយកដីមកចាក់ហើយពុះជាដីឡូតិ៍សំរាប់លក់បានឡើយ។ ហើយត្រូវមានប្លង់បំបែកក្បាលដីទៀត មិនអាចចេះតែពុះឡូតិ៍ៗ ហើយមិនដឹងថាប្លង់ធំនៅឯណាបាននោះទេ”។

លោកឧកញ៉ាព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ពុះលក់និងមានការធ្លាក់ចុះមួយចំនួនធំ។ យ៉ាងណាក៏ដោយសម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យដីឡូតិ៍ពុះលក់ធំៗ នៅតែបន្តសកម្មភាពដោយសារក្រុមហ៊ុនធំៗទាំងនោះអភិវឌ្ឍអាជីវកម្មដីឡូតិ៍ស្រដៀងទៅនឹងអាជីវកម្មនៅឋានប្រភេទបុរី ដោយប្រកបដោយប្លង់រឹង កន្លែងកម្សាន្តសួនឧទ្យាននានា។

លោកឧកញ៉ាថា “អ្នកអភិវឌ្ឍន៍ធំៗលោកនៅតែអាចធ្វើបានព្រោះអ្វីដែលគាត់ធ្វើជារចនាសម្ព័ន្ធមួយដូចបុរីអញ្ចឹង។ គាត់មានប្លង់រឹង កន្លែងកម្សាន្ត សួនឧទ្យាន ជាដើម។ តែបើអ្នកពុះតូចតាចទៅមិនរួចទេ ព្រោះត្រូវប្រឈមមុខនឹងផ្លូវច្បាប់ច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here