ដោយៈម៉ាលីស
ព្រះសីហនុៈ ទីផ្សារអាស៊ាន និងអឺរ៉ុបជាគោលដៅថ្មី ដែលត្រូវគិតគូរមុនគេ សម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំង ខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។
ក្រៅពីនេះ ខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ ឲ្យបានច្រើនផងដែរ។ នេះជាការលើកឡើងរបស់អង្គប្រជុំ នៃអនុក្រុមការងារកំណត់ប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារខាងលើ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA បានលើកឡើងថា ទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ ក្នុងដំណាក់កាលនេះ គឺទីផ្សារអាស៊ាន ដោយមូលហេតុមានភាពងាយស្រួលបត់បែន ក្នុងការធ្វើដំណើរជាមួយកម្ពុជា។ ក្រៅពីនេះ ក្រោយវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាបានរៀបចំនៅខេត្តព្រះសីហនុកន្លងទៅនេះ ទីផ្សារនៅអឺរ៉ុប ក៏ចាប់អារម្មណ៍ផងដែរ។
លោកស្រីក៏ស្នើឲ្យស្ថាប័នពាក់ព័ន្ធសិក្សាបន្ថែម ធ្វើយ៉ាងណាទាក់ទាញទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើន ព្រោះកន្លងមកទោះមានកប៉ាល់ចូលចតនៅកំពង់ផែយើងក៏ដោយ ក៏មានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោកមកទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុត ក្នុងការទស្សនាបើធៀបនឹងប្រទេសផ្សេង។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានស្នើឲ្យមានការអនុញ្ញាតទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរ ជាពិសេស ទេសចរណ៍តាមកប៉ាល់។
ចំណែកលោកកាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានចូលរួមយោបល់ផងដែរ អំពីការរៀបចំឲ្យមានទេសចរណ៍មូស្ល៊ីមមកខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ទេសចរណ៍មូស្លីម ធ្វើដំណើរច្រើនលើពិភពលោក ហើយប្រទេសនៅអាស៊ាន ក៏មានទេសចរណ៍មូស្លីមច្រើនដែរ។ ការរៀបចំតម្រូវការចាំបាច់នានាសម្រាប់មូស្លីម ដូចជា ភោជនីយដ្ឋានហាឡាល់ សហគមន៍មូស្ល៊ីមជាដើម នឹងជួយឲ្យមានការទាក់ទាញទេសចរណ៍មូស្លីមបានច្រើន។ លោកបានស្នើឲ្យមានការបណ្តុះបណ្តាលអាជីវករ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យយល់ដឹងពីទេសចរណ៍មូស្ល៊ីមផងដែរ។
ចំណែកលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានលើកឡើងថា កន្លងមក ក្រុមការងាររបស់លោកធ្លាប់បានទាក់ទងជាមួយប្រទេសជិតខាងគឺថៃ វៀតណាម និងឡាវ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក តែត្រូវអាក់ខានដោយសារកូវីដ។ ដោយសារស្ថានភាពបច្ចុប្បន្នធូរស្រាលហើយ ក្រុមការងារលោកនឹងជំរុញក្រុមនេះឲ្យដំណើរការឡើងវិញ។
លោកបញ្ជាក់ថា “យើងមិនអាចរង់ចាំឲ្យគេមកលេង ប្រទេសយើងនោះទេ តែយើងត្រូវរៀបចំកញ្ចប់ ហើយទៅហៅគេមកលេង ទើបមានប្រសិទ្ធភាព”។
លោកសុខ សង្វារ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាបានក្លាយជាប្រទេសជោគជ័យ លើការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងឈានដល់ការបើកប្រទេសមុនគេនៅអាស៊ាន ដោយគ្មានចត្តាឡីស័ក សម្រាប់ទទួលអ្នកដំណើរជុំវិញពិភពលោក។ លោកក៏បានបានថ្លែងអំណរគុណអង្គប្រជុំ ហើយនិងនាំនូវលទ្ធផលនៃកិច្ចប្រជុំនេះ ជូនថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធដើម្បីពិចារណា។
លោកបញ្ជាក់ថា “វិស័យទេសចរណ៍ចាំបាច់ ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជន ទើបអាចជោគជ័យទៅបាន។ វិស័យឯកជននឹងបន្តគាំទ្រចូលរួមយោបល់ល្អៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យ”៕