កំណើនតម្លៃជួលអាផាតមុិនជាមធ្យមនៅសហរដ្ឋអាមេរិកចាប់ផ្តើមធ្លាក់ចុះ ស្របពេលការផ្គត់ផ្គង់កើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: ជាធម្មតា តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកកើនឡើងនៅនិទាឃរដូវ (spring) ព្រោះមនុស្សកាន់តែច្រើនស្វែងរកផ្ទះបន្ទាប់ពីរដូវរងា។ ប៉ុន្តែ នៅឆ្នាំ២០២៦នេះ ការកើនឡើងមានកម្រិតទាបជាងធម្មតា។

នៅក្នុងខែមីនា ឆ្នាំ២០២៦ តម្លៃជួលអាផាតមុិនជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើង ០,៤% ធៀបនឹងខែកុម្ភៈ ដល់១.៣៦៣ដុល្លារ។ កាលពីឆ្នាំមុន តម្លៃជួលបានកើនឡើង០,៦ភាគរយ ក្នុងអំឡុងពេលដូចគ្នា។

បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃជួលអាផាតមុិននៅខែមីនាបានធ្លាក់ចុះជាង១,៧ភាគរយ។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៧។ជាមួយគ្នានេះ បើធៀបនឹងកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២ តម្លៃជួលអាផាតមុិនបានធ្លាក់ចុះជាង៥,៥ភាគរយ។

យោងតាមលោក Chris Salviati សេដ្ឋវិទូមកពីក្រុមហ៊ុន Apartment List បានឱ្យដឹងថា បញ្ហាជាច្រើនកំពុងប៉ះពាល់ដល់ទីផ្សារលំនៅឋាន។ យោងតាមទិន្នន័យថ្មីពីការិយាល័យស្ថិតិការងារបង្ហាញថា ក្រុមហ៊ុនអាមេរិកកំពុងកាត់បន្ថយបុគ្គលិក ហើយសង្គ្រាមនៅអ៊ីរ៉ង់កំពុងជំរុញឱ្យអត្រាអតិផរណាកម្រើកឡើងវិញ។

ដោយសារបញ្ហាប្រឈមទាំងនេះ ប្រជាជនអាមេរិកជាច្រើនមានភាពមិនប្រាកដប្រជាអំពីហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះ ពួកគេមិនសូវមានឆន្ទៈក្នុងការជួលផ្ទះថ្មីទេ។

កាលពីឆ្នាំមុន តម្លៃជួលអាផាតមុិនហាក់ចាប់ផ្តើមងើបឡើងវិញជាលើកដំបូង ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣។ ទោះជាយ៉ាងណា ការងើបឡើងវិញនោះបានជាប់គាំង ដោយសារសុខភាពទីផ្សារការងារកាន់តែចុះខ្សោយ។

នៅក្នុងខែមីនា ឆ្នាំ២០២៦ អត្រា​អាផាតមុិនទំនេរ (Vacancy Rate) ស្ថិតក្នុងរង្វង់៧,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧។

ស្របពេលជាមួយគ្នានេះ អាផាតមិនថ្មីមួយចំនួនធំត្រូវបានសាងសង់ក្នុងរយៈពេល៣ឆ្នាំកន្លងមក។ ការសាងសង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា នៅឆ្នាំ២០២៤ អាផាតមុិនថ្មីចំនួនជាង៦០០.០០០យូនីតត្រូវបានបញ្ចប់ការសាងសង់។ តួលេខនេះជាចំនួនអាផាតមិនថ្មីច្រើនបំផុតដែលត្រូវបានសាងសង់ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ១៩៨៦៕ប្រភព: CNBC៕

តើតម្លៃមាសនឹងមានការឡើងចុះដូចម្តេចនៅក្នុងខែមេសានេះ ខណៈអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយម?

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ អ្នកវិនិយោគអាចបន្តអត់ធ្មត់បន្តិច ខណៈតម្លៃមាសបាននិងកំពុងប្រែប្រួល និងមិនទាន់ឡើងដល់កម្រិតកំពូល ក្នុងតម្លៃ៦៨០០ដុល្លារក្នុងមួយតម្លឹងនោះទេ។

ក្នុងស្ថានភាពឥឡូវនេះ (ដើមខែមេសា ឆ្នាំ២០២៦) មាសកំពុងធ្លាក់ចុះ ហើយមានការប្រែប្រួលខ្លាំង។ តម្លៃបច្ចុប្បន្ន៖ ប្រហែល ៤៥០០ ដុល្លារ ទៅ៤៧០០ ដុល្លារក្នុងមួយអោនស៍ ខណៈពេលថ្មីៗនេះបានធ្លាក់ចុះប្រហែល ១០% ទៅ១៥% ពីកម្រិតខ្ពស់បំផុតថ្មីៗនេះ។

ទស្សនវិស័យខែមេសាដូចម្តេច? អ្នកជំនាញនិយាយថា តម្លៃមាសអាចបន្តមិនស្ថិតស្ថេរ / ចំហៀង ឬធ្លាក់ចុះបន្តិច។ ចន្លោះដែលអាចកើតមាន គឺ៤.១០០ ដុល្លារ ទៅ៤.៨០០ដុល្លារក្នុងមួយអោនស៍ ខណៈ ការលក់បន្ថែមទៀត អាចកើតឡើងមុនពេលងើបឡើងវិញ។

យោងតាមទស្សនៈរបស់UBS បានព្យាករណ៍ថា រយៈពេលខ្លី តម្លៃនៅតែមិនទាន់រឹងមាំនៅឡើយទេ ស្របពេលស្ថានភាពទីផ្សារនៅតែមិនប្រាកដប្រជា។

ប៉ុន្តែទោះជាយ៉ាងណា ទស្សនវិស័យរយៈពេលវែង មាស នៅតែមានសារសំខាន់ ទោះបីជាខែមេសាខ្សោយក៏ដោយ ក៏ស្ថាប័នធំៗនៅតែមានសុទិដ្ឋិនិយម ដោយធនាគារJP Morgan បានព្យាករណ៍ថា តម្លៃមាស អាចកើនរហូតដល់៦.៣០០ ដុល្លារក្នុងមួយអោនស៍ នៅចុងឆ្នាំ ២០២៦។

ជាមួយគ្នានេះ អ្នកវិភាគជាច្រើននៅតែយល់ថា មាសនៅតែរឹងមាំដោយសារតែ ភាពមិនប្រាកដប្រជាសកល ការទិញរបស់ធនាគារកណ្តាល និងហានិភ័យអតិផរណា៕

បុរីវិមានសំណាងកាន់តែខិតជិតទៅបោះផ្សាយលក់ប័ណ្ណបំណុល និងភាគហ៊ុន

ដោយៈ ចំណាន

    ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបាននិងកំពុងសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំក្រុមហ៊ុនរបស់ខ្លួនចូលក្នុងផ្សារហ៊ុនកម្ពុជា។

បុរីវិមានសំណាង ដែលផ្តោតលើអភិជន បាននិងកំពុងត្រៀមខ្លួន​រួចជាស្រេចដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងផ្សារហ៊ុនកម្ពុជា ព្រោះនេះ ជាលើកទី១ហើយ ដែលអ្នកអភិវឌ្ឈន៍បុរីបាននាំក្រុមហ៊ុន ចូលបោះផ្សាយលក់មូលបត្រ និងប័ណ្ណបំណុល។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី ០១ មេសា ២០២៦ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) រួមដំណើរដោយលោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុនធានាទិញមូលបត្រ Campu Securities Plc បានជួបសម្តែងការគួរសម ពិភាក្សារការងារ និងស្នើសុំការណែនាំ ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

ក្នុងឱកាសជំនួបនេះ លោកឧកញ៉ាបានពិភាក្សាពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក ហើយពួកយើងមានឆន្ទះរួមគ្នា ក្នុងការនាំទីផ្សារមូលធនកម្ពុជា (Cambodian Capital Markets) ទៅកាន់កំរិតមួយខ្ពស់ជាងនេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបពីផែនការសាងសង់បុរី ខុនដូ ចំនួន១០ម៉ឺនយូនីតក្នុងរយៈពេល៣០ឆ្នាំ នៅតាមបណ្តាខេត្តនានាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋចម្រុះ ដូចជា មន្ទីរពេទ្យ ផ្សារសាលារៀនជាដើម៕

ជប៉ុនចង់ពង្រីកការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមអ្នធុរកិច្ចជប៉ុន បានបង្ហាញពីបំណងពង្រីកការវិនិ​យោគ លើវិស័យមួយចំនួននៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាជំនួបពិភាក្សានេះ លោកអនុរដ្ឋលេខាធិការ បានទទួលស្តាប់របាយការណ៍វឌ្ឍនភាព និងគោលបំណងរបស់សមាគម ដែលមានបំណងពង្រឹង និងពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា រួមមាន៖ ការកែច្នៃកសិផលសូត្រសម្រាប់គ្រឿងសម្អាង ការកែច្នៃគ្រាប់ស្វាយចន្ទី កាកសំណល់សំបកស្វាយចន្ទី វារីវប្បកម្មត្រីទីឡាបព្យា និងការផលិតចំណីត្រី សំដៅពង្រឹងខ្សែច្រវាក់តម្លៃកសិផលកម្ពុជា ទៅកាន់ទីផ្សារជប៉ុន។

ជាការឆ្លើយតបលោកអនុរដ្ឋលេខាធិការ បានសម្តែងក្តីសោមន​ស្ស​រីករាយ និងស្វាគមន៍ចំពោះគោលបំណងបង្កើន ការវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោក បានផ្តល់នូវធាតុចូលសំខាន់ៗពាក់ព័ន្ធការវិនិយោគ ដំណោះស្រាយបញ្ហាប្រឈម ក៏ដូចជាច្បាប់ស្តីពីការវិនិយោគ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន វិនិយោគចំគោលដៅ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផលចំណេញសេដ្ឋកិច្ច បង្កើនតម្លៃបន្ថែមសម្រាប់កសិផលកម្ពុជា និងជាពិសេសការជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

លោកអនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងបានលើកទឹកចិត្តដល់សមា​គម ក្នុងការទាក់ទាញកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្ដានុពល និងជាតម្រូវការទីផ្សារប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងទៀត ក្នុងប្រទេសកម្ពុជាថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម ឈានទៅរកការកែច្នៃកសិផលសក្តានុពលកម្ពុជា ជាមួយបច្ចេកវិទ្យាជប៉ុន និងកសាងភាពជាដៃគូយូរអង្វែង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

តើកំណាត់ទី២ នៃគំរោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ស្ថិតនៅក្នុងខេត្តណា?

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងត្រៀមរៀបចំពិធី បើកការដ្ឋានសាងសង់គម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន តេជោ កំណាត់ទី២ មានទីតាំងស្ថិតនៅ ភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំក្រុមមន្រ្តីចុះពិនិត្យ ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងត្រៀម រៀបចំពិធីបើកការដ្ឋានសាងសង់។

ពិធីនេះក៏មានការចួលរួមពី លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នេះ នឹងត្រូវបើកការដ្ឋានសាងសង់ នៅខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

តារាហូលីវូដដ៏ល្បី Angelina Jolie អញ្ជើញមកដល់កម្ពុជា និងទស្សនាទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តបាត់ដំបង

ដោយ៖ សហការី

(បាត់ដំបង)៖ តារាហូលីវូដ Angelina Jolie នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានបន្តពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង

ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីAngelina Jolie នាពេលនេះ ធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០៕

ទីផ្សារអចលនទ្រព្យសកលបង្ហាញសញ្ញានៃការងើបឡើងវិញសន្សឹម ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦ បានបង្ហាញសញ្ញានៃការងើបឡើងវិញសន្សឹមៗ។ទំនុកចិត្តទីផ្សារបានប្រសើរឡើង ខណៈសម្ពាធអតិផរណាបានធូរស្រាល ហើយលក្ខខណ្ឌហិរញ្ញវត្ថុមានស្ថេរភាពសន្សឹមៗ ដែលលើកទឹកចិត្តវិនិយោគិនឱ្យឈានជើងចូលទីផ្សារអចលនទ្រព្យឡើងវិញ។

សកម្មភាពប្រតិបត្តិការ និងលំហូរមូលធនបានចាប់ផ្តើមកើនឡើងសាជាថ្មីនៅទូទាំងតំបន់សំខាន់ៗដូចជាតំបន់អាមេរិកខាងជើង អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ដែលឆ្លុះបញ្ចាំងពីការមានទំនុកចិត្តឡើងវិញថា វិស័យនេះកំពុងឈានចូលដល់ដំណាក់កាលដែលមានស្ថិរភាពជាងមុន។

ទោះជាយ៉ាងណា ការងើបឡើងវិញមិនទាន់មានភាពស្មើគ្នានៅគ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យទេ។ លំនៅឋាន និងផ្ទះជួលនៅតែស្ថិតក្នុងចំណោមផ្នែកដ៏ទាក់ទាញបំផុត ដោយសារតែកំណើនប្រជាជនក្នុងទីក្រុង និងវិបត្តិកង្វះលំនៅឋាននៅក្នុងទីក្រុងជាច្រើន។

ស្របពេលជាមួយគ្នានេះ បណ្តាវិនិយោគិនកំពុងបង្វែរដើមទុនកាន់តែច្រើនឡើងឆ្ពោះទៅរកទ្រព្យសកម្ម ដែលផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ចឌីជីថល ដូចជាមជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលដឹកជញ្ជូន ព្រោះផ្នែកទាំងនេះទទួលបានអត្ថប្រយោជន៍រយៈពេលវែងពីតម្រូវការពាណិជ្ជកម្មអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត និងឌីជីថលូបនីយកម្ម។

ដោយឡែក សកម្មភាពជួលការិយាល័យនៅទូទាំងពិភពលោកមានភាពប្រសើរឡើងជាលំដាប់បើប្រៀបធៀបទៅនឹងរយៈពេលក្រោយជំងឺរាតត្បាត។ ប៉ុន្តែទីផ្សារនៅតែមានការមានប្រុងប្រយ័ត្ន និងសម្រិតសម្រាំងខ្ពស់(selective)។

តួយ៉ាង អគារការិយាល័យដែលមានគុណភាពខ្ពស់ និងទំនើបនៅក្នុងទីតាំងសំខាន់ៗនៅតែបន្តទាក់ទាញអ្នកជួល និងជំរុញការកើនឡើងនៃតម្លៃជួល ខណៈអគារចាស់ៗប្រឈមមុខនឹងអត្រាការិយាល័យទំនេរខ្ពស់ និងទាមទារឱ្យការអភិវឌ្ឍជួសជុលឡើងវិញ ឬបំលែងការិយាល័យទៅជាលំនៅឋានវិញ។

ក្នុងពេលជាមួយគ្នានេះ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅតែជះឥទ្ធិពលដល់ទស្សនវិស័យទីផ្សារ។ ការកើនឡើងនៃអត្រាការប្រាក់ តម្លៃថាមពល និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដូចជាជម្លោះនៅមជ្ឈិមបូព៌ា បានបង្កើនការប្រុងប្រយ័ត្នក្នុងចំណោមបណ្តាអ្នកទិញ និងវិនិយោគិន៕ប្រភព: JLL៕

នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងជាប្រធានសមាគមសម្ពន្ធភាព អង្គការ- សមាគម និងវិស័យឯកជននៅកម្ពុជាជម្រុញឲ្យសិក្ខាកាមជ័យលាភី ពង្រឹងសមត្ថភាពបន្ថែម និងគិតផលប្រយោជន៍រួមជាធំ

​ដោយ៖ សហការី

ភ្នំពេញ៖ ឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ព័ន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានថ្លែងជម្រុញបែបនេះ ក្នុងឱកាសប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ ជូនដល់សិក្ខាកាម ជ័យលាភី នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិIBI  ជាង៦០នាក់ ក្នុងនោះ ក៏មានសាស្ត្រាចារ្យបណ្ឌិតចំនួន២នាក់ និងទីប្រឹក្សា ពានរង្វាន់បុគ្គល ដែលមានស្នាដៃឆ្នើម ផ្នែកអាជីវកម្ម និងការវិនិយោគ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិផងដែរ។

ឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ថ្លែងថា៖​«ការទទួលបានវិញ្ញាបនបត្រនាឱកាសនេះ មិនមែនជារឿងចៃដន្យនោះទេ តែបានកើតឡើង ពីការខិតខំប្រឹងប្រែង របស់ជ័យលាភីម្នាក់ៗ ហើយក៏ជាមោទនភាព របស់ក្រុមគ្រួសារ របស់ពួកគេ ពិសេសសម្រាប់សង្គមជាតិ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្ស ជាបន្តបន្ទាប់ ដើម្បីរួមគិត រួមអភិវឌ្ឍប្រទេសជាតិ ឲ្យមានអ្នកចេះដឹង កាន់តែច្រើនឡើងបន្ថែមទៀត»។

ឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព បានចាត់ទុក អ្នកទាំងនេះ  គឺជាគ្រាប់ពូជដ៏ធំ និងជាកោសិការជាតិ ដ៏មានសារះសំខាន់ ដូច្នេះសូមពង្រឹងនូវអំណាចវិជ្ជាជីវះនេះអោយបានល្អ និងត្រូវប្រើប្រាស់វាប្រកប ដោយគុណធម៌ និងសីលធម៌អោយបានល្អ កុំអោយខុសវិជ្ជាជីវះនិងគ្មានជំនាញ និងអត់បទពិសោធ ..កុំធ្វើអោយអន្តរាយដល់ការងារដែលយើងកំពុងធ្វើ  បានន័យថា ការងារកំពុងធ្វើកុំភ្លេចវា..ត្រូវស្មោះត្រង់ ការតូច និងការធំ ..ត្រូវចេះរៀបចំខ្លួន អោយមានរបៀបរបបនៃការស្លៀកពាក់ និងការរស់នៅ ដែលមានសារះសំខាន់ បំផុត សំរាប់មនុស្សយើងម្នាក់ៗ ហើយត្រូវមាន (សច្ចះ ខន្តី កត្តញូតា) និងសូមរក្សាចាស់ បង្កើតថ្មី ។

​ក្នុងពិធីនោះដែរ ដោយសំដៅទៅលើពាក្យថាបណ្ឌិត និងសាស្ត្រាចារ្យបណ្ឌិត , ឧកញ៉ា សមូហកបណ្ឌិត ឡីសុភាព បានពន្យល់ថា ​ បណ្ឌិត៖ គឺជាអ្នកមានបញ្ញា ជាអ្នកប្រព្រឹត្តល្អ និងជាអ្នកកាន់សុច្ចរិត ១០ ប្រការ ឬដោយពិស្ដារគឺកាន់សុច្ចរិត ៤០ ប្រការ ដោយខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជានិច្ច។ ដោយឡែក ​សាស្ត្រាចារ្យ៖ គឺជាអ្នកដែលមាន ចំណេះដឹងខ្ពង់ខ្ពស់ ទាំងការសិក្សាស្រាវជ្រាវ បទពិសោធន៍ជាច្រើនឆ្នាំ និងមានកិរិយាមារយាទប្រពៃ។ ​បច្ចុប្បន្ន នៅកម្ពុជា មានសាស្ត្រាចារ្យច្រើនច្រើន និងតាមផ្នែកផ្សេងៗគ្នា ដែលអ្នកទាំងនោះ សុទ្ធតែពោរពេញទៅដោយគុណវុឌ្ឍិ សមត្ថភាព ពុទ្ធិ និងក្រមសីលធម៌។

សូមជំរាបថា ​វិទ្យាស្ថានអាជីវកម្មអន្តរជាតិ គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់ ហើយបើគិតរហូតមកដល់ពេលនេះ  មានជ័យលាភីជាច្រើន ចាប់តាំងពីសិក្ខាកាម រហូត ដល់ថ្នាក់បណ្ឌិត និងសាស្ត្រាចារ្យបណ្ឌិត បានបញ្ចប់វគ្គបណ្ដុះបណ្ដាល លើជំនាញផ្សេងៗគ្នា ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិនេះ ហើយ​ជ័យលាភីខ្លះ ក៏បានឈានទៅពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ៕

តើការជួលអាផាតមុិននៅបណ្តាទីក្រុងធំៗក្នុងតំបន់អាសុីមានតម្លៃដូចម្តេចនៅត្រឹមខែមីនា?

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនចងក្រងទិន្នន័យអចលនទ្រព្យសកល Global Property Guide បានធ្វើបច្ចុប្បន្នភាពលើតម្លៃជួលអាផាតមុិនដែលមានបន្ទប់គេងមួយ នៅតាមបណ្តាទីក្រុងធំៗរបស់តំបន់អាសុី គិតត្រឹមខែមីនា ឆ្នាំ២០២៦។

តួយ៉ាង តម្លៃជួលអាផាតមុិននៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង មានទំហំទឹកប្រាក់ចំនួន ៣.៥៣៥ដុល្លារក្នុងមួយខែ ខណៈតម្លៃជួលអាផាតមុិននៅទីក្រុងហុងកុងនៃប្រទេសចិនមានទំហំទឹកប្រាក់ចំនួន២.០៥០ដុល្លារក្នុងមួយខែ។

តម្លៃជួលអាផាតមុិននៅទីក្រុងម៉ាកាវរបស់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួន ៩៨៥ដុល្លារក្នុងមួយខែ ខណៈតម្លៃជួលអាផាតមុិននៅទីក្រុងតៃបុិនៃកោះតៃវ៉ាន់មានទំហំទឹកប្រាក់ចំនួន៩៧០ដុល្លារក្នុងមួយខែ។

តម្លៃជួលអាផាតមុិននៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន មានទំហំទឹកប្រាក់ចំនួន ៨៦០ដុល្លារក្នុងមួយខែ ខណៈតម្លៃជួលអាផាតមុិននៅទីក្រុងប៉េកាំងមានទំហំទឹកប្រាក់ចំនួន៨១៥ដុល្លារក្នុងមួយខែ។

តម្លៃជួលអាផាតមុិននៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុី មានទំហំទឹកប្រាក់ចំនួន ៦៩០ដុល្លារក្នុងមួយខែ ខណៈតម្លៃជួលអាផាតមុិននៅរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីនមានទំហំទឹកប្រាក់ចំនួន៦៦០ដុល្លារក្នុងមួយខែ៕ប្រភព: Global Property Guide៕

ក្រុមមន្រ្តីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញនៃក្រសួងសាធារណការបានបើកកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានបន្តដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញនៃក្រសួង ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាពសហប្រធានលោកអ៊ឹង សេរីវិសុទ្ធ អនុប្រធាន និងជាក្រុមការងារទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ និងលោក នៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើន។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់យន្តការ និងវិធានការលើការប្រើប្រាស់ដីចំណីផ្លូវ និងរក្សាបាននូវសុវត្ថិភាពចរាចរ​ណ៍ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍ និងការថែទាំងផ្លូវ។

អង្គប្រជុំបានសម្រេចលទ្ធផល រួមមាន(១.) ឯកភាពកែសម្រួ​លលើទម្រង់ ខ្លឹមសារពាក្យពេចន៍ និងអក្ខរាវិរុទ្ធមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យ (២.) ឯកភាពប្រគល់ជូនសាមីក្រសួង ដើម្បីពិនិត្យនិងកែសម្រួលតាមស្មារតីនៃអង្គប្រជុំ (៣.) នីតិវិធីបន្ត បន្ទាប់ពីកែសម្រួល និងសម្អាតរួចរាល់ សេចក្តីព្រាងអនុក្រឹត្យខាងលើនឹងត្រៀមដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ននិងតំណាងរាជធានី ខេត្តពាក់ព័ន្ធមួយចំនួន ដែលនឹងត្រូវជូនដំណឹងនាពេលក្រោយ៕