ឧកញ៉ាហួត អៀងតុងៈធនាគារហត្ថាសម្រេចបានតាមផែនការប្រចាំឆ្នាំ ជាមួយនឹងផែនការវិនិយោគលើបច្ចេកវិទ្យាក្នុងឆ្នាំ២០២៣

 ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ ទោះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលក្តី ប៉ុន្តែធនាគារហត្ថានៅតែសម្រេចបានវឌ្ឍនភាព និងតាមផែនការរបស់ខ្លួននៅឆ្នាំ២០២២នេះ ខណៈការរឹតបន្តឹងឥណទាននៅតែបន្តធ្វើ។

ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័​ព្ទកាលពីរសៀលថ្ងៃទី៩ ធ្នូកន្លងមកថា ក្នុងវិស័យនេះមិនមានសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយទេ ដូចគ្នានឹងធនាគារហត្ថា គឺយើងនៅតតែសម្រេចបានតាមផែនការរបស់ខ្លួន ទាំងការបញ្ចេញឥណទាន និងការដាក់ប្រាក់បញ្ញើររបស់អតិថិជន។

លោកឧកញ៉ាបានបន្តថា “ការសម្រេចបាននេះ ដោយសារធនាគារបានពង្រីកសក្តានុពល បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើង ក៏ដូចជាសេវាកម្មរបស់យើងបានផ្តល់ទំនុកចិត្ត និងភាពលឿនរហ័សដល់អតិថិជន”។លោក​បន្តថា “នៅឆ្នាំ២០២៣ខាងមុខនេះ យើងមិនពង្រីកសាខាថ្មីនោះទេ ប៉ុន្តែយើងនឹងពង្រីកការវិនិយោគលើបច្ចេកវិទ្យា ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួលប្រើប្រាស់”។

បច្ចុប្បន្នធនាគារមានសាខាចំនួន១៧៧ និងមានបុគ្គលិកជិត៧០០០នាក់នៅទូទាំងប្រទេស។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ទោះបីជាមានបញ្ហាប្រឈមនៅឆ្នាំាំ២០២៣ក្តី ក៏ធនាគារមិនកាត់បន្ថយបុគ្គលិកនោះទេ ប៉ុន្តែយើងនៅតែបន្តជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីពង្រីកសេវាកម្មរបស់យើង កាន់តែប្រសើ​រដល់អតិថិជន ដើម្បីពង្រឹងទំនុកចិត្តផង ជួយសម្រួលសេវាកម្មកាន់តែងាយស្រួលដល់អតិថិជនផង។

ធនាគារហត្ថា បានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុកសិករ បន្ទាប់ពីមានការទិញយកភាគហ៊ុនពីធនាគារក្រុងស្រ៊ី ជាធនាគារធំមួយនៅប្រទេសថៃ ហើយ​បន្ទាប់ពីក្លាយជាធនាគារពាណិជ្ជ ធនាគារហត្ថាបានក្លាយជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារឈានមុខធំៗនៅកម្ពុជា៕

ក្រុមហ៊ុន Air India បញ្ជាទិញយន្តហោះរហូតដល់ទៅ៥០០គ្រឿង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ

ដោយៈ សុខុម

ញូវដេលី: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India ជិតឈានដល់ការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ពីក្រុមហ៊ុនAirbus និងក្រុមហ៊ុន Boeing រហូតដល់ទៅ៥០០គ្រឿង ដែលជាចំនួនច្រើនមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមប្រភពក្នុងឧស្សាហកម្ម បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ។

ប្រភពដដែលបានបញ្ជាក់ថា ការបញ្ជាទិញនេះ រួមមាន យន្តហោះដឹកអ្នកដំណើរធុនតូចចំនួន៤០០គ្រឿង និងយន្តហោះធុនធំចំនួន១០០គ្រឿង ឬអាចច្រើនជាងនេះ ដែលរួមមានយន្តហោះធុន Airbus A350 និងយន្តហោះធុន Boeing 787 និង Boeing 777 ផងដែរ ហើយកិច្ចព្រមព្រៀងទិញយន្តហោះទាំងនេះ អាចនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចព្រមព្រៀងដ៏ធំសម្បើមបែបនេះ អាចនឹងមានតម្លៃលើស១០០ពាន់លានដុល្លារ ហើយវាស្ថិតក្នុងចំណោមកិច្ចព្រមព្រៀង បញ្ជាទិញយន្តហោះតែមួយលើកច្រើនបំផុតក្នុងពិភពលោក។

ទោះបីជាមានការលក់បញ្ចុះថ្លៃច្រើន កម្រិតណាក៏ដោយ ក៏កិច្ចព្រមព្រៀងនេះ នឹងមានតម្លៃយ៉ាងហោចណាស់រាប់សិបពាន់លានដុល្លារដែរ។

ឧស្សាហកម្មអាកាសចរណ៍ ចាប់ផ្ដើមមានតម្រូវការឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ប៉ុន្តែនៅតែប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗពីឧស្សាហកម្ម និងបរិស្ថាន។

ទោះជាយ៉ាងណា ក្រុមហ៊ុន Airbus និងក្រុមហ៊ុនBoeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ។

ចំណែកឯក្រុមហ៊ុន Air India ដែលគ្រប់គ្រងដោយក្រុមហ៊ុនTata Group ក៏មិនបានឆ្លើយតបភ្លាមៗដែរ ចំពោះសំណើសុំការឆ្លើយបំភ្លឺដែរ៕

គម្រោងToulKork Lane ប្រារពពិធីបញ្ចប់គ្រោងអគារទាំងមូលនិងត្រៀមរៀបចំឌីសាញផ្នែកខាងក្នុង

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអគារខុនដូប្រណិត Toulkork Lane ដែលស្ថិតនៅតំបន់ ដែលមានសក្ដានុពល ជិតអង់តែនទួលគោក បានបញ្ចប់គ្រោងអគារទាំងមូល  និងបានរៀបចំពិធីបើកការដ្ឋាន រៀបចំឌីសាញផ្នែកខាងក្នុងអគារ ដើម្បីពន្លឿនការងារឱ្យរួចរាល់ និងប្រគល់ជូនអតិថិជន ដែលបានទិញគម្រោ​ងរបស់ខ្លួន។

នៅក្នុងព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមហ៊ុនអភិវឌ្ឍន៍អគារខុនដូប្រណិតToulKork Lane បានរៀបចំពិធីនៅមុខអគាររបស់ខ្លួន និងមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនិងកម្មកររបស់ខ្លួន និងជាការបង្ហាញពីភាពជោគជ័យរបស់ខ្លួន ក្នុងការអភិវឌ្ឍអគារខុនដូក្នុងប្រទេសកម្ពុជា។

លោក Andy នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់នៃគម្រោង Toulkork Lane បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ធ្នូ២០២២នេះ គម្រោងអគារ ToulKork Lane នេះបានបញ្ចប់គ្រោងអគារទាំងមូលហើយ និងបានរៀបចំពិធីបញ្ចប់ និងបើកការដ្ឋានសាងសង់ ផ្នែកខាងក្នុងបន្តទៀត ដើម្បីបញ្ជាក់ប្រាប់អតិថិជន ចំពោះដំណើរការសាងសង់របស់យើង ដោយមិនមានការពន្យារពេល ឬមានការបង្អាក់ដំណើរណាមួយឡើយ។

លោកបន្តថា “អគារខុនដូបែបប្រណីតToulkork lane (ទួលគោកលែន)  ត្រូវបានអភិវឌ្ឍឡើងនៅលើផ្ទៃដី ទំហំ១,១០០ម៉ែត្រការេ និងមានផ្ទៃសំណង់សរុបទំហំ២១,០០០ម៉ែត្រការេ មានកម្ពស់២១ជាន់ ស្មើនឹងជាង៧០មែត្រ ដោយក្នុង១ជាន់មានចំនួន២៣យូនីត និងសរុបជាង៤០០យូនីត”។

គម្រោងមួយនេះមានចំណតរថយន្តធំទូលាយ ដែលអាចចតបានរថយន្តរហូតទៅដល់ជាង៨០ចំណត និងបំពាក់ទៅដោយឧបករណ៍សុវត្ថិភាពបែបទំនើប។ គម្រោងនេះ សម្រេចបានការសាងសង់ជាង៨០%រួចទៅហើយ និងបានកំពុងទទួលបានការគាំទ្រ ពីសំណាក់បណ្តាក្រុមហ៊ុនជាដៃគូ ក៏ដូចជាបណ្តាអតិថិជន ជឿទុកចិត្តគួរឲ្យកត់សម្គាល់ ដោយគ្រាន់តែត្រឹម    រយៈពេលតែជាង២ខែមកនេះ ការលក់គម្រោងToulKork Lane សម្រេចបានរហូតទៅដល់ជាង៣០ភាគរយ ដោយមានអតិថិជនជាច្រើនមកទស្សនា និងគ្រោងទិញគម្រោងរបស់ខ្លួន ជាហូរហែរឥតដាច់ជារៀងរាល់ថ្ងៃ៕

គំរោងសេចក្តីព្រាងនៃកិច្ចសន្យាPPPCនៃគំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានបញ្ចប់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន Public-Private Partnership Contract(PPPC) នៃគម្រោងហេដ្ឋារចនាស   ម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យានាដើមឆ្នាំក្រោយ។

កិច្ចប្រជុំនេះដឹកនាំ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពី លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងស្ថាប័ន អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយ៉់ាងផុសផុល នៅលើចំនុចសំខាន់ៗមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាង នៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចឯកភាព ផ្តល់ការយល់ស្របទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចសន្យាខាងលើ  ហើយនឹងត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេ​សទាំងពីរ កម្ពុជា-ចិននាដើមឆ្នាំ២០២៣ខាងមុខ៕

សម្តេចតេជោបង្ហើបពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបកំពុងស្ថិតនៅក្នុងការសិក្សា

ដោយៈសុផារី

ភ្នំពេញ: គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ តភ្ជាប់ទៅកាន់ខេត្តសៀមរាប កំពុងស្ថិតនៅក្នុងការសិក្សា ដើម្បីពន្លឿនកិច្ចការឈានទៅកាន់ជំហានបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជា កំពុងមានផ្លូវល្បឿនលឿនទី២មួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ នោះគឺផ្លូវល្បឿនលឿនភ្នំពេញបាវិត។ ជាពិសេស គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជាក៏កំពុងតែត្រូវបានសិក្សាហើយ ដោយរំពឹងថានឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗនេះផងដែរ។ នេះបើយោងតាមការសរសេរបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ទោះជាយ៉ាងណាក្តី សម្តេចតេជោមិនទាន់បានបង្ហើបថា ក្រុមហ៊ុនណាមួយ ឬក្រុមហ៊ុនសញ្ជាតិណាមួយជាអ្នកកំពុងសិក្សានោះទេ។

សម្តេចសរសេរថា “យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅបាវិតព្រំដែនវៀតណាម”។

សម្តេចបានសរសេរបញ្ជាក់ ដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋម្នាក់នៅលើផូសដដែល ដោយបានបញ្ជាក់ថា ចំពោះផ្លូវល្បឿនលឿន១ខ្សែទៀត ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប កំពុងស្ថិតក្នុងដំណាក់កាលសិក្សា។

កាលពីសប្តាហ៍មុន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួ​ងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បង្ហើបប្រាប់ពី ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនចំនួន៤ ក្នុងការសាងសង់គម្រោងដ៏ធំមួយនេះ ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ក៏កំពុងវិវឌ្ឍទៅមុខផងដែរ៕

លោកCooler Tanគំរោងឆ្នេរសមុទ្រកោងកាងលក់បាន៥០ភាគរយហើយ

 ដោយៈ និស្ស័យ

       ខេត្តកែបៈ ជាមួយនឹងការលើកទឹកចិត្តអតិថិជន និងបុគ្គលិកទីផ្សាររបស់ខ្លួន លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលកំពុងវិនិយោគគំរោងឆ្នេរសមុទ្រកោងកាង បានបង្ហើបឲ្យដឹងថា រហូតមកទល់ពេលនេះ គំរោងនេះលក់បាន៥០ភាគរយហើយ។

       លោកបានបន្តថា សូមប្រឹងប្រែងមួយដង្ហើមទៀត យើងនឹងសម្រេចបានជោគជ័យហើយ។

លោកCooler Tan បានបង្ហើបនូវគំរោងដីលំហែរស្តង់ដាគំរូមួយ សម្រាប់ទីផ្សារដីលំហែរ និងអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ ដោយសារលោកមានទស្សនវិស័យ ផែនការយុទ្ឋសាស្រ្ត ការដឹកនាំការឌីសាញគំរោង មានទុនក្នុងដៃគ្រប់គ្រាន់ និងបានចំណាយប្រាក់ លើ់ហេដ្ឋារចនាសម្ព័ន្ឋនានាយ៉ាងច្រើន។

គំរោងឆ្នេរសមុទ្រកោងកាង បានចំណាយប្រាក់ប្រមាណ១លានដុល្លារអាមេរិក សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ ស្ពានដើរកំសាន្តជាប់ដៃសមុទ្រប្រវែង១គីឡូម៉ែត្រ សាងសង់ព្រែកសប្បនិម្មិត ភ្ជាប់ជាមួយព្រែកធម្មជាតិ ដាំដើមដូងប្រមាណ៥០០ដើមក្នុងគំរោង និងហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗជាច្រើនទៀត។

លោកCooler Tanបានបន្តថា ទីផ្សារដីលំហែរ នៅតែមានលទ្ឋភាពរីកចម្រើនបន្តទៀត ប៉ុន្តែវាបានឈានមកដល់ទស្សនទាន នៃការអភិវឌ្ឍថ្មី ដោយទាមទារឲ្យអ្នកវិនិយោគ ចំណាយប្រាក់ច្រើនលើហេដ្ឋារចនាសម្ព័ន្ឋច្រើន មានគំនិតច្នៃប្រឌិត និងបង្កើតក្តីស្រម៉ៃឲ្យបាន​ច្រើនដល់អ្នកចង់បានដីលំហែរ ជាជាងរៀបចំអភិវឌ្ឍន៍គ្រាន់តែបោះបង្គោលតូចៗចោលដោយមិនបានធ្វើអ្វីសោះ៕

សម្ដេចតេជោ ផ្ដល់អនុសាសន៍គន្លឹះ៨ចំណុចដល់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក

ដោយ​៖វឌ្ឍនៈ

ព្រះសីហនុ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំអង្គមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២នេះ ។ នៅក្នុងពិធីបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អនុសាសន៍៨ចំណុចដល់សមាជិកក្លឹបដែលបានចូលរួមក្នុងអង្គមហាសន្និបាតនេះ ។

១. ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយនឹងការអភិវឌ្ឍនៃបណ្ដាប្រជាជាតិនៅលើសាកលលោក ។ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ ។

២. កម្ពុជា ប្ដេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាង៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក ។ យើងត្រូវប្ដេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ ។

៣. ស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សានិងផ្លាស់ប្តូរយោបល់ ជុំវិញការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណតថ្ងៃទី ២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃ កម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្ដាខេត្តឆ្នេរទាំង៤ ។

៤.ស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ ។ ក្នុងន័យនេះសូមស្នើឱ្យប្រធានក្លឹបនិងសមាជិកក្លឹប ទាំងអស់ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន។

៥.សូមស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចុះ ។

៦. ដើម្បីបបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅ របស់ក្លឹប ហើយក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីះនុ ត្រូវរៀបចំឱ្យមានកន្លែងបំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍និងមួយទៀតនៅក្រុងព្រះសីហនុ សម្រាប់ដំណើរការលេខាធិការដ្ឋាននេះ ។

៧. ជាមួយនឹងបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោកប្រ៊ូណូ បូដាដ ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់គាំទ្រកម្ពុជាជាសមាជិកក្រុបប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ(2023-2025) ក្រោមការដឹកនាំរបស់លោក ល្វីស ធើបុល ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់ ។

៨.ជាមួយក្ដីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តចេញនូវធម្មនុញ្ញឆ្នេរ សម្ដេចសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោលដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួន ៕

សេដ្ឋវិទូព្យាករណ៍ថា GDPរបស់ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣៥

ដោយ: លាងហួរ

ប៉េកាំង: យោងតាមការព្យាករណ៍ចុងក្រោយដោយក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តដើរនៅលើផ្លូវឈានឆ្ពោះ ទៅបញ្ចប់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី១ លើពិភពលោក របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣៥។

យោងតាមសេដ្ឋវិទូចំនួន២រូបគឺ លោក Kevin Daly និងលោកTadas Gedminas បានអះអាងថា កំណើនសក្តានុពលនៅក្នុងប្រទេសចិន នៅតែមានកម្រិតខ្ពស់ជាងនៅសហរដ្ឋអាមេរិក។

 

ប្រទេសចិន បានបង្រួមគម្លាតខុសគ្នា រវាង GDP របស់ខ្លួន ជាមួយនឹង GDP របស់សហរដ្ឋអាមេរិករួចទៅហើយ  ដោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើងពី១២ភាគរយនៃ GDP របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០ដល់ក្រោម៨០ភាគរយ។

យោងតាមរបាយការណ៍ ដែលព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណារហូតដល់ឆ្នាំ២០៧៥បានបង្ហាញថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន នឹងមានប្រហែល៤ភាគរយពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៩ ធៀបនឹង១,៩ភាគរយនៅក្នុងសហរដ្ឋអាមេរិក។

យោងតាមការព្យាករណ៍របស់ក្រុមសេដ្ឋវិទូដដែលបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន អាចធ្លាក់ចុះមកត្រឹម២,៥ភាគរយ ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣៩  ពោលគឺនឹងធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន៧,៧ភាគរយ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩។

ក្រុមសេដ្ឋវិទូបាននិយាយថា កំណើនសេដ្ឋកិច្ចយឺតយ៉ាវនេះ ត្រូវបានជំរុញដោយកត្តាប្រជាសាស្រ្ត ហើយវាបណ្តាលឱ្យអត្រាកំណើនសក្តានុពលរបស់ប្រទេសចិន ធ្លាក់ចុះទាបជាងបណ្តាប្រទេសអាស៊ីមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីន។

របាយការណ៍ដដែលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងមានជាមធ្យមតិចជាង៣ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយវានឹងបន្តធ្លាក់ចុះ ជាលំដាប់ ដោយសារតែ កំណើនប្រជាជនកាន់តែចុះទន់ខ្សោយ។

នៅក្នុងសមាជគណបក្សលើកទី២០របស់ប្រទេសចិន កាលពីខែតុលា ទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងសម្រេចឱ្យបានកម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៃប្រទេសអភិវឌ្ឍន៍មធ្យមនៅឆ្នាំ២០៣៥ ដែលមានន័យថាចិននឹងបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗឱ្យបានយ៉ាងហោចណាស់២មុឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ដើម្បីសម្រេចបាននូវគោលដៅនេះ អត្រាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិន គួរតែមានមិនតិចជាង៤,៧៣ភាគរយ ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា វាអាចនឹងពិបាកសម្រេចទៅបាន  ខណៈចំនួនប្រជាជនដែលមានវ័យចំណាស់ របស់ប្រទេសចិនកំពុងកើនឡើង។

 

លោក Kevin Daly បានបន្ថែមថា ភាពខ្លាំងពិសេសរបស់ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ  គឺជាហេតុផលមួយផ្សេងទៀត សម្រាប់ការពិនិត្យមើលឡើងវិញរយៈពេល១០ឆ្នាំក្រោយ នៅពេលប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលេខ១នៅលើពិភពលោក ។

ទោះបីជាយ៉ាងណា ភាពខ្លាំងរបស់ប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់យ័នរបស់ចិន  ទំនងជានឹងធ្លាក់ចុះ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ  ដែលកត្តានេះនឹងផ្តល់នូវ មូលដ្ឋានបន្ថែមទៀត សម្រាប់ប្រទេសចិន ដើម្បីវ៉ាដាច់សហរដ្ឋអាមេរិក។

របាយការណ៍ដដែលក៏បានព្យាករណ៍ផងដែរថា ឥទ្ធិពលនៃផលិតផលក្នុងស្រុកសរុបពិភពលោក នឹងផ្លាស់ប្តូរកាន់តែច្រើនឆ្ពោះទៅកាន់តំបន់អាស៊ីក្នុងរយៈពេល៣០ឆ្នាំខាងមុខ  ហើយប្រទេស ដែលនឹងមានសេដ្ឋកិច្ចធំជាងគេទាំង៥របស់ពិភពលោកនៅឆ្នាំ២០៥០ រួមមានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី និងអាល្លឺម៉ង់។

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០៧៥ ប្រទេសឥណ្ឌានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក បន្ទាប់ពីប្រទេសចិន៕

ក្រសួងការពារជាតិអាមេរិកចំណាយប្រាក់រហូតដល់៩ពាន់លានដុល្លារឱ្យក្រុមហ៊ុនយក្សចំនួន៤ជួយកសាងបណ្ដាញCloud

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន៤ រួមមាន ក្រុមហ៊ុន Google ក្រុមហ៊ុន Oracle ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon នឹងចែករំលែកគ្នានូវកិច្ចសន្យា តម្លៃ៩ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ ដើម្បីកសាងបណ្តាញរក្សាទុកទិន្នន័យ ឬ Cloud Computing របស់ខ្លួន។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឱ្យដឹងថា គម្រោងបណ្ដាញផ្ទុកទិន្នន័យមានឈ្មោះថា Joint Warfighter Cloud Capability (JWCC) របស់ក្រសួងការពារជាតិអាមេរិក ខាងលើនេះត្រូវគេជឿថា នឹងអនុញ្ញាតឱ្យចូលទៅកាន់ទិន្នន័យទូទៅធម្មតា ទិន្នន័យសម្ងាត់កម្រិតមធ្យម និងទិន្នន័យសម្ងាត់កម្រិតកំពូលរបស់យោ​ធាទូទាំងពិភពលោក។

តាមការរំពឹងទុក បណ្ដាញផ្ទុកទិន្នន័យនេះ នឹងក្លាយជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ប្រតិបត្តិការសង្រ្គាមនាសម័យទំនើប របស់មន្ទីរបញ្ចកោណ ដែលនឹងពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) និងផ្កាយរណបទំនាក់ទំនងអវកាស។

ទោះជាយ៉ាងណា បណ្ដាញផ្ទុកទិន្នន័យដូច Cloud Computing នៅតែចាំបាច់ខ្លាំង ដើម្បីទទួលបានការសម្ងាត់ពីកងទ័ពជើងគោក។

មន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍ថា កិច្ចសន្យានេះនឹងត្រូវផ្តល់ឱ្យក្រុមហ៊ុនជាផ្នែកៗ ហើយការងារកសាងបណ្ដាញផ្ទុកទិន្នន័យនេះ​គ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៨។

មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា នៅក្នុងការដណ្ដើមយកកិច្ចសន្យារបស់ក្រុមហ៊ុនធំៗ និងរបស់រដ្ឋាភិបាលនានា សម្រាប់ការកសាងបណ្ដាញ Cloud Computing។

*អ្វីទៅជាសេវាកម្ម Cloud ឬ Cloud Computing?

ជាធម្មតាទិន្នន័យរបស់កម្មវិធីវេបសាយ ត្រូវបានគេរក្សារទុកក្នុងម៉ាស៊ីនតាមក្រុមហ៊ុន ឬទីកន្លែងដោយឡែកៗពីគ្នា។ តែការធ្វើដូចនេះតម្រូវឱ្យចំណាយច្រើនលើហាដវែរ (Hardware) គ្រប់គ្រងថែទាំម៉ាស៊ីន ការការពារសុវត្ថិភាពទិន្នន័យ ជាដើម។ ដោយសារបញ្ហាទាំងអស់នេះហើយទើបមានសេវាកម្ម Cloud ឬ Cloud Computing ចេញមក។

សេវាកម្ម Cloud ឬ Cloud Computing គឺជាសេវាកម្មដែលអាចធ្វើការគ្រប់គ្រង រក្សាទុក ឬ ប្រតិបត្តិទិន្នន័យនៅកន្លែងរួមមួយ។ ការធ្វើដូចនេះយើងមិនចាំបាច់មានហាដវែរដោយខ្លួនឯងទេ ហើយក៏មិនចាំបាច់មានទីកន្លែងទុកហាដវែរនោះដែរ ពីព្រោះអ្វីៗគឺផ្តល់ដោយក្រុមហ៊ុន ដែលផ្តល់សេវាកម្ម Cloud។ អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែបង់ថ្លៃនូវអ្វី ដែលយើងបាន    ប្រើ៕ Arab News៕

ក្រុមហ៊ុនអចលទ្រព្យខ្នាតយក្សធំបំផុតទី៤របស់ប្រទេសចិនបង្ហាញផែនការសងបំណុលចំនួនជាង៩ពាន់លានដុល្លារ

ដោយ: លាងហួរ

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំលំដាប់ទី៤ របស់ចិន Sunac China Holdings បានដាក់ចេញនូវផែនការរៀបចំរចនាសម្ព័ន្ធបំណុលចំនួន៩,១ពាន់លានដុល្លារអាមេរិក  កាលពីថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្រុមហ៊ុន  ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉េកាំងមួយនេះ បានស្នើសុំការផ្លាស់ប្តូរបំណុល ពីទឹកប្រាក់៣ពាន់លានដុល្លារ ទៅ៤ពាន់លានដុល្លារ ទៅជាភាគហ៊ុនធម្មតា។

ចំណែកបំណុល  ដែលនៅសេសសល់បច្ចុប្បន្ន នឹងត្រូវបានបំប្លែងទៅជាមូលបត្របំណុលសាធារណៈ ដែលតំណាងដោយប្រាក់ដុល្លារ  និងមានកាលបរិច្ឆេទកំណត់សង ចាប់ពី២ទៅ៨ឆ្នាំ។ រីឯការទូទាត់អត្រាការប្រាក់ នឹងមិនត្រូវធ្វើឡើងក្នុងរយៈពេល២ឆ្នាំដំបូងនោះទេ។

ក្រុមហ៊ុន Sunac ដែលជាប់ចំណាត់ថ្នាក់ជាអ្នកអភិវឌ្ឍន៍ធំជាងគេទី៤របស់ប្រទេសចិន បើគិតពីការលក់ក្នុងឆ្នាំ២០២១ បានអះអាងថា ខ្លួនបានទទួលការឯកភាព ពីសំណាក់ក្រុមម្ចាស់បំណុល  ដែលកាន់កាប់បំណុ​លលើសពី៣០ភាគរយ។

Sunac បានខកខានសងបំណុល ជាផ្លូវការកាលពីខែឧសភា បន្ទាប់ពីក្រុមហ៊ុននេះ ខកខានក្នុងការទូទាត់ការប្រាក់២៩,៥លានដុល្លារអាមេរិកលើមូលបត្របំណុលដុល្លារអាមេរិកនៅមុននេះ ហើយក្រុមហ៊ុនក៏បានខកខានសងបន្ទាប់ ពីរយៈពេលអនុគ្រោះរយៈពេល៣០ថ្ងៃ។

ផ្សារហ៊ុនរបស់ Sunac មិនត្រូវបានជួញដូរ  ចាប់តាំងពីខែមេសាឆ្នាំនេះ ដោយសារក្រុមហ៊ុនមិនបានបោះពុម្ពផ្សាយលទ្ធផលប្រចាំឆ្នាំ របស់ខ្លួននៅចុងខែមីនា ដូចតាមការតម្រូវរបស់ផ្សារហ៊ុនហុងកុង៕