ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៉ិត សំហេងបានថ្លែងថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងមានច្រើនផ្នែក ដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។
លោកអះអាងថា ការបោះទុនវិនិយោគទាំងនោះ បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។
លោកថ្លែងបែបនេះក្នុងពេលទទួលជួបលោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣-២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការី ដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុន នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន តាមរយៈជំនួបកំពូលរបស់ថ្នាក់ដឹកនាំ កាន់តែពង្រឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ។
លោករដ្ឋមន្ត្រីជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុន ឲ្យបានកាន់តែច្រើន ពីព្រោះនៅពេលដែលពួកគេវិលត្រឡប់មក កាន់មាតុភូមិកំណើតវិញទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន ដែលមានវត្តមាននៅកម្ពុជា។
លោក អ៉ិត សំហេង បានបន្តថា កម្ពុជាមានកិច្ចសហប្រតិបត្តិសម្រាប់កម្មសិក្សាការី និងពលករជំនាញចេញទៅធ្វើការនៅជប៉ុន និងដោយសារទីផ្សារនៅជប៉ុន ផ្តល់នូវប្រាក់កម្លាំងពលកម្មខ្ពស់ ដែលអាចទាក់ទាញពលករពីក្រៅប្រទេសនានា។ ម្យ៉ាងទៀត ពលករដែលបានបម្រើការនៅទីនោះ ទទួលបាននូវការអាណិត ស្រលាញ់រាប់អានពីអ្នករួមការងារ និងថៅកែរបស់ពួកគេផងដែរ។
លោក Fumiaki Takahashi បានជម្រាបជូនលោករដ្ឋមន្ត្រីថា នៅក្នុងឆ្នាំ២០១៩ ខាងសមាគមរបស់លោកក៏ធ្លាប់បានដឹកនាំអ្នកវិនិយោគជប៉ុន មកសិក្សាស្វែងយល់ពីបរិយាកាស វិនិយោគនៅកម្ពុជាម្តងហើយដែរ ប៉ុន្តែដោយសារតែមានបញ្ហាកូវីដ-១៩ ធ្វើឲ្យរំខាននូវដំណើរការច្រវាក់ផលិតកម្ម និងវិនិយោគ ទើបខាងសមាគមខកខានមិនបានមកកាន់កម្ពុជា។
លោកមើលឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់ ប្រទេសកម្ពុជាបានទប់ស្កាត់ ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោកក៏រីករាយ ដែលបានជួបជាមួយលោករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានមួយចំនួន ពាក់ព័ន្ធទៅនឹងវិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឱកាសវិនិយោគនៅកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីកត់សម្គាល់ឃើញថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើងមានច្រើនផ្នែក ដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុនបានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ។ មកដល់បច្ចុប្បន្ន និងឱកាសវិនិយោគោនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារកម្ពុជា មានសមត្ថភាពអាចគ្រប់គ្រង បានល្អនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕