រដ្ឋាភិបាលថៃគ្រោងសាងសង់គម្រោងស្ថានីយ៍រថភ្លើងថ្មី ខុនដូ និងហាងលក់រាយនៅរមណីយដ្ឋានប៉ាតាយ៉ា

ដោយ: គង់ លាងហួរ

ប៉ាតាយ៉ា: ប្រទេសថៃគ្រោងអភិវឌ្ឍអចលនទ្រព្យ ដ៏សំខាន់នៅជុំវិញស្ថានីយ៍ថ្មី ដែលនឹងត្រូវសាងសង់នៅទីក្រុងប៉ាតាយ៉ា សម្រាប់បម្រើដល់ខ្សែរថភ្លើងល្បឿនលឿន តភ្ជាប់អាកាសយានដ្ឋានចំនួន៣។

លោក Manote Nongyai អភិបាលរងនៃទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា បានមានប្រសាសន៍ថា “ការផ្តោតសំខាន់នៃការអភិវឌ្ឍន៍នឹងស្ថិតនៅជុំវិញ Soi Chaiyaporn Withee នៅក្នុង tambon Nong Prue នៃស្រុក Bang Lamung”។

ខ្សែរថភ្លើងល្បឿនលឿនប្រវែង២២០គីឡូម៉ែត្រ ដែលតភ្ជាប់អាកាសយានដ្ឋានចំនួន២របស់ទីក្រុងបាងកក គឺដុនមឿង និងសុវណ្ណភូមិ ជាមួយអាកាសយានដ្ឋានអ៊ូតាប៉ាវ ក្នុងខេត្តរ៉ាយ៉ង គឺជាធាតុសំខាន់មួយនៃការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) របស់រដ្ឋាភិបាលថៃ។

ខ្សែផ្លូវដែកនេះ នឹងត្រូវចំណាយទឹកប្រាក់ ប្រហែល៦,៤៨ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។

លោកManote Nongyai បានមានប្រសាសន៍ថា “បណ្តុំនៃស្ថានីយ៍ប៉ាតាយ៉ា និងការអភិវឌ្ឍន៍ពាក់ព័ន្ធ នឹងគ្របដណ្តប់លើផ្ទៃដីទំហំ១៤៤ហិកតា ហើយគម្រោងប្រើប្រាស់ចម្រុះនេះ នឹងរួមបញ្ចូលមិនត្រឹមតែស្ថានីយ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏មានខុនដូ និងហាងលក់រាយផងដែរ”។

លោកManote ក៏បានផ្តល់ការធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធរថភ្លើងធុនស្រាល ដែលបានគ្រោងទុកសម្រាប់ទីក្រុងប៉ាតាយ៉ា ដែលជាប្រធានបទនៃសវនាការសាធារណៈជាច្រើនផងដែរ។

លោក​បាន​បញ្ជាក់ថា ខ្សែ​មេ​ប្រវែង៨,៣ គីឡូម៉ែត្រ​នឹង​មាន​ចំណត​ចំនួន១៣ ដោយ​នឹង​ពង្រីក១,៨គីឡូម៉ែត្រ​ទៅ​កំពង់ផែ Laem Bali Hai ហើយនឹងត្រូវបានភ្ជាប់ទៅនឹងខ្សែរថភ្លើងល្បឿនលឿនEEC ។

លោកបានបន្ថែមថា “គម្រោងនេះ នឹងចំណាយប្រាក់យ៉ាងតិច២០,៨ពាន់លានបាត ក្នុងការបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនឯកជន”៕

អ្នកអភិវឌ្ឍន៍ធំមួយនៅស្រុកបន្ទាយស្រីកំពុងប្រែក្លាយសុបិនយុវជនឆ្ពោះទៅកាន់អាជីពបាល់ទាត់លំដាប់អន្តរជាតិ

ដោយៈគង់ សូរិយា

       សៀមរាបៈ ជាមួយនឹងផែនការ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ អ្នកអភិវឌ្ឍន៍គំរោងដ៏ធំទំហំ៣០០ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀម​រាប បានជ្រើសរើសយុវជនវ័យក្មេង មានទេពកោសល្យមួយក្រុម ដើម្បីប ណ្តុះ​បណ្តាលអាជីពបាល់ទាត់ ដ៏មានសក្តានុពល។

ប្រធានក្លឹបសៀមរាប យូណាយធីត ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោង “បំពេញរាជ” បាននិងកំពុងសាងសង់ផ្ទះលំហែរកាយ ដីលំហែរ កីឡាដ្ឋានតាមបទដ្ឋានអន្តរជាតិ ទីតាំងលំហែរ ដើមឈើធំៗចំនួន២០០ប្រភេទ និងសេវាកម្មបំរើទេសចរណ៍ជាច្រើនទៀត ដើម្បីបំពេញបន្ថែមនូវសក្តានុពល​មូលដ្ឋានដែលមានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ​ណ៍ជាតិ អន្តរជាតិទៅទស្សនាស្រុកបន្ទាយស្រីខេត្តសៀមរាប។

ជាក់ស្តែងនៅថ្ងៃទី២៤ កុម្ភៈនេះ អ្នកអភិវឌ្ឍន៍គំរោងនេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយពីសកម្មភាព និងផែនការរបស់ក្លឹបសៀមរាបយូណាយធីត និងពិសារអាហារសា​មគ្គីជុំគ្នា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោក ទៀ សុខា​  មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ។

ក្លឹបបាល់ទាត់សៀមរាបយូណាយធីត បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែក្លឹបបាល់ទាត់មួយនេះ មានចក្ខុវិស័យខ្ពស់ក្នុងការជំរុញការបណ្ដុះបណ្ដា​លយុវជន ឱ្យក្លាយជាកីឡាករមានឈ្មោះបោះ សម្លេងលើឆាកអន្តរជាតិនៅពេលអនាគត ។

បច្ចុប្បន្ននេះ ក្លឹបបាល់ទាត់សៀមរាប យូណាយធីតបាន និងកំពុងបណ្ដុះបណ្ដាលធនធាន កីឡាករវ័យក្មេងយ៉ាងសកម្ម ជាមួយនឹងការបណ្ដុះបណ្ដាលអប់រំសុជីវធម៌របស់កីឡាករ បំណិនជីវិតដល់កីឡាកររបស់សៀម រាបយូណាយធីតពីព្រោះថា កីឡាករដែលល្អ មិនមែនមានតែជំនាញបច្ចេ កទេសផ្នែកកីឡារបស់ពួកគេប៉ុណ្ណោះទេ តែក៏ជាកីឡាករដែលមានសុជីវធម៌ សីលធម៌រស់នៅក្នុងសង្គមបានល្អផងដែរ  ។

ក្លឹបបាល់ទាត់សៀមរាបយូណាយធីត មានទីតាំងហ្វឹកហាត់កីឡាករពីរទីតាំង ដោយមួយនៅក្នុងក្រុងសៀមរាប និងមួយទៀតនៅក្នុងស្រុកបន្ទាយស្រី ដោយមានគ្រូបង្វឹកជាអ្នក ដែលមានជំនាញ មានបទពិសោធន៍សញ្ញាបត្រទទួលស្គាល់ ដោយស្ថាប័នបាល់ទាត់អន្តរជាតិ។ ចំណែកកីឡាកររបស់សៀមរាបយូណាយធីត ក៏ជាកីឡាករដែលមានភាពរឹងមាំទាំងកាយសម្បទា និងទឹកចិត្ត ។

សព្វថ្ងៃនេះ សៀមរាបយូណាយធីត មានកុមារថ្នាលចំនួន១៦នាក់ ដោយពួកគេ ក៏ទទួលបានការបណ្ដុះបណ្ដាល នៅសាលាអន្តរជាតិល្បីឈ្មោះក្នុងខេត្តសៀមរាប គឺវិទ្យាស្ថានអប់រំសាំងហ្គាពួរ ហើយកុមារថ្នាលទាំង១៦នាក់របស់សៀមរាបយូណាយធីត ក៏ត្រូវបានស្នាក់នៅក្នុងផ្ទះដែលផ្ដល់ជូនដោយក្លឹប បាល់ទាត់ដ៏ស្រស់ស្អាតក្នុងក្រុងសៀមរាប។

កីឡាកររបស់សៀមរាបយូណាយធីត ត្រូវតែចេះធ្វើការងារជាក្រុម ចេះយល់ដឹង និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ។

កុមារថ្នាលរបស់សៀមរាបយូណាយធីត ត្រូវចំណាយពេល២ម៉ោងជាមួយគ្រូបង្វឹករបស់ពួកគេជារៀងរាល់ថ្ងៃ ហើយនៅពេលចប់ការហ្វឹកហាត់ក្មេងៗទាំង១៦ត្រូវត្រលប់មកផ្ទះវិញ បោកសម្លៀកបំពាក់រៀបចំអាហារពេលល្ងាច។

នៅពេលញ៉ាំអាហារពេលល្ងាចរួច យុវជនក្មេងៗៗសៀមរាបយូណាយធីត ត្រូវឆ្លាស់វេនគ្នាត្រូវរៀនភាសាអង់គ្លេស បច្ចេកទេសឌីជីថលមុនពេលត្រូវធ្វើកិច្ចសាលារៀនម្ដងទៀត។ មុនពេលចូលគេង ក្មេងៗត្រូវបានអនុញ្ញាតឱ្យទាក់ទង ជាមួយមាតាបិតារបស់ពួកគេ៣០នាទី ហើយបន្ទាប់ពីនោះក៏អនុញ្ញាតឱ្យពួកគេជជែកពីបាល់ទាត់ ឬអ្វីដែលទាក់ទងនឹងការអភិ​វឌ្ឍវិស័យបាល់ទាត់ ។ ម៉ោង១០យប់ក្មេងៗទាំងអស់គឺត្រូវតែចូលគេង ។

ចក្ខុវិស័យដ៏ធំរបស់សៀមរាបយូណាយធីត គឺឆ្នាំ២០៣០ កម្ពុជាត្រូវចូលលេងក្នុងពានរង្វាន់World Cup ឱ្យបាន។

អ្នកគ្រប់គ្រងក្លឹបបាល់ទាត់សៀមរាបយូណាយធីត បានលើកឡើងជា​សំណួរថា “ខ្មែរយើងអាចសាងសង់អង្គរបាន ចុះហេតុអ្វីខ្មែរយើងជំនាន់ក្រោយរឿងអ្វី ដែលយើងមិនអាចចូលលេង ក្នុងពានរង្វាន់World Cup បាន”។ លោកបន្ថែមថា “ចាប់ពីពេលនេះតទៅ គឺជាពេលវេលាដែលត្រូវដុះខាត់ធនធានកីឡាករ របស់កម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចឱ្យបានគោ​លដៅ។

គំរោងអភិវឌ្ឍន៍ “បំពេញរាជ” បាននិងកំពុងសាងសង់ស្តាតសម្រាប់ហ្វឹកហាត់ដល់កីឡាករ ក្នុងក្លឹបសៀមរាប យូណាយធីត ក៏ដូចជា កីឡាករក្នុងកម្រិតតំបន់ផងដែរ ដែលបច្ចុប្ប្នកីឡាដ្ឋាន ដែលផ្ទុកមនុស្សបានជាង៤០០០នាក់បាននិងកំពុងបញ្ចប់ការសាងសង់ និងត្រៀមការសាងសង់កីឡាដ្ឋាន ដែលអាចផ្ទុកមនុស្សបានជាង២៥០០០នាក់ នៅឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខនេះ៕

   

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងបំពេញទស្សនកិច្ចកម្ពុជានិងចូលរួមពិធីស្រាយបួសសាសនិកឥស្លាមជាមួយសម្តេច​តេជោ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឲ្យដឹងថា តាមរយៈកំណត់ទូតដែលកម្ពុជាទទួលបាន ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោក Anwar Ibrahim នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលទើបចូលកាន់តំណែង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីស្រាយបួស របស់សាសនិកឥស្លាមជាមួយសម្ដេច នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង៧ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា មិនមែនជាប្រទេសកាន់សាសនាឥស្លាមក៏ពិតមែន ប៉ុន្ដែតែងតែរៀបចំជារៀងរាល់ឆ្នាំ ដោយធ្វើការជួបជុំគ្នារវាងនាយករដ្ឋមន្ដ្រី ជាមួយសាសនិកឥស្លាម ដើម្បីរៀបចំពិធីស្រាយបួសប្រកបដោយភាពស្និតស្នាល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា មានកំណត់ទូតមួយ នាយករដ្ឋមន្ដ្រីរបស់ម៉ាឡេស៉ី ដែលទើបឡើងថ្មី Anwar Ibrahim គាត់នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា រួចហើយចូលរួមស្រាយបួសតែម្ដង។ យើងមិនមែនជាប្រទេសមុស្លឹមទេ ប៉ុន្ដែយើងមានការជួបគ្នាជាប្រចាំឆ្នាំ ក្នុងពិធីស្រាយបួសជារៀងរាល់ឆ្នាំ ហើយប្រទេសដែលកាន់សាស​នាឥស្លាមមួយ នឹងមកចូលរួមទស្សនកិច្ចផ្លូវការ ហើយចូលរួមស្រាយបួសតែម្ដង

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា “កន្ល​ងទៅនៅពេលរាជរដ្ឋាភិបាល រៀបចំពិធីស្រាយបួស គឺតែងតែមានឯកអគ្គ​រដ្ឋទូតបណ្ដាប្រទេសកាន់សាសនាឥស្លាម ចូលរួម រួមទាំងអគ្គលេខាធិការអង្គការOICផងដែរ ហើយឆ្នាំនេះកាន់តែពិសេស ដោយសារមានវត្តមានរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី”។ សម្តេចបន្តថា “តាមរយៈអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់នេះ គឺបង្ហាញដោយឃើញពីភាព​សុខដុម​នីយកម្មរវាងជាតិសាសន និងសាសនានៅកម្ពុជា”។

 

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅថ្មីៗនេះ សម្ដេចទើបជួបសំណេះសំណាលអបអរសាទរ ខួប១០០ឆ្នាំ នៃគ្រិស្ដសាសនានៅកម្ពុជា ដែលមានអ្នកចូលរួមជាច្រើនម៉ឺននាក់។ បើតាមអ្វីដែលគ្រោងទុកនោះ សម្ដេចក៏នឹងជួបជាមួយអាចារ្យ និងយាយជីផងដែរ។

បើទោះបីរដ្ឋធម្មនុញ្ញ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ប៉ុន្ដែប្រមុខនៃរាជរដ្ឋាភិបាល បានបើកឱកាសឲ្យប្រជាពលរដ្ឋគោរព និងមានជំនឿសាសនាផ្សេងៗ ក្រៅពីព្រះពុទ្ធសាសនាដោយគ្មានការបង្ខិតបង្ខំនោះឡើយ ហើយក៏ទទួលបានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់។

យោងតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ឥស្លាម មានវិហារ/វត្ត ចំនួន៥៧៦កន្លែង, ស៊ូរ៉ាវ ចំនួន៧៩៧កន្លែង សាលាចំនួន៥៥៧កន្លែង អង្គការសមាគមចំនួន២៤កន្លែង។ សាសនិកខ្មែរឥស្លាមសរុបរួម ចំនួន៦៩៤,៦៧៥នាក់។

គ្រិស្តសាសនា មានវិហារ/វត្ត ចំនួន៧២៦កន្លែង, ស្នាក់ការថ្វាយបង្គំ ចំនួន១,៤៣៩កន្លែង សាលាចំនួន១,០១៣កន្លែង អង្គការសមាគមចំនួន១១៧កន្លែងមានបរិស័ទ ចំនួន១១៥,១២៣នាក់។

មហាយាន កន្លែងគោរពប្រតិបត្តិ ចំនួន២៦៩កន្លែង បរិស័ទរួម ចំនួន៣៦,៧២៨នាក់។ បាហៃកន្លែងគោរពប្រតិបត្តិចំនួន២២កន្លែង បរិស័ទ ចំនួន២,៨០៤នាក់។ កៅដាយកន្លែងគោរពប្រតិបត្តិ ចំនួន៣កន្លែង បរិស័ទ ចំនួន៤៤០នាក់៕

ក្រសួងកសិកម្មចាប់ផ្តើមអនុវត្តន៍កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

សិក្ខាសាលានេះបានចាប់ផ្តើម កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រកាសជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សានិងបញ្ជា​ក់ពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៣។

គម្រោងនេះមានរយៈពេល៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ។

លោករដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករចាកចេញពីភាពក្រីក្រ។

លោកបញ្ជាក់ថា “គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ដោយមិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ”។លោកបន្តថា “គោលនយោបាយនេះរំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។ សន្តិសុខស្បៀង គឺត្រូវធ្វើការងារក្នុងខ្សែច្រវាក់ផលិតកម្ម តាំងពីអ្នកផលិតរហូតដល់ទីផ្សារ ដោយធានាការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផងដែរ”។

លោកឌិត ទីណាបានបន្ថែមទៀតថា គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization​) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ក្នុងការកាត់បន្ថយការចំណាយ។ ជាមួយគ្នានេះដែរ ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដែលចំណាយតិចដូចជាប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យ ឬសូឡា ការប្រើប្រាស់ភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប ព្រមទាំងការចងសហគមន៍កសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រមទាំងទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញដល់គ្រប់ភាគី៕

 

ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines ចាប់ផ្តើមបើកផ្លូវហោះ ហើររវាងទីក្រុងភ្នំពេញ និងទីក្រុងស៊ិនជិន

ដោយ: គង់ លាងហួរ

ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានស្វាគមន៍ការហោះហើរពីទីក្រុង Shenzen ប្រទេសចិន ដោយក្រុមហ៊ុន Hainan Airlines ។នេះបើយោងតាមអាកាសយានដ្ឋានកម្ពុជា។

ប្រភពបានចង្អុលបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ផ្កាយ៥ Skytrax នឹងបើកដំណើរការជើងហោះហើរពីរដង ក្នុងមួយសប្តាហ៍ដែលបានចាប់ពីថ្ងៃទី២២ ខែកុម្ភៈ នៅថ្ងៃពុធនិងថ្ងៃអាទិត្យ រវាងទិសដៅទាំងពីរ។

ជើងហោះហើរត្រង់ថ្មីនេះ រវាងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងទីក្រុង Shenzhen នៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងជួយជំរុញដល់ការតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ។

ភ្ញៀវទេសចរចិន បានត្រឡប់មកកម្ពុជាឡើងវិញហើយ បន្ទាប់ពីរដ្ឋាភិបាលចិនបានលុបចោល ការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ កម្ពុជា​បានដាក់ចេញនូវគោលដៅ ​ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ចំនួន​៤,៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ ពោលគឺកើនឡើង​ពី​២,៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២២។

កាលពីខែមករាកន្លងទៅ កម្ពុជាទទួលាបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០.០០០នាក់ ក្នុងនោះភ្ញៀវទេសចរចំនួន២៥.០០០នាក់ ជាជនជាតិចិន ពោលគឺកើនឡើងរហូតដល់៩០១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ចំនួនជើងហោះហើរវាងចិន និងកម្ពុជាកំពុងមានសញ្ញាកើនឡើង ចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំនេះ ដែលវាជាសញ្ញាវិជ្ជមានមួយនៃការមកដល់របស់ភ្ញៀវទេសចរណ៍ ការធ្វើពាណិជ្ជកម្ម និងលំហូរវិនិយោគរបស់ចិន៕

ក្រុមហ៊ុនខេ អេចលែនរៀបចំកម្មវិធីពិសារអាហារជួបជុំដៃគូសហការក្រុមប្រចាំឆ្នាំ២០២៣

 ដោយៈ សហសេវិក

       ភ្នំពេញៈ នារាត្រីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកអគ្គនាយក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេអេច លែន បានរៀបចំពិធីជួបជុំ សំណេះ​សំណាល និងពិសារអាហារសាមគ្គីជូនដៃគូ​សហការធំៗ ប្រមាណ២០០​នាក់ នៅភោជនីដ្ឋានទន្លេបាសាក់២។

កម្មវិធីជួបជុំអាហារសាមគ្គីដ៏ធំនេះ មិនមែនត្រឹមតែជាការជួបជុំសប្បាយតែប៉ុណ្ណោះទេ តែជាឱកាសដ៏ធំមួយដែល លោកអគ្គនាយកថុន បូរ៉ា និងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន ខេអេច លែន ធ្វើការថ្លែងអំណរគុណ ជូនដៃគូរសហការធំៗ ដែលកន្លងមកនេះបានធ្វើការខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្ម លះបង់ទាំងពេលវេលា និងកំលាំងកាយចិត្ត ដែលជាកត្តារុញច្រាន ជួយជម្រុញ ក្រុមហ៊ុន ខេអេច លែន អោយរីកចំរើន ប្រែក្លាយពីក្រុមហ៊ុនតូច ទៅជាក្រុមហ៊ុនដ៏ធំមួយ មានកេរ្តិឈ្មោះលើវស័យអចលទ្រព្យ ក្នុងចំណោមក្រុមហ៊ុនអចលទ្រព្យធំៗ ផ្សេងដទៃទៀតក្នុងប្រទេស នាពេលបច្ចុប្បន្ន។

លោកអគ្គនាយក ថុន បូរ៉ា បានធ្វើការគូសបញ្ជាក់ថា ក្នុងនាមរូបគាត់ផ្ទាល់ ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងក្រុមហ៊ុន ខេ អេច លែន តែងតែគោរពស្រលាញ់យកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនដៃគូរសហការទាំងអស់របស់ក្រុមហ៊ុនស្មើៗគ្នា ធ្វើយ៉ាងណា ដៃគូរសហការទាំងអស់ទទួលបានភាពកក់ក្តៅ និងបន្តជោគជ័យរីកចំរើនជាមួយគ្នាបន្តទៀត។

    

លោកអគ្គនាយក ថុន បូរ៉ា ក៏បានស្នើសុំអោយដៃគូរសហការទាំងអស់បន្តប្រឹងប្រែង និងជម្រុញសកម្មភាពបន្ថែម ផ្តោតលើសកម្មភាពដែលត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំពុះពារជំនះនូវរាល់ឧបសគ្គ ក្នុងអំឡុងពេលដែលប្រទេសយើង​ កំពុងទទួលរងនូវផលប៉ះពាល់បន្តិចបន្តួច ពីវិបត្តិសេដ្ឋកិច្ចសកលនេះ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល សួរសុខទុក្ខរួចមក គណគ្រប់​គ្រងព្រមទាំងដៃគូសហការ បានអញ្ជើញចូលរួមពិសារភោជនីអាហារ ជុំគ្នា និងថតរូបទុកជាអនុស្សាវរីយ៍៕

ជប៉ុនកំពុងសិក្សាសមិទ្ឋិលទ្ឋភាពទន្លេសាបក្នុងខេត្តសៀមរាប និងក្រុងស្វាយរៀងលើប្រព័ន្ឋគ្រប់គ្រងទឹកកខ្វក់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន និងទីភ្នាក់ងារការងារប្រព័ន្ធលូជប៉ុន បានកំពុងបន្តដំណើរការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ត្រើយខាងកើតទន្លេរ ក្នុងក្រុងសៀមរាប និងក្រុងស្វាយរៀង។

ការសិក្សានេះធ្វើឡើងដោយផ្អែកលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ (MOC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងវិស័យគ្រប់​គ្រងប្រព័ន្ធទឹកខ្វក់ និងការផ្លាស់ប្តូរបច្ចេកទេស ក្នុងវិស័យទឹកកខ្វក់នៃប្រទេសទាំងពីរ។

លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណៈ​ការ និងដឹកជញ្ជូនបានមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) លើកទី៤ នៃ “គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានជម្រុញបន្ថែមពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួង ដែលបានដើរស្របគ្នាយ៉ាងល្អ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ នៃរដ្ឋសភា ២០១៨-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការងារអភិវឌ្ឍន៍ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការលើកកម្ពស់គុណភាព ជីវភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យកាន់តែប្រសើរឡើង ជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសំខាន់ៗ និងផែនការសកម្មភាពរបស់គណៈ កម្មាធិការសម្របសម្រួលរួមគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើកទី៤នេះ ដែលក្នុងនោះរួមមាន ការពិនិត្យរៀបចំអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងឯកសារគតិយុត្តផ្សេងៗ ត្រូវបានចាត់ទុកជាអាទិភាពការងារចម្បងរបស់ក្រុមការងារ ដើម្បីសម្របសម្រួលលើការងារប្រតិបត្តិការ និងគ្រប់គ្រងទឹកកខ្វក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ Ping An ក្រុងShenzhenប្រទេសចិនមានសេវាកម្មអ្វីខ្លះ?

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទោះមិនមានអាគារខ្ពស់ជាងគេនៅលើពិភពលោក ប៉ុន្តែប្រទេសចិន បានជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលសាងសង់អាគារខ្ពស់ៗច្រើនជាងគេលើពិភពលោក។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកមកបង្ហាញនូវ​អាគារកប់ពពកមួយ នៅប្រទេសចិន ដែលនោះគឺអគារPing An ដែលមានកម្ពស់រហូតដល់1,966 ហ្វីត (599.1 ម៉ែត្រ) ជាមួយនឹងជាន់115 ជាន់  ក្នុងនោះមានជាន់ក្រោមដីចំនួន៥ជាន់។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ បានបញ្ចប់ការសាងសង់ទាំងស្រុនៅឆ្នាំ២០១៧។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ Ping An ត្រូវបានគេស្គាល់ថាជាអគារខ្ពស់ជាងគេ នៅទីក្រុងShenzhen ដែលជាអគារខ្ពស់ទី២នៅក្នុងប្រទេសចិន និងជាអគារខ្ពស់ទី៤នៅលើពិភពលោក។

អគារនេះ រួមមានជាន់ការិយាល័យប្រហែល១០០ជាន់ ថែមទាំងមានទីតាំងសម្រាប់លក់រាយ និងវេទិកាសន្និសីទ ដែលអាចផ្ទុកបុគ្គលិកការិ​យាល័យបានជិត15,500នាក់ និងអ្នកដំណើរប្រហែល9,000 នាក់។

មជ្ឈមណ្ឌលលំដាប់អន្តរជាតិនេះ ដើមឡើយត្រូវបានរចនាក្នុងកម្ពស់ 660 ម៉ែត្រ ប៉ុន្តែដោយសារដែនកំណត់កម្ពស់អាកាសចរណ៍ ទីបំផុតវាត្រូវបានដាក់កម្រិតឱ្យសាងសង់ក្រោមកម្ពស់600 ម៉ែត្រវិញ៕

 

 

ផ្សារទំនើបAEON Mall3 កំពុងជំរុញសក្តានុពលដីធ្លីនិងការអភិវឌ្ឍ ក្នុងតំបន់ជុំវិញគម្រោង

ដោយៈ សុផារី

ភ្នំពេញ៖ គម្រោងវិនិយោគផ្សារទំនើបEAON Mall3  ដែលជាផ្សារទំនើបធំមួយ នៅក្នុងប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ បានកំពុងជំរុញការអភិវឌ្ឍតំបន់ជិតៗនោះ កាន់តែលឿនមួយកម្រិត មិនត្រឹមតែលើទីផ្សារផ្សារទំនើបតែប៉ុណ្ណោះទេ តែសម្រាប់អចលនទ្រព្យដីធ្លីទាំងមូល។

អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី២២ ខែកុម្ភៈថា តំបន់នេះ គឺជាតំបន់ថ្មី ដែលត្រូវបានបង្កើតឡើង សម្រាប់ទាក់ទាញបណ្តុំនៃប្រជាជននៅក្នុងស្រុក ជាពិសេស ប្រជាជនដែលរស់នៅតំបន់តាខ្មៅ ព្រែកឯង ខណ្ឌមានជ័យ ចម្ការដូង។ល។ ដែលអនុញ្ញាតឱ្យមានការប្រកបអាជីវកម្មលក់ដូរ និងកំសាន្ត។ល។

លោកមានប្រសាសន៍ទៀតថា “ប្រជាជននឹងសម្លឹងមើលឱកាស នៅក្នុងការវិនិយោគ លើទីផ្សារអចលនទ្រព្យផងដែរ ដូច្នេះតំបន់នេះនឹងក្លាយទៅជាតំបន់ប្រមូលផ្តុំការជួបជុំ ប្រជុំដោយហាងលក់ទំនិញធំៗ អាហារដ្ឋាននានា”។

លើកឡើងពីសក្តានុពលនៃទីតាំងនេះ លោកសុខនីមបានបន្ថែមថា សក្តានុពល នឹងរីកសាយភាយទៅកាន់តំបន់កៀកៗ ទីតាំងផ្សារទំនើបផងដែរ ហើយអាចនឹងមានការអភិវឌ្ឍ និងវត្តមាននៃអាគារខ្ពស់ៗ បន្ថែមទៀត។

ជាមួយគ្នានេះ អ្នកស្រីGrace Racchny អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៃ រាជធានីភ្នំពេញ គេសង្កេតឃើញថាតម្លៃដីធ្លី នៅក្នុងទីតាំងសក្តានុពលមួយចំនួន មិនមានការធ្លាក់ចុះនោះទេ ព្រោះទីតាំងទាំងនោះនឹងវិវត្តពីទីតាំងលំនៅឋាន (Residential) ទៅជាទីតាំងពាណិជ្ជកម្ម (Commercial)។ ជាក់ស្តែង តំបន់ផ្សារទំនើបអ៊ីអន៣ ចាប់តាំងពីផ្សារទំនើ បនេះត្រូវបានបង្កើតឡើងមក តំបន់នេះចាប់ផ្តើមមានការរីកចម្រើនខ្លាំង។

លោកស្រីបានអះអាងថា ការវិនិយោគដីធ្លីនៅទីតាំងម្ដុំផ្សារទំនើបមួយនេះ នឹងតែងតែផ្ដល់ផលចំណេញដល់អ្នកវិនិយោគិនជានិច្ច។ លោកស្រីបន្តរថា “ការវិនិយោគផ្សារទំនើបដ៏ធំរបស់ជប៉ុនមួយនេះ គឺមិនមែនវិនិយោគតែទៅលើផ្សារទំនើបមួយមុខនោះទេ គឺគាត់ផ្តោតទៅលើទីផ្សារដីធ្លី៨០ ទៅ៩០ភាគរយ”។

លោកស្រីបន្តថា “Portfolio របស់គាត់ធំ អញ្ចឹងហើយបានជាគាត់សម្ពោធដាក់ដំណើរការផ្សារទំនើបAEON Mall3 នៅក្នុងពេលវិបត្តិដ៏ធំ ព្រោះពួកគាត់មានលំហូរសាច់ប្រាក់ល្អ គាត់ជាក្រុមហ៊ុនមួយដែលមានការរៀបចំផែនការល្អ”។

ផ្សារទំនើបអ៊ីអនម៉ល មានជ័យ ជាផ្សារទំនើបមានផ្ទៃដីធំជាងគេនៅប្រទេសកម្ពុជា ក្រោមទុនវិនិយោគតម្លៃជិត២៩០លានដុល្លារអាមេរិក និងមានទីតាំងស្ថិត នៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)៕

ខេត្តសក្តានុពលចំនួន៣នឹងរំពឹងទទួលបានការទាក់ទាញវិនិយោគិនច្រើន នាពេលអនាគតឆាប់ៗនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សក្ដានុពលអចលនទ្រព្យជាពិសេសដីធ្លី នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ប៉ុន្តែនាពេលអនាគតឆាប់ៗនេះខេត្ត៣ រំពឹងថានឹងកាន់តែទាក់ទាញ ដល់ការវិនិយោគពីសំណាក់វិនិយោគ លើអចលនទ្រព្យបន្ថែម។

បណ្តាខេត្តទាំងនោះរួមមាន ខេត្តស្វាយរៀង សៀបរាប និងខេត្តបន្ទាយមានជ័យ ស្របនឹងខេត្តទាំង៣នេះ ក៏កំពុងមានផែនការរៀបចំនិង​ការដាក់ឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាល។

ខេត្តស្វាយរៀង នឹងត្រូវទាក់ទាញកាន់តែខ្លាំង នៅពេលឆាប់ៗនេះ ដោយសារតែគម្រោងធំៗ២របស់ដ្ឋបាន និងកំពុងអនុវត្តន៍ដំណើរការ និងកំពុងសិក្សា ក្នុងនោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងត្រូវបើកការ​ដ្ឋានសាងសង់នៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ខណៈផ្លូវរថភ្លើងល្បឿនលឿន ក៏រដ្ឋាភិបាលបានលើកជាគម្រោង ដើម្បីតភ្ជាប់ពីភ្នំពេញទៅកាន់ទៅក្រុង​បាវិតផងដែរ មុននឹងតភ្ជាប់ទៅកាន់ទីក្រុងហូ ជីម៉ិញប្រទេសវៀតណាម​។

អ្នកជំនាញអចលនទ្រព្យប្រចាំខេត្តមួយនេះ លោកថា ថេង បានឱ្យដឹងថាសក្ដានុពលខេត្តស្វាយរៀង នឹងកាន់តែទាក់ទាញខ្លាំងបន្ថែមទៀតជាពិសេសនៅ ក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ បាវិតចាប់ផ្ដើមដំណើរការសាងសង់ និងពេលផ្លូវនេះដាក់ដំណើរការជាផ្លូវការ ។

លោកបន្តថា ចាប់តាំងពីផ្លូវនេះ បានប្រកាសពីកាលបរិច្ឆេទបើកការសាងសង់អ្នកវិនិយោគ ចាប់ផ្ដើមចាប់អារម្មណ៍ លើការវិនិយោគក្នុងខេត្តស្វាយច្រើន ជាពិសេសនៅតំបន់ក្រុងបាវិតផ្ទាល់តែម្ដង ដែលធ្វើឱ្យសកម្ម​ភាពនៃការទិញលក់ដីធ្លីនៅតំបន់នេះ ចាប់ផ្ដើមមានសកម្មភាពកម្រើកជាងមុនបន្តិច។

ក្រលេកទៅមើលខេត្តសៀមរាបឯណោះវិញ ក៏នឹងត្រូវមានការអភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញ សៀមរាបផងដែរ ដែលគម្រោងនេះនឹងទាក់ទាញដល់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ស្របនឹងខេត្តមួយនេះក៏កំពុងមានសក្ដានុពលស្រាប់ទៅហើយ ដោយមានផ្លូវជាច្រើនខ្សែក្នុងក្រុងសៀម​រាប និងព្រលានយន្តហោះអន្តរជាតិថ្មី ត្រៀមបើកដំណើរការ គំរោងសាងសង់ខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប និងប៉ោយប៉ែត។

យ៉ាងណាក្ដីមកដល់ពេលនេះ ខេត្តសៀមរាប នៅមិនទាន់មានការអភិវឌ្ឍគម្រោងធំៗថ្មីៗនៅឡើយទេ ប៉ុន្តែអ្នកជំនាញនិងអ្នកអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះរំពឹងថា វិនិយោគិនទាំងក្នុង និងក្រៅស្រុក នឹងចូលមកកាន់ទឹកដីនៃខេត្តសៀមរាបឡើងវិញ ដើម្បីស្វែងរកការវិនិយោគបន្ត។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropnex Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងជួយលើកកំពស់កិត្យានុភាព ការវិនិយោគនៅខេត្តទេសចរណ៍នេះមួយកម្រិតទៀត ប៉ុន្តែល្បឿននៃការអភិវឌ្ឍ អាស្រ័យលើកំលាំងទិញ​របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ប៉ុន្តែអំណាចនៃការទិញនៅមូលដ្ឋាននៅមានកម្រិតនៅឡើយ។

អ្នកស្រីបន្តថា “យ៉ាងណា ការអភិវឌ្ឍន៍ព្រលានយន្តហោះ ផ្លូវ៣៩ខ្សែ និងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត នឹងជួយជម្រុញល្បឿ​ននៃការអភិវឌ្ឍក្នុងខេត្តនេះ កាន់តែប្រសើរនាពេលអនាគត”។

ចំណែកឯខេត្ត ដែលនឹងមានសក្ដានុពលកាន់តែខ្លាំង នាពេលឆាប់ៗខាងមុខមួយទៀតនោះ គឺបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត ដែលជាប់នឹងព្រំប្រទល់ប្រទេសថៃ។

ខេត្តមួយនេះ មានគម្រោងអភិវឌ្ឍធំមួយ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយគឺគម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ដែលមានទឹកប្រាក់វិនិយោគរហូតដល់៤ពាន់លានដុល្លារអាមេរិក។ នៅពេលគម្រោងនេះចាប់ផ្ដើម អ្នកវិនិយោគនឹងសម្លឹងពីឱកាស ក្នុងការស្វែងរកទីតាំងបណ្ដា​ក់ទុនវិនិយោគនានា ហើយនៅពេលគម្រោងនេះសាងសង់រួច ក៏រំពឹងថាអ្នកវិនិយោគកាន់តែច្រើន ក៏នឹងចាប់ផ្ដើមអនុវត្តគម្រោងរបស់ពួកគេផងដែរ។

ក្រៅពីខេត្តទាំងនេះ បណ្ដាខេត្តមួយចំនួនទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងមានការចាប់អារម្មណ៍ លើការវិនិយោគដីធ្លីជាបន្តបន្ទាប់ដូចគ្នា ស្របនឹងរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្តទាំងនោះដូចគ្នា។

កត្តាទាំងនេះ ក៏បាននឹងកំពុងជំរុញតម្លៃដីធ្លី តាមបណ្ដាខេត្តឱ្យមានតម្លៃដេញតាមពីក្រោយតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ៕