រដ្ឋមន្រ្តីក្រសួងព៌តមានទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្តពីប្រទេសថៃ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ ពិសេសនៅក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ទើបសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន (Rajamangala University of Technology Phra Nakhon – RMUTP) បានសម្រេចផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ជូនដល់លោករដ្ឋមន្រ្តី។

ការទទួលបាននេះ ត្រូវបានប្រទានដោយផ្ទាល់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី (RMUTT) ក្នុងខេត្តផាធុមថានី។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោក ខៀវ កាញារីទ្ធ ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកសន្តិភាព ការផ្សះ​ផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា ។

ក្រោមការដឹកនាំរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឱ្យយល់កាន់តែច្បាស់អំពីសក្តានុពល នៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ លោកខៀវ កាញារីទ្ធ បានសំដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស ជូននាក្នុងឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា “សញ្ញាបត្របណ្ឌិតកិត្តិយស ដែលលោករដ្ឋមន្រ្តី ទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នា ក្នុងការចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា”។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត សាត ដារ៉ា អតីតនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូន លោក ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ នៅថ្ងៃនេះ ដោយភាគីថៃបានមើលឃើញ នូវគុណសម្បត្តិសំខាន់ៗចំនួន៥របស់ លោក ខៀវ កាញារីទ្ធ។

គុណសម្បត្តិសំខាន់ៗចំនួន៥នោះរួមមាន

* លក្ខណៈសម្បត្តិទី១

មើលទៅលើសម្ព័ន្ធភាពក្នុងការចុះធ្វើការតស៊ូមតិ ដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ នៅលើខ្សែបន្ទាត់ព្រំដែន នៅក្នុងជំនួបពិភាក្សាទាំងក្នុង និងក្រៅប្រទេស។

* លក្ខណៈសម្បត្តិទី២

ការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិបត្តិ ដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយភាគីថៃ ដោយបានជួយកាត់បន្ថយ និងនាំឲ្យមានការឯកភាពគ្នា។

* លក្ខណៈសម្បត្តិទី៣

លោកខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការ ពង្រឹងខាងផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឱ្យមានលក្ខណៈល្អប្រសើរ។

* លក្ខណៈសម្បត្តិទី៤

លោករដ្ឋមន្រ្តី ជាមនុស្សដែលត្រូវបានប្រមុខ រាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ។

លក្ខណៈសម្បត្តិទី៥

លោករដ្ឋមន្រ្តី ជាមនុស្សដែលមានចិត្តមេត្តាធម៌ តែងតែជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ជាពិសេស ជនពិការ ជនក្រីក្រ និងប្រជាជនដែលជួបគ្រោះមហន្តរាយ រួមទាំងការជួយបរិច្ចាគ ជួយមន្ទីរពេទ្យរដ្ឋដែលនៅទីដាច់ស្រយ៉ាល និងដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here