វិភាគ៖ ជំហររ៉ឹងមាំរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនគួរទទួលបានការគោរព

0

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ www.propertyarea.asia

ភ្នំពេញ ការសម្រេចចិត្តប្រាសចាក សុភវិនិច្ឆ័យរបស់ក្រុមមនុស្សមួយចំនួននៃស​ហ​ភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)” សម្រាប់ប្រទេសកម្ពុជាជារឿងគួរឲ្យអស់សំណើច និងអាម៉ាស់មួយសម្រាប់សហ គមន៍ ដែលសម្បូរដោយបញ្ញាជនមួយនេះ។

ការរំលាយគណបក្សនយោបាយមួយ ដែលតែងតែបង្កហេតុដល់ប្រទេសរបស់ខ្លួន និងតែងតែបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិដាក់គំនាប ឬទណ្ឌកម្មដល់ប្រទេសរបស់ខ្លួន ហើយទាមទារឲ្យអង្គការសហប្រជាជាតិព្យួរសមាជិកភាពរបស់កម្ពុជា និងសុទ្ឋតែជារឿងគួរឲ្យអៀនខ្មាស់ ខណៈរដ្ឋាភិបាលកម្ពុជាសម្រេចបានវឌ្ឍនភាព សម្រាប់ប្រទេសរបស់ខ្លួនយ៉ាងគួរឲ្យមោទនភាព ពួកគេបែរជាមើលមិនឃើញ តែពួកគេចង់មើលឃើញកម្ពុជាចង់មានបដិវត្តន៍ព៌ណ និងភាពចលាចលជំនួសវិញ។

ការឈានទៅរកការសម្រេចចិត្តគួរឲ្យអៀនខ្មាស់

ការយកលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្សមកធ្វើជាលេស និងដើម្បីបន្លាចឬកំទេចប្រទេសណាមួយ ដោយអត្តនោម័តនិងមិនបានពិចារណាគ្រប់ជ្រុងជ្រោយ និងម៉ត់​ចត់លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធ៌មរបស់ប្រទេសមួយ ជារឿងដែលគួរឲ្យអៀនខ្មាស់ និងមិនគួរស្ថិតក្នុងការសម្រេចចិត្តរបស់ក្រុមបញ្ញាវ័ន្ត ឬក្រុមដែលតាំងខ្លួនជាមនុស្សមានអរិយធ៌មនោះទេ។

ហេតុនេះការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសំដែងនូវការខកចិត្ត ចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ន នូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» ជារឿងត្រឹមត្រូវរបស់រដ្ឋាភិបាល ដោយឈរលើសុភវិនិច្ឆ័យមួយចំនួន ដូចជា ទី១ ការសម្រេចរបស់ហភាពអឺរ៉ុបនេះគឺប្រថុយប្រថាន និងជាការមិនទទួលស្គាល់ ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទា​ញមនុស្សប្រុស ស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ ទី២ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ តាមរយៈការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលកើនដល់១៥៦០​ដុល្លារនៅឆ្នាំ២០១៨នេះ។

ទី៣ ការបង្កើនប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងពី៤០ដុល្លារនៅឆ្នាំ១៩៩៧ ដល់១៧០ដុល្លារនៅឆ្នាំ២០១៨ និងកើនដល់១៨២ដុល្លារនៅឆ្នាំ២០១៩ខាងមុខ សុទ្ឋតែជាឆន្ទៈរបស់រដ្ឋាភិបាល ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងសុខមាលភាពសង្គមរបស់ខ្លួន។ ទី៤ ការសម្រេ​ចបាននូវកំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ហើយកម្ពុជាបានជាប់ជាឯក្តទករកំនើនក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទាំង១០ក្នុងពិភពលោក និងបន្តកំនើនយ៉ា​ងរ៉ឹងមាំរយៈពេលវែងបន្តទៀត។ ទី៥ការឈានឡើងរបស់កម្ពុជា ពីប្រទេសមានប្រាក់ចំណូលតិចតួច មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប​កាលពីឆ្នាំ២០១៦ និងឈានទៅក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ គួរតែជាមូលដ្ឋាន សម្រា​ប់ការពិចារណារបស់ក្រុមអ្នកនយោបាយ ដែលមាននិន្នាការបង្អាក់ការអភិវឌ្ឍកម្ពុជា និយមទាំងនោះ។

ទី៦ ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាល តាមរយៈការ​លើកលែងការបង់ថ្លៃសេវាសុខភាពដល់កម្មករ និយោជក មន្រ្តីរាជការ និងបុគ្គលិកធ្វើការក្រៅប្រព័ន្ឋ ពិសេសការផ្តល់ប្រាក់ដល់ស្រ្តីកម្មករ និយោជិតនៅពេលសម្រាលកូន សុទ្ឋតែជាអ្វីដែលជាការខិតខំ និងប្តេជ្ញាចិត្តដោយគ្មានការនឿយហត់របស់រដ្ឋាភិបាលកម្ពុជា។

ឈរលើមូលដ្ឋានរាប់រៀបត្រួសៗទាំងនេះ វាសមល្មមសម្រាប់ធ្វើជាទល្ហីករណ៍មួយ​ពីសំណាក់ក្រុមម​ន្រ្តីសហគមន៍អឺរ៉ុបទាំងនោះ សម្រាប់ធ្វើមូលដ្ឋានក្នុងការពិចារណា ដើម្បីវាស់វែងរវាងលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្ស។

សិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យ មិនអាចកើតមាននៅប្រទេសក្រីក្រ ឬនៅក្នុង​កាលៈទេសៈ ដែលប្រទេសមួយដែលមានទុរភឹក្សនោះទេ។ ផ្ទុយទៅវិញ វានឹងកើតឡើងសម្រាប់ប្រទេ​សមួយ ដែលប្រជាពលរដ្ឋមានជីវភាពធូរធារ វាកើតមានសម្រាប់ប្រទេសមួយដែលមាន​ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ និងកើតមានសម្រាប់ប្រទេសដែលមានសន្តិភាពពិតប្រា​កដ។

ការប្រតិកម្មរបស់កម្ពុជា

ទោះជាឈរលើមូលដ្ឋានណាក៏ដោយ និងយោងលើទិដ្ឋភាពច្បាប់ ក៏ដូចជា ទិដ្ឋភា​ព​នៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គមការប្រតិកម្មរបស់រដ្ឋាភិបាល ជារឿងគួរឲ្យ​គោរព និងយកចិត្តទុកដាក់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១ តុលានេះបានចេញ​សេចក្តីថ្លែងការណ៍ ដោយសេចក្តីថ្លែងការណ៍នោះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការសម្រេចចិត្តនេះថា ជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះ យ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លីតែម្តង។

រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍ បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាន នៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងទៀតថា ចាប់តាំងពីប្រទេសកម្ពុជាសម្រេចបានសន្តិភាពពេញលេញ និងការផ្សះផ្សារជាតិឡើងវិញមក កម្ពុជាបានអនុវត្តក្នុងកាលៈទេសៈដ៏លំបាកបំផុតការស្តារឡើងវិញនូវការគោរពសិទិ្ធមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋាន ដែលសូម្បីតែប្រទេសអឺរ៉ុបខ្លួនឯង ក៏ត្រូវចំណាយពេលខិតខំប្រឹងប្រែងអស់ជាច្រើនសតវត្សរ៍ ទម្រាំតែពួកគេអាចសម្រេចបានផ្នែកខ្លះ។ សិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និងការងារ គឺជាបុរេលក្ខខណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យដែរនោះ។

សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោល តថភាពដូចនេះទេ ប៉ុន្តែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហរបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអ៊ឺរ៉ុប ច្បាស់ណា​ស់ថា បានវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ ដោយហេតុនេះ វាជាការច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោបាយ នៅពីក្រោយសេចក្ដីសម្រេចមកលើប្រទេសកម្ពុជានេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “ជាលទ្ធផលនៃការសម្រេចបែបនេះ អាចនឹងធ្វើឲ្យបាត់បង់ទាំងស្រុង នូវលទ្ធផលជាវិជ្ជមានដ៏ច្រើននៃគោលនយោបាយអឺរ៉ុប ដែ​លកម្ពុជាទទួលបានផលប្រយោជន៍រហូតមកដល់ពេលនេះ”។

យ៉ាងណាក៏ដោយកម្ពុជាបានចាត់ទុកថា ការជ្រើសរើសយកវិធានការដាក់ទណ្ឌក​ម្មយ៉ាងតឹងរឹងបែបនេះ ជាជាងការប្រកាន់យកកិច្ចសន្ទនា ប្រកបដោយលក្ខណៈស្ថាបនានោះ អាចនឹងផ្តល់ផលអវិជ្ជមានបញ្ច្រាស់មកវិញទេ ហើយស្ថាប័នអឺរ៉ុបតែងតែបដិសេធមិនទទួលស្គាល់ហេតុការណ៍មិនអាចប្រកែកបាន ដែលនាំឲ្យរដ្ឋាភិបាលប្រើប្រាស់នូវបុព្វសិទ្ធិនៃរដ្ឋឯករាជ្យ និងអធិបតេយ្យភាព ក្នុងការចាត់វិធានការនានាតាមផ្លូវច្បាប់កន្លងមក។

សេចក្តីថ្លែងការណ៍របស់កម្ពុជាបានលើកឡើងទៀតថា ប្រសិនបើស្ថាប័នអឺរ៉ុបសំរេចដាក់ទណ្ឌកម្មមកលើកម្ពុជាផ្អែកលើជំហរនេះ វានឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀត ក្នុងការការពារនិងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋ ទាំងអស់ស្របតាមគុណតំលៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្តែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ ដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោ​បាយក្តី ឬជាសមាជិកនៃក្រុមសង្គមស៊ីវិលក្តី។

ប្រទេសកម្ពុជាសូមឲ្យមានការគាំទ្រ ពីសំណាក់សហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យសម្រេចគោលដៅដ៏ពិសិដ្ឋនេះ ដោយមានការគោរពដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

រឿងនយោបាយ?

ការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប ច្បាស់ណាស់ គឺដោយសារនយោបាយ និងអ្នកនយោបាយ ដែលតែងតែរកគ្រប់វិធីដើម្បីបង្អាក់ដំណើររបស់កម្ពុជា ដើម្បីសម្រេចបាន​វិបុលភាព ជាថ្នូរនៃការទទួលបានអំណាចដឹកនាំប្រទេស និងជាអ្វីដែលក្រុមលោកខាងលិចចង់កំចាត់សម្តេតេជោហ៊ុន សែនចេញពីអំណាច ដោយសារពួកគេមិនចូលចិត្តការគ្រប់គ្រងអំណាចរយៈពេលវែងរបស់បុរសខ្លាំងរូបនេះ។

ផ្ទុយទៅវិញ បុរសខ្លាំងរូបនេះស័ក្តិសមបំផុត សម្រាប់គ្រប់គ្រងប្រទេសក្នុងពេលនេះ ដើម្បីអ្វីដែលសម្តេចតេជោហៅថា “ដើម្បីកំចាត់ក្រុមក្បត់ជាតិ និងរក្សាសន្តិភាពទោះ​លះបង់ក្នុងតម្លៃណាក៏ដោយ ព្រោះសម្តេចស្អប់សង្រ្គាម និងមិនចង់ឃើញកម្ពុជាជួបសោកនាដកម្មជាថ្មី”។

រយៈពេលគ្រប់គ្រងប្រទេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ សម្តេចបាននាំ​កម្ពុជាទៅកាន់យគសម័យមាសមួយ សម្រាប់ប្រទេសដ៏កំសត់នេះ ដោយសម្តេចបានរំដោះកម្ពុជាចេញពីរបបកម្ពុជា ប្រជាធិបតេយ្យនៅឆ្នាំ១៩៧៩ រំលាយអង្គការចាត់តាំងខ្មែរក្រហមនៅឆ្នាំ១៩៩៨ ដោយបាននាំមកនូវសន្តិភាពផ្ទៃក្នុងប្រទេស តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ដឹកនាំប្រទេសឆ្ពោះមកកាន់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីសម្រេចវិបុលភាពរបស់ប្រជាជាតិខ្លួន ដោយរំដោះប្រទេស​ចេញពីភាពក្រីក្រតោកយ៉ាក មកកាន់ប្រទេសមានប្រាក់ចំណូល មធ្យមក​ម្រិតទាបកាលពី​ឆ្នាំ២០១៦ និងកំពុងឈានទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០  និងនាំកម្ពុជាធ្វើសមាហរណកម្មក្នុងកម្រិតតំបន់ និងពិភពលោក និងមានភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា ពិសេសការចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការកាត់បន្ថយភាពក្រីក្រមកនៅ១៣,៤០ភាគរយនៅឆ្នាំ២០១៤ ពិតជាសមិទ្ឋិផលដ៏សំខាន់និងមិនអាចកាត់ថ្លៃបានរបស់សម្តេច ក្នុងនាមជាអគ្គមគ្គុទេសក៏ឆ្នើមរបស់កម្ពុជា។

ហេតុនេះសម្រែកបង្អាប់ បន្ថោក ជាតិសាសន៍ឯងលើឆាកអន្តរជាតិរបស់ក្រុមមនុ​ ស្សប្រឆាំង ដែលគិតថាត្រូវសម្រាប់តែខ្លួនឯង ធ្វើត្រូវសម្រាប់តែខ្លួនឯង គួរទទួលការ​បដិសេធ ព្រោះប្រជាជនកម្ពុជាបានបដិសេធយុទ្ឋនាការម្រាមដៃស្អាត និងដេកផ្ទះឈ្នះឯងរបស់ពួកគេរួចហើយ ដោយប្រជាជនកម្ពុជាពួកគាត់បានស្រលាញ់សន្តិភាព និងមើលឃើញការអភិវឌ្ឍពិតប្រាកដរបស់កម្ពុជា បានចេញទៅបោះឆ្នោត​រហូតដល់ជាង៨៣ភាគរយកាលពី​ថ្ងៃទ២៩ កក្កដាកន្លងមកថ្មីៗនេះ។

ភូមិសាស្រ្តនយោបាយ

បណ្តាមេដឹកនាំលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក មិនពេញចិត្តជំហររបស់កម្ពុជា ដែលមានទំនាក់ទំនងស្អិតរមួតជាមួយចិន ដោយសារទំនាក់ទំនងប្រទេសទាំងពីរបាន​ឈានដល់ការដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១២ និងការដែល​កម្ពុជាតែងតែប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយនោះឡើយ។

ជាក់ស្តែងគ្រប់បណ្តាសារព៌តមានល្បីៗរបស់ពិភពលោក ដូចជា The New York Time, Bloomberg, ASEAN Today ជាដើម សុទ្ឋតែនិយាយមិនល្អពីការវិនិយោគរបស់ចិននៅកម្ពុជា ខណៈអ្នកវិនិយោគចិនបាននិងកំពុងចូលមកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបានផ្លាស់ប្តូរមុខមាត់កម្ពុជាយ៉ាងលឿន តាមរយៈការសាងសង់អាគាតខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកយ៉ាងច្រើននៅទីក្រុងភ្នំពេញ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ការរើសអើងនយោបាយ និងផលប្រយោជន៍និយម ដែលកម្ពុជាទទួលកំពុងរងគគ្រោះ មិនគួរជាទីដែលលោកខាងលិចចង្អៀតចង្អ ល់និងព្យាយាមបំផ្លាញកម្ពុជានោះទេ ទោះក្នុងរូបភាពណាក៏ដោយ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសរួចហើយក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ ព្រមទាំងសុខសន្តិភាព ដោយមិនឳនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។

ហេតុនេះការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)”គួរស្ថិតក្នុងការពិចារណាដោយម៉ត់ចត់ ដោយផ្អែកលើក្រមសីលធ៌ម និងវិចារណា​ញ្ញាណដែលកំណត់រវាងភាពខុស និងត្រូវរបស់អរិយជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here