ដោយៈ សុផារី
ភ្នំពេញៈ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ចំនួននៃការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង រហូតដល់៧០០ភាគរយ កើនឡើងពីចំនួន៧ទៅដល់៤៧ដង ។
យោងតាមរបាយការណ៍របស់ក្រសួង លើកឡើងដោយរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងឱកាសនៃការដាក់សម្ភោធដាក់ឱ្យប្រើប្រាស់ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីមើលឃើញថា ការប្រើប្រាស់យានយន្តអគ្គិសនី មិនមែនត្រឹមតែរថយន្តអគ្គិសនីប៉ុណ្ណោះទេ តែក៏មានម៉ូតូអគ្គិសនី មានការកើនឡើងច្រើន ហើយប្រជាពលរដ្ឋកម្ពុជា បានចាប់ផ្តើមយល់ពីសារៈសំខាន់នៃការប្រើប្រាស់យានយន្តអគ្គិសនី។
ដោយមានការលើកទឹកចិត្ត ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយពន្ធ៥០ភាគរយ ក្នុងការនាំចូលរថយន្តអគ្គិសនី ប្រៀបធៀបនឹងពន្ធលើរថយន្តប្រើថាមពលសាំងធម្មតា។
ជាពិសេស តាមការសិក្សា ការប្រើប្រាស់រថយន្តអគ្គិសនី ត្រូវបានរកឃើញថា មានការចំណាយទាបជាងរថយន្តធម្មតារហូតដល់ទៅ៣ដង។
ក្នុងន័យនេះ ប្រទេសកម្ពុជារំពឹងថា ការប្រើប្រាស់រថយន្តអគ្គិសនី នឹងចូលរួមក្នុងបេសកកម្មកាត់បន្ថយឧស្ម័ន CO2 រហូតដល់២០ភាគរយ ក្នុងឆ្នាំ២០៣០ និងកាត់បន្ថយរហូតដល់០ភាគរយ ក្នុងឆ្នាំ២០៥០។
ក្រសួងក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពី យានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDPកំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។
លោកស៊ុន ចាន់ថុល បានបន្ថែមថាដើម្បីជំរុញ ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាក ថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក៕