ដោយ៖សុខុម
អន្តរជាតិ: គិតត្រឹមថ្ងៃសុក្រ ទី២៥ កុម្ភៈ នេះគឺជាថ្ងៃទី២ ហើយដែលកងទ័ពរុស្ស៊ី ក្រោមបញ្ជាផ្ទាល់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានវាយប្រហារយ៉ាងរន្ថើនទៅលើប្រទេសអ៊ុយក្រែន។ មូលហេតុអ្វីនាំឱ្យរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ហើយគេរង់ចាំមើលថាតើអង្គការ NATO នឹងជួយអ៊ុយក្រែន ដែរទេ?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កងកម្លាំងរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ពីគោលដៅជាច្រើន ហើយគេមើលឃើញថា នេះជាការចាប់ផ្តើមនៃសង្រ្គាមនៅអឺរ៉ុប ជុំវិញការទាមទាររបស់រុស្ស៊ី ឱ្យបញ្ចប់ការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត។
លោក ពូទីន បានបដិសេធជាច្រើនខែមកហើយថា លោកគ្មានគម្រោងចូលឈ្លានពានអ៊ុយក្រែន ឡើយ។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ពូទីន ប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកបានបញ្ជាឱ្យធ្វើ “ប្រតិបត្តិការយោធាពិសេស” ចូលឈ្លានបានអ៊ុយក្រែន ដើម្បីការពារពលរដ្ឋរុស្ស៊ី ដែលបានទទួលរងនូវ “អំពើប្រល័យពូជសាសន៍” នៅអ៊ុយក្រែន។
*ប្រវត្តិសាស្ត្រ
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន មានជាយូរយារណាស់មកហើយ។ ទោះជាយ៉ាងណា ភាពតានតឹងបានកើនឡើងកម្ដៅខ្លាំងនៅឆ្នាំ២០២១ នៅពេលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឱ្យប្រធានាធិបតីអាមេរិក ចូ បៃឌិន អនុញ្ញាតឱ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការ NATO។
អ៊ុយក្រែន ជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាជន៤៤លាននាក់ និងមានប្រវត្តិសាស្ត្រជាង១.០០០ឆ្នាំមកហើយ។ អ៊ុយក្រែន ក៏ក្លាយជាប្រទេសដ៏ធំបំផុតនៅអឺរ៉ុប ផងដែរបើគិតពីផ្ទៃដី បន្ទាប់ពីប្រទេសរុស្ស៊ី។
បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អ៊ុយក្រែន បានបោះឆ្នោតទាមទារឯករាជ្យពីរដ្ឋាភិបាលក្រុងមូស្គូ។ លោក ពូទីន មិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបានចាត់ទុកអ៊ុយក្រែន ថាជាអាយ៉ងរបស់លោកខាងលិច។
សំណើរបស់លោក Volodymyr Zelensky សុំចូលជាសមាជិករបស់អង្គការ NATO បានធ្វើឱ្យរុស្ស៊ី ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយរុស្ស៊ី ក៏បានចាប់ផ្តើមដាក់ទ័ពនៅជិតព្រំដែនអ៊ុយក្រែន។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានរាយការណ៍ថា ទាហានរុស្ស៊ី បានធ្វើសកម្មភាពចល័តមិនធម្មតានៅជិតព្រំដែនអ៊ុយក្រែន។ នៅថ្ងៃទី២៨ ខែវិច្ឆិកា អ៊ុយក្រែន និយាយថា រុស្ស៊ី កំពុងចល័តទ័ពជិត៩២.០០០នាក់សម្រាប់ត្រៀមបើកការវាយលុកនៅចុងខែមករា ឬ ដើមខែកុម្ភៈ ឆ្នាំ២០២២។
ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងមូស្គូ បានបដិសេធចោលទៀត ហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) ថាជាកេណ្ឌកម្លាំងយោធាដោយខ្លួនឯងទៅវិញ។
នៅខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។ ជាការឆ្លើយតប លោក ពូទីន តែងតែទាមទារការធានាពីលោកខាងលិច និងខ្ទាស់មិនឱ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការ NATO។
*ការចូលឈ្លានពានក្នុងឆ្នាំ២០១៤
នេះមិនមែនជាលើកទី១ ទេដែលភាពតានតឹងបានកើនឡើងកម្ដៅរវាងរុស្ស៊ី និងអ៊ុយក្រែន។ រុស្ស៊ី បានចូលឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ហើយបានដាក់បញ្ចូលតំបន់គ្រីមៀ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន។ ក្រុមឧទ្ទាមដែលគាំទ្រដោយប្រធានាធិបតី ពូទីន បានវាយដណ្តើមយកទឹកដីមួយចំណែកធំនៃភាគខាងកើតរបស់អ៊ុយក្រែន ហើយបានប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ ការវាយប្រហារនេះធ្វើឡើង នៅពេលប្រធានាធិបតីអ៊ុយក្រែន ដែលគាំទ្ររុស្ស៊ី ត្រូវបានគេទម្លាក់ពីតំណែង។ សង្គ្រាមនេះបានឆក់យកជីវិតមនុស្សជាង១៤.០០០នាក់ចាប់តាំងពីពេលនោះមក។
*តើអ៊ុយក្រែន ចង់បានអ្វីឱ្យប្រាកដ?
ការស្ទង់មតិមួយនៅឆ្នាំ២០០១ បង្ហាញថា ជិតពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន បានគាំទ្រការចាកចេញរបស់អ៊ុយក្រែន ពីសហភាពសូវៀត។ ហើយពេលនេះប្រជាជនជាង៨០%គាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន។
*ស្ថានភាពបច្ចុប្បន្ន
នៅពេលប្រទេសរុស្ស៊ី បន្តបាញ់មីស៊ីល យោធាអ៊ុយក្រែន បានផ្ដាច់ជីវិតកងទ័ពរុស្ស៊ី យ៉ាងហោចណាស់៥០នាក់។ ក្រុង Shchastya ស្ថិតនៅក្រោមការគ្រប់គ្រងបាន។ យន្តហោះរុស្ស៊ី មួយផ្សេងទៀតត្រូវបានបំផ្លាញនៅក្នុងស្រុក Kramatorsk ។ យោធាអ៊ុយក្រែន និយាយថា នេះជាយន្តហោះចម្បាំងរុស្ស៊ី ទី៦ ហើយដែលកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់។
ឆ្មាំព្រំដែនបានអះអាងបន្ថែមទៀតថា កងកម្លាំងរុស្ស៊ី កំពុងបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងឧទ្ធម្ភាគចក្រពីគោលដៅជាច្រើន។
*តើ NATO ឆ្លើយតបបែបណាទៅនឹងការឈ្លានពានរបស់រុស្ស៊ី ចូលអ៊ុយក្រែន?
បណ្ដាប្រទេសជាសមាជិកអង្គការ NATO បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន ហើយបានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់នៅអឺរ៉ុបខាងកើត ដើម្បីការពារបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ប៉ុន្តែជាអកុសល ខណៈកងកម្លាំងរុស្ស៊ី បើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន យ៉ាងសម្បើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ បណ្តាប្រទេសជាសមាជិកអង្គការ NATO មិនបានចូលរួមធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី ឡើយ លុះត្រាណាតែប្រទេសសមាជិកមួយរបស់អង្គការ NATO ត្រូវបានវាយប្រហារ។