រដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដើម្បីកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

0

ដោយ៖គង់ សូរិយា

     ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូនបានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងស្ថិតនៅលើគន្លងឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំខួបលើកទី៧៥ តាមវីដេអូ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤ នៃគណៈកម្មាធិការដឹកជញ្ជូន(ITC​)របស់គណៈកម្មការសេដ្ឋកិច្ច សហប្រជាជាតិសម្រាប់អឺរ៉ុប(ECE)។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ក្នុងអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម៧,៧% រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះមកនៅត្រឹម៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩  ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដូចជា សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខា​ន់នៃការ តភ្ជាប់ការដឹកជញ្ជូន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។

ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងការតភ្ជាប់ការដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន៖ ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប១៨,១២៥ គីឡូម៉ែត្រ ក្នុងនោះ៩៨៩៦គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ(AC) និងផ្លូវបេតុង ឬស្មើនឹង៥៤,៦០ % នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដាអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។

បន្ថែមពីលើនេះ ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុកំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅទីក្រុងហូជីមិញក៏ត្រូវបានសិក្សាផងដែរ។ តាមរយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលស្តារឡើងវិញ និងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដី នៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបានពង្រីក និងធ្វើឱ្យប្រសើរឡើង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ ត្រឡប់មកវិញផងដែរ។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារសំខាន់ មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីផ្គត់ផ្គង់និងចែកចាយ ទំនិញឱ្យកាន់តែប្រសើ​រ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ចូលរួម ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានការរីកចម្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here