វិភាគៈតើវិស័យទេសចរណ៍កម្ពុជាកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពដូច មុនកូវីដ១៩វិញហើយឬ?

0

ដោយៈ សុផារី

ភ្នំពេញៈ បើតាមអ្នកជំនាញ បានព្យាករថា ក្នុងនៅវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ខ្លាំង ធ្វើឱ្យវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចត្រូវការពេលវេលាប្រមាណ២ទៅ៣ឆ្នាំទៀត ទើបអាចវិលត្រឡប់មកស្ថានភាពដូចដើម បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានបាត់បង់ការងារ និងចំណូលក៏បាត់បង់ ដោយសារតែរងផលប៉ះពាល់ដោយការរាលដាលនៃជំងឺកូវីដ១៩។

ទោះបីជាយ៉ាងនេះក្តី ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត កន្លងទៅនេះមានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ បានដើរលេងកម្សាន្តនៅទូទាំងប្រទេស ដែលជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនដ៏ខ្ពស់ ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិ​ការណ៍សហគមន៍ នាកំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងមក។

តើវិស័យទេសចរណ៍កម្ពុជា កំពុងវិលត្រលប់មកកាន់ប្រក្រតីភាពដូចមុនកូវីដ១៩វិញហើយឬ?។

លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិ​ត្យសភាកម្ពុជា បានមានប្រសាសន៍ថា “បើយើងនិយាយពីវិស័យទេសចរណ៍ នេះ ជាការកម្រើកនៃវិស័យទេសចរណ៍ ជាខ្សែញាក់មួយ។ នៅក្នុងសេដ្ឋកិច្ចទេសចរណ៍ គឺនិយាយសំដៅទៅដល់ទេសចរណ៍អន្តរជាតិ ជាចំណុចសំខាន់”។

លោកបណ្ឌិតបន្តថា “ប្រសិនបើទេសចរណ៍អន្តរជាតិ មិនទាន់បានមកប្រទេសកម្ពុជាយើងដូចកាលពីមុនទេ នោះមិនទាន់ឈានដល់ដំណើរប្រហាក់ប្រហែលនោះទេ”។

យ៉ាងណាក្តី បើសិក្សាដោយករណី លោកមើលឃើញថា ទេសចរណ៍ក្នុងស្រុកពិតជាមានកំណើនពិតមែន។ ដោយទេសចរណ៍ក្នុងស្រុក មានការកម្រើកខ្លាំង ក្រោយពីបិទបុណ្យចូលឆ្នាំ និងការធ្វើដំណើរ រយៈពេល២ឆ្នាំ ព្រោះស្ថានភាពកូវីដ១៩។

លោកបណ្ឌិតថា “បើនិយាយពីសេដ្ឋកិច្ចទេសចរណ៍ សំដៅលើទេស​ចរណ៍អន្តរជាតិ ព្រោះវាជាចលករសំខាន់ នាំរូបិយប័ណ្ណបរទេសចាក់ចូលក្នុងសេដ្ឋកិច្ចជាតិយើងខ្លាំង។ បើនិយាយពីទេសចរណ៍ក្នុងស្រុក វារួមចំណែកជាចលនា ជំរុញការកម្រើកនៃសេដ្ឋកិច្ចជាតិមួយកម្រិត”។លោក បន្ថែមទៀតថា “រួមបញ្ចូលពីរចំនុចនេះសហការគ្នា ទើបសេដ្ឋកិច្ចទេសច​រណ៍ដំណើរល្អប្រសើរ”។

បើសិក្សាករណីចំណូលនៃឧទ្យានអង្គរ ដែលប្រមូលបានប្រហែលជាងរយលានដុល្លារអាមេរិក កាលពីមុនសម័យកូវីដ១៩ តែបច្ចុប្បន្ននៅមិនទាន់បានមួយភាគនៃចំណូលនោះនៅឡើយ។

លោកថា “អញ្ចឹងខ្ញុំគិតថា វានៅឆ្ងាយនៅឡើយទេ នេះវាពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិនៅឡើយទេ។ បើប្រៀបធៀប នៅមិនទាន់អាចប្រៀបធៀបនឹងសកម្មភាពដំណើរកំសាន្តមុនកូវីដ១៩ នៅឡើយទេ”។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា យើងអាចនិយាយបានថា វិស័យទេសចរណ៍កម្ពុជា កំពុងវិលត្រលប់មកកាន់ប្រក្រតីភាព ដូចមុនកូវីដ១៩វិញហើយ  ដោយយោងតាមតួលេខរបស់ក្រសួងទេសចរណ៍ និងសន្ទុះនៃការដើរកំសាន្តលេងរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានបង្ហាញទិដ្ឋភាពជាក់ស្តែង។

មានប្រសាសន៍រៀបរាប់ពីចំនួនទេសចរបរទេស លោកក៏មើលឃើញពីសន្ទុះនៃចំនួនភ្ញៀវដើរកំសាន្តផងដែរ តួលេខនេះក៏ជាតួលេខច្រើនគួរសមដែរ។

លោកបន្តថា “ដោយសារកម្ពុជាមានបើករបាំងចេញអស់ សន្ទុះនៃភ្ញៀវទេសចរ មកពីប្រទេសជិតខាងចូលមកកាន់ប្រទេសកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសមកពីប្រទេសវៀតណាម ជាដើម”។

បើក្រលេកទៅមើលកត្តាសូចរនាករ នៃការរីកចម្រើននៃក្រសួងទេស​ចរណ៍ ក្រៅពីកត្តាចំនួន និងចំណូលដែលបានមកពីទេសចរ លោកថា កត្តាសំខាន់មួយទៀត ដែលគួរសិក្សាមើលនោះគឺ វិស័យដឹកជញ្ជូនទាំងលើផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។

ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាស ប្រព្រឹត្តិទៅដោយរលូន មិនមានរបាំងអ្វីដែលរារាំងនោះទេ នោះភ្ញៀវទេសចរនឹងមកលេងកសាន្តយ៉ាងរលូន។ ទន្ទឹមនឹងនេះ ការដឹកជញ្ជូននៅតាមផ្លូវគោក ក៏ជាកត្តាសំខាន់មួយទៀត ប្រសិនបើប្រទេសជិតខាងរបស់យើងមាន ប្រទេសថៃ វៀតណាម និងឡាវ បើកព្រមគ្នា នោះវាមានភាពងាយស្រួល។
លោកហូ វណ្ឌីបានពន្យល់ថា “ការបើកច្រកព្រំដែនមិនសំខាន់ទេ ប្រសិនបើមិនមានការបើករបាំងកូវីដ១៩។ ប្រសិនបើមានការបើក នោះវានឹងក្លាយជាចំណុច ដែលជួយជំរុញ និងភ្ញោចឱ្យវិស័យទេសចរណ៍នៅកម្ពុជាកើនឡើងវិញយ៉ាងឆាប់រហ័យវិញ”។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ពិភពលោក (WTTC) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា វិស័យធ្វើដំណើរ និងទេសចរណ៍ពិភពលោកត្រូវបានព្យាករថា នឹងវិលត្រលប់ទៅរកកម្រិតមុន ពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅឆ្នាំ២០២៣ ហើយនឹងកើនឡើងក្នុងអត្រាមួយ ដែលនឹងលើសពីកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ពិភពលោក។

WTTC រំពឹងថា ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍នឹងមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ៥,៨%ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២ ធៀបនឹងអត្រាកំណើន២,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងបង្កើតការងារថ្មីបានចំនួន១២៦ លានកន្លែង។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ត្រូវបានគេមើលឃើញថា កើនឡើងដល់ទៅ៨,៣៥ប៊ីពាន់លានដុល្លារនៅឆ្នាំនេះ និង ៩,៦ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជាការវិលត្រឡប់ទៅកាន់កម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩។

បើយោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥.៣៦៧.១១៥ដុល្លារ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា គ្រាន់តែចរន្តភ្ញៀវសរុបថ្ងៃទី១ និងទី២ មានចំនួនច្រើនជាងឆ្នាំ២០១៩ ដែលមិនទាន់មានជំងឺកូវីដទៅទៀត។ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្ត ធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។

បើតាមក្រសួង ជារួម សរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ២០២២នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤.៧២៦.៦០២នាក់)។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ច ដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ជាពិសេសបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាននានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here