រដ្ឋាភិបាលឥណ្ឌូនេស៊ីអនុម័តទុន១០០០លានដុល្លារបន្ថែមដើម្បី ពន្លឿនការសាងសង់រដ្ឋធានីថ្មី Nusantara

ដោយ: គង់ លាងហួរ

ហ្សាការតា: សមាជិកសភាជាន់ខ្ពស់មួយរូប បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គណៈកម្មាធិការថវិកាសភា របស់ប្រទេសឥណ្ឌូនេស៊ីបានអនុម័ត ទឹកប្រាក់បន្ថែម១៥ពាន់ពាន់លានរូពៀ (១,០១ពាន់លានដុល្លារ) ដើម្បីពន្លឿនការសាងសង់រដ្ឋធានីថ្មី ដ៏ល្បីឈ្មោះ Nusantara ។

លោក Said Abdullah ប្រធានគណៈកម្មាធិការសភាបានលើកឡើងថា ទឹកប្រាក់បន្ថែមចំនួន១៥ពាន់ពាន់លានរូពៀ នឹងបានទៅដល់ការសាងសង់នៅឆ្នាំនេះ បន្ថែមពីលើថវិកា២២ពាន់ពាន់លានរូពៀ ដែលត្រូវបានបែងចែកកាលពីមុន សម្រាប់ការអភិវឌ្ឍរដ្ឋធានីថ្មី Nusantara នៅលើកោះ Borneo។ 

ប្រទេសឥណ្ឌូណេស៊ី កំពុងជំរុញឱ្យបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ នូវការិយាល័យរដ្ឋបាលសំខាន់ៗ របស់រដ្ឋធានី រួមទាំងវិមានប្រធានាធិបតី និងអគាររដ្ឋមន្ត្រីសំខាន់ៗ ដែលមានមន្ត្រីរាជការ យោធា និងប៉ូលីសយ៉ាងហោចណាស់ ចំនួន១៦.០០០នាក់នឹងត្រូវផ្លាស់ទៅទីនោះនៅឆ្នាំក្រោយ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ធ្លាប់បានសន្យាថា រដ្ឋាភិបាលនឹងចំណាយថវិកាត្រឹមតែ២០%ប៉ុណ្ណោះ ទៅលើគម្រោងរដ្ឋធានី តម្លៃ៣២ពាន់លានដុល្លារ ខណៈផ្នែកដែលនៅសេសសល់នឹងទទួលបានវិស័យឯកជន។

ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនវ មិនទាន់មានកិច្ចព្រមព្រៀងវិនិយោគណាមួយ ត្រូវបានចុះហត្ថលេខានោះទេ ដោយសារអ្នកវិនិយោគព្រួយបារម្ភអំពីលទ្ធភាព និងដំណើរការបន្តរបស់គម្រោង ទោះបីជារដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសផ្តល់ការលើកទឹកចិត្តយ៉ាងណាក្តី ខណៈប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី៕

 

ផ្លូវលំជនបទចំនួន៣បានបញ្ចប់និងប្រគល់ជូនអាជ្ញាអធរមូលដ្ឋាន

ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមជាមួយ​ និងមន្រ្តីពាក់ព័ន្ឋបាន  អញ្ជើ​ញទៅត្រួតពិនិត្យ​ និងវាយតម្លៃ ប្រគល់-ទទួល​១០០%​ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួស​ ល្បាយថ្មភ្នំ​ និងសាងសង់លូ គ្រប់ប្រភេទចំនួន​៣គម្រោង​។

គំរោងផ្លូវលំសំខាន់ៗទាំងនេះ ស្ថិតនៅខេត្តមណ្ឌលគិរី​ ខេត្តស្ទឹងត្រែង​ និងខេត្តបាត់ដំបង​។-គម្រោងទី១​​ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស​ ចំនួន​ ០១ខ្សែ​ ប្រវែង​៧៥០០ម៉ែត្រ ទទឹង​៨ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន​១១កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង​ តភ្ជាប់ពីផ្លូវជាតិលេខ​ ៧៦​ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ត្រង់បង្គោលលេខ​ ៦០/១៥​ (១)​ ស្ថិតក្នុងភូមិ​ ពូហ្សាម​ ឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី​។

-គម្រោងទី២​  ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន​១ខ្សែ​ ប្រវែង​៧​ ០០០ម៉ែត្រ ទទឹង​៨ម៉ែត្រ កម្រាស់​០,២ម៉ែត្រ សាងសង់លូមូលមុខបី​ ចំនួន​១០កន្លែង​ លូមូលមុខពីរចំនួន​៦កន្លែង​ និងលូមូលមុខមួយចំនួន​៥កន្លែង​ ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន​ (​ កម្ពុជា-ឡាវ​ )​ ច្រកដុងក្រឡ​ ខេត្តស្ទឹងត្រែង​។

-គម្រោងទី៣​  ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ​ ចំនួន​១ខ្សែ​ មានពីរកំណាត់​ ប្រវែងសរុប​១៣​ ០០០ម៉ែត្រ ទទឹង​៨ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ (​ កំណាត់ទី១​ ) ស្លាបស្តាំ​ ប្រវែង​៥​៥០០ម៉ែត្រ ចាប់ពីបំបែកច្រក​៤០០​ នៃភូមិឆករកា​ ឃុំសំឡូតឆ្ពោះទៅ​ ច្រកសែនចៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ និងច្រកផល្លីផល្លា​ ខេត្តប៉ៃលិន​ និង(កំណាត់ទី២​ ) ស្លាបឆ្វេង​ ប្រវែង​៧​៥០០ម៉ែត្រ ចាប់ពីបំបែកច្រក​ ៤០០​ ឆ្ពោះទៅភូមិ​៨៣​ ឃុំតាតោក​ ឆ្ពោះទៅច្រក​ចរិយា​ និង​ច្រកទីង​មោង​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ និងផ្លាកឈ្មោះផ្លូវ​ ចំនួន​៣កន្លែង​ ។

គម្រោងទាំងបីខាងលើនេះអនុវត្តដោយ​ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​។

គណៈកម្មការ បានសម្រេចឯកភាព ទទួលយកគម្រោងទី១ ដោយបញ្ចប់ រយៈពេលធានាសុពលភាពជាស្ថាពរ និងគម្រោងទី២ និងទី៣ ទទួលយក ១០០% តាមសំណូមពររបស់ ភាគីទទួលការ៕

តើកម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មាន?

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ តើបច្ចុប្បន្ននេះកម្ពុជា មានតំបន់ការពារធនធានធម្មជាតិប៉ុន្មាន ហើយមានផ្ទៃដីស្មើនឹងប៉ុន្មានភាគរយ នៃផ្ទៃដីរបស់ប្រទេសកម្ពុជាទាំងមូល?។

តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលធានាបាននូវការការពារប្រភេទសត្វព្រៃ និងរុក្ខជាតិសំខាន់ៗ ក៏ដូចជាសហគមន៍ធម្មជាតិ។

សំណួរសួរថា តើបច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មានកន្លែង ហើយមានវិសាលភាពសរុប ស្មើនឹងប៉ុន្មានភាគរយនៃផ្ទៃដីប្រទេសទាំងមូល?។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកដល់ឆ្នាំ២០២១នេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។

តំបន់ការពារធនធានធម្មជាតិចំនួន៧៣នេះ គឺស្ថិតនៅក្នុងប្រភេ​ទតំបន់ការពារធំៗចំនួន៨ រួមមាន

ទី១ តំបន់ឧទ្យានជាតិ
តំបន់ឧទ្យានជាតិនេះមានចំនួន១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១,៧១៧,៦១៤ ហិកតា រួមមាន ឧទ្យានជាតិកែប ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ”គិរីរម្យ” ឧទ្យា​នជាតិសីហនុ-រាម ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។តំបន់ឧទ្យានជាតិទាំងនេះ សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ និងសម្បត្តិទៅដោយព្រៃស្រោង ព្រៃរបោះ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានយ៉ាងច្រើនផងដែរ។

ទី២ តំបន់ដែនជម្រកសត្វព្រៃ
តំបន់ដែនជម្រកសត្វព្រៃ ត្រូវបែងចែកជា១៩ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប៣,៤៣៣,៣៣៦ ហិកតា រួមមាន ដែនជម្រកសត្វព្រៃឱរ៉ាល់ ដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃសៀមប៉ាង។

តំបន់ដែនជម្រកសត្វព្រៃទាំងនេះ សម្បូរទៅដោយប្រភេទសត្វព្រៃជិតផុតពូជ សត្វព្រៃកម្រ សត្វព្រៃរងការគំរាមកំហែង ពពួកមច្ឆាជាតិជិតផុតពូជ និងកម្រ ព្រមទាំងជាជម្រកសត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទ ពិសេសសម្បូរទៅដោយធនធានធម្មជាតិ ព្រៃស្រោង និងព្រៃរបោះជាដើម។

ទី៣ តំបន់ទេសភាព
តំបន់ទេសភាព ត្រូវបែងចែកជា១៣តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១៥៣,៦០៤ ហិកតា រួមមាន តំបន់រមណីយដ្ឋានអង្គរ តំបន់បន្ទាយឆ្មារ តំបន់ព្រះវិហារ តំបន់អង្លង់ព្រីង តំបន់ទំនាបខាងជើងទន្លេសាប តំបន់បឹងព្រែកល្ពៅ តំបន់អាងត្រពាំងថ្ម តំបន់ប្រាសាទបាកាន “ព្រះខ័នកំពង់ស្វាយ” តំបន់រនាមដូនសំ តំបន់សំបូរព្រៃគុក តំបន់បឹងលំកុដ តំបន់ភ្នំក្រាំងដីមាស និងតំបន់បឹងយ៉ាកអោម-យ៉ាកការ៉ា។ សម្រាប់តំបន់ទេសភាពនេះ គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌ ព្រៃឈើ និងធនធានធម្មជាតិជាច្រើនទៀត។

ទី៤ តំបន់ប្រើប្រាស់ច្រើនយ៉ាង
តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបែងចែកជា៨ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប៤១៥,៧៩៦ ហិកតា រួមមាន តំបន់ដងព្រែក តំបន់សំឡូត តំបន់ទន្លេសាប តំបន់ពញាក្រែក តំបន់ព្រែកទឹកសាបក្បាលឆាយ តំបន់ភ្នំនាងកង្រី-ភ្នំទូកមាស តំបន់សសរស្តម្ភសត្វតោ និងតំបន់បឹងយក្ខឡោម។

ទី៥ តំបន់រ៉ាមសារ
តំបន់រ៉ាមសារ ត្រូវបែងចែកជា៥តំបន់ និងមានផ្ទៃដីទំហំសរុប ៦០,៩៩៥ហិកតា រួមមាន តំបន់ស្ទឹងត្រែង តំបន់កោះកាពិ បឹងទន្លេឆ្មារ តំបន់ព្រែកទាល់ និងតំបន់ស្ទឹងសែន។

ទី៦ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល

តំបន់ស្នូលនៃបឋនីយជីវមណ្ឌលនេះ ត្រូវបែងចែកជា ៣ តំបន់ផ្សេងៗគ្នា និងមានផ្ទៃសរុប៤២,២៥៧ ហិកតា រួមមាន តំបន់ព្រែកទាល់ តំបន់ស្ទឹងសែន និងតំបន់បឹងទន្លេឆ្មារ។

ទី៧ តំបន់បេតិកភណ្ឌធម្មជាតិ

តំបន់បេតិកភណ្ឌធម្មជាតិនេះត្រូវបែងចែកជា ១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ៣៣,៩៥១ ហិកតា រួមមាន តំបន់ភ្នំត្បែង តំបន់ភ្នំយ៉ាត តំបន់ភ្នំប្រាំពីរ តំបន់ជញ្ជាំង តំបន់គិរីយង់ តំបន់ភ្នំទាក់ទ្រាំង តំបន់ភ្នំព្រះនេត្រព្រះ តំបន់ភ្នំព្រះ-ភ្នំវែង តំបន់ភ្នំយាយសំ តំបន់ភ្នំបាក់ និងតំបន់ភ្នំស្វាយ។

ទី៨ តំបន់ឧទ្យានសមុទ្រ

តំបន់ឧទ្យានសមុទ្រនេះ មានផ្ទៃដីសរុប៥២,៤៤៨ ហិកតា គឺតំបន់សមុទ្រកោះរ៉ុង។ ក្រៅពីនេះ ក៏នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីសរុប ១,៦៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ ហិកតា។

ការបង្កើតឱ្យមានតំបន់ការពារទាំងអស់នេះ របស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងកែប្រែតំបន់នានា ឱ្យក្លាយទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ លើកស្ទួយតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។

លោកនេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាមួយកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបានល្អ ក្រុមហ៊ុនបរទេសធំបានទិញឥណទានកាបូនពីកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦មក កម្ពុជាបានលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា១១.៦ លានដុល្លារអាមេរិក ដើម្បីយកមកពង្រឹងការងារការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើតមុខរបរ និងប្រាក់ចំណូលជូនប្រជាសហគមន៍ កសាងជារបងការពាររឹងមាំ ការពារតំបន់ការពារធម្មជាតិផងដែរ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

Chief Bank ប្តេជ្ញាផ្តោតលើការផ្លាស់ប្តូរឌីជីថលជាមួយនឹងការរំលេចបាននូវលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ ធនាគារ Chief Bank របស់កម្ពុជាបានរាយការណ៍ ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំសម្រា​ប់ឆ្នាំ២០២២ ទោះជាមានភាពចលាចល ផ្នែកភូមិសាស្ត្រនយោបាយសកល និងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតមានយ៉ាងណាក្តី។

ស្របពេលមានភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងការប្រែប្រួលទីផ្សារពិភពលោក ធនាគារ Chief Bank នៅតែបង្ហាញសញ្ញានៃស្ថិរភាព ដោយរក្សាបាននូវសាច់ប្រាក់ងាយស្រួល និងទីតាំងដើមទុនដ៏រឹងមាំ។

ក្រោមចក្ខុវិស័យជាយុទ្ធសាស្ត្រ របស់នាយកប្រតិបត្តិលោក បណ្ឌិតសឿង ម៉ូរ៉ារិទ្ធ ការប្រមូលប្រាក់បញ្ញើរបស់ធនាគារ បានកើនឡើងលើសពី១៣០លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលជាស្នាដៃដ៏អស្ចារ្យមួយក្នុងបរិយាកាសហិរញ្ញវត្ថុបច្ចុប្បន្ន។ដំណើរ​ការ​ឌីជីថល​ដែល​កំពុង​បន្ត

នៅក្នុងការដាក់បង្ហាញពីមូលដ្ឋានអតិថិជនដ៏រឹងមាំ និងភាពអាចជឿជាក់បានរបស់ធនាគារ វាបានបម្រើអតិថិជនចម្រុះ រួមមាន អតិថិជនម្នាក់ៗ អតិថិជន ដែលមានតម្លៃខ្លួនខ្ពស់ សហគ្រាសក្នុងស្រុក ក្រុមហ៊ុនធានារ៉ាប់រង ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក និងរដ្ឋបាលក្នុងតំបន់។

មូលដ្ឋានអតិថិជនដ៏ធំទូលាយនេះ បានគូសបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ និងទំនុកចិត្តដែលម៉ាកយីហោធនាគារ Chief Bank សម្រេចបានក្នុងអំឡុងពេលជំងឺរាតត្បាត។

ការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថា ជាអាទិភាពខ្ពស់សម្រាប់ធនាគារ Chief Bank។  ធនាគារនេះ កំពុងពន្លឿនការពង្រីកការចែកចាយផលិតផល និងសេវាកម្មរបស់ខ្លួន តាមរយៈបណ្តាញឌីជីថល រួមទាំងគេហទំព័រ កម្មវិធីឌីជីថល កាបូបអេឡិចត្រូនិក និងទីផ្សារអេឡិចត្រូនិក។

ជាលទ្ធផលនៃការជំរុញការប្រើប្រាស់ ប្រព័ន្ធឌីជីថលរបស់ខ្លួនមានដូចជា Chief Easy App និងកូដ Bakong KHQR ដែលបានធ្វើឱ្យធនាគារ Chief Bank ឈរនៅជួរមុខនៃបដិវត្តន៍ធនាគារឌីជីថលរបស់កម្ពុជា។

ការអភិវឌ្ឍដ៏សំខាន់ នៅក្នុងដំណើរឌីជីថលនីយកម្មនេះ គឺជាការចាប់ផ្តើមនៃកម្មវិធី Chief Easy digital micro-lending app។  កម្មវិធីនេះ ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដែលអាចឱ្យអតិថិជន វាយតម្លៃសិទ្ធិទទួលបានប្រាក់កម្ចីរបស់ពួកគេ តាមរយៈប្រព័ន្ធធនាគារឌីជីថល និងស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល។

ភាពជាដៃគូជាមួយប្រព័ន្ធអេកូឡូស៊ី

ធនាគារ Chief Bank ក៏បានចូលទៅក្នុងភាពជាដៃគូឌីជីថលជាមួយធនាគារ Wing នៅទូទាំងប្រទេសផងដែរ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជន នៅពេលទូទាត់សងប្រាក់កម្ចីរបស់ពួកគេ។

លើសពីនេះ ការចូលរួមរបស់ធនាគារ Chief Bank នៅក្នុងប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា បានផ្តល់នូវជម្រើសប្រតិបត្តិការកាន់តែច្រើន ដូចជាការដាក់ប្រាក់ ការដកប្រាក់ ការផ្ញើ និងទទួលប្រាក់តាមរយៈកាបូបអេឡិចត្រូនិក។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រាក់បញ្ញើ (Deposits outstanding) បានកើនឡើងដល់១៣៦លានដុល្លារ ពោលគឺកើនឡើងគួរឱ្យកត់សម្គាល់ចំនួន១៧,៨% ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ លើសពីនេះ ទ្រព្យសកម្មសរុបរបស់ធនាគារនេះ បានកើនឡើងដល់២២០លានដុល្លារ ដែលនាំឱ្យប្រាក់ចំណូលសុទ្ធ បានកើនឡើងជិត៥០% ចាប់ពីឆ្នាំ២០២១៕

ជប៉ុនវិនិយោគ ដាំដំណាំម្ទេសនៅខេត្តសៀមរាប នាំចេញទៅក្រៅប្រទេស ៥០០តោនជារៀងរាល់ខែ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារ នៃប្រទេសជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេស ស្តង់ដារជប៉ុនលើផ្ទៃដីទំហំ៧២ហិកតា ស្រុកអង្គរធំ ខេត្តសៀមរាប។

លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀ​ម​រាប និងក្រុមការងារកាលពីចុងសប្តាហ៍មុន បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិជប៉ុន ដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។លោក NABESHIMA KATSUHITO បានមានប្រសាសន៍ឲ្យ​ដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ រហូតដល់៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេសផងដែរ។

លោកបន្ថថា “នៅពេលដែលគម្រោងនេះ បានដំណើរការ កសិដ្ឋាននេះ ត្រូវការបុគ្គលិកបង្គោល ដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាព និងស្តង់ដានាំចេញ ព្រមទាំងត្រូវការកម្លាំងពលកម្មច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែលវាក៏ជាឱកាសជួយបង្កើនការងារឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះ មានការងារធ្វើជារៀងរាល់ថ្ងៃ”។ លោកបន្តថា ចំពោះការដាំដំណាំម្ទេសនេះដែរ សម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកនឹងជួយបង្រៀនទាំងផ្នែកបច្ចេ​កទេស ផ្តល់ពូជ និងទទួលទិញនូវផលដំណាំ របស់ប្រជាកសិករទាំងនោះ”។

លោក NABESHIMA បានឲ្យដឹងទៀតថា កសិដ្ឋានមួយនេះដែរ អាចដំណើរការទៅបាន អាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន។ ហើយទៅថ្ងៃអនាគត វានឹងបង្ហាញឲ្យពិភពលោកដឹងថា ផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។ សម្រាប់ពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀត ទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ប្រទេសអាស៊ាន គឺចូលចិត្តញ៉ាំស៊ុប។ ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយ ដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ។ លោកបន្តថា “ការផលិតទ្រង់ទ្រាយធំបែបនេះ ក៏ដូចជាការផ្សព្វផ្សាយ ទាញទីផ្សារពិភពលោកឱ្យបាន ឃើញប្រទេសកម្ពុជាដែលអាចផលិតបាន នៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន”។

លោកក៏សង្ឃឹមថា កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ ហើយក្រុហ៊ុនលោក នឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី៧២ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀត ដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះ បានដំណើរការយើងនឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត ខណៈតម្រូវការ៥០០តោនក្នុងមួយខែ គឺយើងត្រូវការផ្ទៃដី២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានថ្លែងបានកោតសរសើរចំពោះលោក សោម សមស័ក្ក ដែលបាននាំអ្នកវិនិយោគផ្នែកកសិកម្ម ឱ្យមកវិនិយោគក្នុងមូលដ្ឋានរបស់លោក និងថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគ នៅក្នុងស្រុកអង្គរធំ ខេត្តសៀរាប។

លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមានការងារធ្វើរបានកាន់តែច្រើនថែមទៀតផងដែរ៕

ក្រុមហ៊ុនជប៉ុនចំនួន២បោះទុន១៦៤លានដុល្លារដើម្បីពង្រីកនិងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្តល់មជ្ឈមណ្ឌលទិន្នន័យ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនចំនួន២ បានបោះទុនវិនិយោគចំនួន១៦៤លានដុល្លារអាមេរិក(៥,៥ពាន់លានបាត) នៅក្នុងប្រទេសថៃ ដើម្បីសាងសង់ និងពង្រីកមជ្ឈមណ្ឌលទិន្នន័យ។

ថ្មីៗនេះ ក្រុមហ៊ុន Telehouse បានបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ ជាមួយនឹងទុនវិនិយោគចំនួន៧៤លានដុល្លារ ខណៈក្រុមហ៊ុន NTT បានបណ្តាក់ទុនចំនួន៣ពាន់លានបាតតាមរយៈ NTT Global Data Centers Corporation ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យថ្មីបំផុត និងធំជាងគេនៅក្នុងប្រទេសថៃ។ប្រទេស​ថៃ​បាន​ទាក់ទាញ​ការ​វិនិយោគ ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា Cloud និង​មជ្ឈមណ្ឌល​ទិន្នន័យ​ពិភពលោក​ជាច្រើន ដើម្បី​ពង្រីក​ការ​បោះ​ជំហាន​របស់​ពួកគេ។

ការវិនិយោគមជ្ឈមណ្ឌលទិន្នន័យ របស់អ្នកលេងជាសកលនៅក្នុងប្រទេសថៃ បានចាប់ផ្តើមជាច្រើនឆ្នាំកន្លងមក ដោយមានអ្នកត្រួសត្រាយរួមមានក្រុមហ៊ុន Tencent Cloud   Huawei និង NTT បន្ទាប់មកកាលពីឆ្នាំមុនមានក្រុមហ៊ុន Alibaba Cloud  Amazon Web Services និង Google Cloud ។កាលពីខែឧសភា ក្រុមហ៊ុន Telehouse ដែលភាគហ៊ុន៦៦%កាន់កាប់ដោយ KDDI  បានបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅក្នុងប្រទេសនៅលើផ្លូវ Rama IX ក្នុងទីក្រុងបាងកក។ ទីក្រុងបាងកក ជាទីតាំងថ្មីបំផុតរបស់ក្រុមហ៊ុននេះ ក្នុងចំណោម៤៥កន្លែងនៅទូទាំងពិភពលោក។

មជ្ឈមណ្ឌលទិន្នន័យផ្តោតសំខាន់ លើយុទ្ធសាស្ត្រតភ្ជាប់គ្នា ក្នុងគោលបំណង ក្លាយជាមជ្ឈមណ្ឌលអ៊ីនធឺណិត ដែលក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងអ្នកផ្តល់សេវាជាច្រើនតភ្ជាប់គ្នា និងផ្លាស់ប្តូរចរាចរណ៍ទិន្នន័យក្នុងប្រទេស និងក្រៅប្រទេស។

លោក Ken Miyashita នាយកគ្រប់គ្រងក្រុមហ៊ុន Telehouse (Thailand) បានលើកឡើងថា ក្រុមហ៊ុននឹងផ្តល់សេវាកម្មមជ្ឈមណ្ឌ លទិន្នន័យដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ដើម្បីដើរតួជាមជ្ឈមណ្ឌលតភ្ជាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។  ក្រុមហ៊ុនបានត្រៀ មខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់ស្តង់ដារ មជ្ឈមណ្ឌលទិន្នន័យ និងរួមចំណែកដល់សង្គមឌីជីថលក្នុងប្រទេស និងតំបន់៕

សម្តេចតេជោៈសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ព្យាករថានឹងសម្រេចកំណើន៥.៦ភាគរយ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្តេតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសកែតម្រូវតួលេខនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា នៅឆ្នាំ២០២២ កើនឡើងត្រឹម៥.២ភាគរយប៉ុណ្ណោះ។

ចំណែកនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា៥.៦ភាគរយ។ការកែតម្រូវនេះ ធ្វើឡើងបន្ទាប់ពីនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អ្នកសរសេរសុន្ទរកថា ជូនសម្តេចបានដកស្រង់ នូវតួលេខកំណើនសេដ្ឋកិច្ចកម្ពុជាចាស់ ដែលថាកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៥.៤ភាគរយ និងនៅឆ្នាំ២០២៣ ព្យាករថានឹងកើនឡើងក្នុងអត្រា៦.៦ភាគយ ដែលជាតួលេខចាស់ហួសសម័យ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកសរសេរសុន្ទរកថា ជូនសម្តេចត្រូវពិនិត្យឲ្យបានម៉ត់ចត់ កុំធ្វេសប្រហែស។ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសុំយកឱកាសនេះ កែតម្រូវពីម្សិលមិញបន្តិច និយាយរួមពេលនេះ ខ្ញុំអត់បានពិនិត្យឯកសារអីច្រើនទេ”។ សម្តេចបន្ថែមថា “ខ្ញុំពិនិត្យត្រង់កន្លែងណាដែលសំខាន់ៗ ទាក់ទងជាមួយភូមិសាស្ត្រនយោបាយ តែសុន្ទរកថាម្សិលមិញ ខ្ញុំបើកការបង្កើតសមាគមឧកញ៉ាកម្ពុជា ប៉ុន្តែដល់កន្លែងព្យាករសេដ្ឋកិច្ច ទៅយកតួលេខពីមុនមក ដាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ថាកើនឡើង៥.៤% កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ កើន៦.៦ភាគរយ ជាតួលេខហួសសម័យ”។

សម្តេចតេជោបន្តថា សូមអ្នកធ្វើសុន្ទរកថាឲ្យខ្ញុំ សុំពិនិត្យឲ្យបានម៉ត់ចត់ ។ ឥឡូវសុំកែតម្រូវសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានកំណើនត្រឹមតែ៥.២ភាគរយទេ ហើយឆ្នាំនេះព្យាករណ៍ទុកគឺ៥.៦ភាគរយ”។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា នៅឆ្នាំ២០២២ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៥.២ភាគរយ។ ចំណែកឆ្នាំ២០២៣នេះ រំពឹងថាកើនឡើងក្នុងអត្រា ៥.៥ភាគរយ ជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

សម្រាប់ធនាគារពិភពលោក (World Bank) ក៏បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ សម្រេចបានក្នុងអត្រា៥.២ភាគរយ។ ឯឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានក្នុងអត្រា ៥.៥ភាគរយ ដោ​យសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម៕

ប្រព័ន្ឋបញ្ញាសប្បនិម្មិតAI នឹងដើរតួកាន់តែសកម្ម និងសំខាន់ដល់ភ្នាក់ងារអចលនទ្រព្យនាពេលអនាគតដូចម្តេច?

ដោយ: គង់ លាងហួរ

ហុងកុង: នៅក្នុងទីក្រុងមួយនាពេលអនាគត ពលរដ្ឋដែលចង់ទិញផ្ទះ គ្រាន់តែពន្យល់ពីតម្រូវការរបស់ពួកគេ ទៅកាន់ជំនួយការដែលមានមូលដ្ឋានបញ្ញាសិប្បនិម្មិត (AI) ដែលនឹងរៀបចំដំណើរការជ្រើសរើស និងទិញទាំងស្រុង ដោយមិនចាំបាច់មានភ្នាក់ងារអចលនទ្រព្យជាមនុស្សនោះទេ។

យុគសម័យនៃការពិសោធន៍ AI បានចាប់ផ្តើមហើយ ដោយមានក្រុមហ៊ុនជាច្រើនបោះទុនវិនិយោគ ដើម្បីយល់ពីគុណសម្បត្តិ និងគុណវិបត្តិសក្តានុពលនៃបច្ចេកវិទ្យា ក៏ដូចជា របៀបដែលវាអាចជះឥទ្ធិពល ដល់វិធីធ្វើអាជីវកម្មរបស់ពួកគេ ហើយអចលនទ្រព្យក៏មិនមានករណីលើកលែងនោះដែរ។

ជាឧទាហរណ៍ លោក Marcus Chu នាយកប្រតិបត្តិទីភ្នាក់ងារអចលនទ្រព្យ ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរីERA បានមើលឃើញថា AI ជាឱកាសមាស ក្នុងការបែងចែកក្រុមហ៊ុន និងភ្នាក់ងាររបស់លោកពីការប្រកួតប្រជែងគ្នា។លោកបន្តថា “នៅពេលដែល ChatGPT ត្រូវបានដាក់ឱ្យដំណើរការជាសាកលនៅចុងឆ្នាំ២០២២  យើងបានចាប់យកឱកាស ដើម្បីផ្លាស់ប្ដូរ ChatGPT ទៅក្នុងកម្មវិធីAppរបស់យើង ដែលហៅថា Sales+ សម្រាប់ភ្នាក់ងាររបស់យើង”។លោក Chu បានបញ្ជាក់ថា “យើងឃើញការកែលម្អ ដ៏អស្ចារ្យនៅក្នុងកម្រិតផលិតភាព ដែលមានន័យថាសេវាកម្មអតិថិជន កាន់តែប្រសើរឡើង ហើយលោកជឿជាក់ថាChatGPT បានបន្ថែមតម្លៃដ៏សំខាន់ដល់ភ្នាក់ងាររបស់លោក ហើយAI ក៏អាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មអចលនទ្រព្យផងដែរ”។

លោកRyan Li ដៃគូប្រឹក្សាផ្នែកគ្រប់គ្រងប្រចាំ នៅក្រុមហ៊ុន KPMG ប្រទេសចិន បានមានប្រសាសន៍ថា “កម្មវិធី ChatGPT អាចនាំឱ្យមានការកាត់បន្ថយចំនួនការងារ ដែលមានជំនាញទាបនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ប៉ុន្តែវាក៏អាចឱ្យអ្នកប្រកបរបរផ្តោត ទៅលើសកម្មភាពច្នៃប្រឌិត ដែលមានតម្លៃខ្ពស់ជាងមុន ដើម្បីជំរុញការបង្កើតថ្មី និងបង្កើនប្រសិទ្ធភាព”។

លោក Ryan Li បន្តថា “ការងារដដែលៗ ដូចជាការពិពណ៌នា និងការដាក់បង្ហាញអចលនទ្រព្យ ការឆ្លើយសំណួរដែលគេសួរញឹកញាប់ និងការវិភាគទីផ្សារ ទំនងជាអាចត្រូវបានជំនួស ដោយឧបករ ណ៍មនុស្សយន្តឆ្លាតវៃដូចជា ChatGPT”។

លោក Li បានបន្ថែមទៀតថា កិច្ចការនានាដូចជាការចរចាតម្លៃ ការស្រាវជ្រាវលើតម្រូវការអតិថិជន និងការប្ដូរតាមបំណងសេវាកម្ម ទាមទារឱ្យមានអន្តរកម្មកាន់តែច្រើន ការគិតពិចារណា និងការសម្រេ ចចិត្ត។

ជាមួយគ្នានេះ លោកShih Wing-ching ប្រធានទីភ្នាក់ងារអចលនទ្រព្យ Centaline Group ដែលគ្រប់គ្រងបណ្តាញភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតរបស់ទីក្រុងហុងកុង ក៏កំពុងពិចារណាប្រើប្រាស់ChatGPT ផងដែរ។

លោក Shih បានលើកឡើងថា “និស្សិតបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា អាចក្លាយជាភ្នាក់ងារអចលនទ្រព្យ ដោយសារវាមិនមែនជាឧស្សាហកម្ម ដែលមានការធានាប្រាក់ចំណូលច្រើន។ ដូច្នេះកម្រិតនៃចំណេះដឹង ក្នុងចំណោមភ្នាក់ងារអចលនទ្រព្យ គឺមិនខ្ពស់នោះទេ”។ លោក Shih បានបន្តថា “បញ្ញាសិប្បនិមិត្ត អាចជួយភ្នាក់ងារដើម្បីអាន និងដំណើរការឯកសារច្បាប់ និងផ្តល់នូវចម្លើយកាន់តែត្រឹមត្រូវ  ដោយលោកកត់សម្គាល់ថា អាជីវកម្មនេះទាមទារចំណេះដឹងពិសេសអំពីពិធីការ និងស្ថានភាពពិសេសជាច្រើន”។

លោក Shih បានសង្កត់ធ្ងន់ថា Centaline មិនទាន់អនុវត្តន៍AI នៅឡើយទេ។  លោកបានបញ្ជាក់ទៀតថា នៅពេលអនុវត្តន៍ ក្រុមហ៊ុនមិនមានគោលបំណង ជំនួសបុគ្គលិកដោយកម្មវិធីAI នោះទេ ប៉ុន្តែក្រុមហ៊ុននឹងជួយដល់ភ្នាក់ងារ ក្នុងការងាររបស់ពួកគេ និងពង្រឹងភាពត្រឹមត្រូវនៃសេវាកម្ម”៕

កម្ពុជាចម្រាញ់រ៉ែមាសបាន៦៧២៧គីឡូក្រាម និងទទួលចំណូលបានពីសួយសារជាង១០លានដុល្លារ

ដោយៈ ហ្វីអូណា

        មណ្ឌលគិរីៈ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន៦៧២៧គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង១០លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល។

សេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិ​ត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាស ដែលមានគុណភាព៩០% បានចំនួនសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្រុមហ៊ុនបានបង់សួយសារ ជូនរដ្ឋសរុបចំនួន១០,២២៨,២៣៩ដុល្លារ។

ក្រសួងបញ្ជាក់ថា “នេះគឺជាសមិទ្ធផលដែលកើតចេញ ពីនយោ​បាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមក នូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាត ឲ្យមានការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងវិស័យធនធានរ៉ែនេះ”។

សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែម ក្នុងសេចក្ដីប្រកាសព័ត៌មាន។

ទន្ទឹមនឹងការចូលរួមចំណែក ដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលនៃដំណើរការឧស្សាហកម្ម ចម្រាញ់រ៉ែមាស របស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញ វិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។

ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារអាមេរិក។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅ ប្រមាណ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។

គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ដំណឹងល្អៈ គម្រោងផ្លូវល្បឿនលឿនទី៤នឹងឆ្ពោះទៅតំបន់នៃប៉ូលសេដ្ឋកិច្ចទី៣របស់ប្រទេស

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្ត មួយចំនួនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ នឹងអាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ខណៈផ្លូវល្បឿនលឿនទី៤ អាចនឹងចេញដំណើរភ្ជាប់ទៅកាន់តំបន់នោះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីចុះហត្ថលេខាលើការគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) រួចនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ថា កម្ពុជាអាចនឹងមានផ្លូវល្បឿនលឿនខែ្សរទី៤ បន្ទាប់ទៀតដោយតភ្ជាប់ពីភ្នំពេញទៅតាមបណ្ដាលខេត្តនានា ជុំវិញព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបញ្ជាក់ថា “បើមាន៣ អាចនឹងមាន៤ហើយ ចឹងខ្ញុំបិទភ្នែកស្រមៃ( ផ្លូវល្បឿនលឿនទី៤) ថាអាចពីភ្នំពេញ ទៅក្រចេះ ទៅស្រុកស្នួល ទៅមណ្ឌលគីរី ទៅសែនមនោរម្យ ចេញទៅកោះញ៉ែក ទៅបាន់ឡុង ហើយត្រឡប់មកស្ទឹងត្រែង ទៅអូរពងមាន់ រួចទៅព្រះវិហារ​ដោយ តមកសៀមរាប រួចត្រឡប់មកភ្នំពេញវិញ”។

លោកស៊ុន ចាន់ថុលបានបន្ថែមថា “គម្រោងរបស់យើងគឺមានផែនការចឹងមែន គឺថាជុំទូទាំងប្រទេសយើង ដោយសារផ្លូវជាតិលេខ៥ ក៏មាន៤គន្លងហើយដែរ។ ចឹងថ្ងៃក្រោយជុំវិញប្រទេសយើង យើងធ្វើដំណើរតាមផ្លូវល្បឿនលឿនរបស់យើង”។

ទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ឲ្យដឹងថា គំរោងនេះបានចាប់ផ្តើមសិក្សា ឬមិនទាន់​បានចាប់ផ្តើម ឬចាប់ផ្តើមសិក្សានៅពេលណាជាក់លាក់នៅឡើយទេ៕