ដោយៈ សុផារី
ភ្នំពេញៈ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្ម ភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រនៃខេត្តកែប កំពុងស្ថិតក្នុងដំណាក់កាលសិក្សាឱ្យបានលម្អិតបន្ថែម។
ប្រសិនបើគម្រោងនេះសម្រេចទៅបាន គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម ភស្តុភារកម្ម ព្រមទាំងជំរុញតំបន់តាមដងទន្លេជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍បែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែ រណបពហុបំណងTS11 របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “នេះជាជំហានដំបូង នៃការសិក្សា ដោយសារក្រសួងសាធារណការ និងដឹកជញ្ជូនបានកំពុងស្ថិតនៅក្នុងជំហាន (Pre Pre-Study) សិក្សាមើលថាតើអាចធ្វើបានឬមិនបាន? តើមានផលប៉ះពាល់អ្វី ទៅលើកិច្ចព្រមព្រៀងថាមពល ឆ្នាំ១៩៩៥ របស់គណៈកម្មការមេគង្គឬទេ?”។
ក្រោយពីបានចុះសិក្សាស្វែងយល់រួចរល់ហើយ លោកបានអះអាងថា គម្រោងនេះ អាចមានលទ្ធភាពក្នុងការស្តារប្រព័ន្ធធារាសាស្ត្រ ដោយធ្វើការជីកបន្ថែមប្រហែល៥ទៅ៧ គីឡូម៉ែត្រ ដើម្បីធ្លាយទៅដល់ខេត្តកែបតែម្តង។
ក្នុងការសិក្សានោះបានបញ្ជាក់បន្ថែមថា ក្នុងចំណោមចំងាយប្រហែល១៦៥ គីឡូម៉ែត្រ ចាប់ពីព្រែកអំបិលរហូតដល់ខេត្តកែប មានប្រវែងផ្លូវ១១៥ គីឡូម៉ែត្រគឺជាផ្លូវទឹក ដែលអាចធ្វើដំណើរបាន ខ្លះបានទាំងខែប្រាំង និងខែវស្សា ខ្លះទៀតត្រូវធ្វើការស្តារបន្តិច។ ក្នុងនោះ២៨ភាគរយជា ប្រព័ន្ធធារាសាស្ត្រ ដូច្នេះយើងត្រូវការប្រហែល៥ទី៧គីឡូម៉ែត្រ តែប៉ុណ្ណោះនៅចុងព្រែក ដែលធ្លាយដល់ទឹកសមុទ្រយើង។
លោកបន្តថា “ក្រោយពីមានការឯកភាព ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការសិក្សាលម្អិតបន្ថែមទៀត ដើម្បីមើលឱ្យបានគ្រប់ជ្រុងជ្រោយ តើត្រូវការចំណាយថវិកាប៉ុន្មាន តើមានផលប៉ះពាល់អ្វីខ្លះ តើត្រូវដូរស្ពាន ផ្លូវរទេះភ្លើង តើត្រូវចំណាយថវិកាប៉ុន្មាន?”។
សម្រាប់រដ្ឋាភិបាល គម្រោងនីមួយៗ ត្រូវសិក្សាលើ EIRR (Economic Internal Rate of Return) ក្នុងករណី EIRR មិនខ្ពស់ជាង១២ភាគរយទេ គម្រោងនោះនឹងមិនត្រូវបានអនុម័តឡើយ។
បើតាមលោករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រជុំពិភាក្សា ជាមួយក្រុមហ៊ុនជំនាញក្នុងការស្តារព្រែក និងសាងសង់កំពង់ផែ។ ក្រោយការសិក្សាធ្វើចប់សព្វគ្រប់ យើងនឹងដាក់ជូនទៅកាន់ក្រសួងពាក់ព័ន្ធ ដើម្បីជួយពិនិត្យ តើមានផលប៉ះពាល់អ្វីខ្លះ អាចធ្វើបាន ឬមិនបាន?។
លោកបានបញ្ជាក់ថា គម្រោងនេះ នឹងអាចជួយបង្គើនការងារជូនបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរតាមផ្លូវគោក កាត់បន្ថយការចំណាយថវិការ កាត់បន្ថយគ្រោះថ្នាក់ចរចារណ៍នៅតាមផ្លូវថ្នល់។ លោកថា “ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនច្រើន កាត់បន្ថយការចំណាយឡូជីស្ទិក ការដឹកជញ្ជូនតាមផ្លូវទឹកថោកជាងផ្លូវទឹក មិនធ្វើឱ្យខូចខាតផ្លូវថ្នល់ ជួយបំពេញបន្ថែមការប្រមូលទំនិញ នៅតាមដងស្ទឹង នឹងមានការរីកចម្រើន ព្រមទាំងជំរុញជាមជ្ឍមណ្ឌលពាណិជ្ជកម្មថ្មីជាដើម”៕