កិច្ចប្រជុំកំពូលអាស៊ាន អាចហុចផលដល់វិស័យអចលនទ្រព្យនិងទាក់ទាញការវិនិយោគឬទេ?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ ហើយកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីបណ្ដាមេដឹកនាំអាស៊ាននិងពិភពលោកជាច្រើន។

ជាមួយនឹងវត្តមានមេដឹកនាំធំៗជាច្រើន រួមទាំងប្រធានាធិបតតីអាមេរិក អ្នកធុរកិច្ច វិនិយោគិនពីបណ្ដាប្រទេសនានាជាច្រើន ក៏បានចូលរួមស្វែងរកឱកាសវិនិយោគ និងសហការស្វែងរកដៃគូផងដែរ។

ប៉ុន្តែបើតាមអ្នកជំនាញនៃវិស័យ អចលនទ្រព្យបានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាននេះ នឹងអាចហុចផលតិចតួច ដល់ការវិនិយោគអចលនទ្រព្យនៅកម្ពុជា។

លោកកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី១០ វិច្ឆិកានេះថា កិច្ចប្រជុំកំពូលអាស៊ានជាកិច្ចប្រជុំមួយ ដែលផ្ដោតទៅលើនយោបាយច្រើនជាងកិច្ចការវិនិយោគនិងធុរកិច្ច។ ដូច្នេះកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសអាស៊ាន ក៏ដូចជាមេដឹកនាំពិភពលោក នឹងជជែកច្រើនទៅលើកិច្ចការនយោបាយអន្តរជាតិ។

លោកបន្តថា “ក្នុងកិច្ចប្រជុំនឹងហុចផលលើនយោបាយច្រើន ការវិនិ​យោគ ជាពិសេសទៅលើការវិនិយោគអចលនទ្រព្យ ប៉ុន្តែមិនមែនមានន័យថា អត់មានការជជែកពីកិច្ចការវិនិយោគិន និងការធ្វើពាណិជ្ជកម្មនោះដែរ”។

យ៉ាងណាដោយសារតែវិស័យអចលទ្រព្យយើង វាមានបញ្ហាប្រឈមពីវិបត្តិកូវីដ១៩ផង និងបញ្ហាសេដ្ឋកិច្ចសកលផង ជាពិសេសការវិនិយោកពីប្រទេសចិន បើសិនជាសេដ្ឋកិច្ចចិនល្អប្រសើរនោះ ការវិនិយោគអចលនទ្រព្យនៅកម្ពុជានឹងអាចល្អប្រសើរដូចគ្នា។លោកប៉ូ អ៊ាវគង់បញ្ជាក់។

ជាមួយគ្នានេះ អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia ក៏បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ាននេះ អ្នកនាងមិនហ៊ានផ្ដល់ជាទស្សនយ៉ាងណា ចំពោះផលប្រយោជន៍ដែលកម្ពុជាទទួលបានទៅលើការវិនិយោគ ក្នុងវិស័យអចលនទ្រព្យនោះទេ ពីព្រោះការវិនិយោគធំ លើអចលនទ្រព្យនៅកម្ពុជាយើង គឺមកពីប្រទេសចិន បើសិនជាចិនចូលមកច្រើន នោះការវិនិយោគអចលនទ្រព្យនៅកម្ពុជា នឹងអាចល្អប្រសើរវិញបាន ។

ចំណែកអ្នកនាងអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យPropNex Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វាជារឿងល្អដែរកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានធ្វើឱ្យស្គាល់ពីកម្ពុជាកាន់តែច្រើន ។ ដូច្នេះការវិនិយោគថ្មីៗពីតំបន់អាស៊ាន នឹងមានច្រើនបន្ទាប់ពីកិច្ចប្រជុំ។

អ្នកនាងបន្តថា “កន្លងមកអ្នកធុរកិច្ចចិន គឺជាអ្នកវិនិយោគច្រើនជាងគេមែន ប៉ុន្តែមិនមែនមិនមានជនជាតិដទៃ មកវិនិយោគអចលនទ្រព្យនៅកម្ពុជានោះទេ”។ អ្នកនាងបន្ថែមថា “ដូច្នេះហើយក្រោយកិច្ចប្រជុំកម្ពុជាគួរត្រៀមខ្លួន ក្នុងការស្វាមគមន៍វិនិយោគិនថ្មីៗ ដូចជា ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់នៃការវិនិយោគជាដើម”។

ធនាគារពិភពលោកប្រចាំកម្ពុជា ធ្លាប់បានលើកឡើងនាពេលកន្លងមកថា វិស័យអចលនទ្រព្យកម្ពុជាអាស្រ័យទៅលើសេដ្ឋកិច្ចរបស់ចិន ។ ក្នុងអំឡុងឆ្នាំ២០១៨ ឬ២០១៩ ជាពេលដែលសេដ្ឋកិច្ចរបស់ចិនមានសន្ទុះកំណើនខ្ពស់ ហើយកាលនោះកម្ពុជាក៏ទទួលបានផល ពីការវិនិយោគលើអចលនទ្រព្យច្រើនពីចិនដែរ តែនៅពេលដែលចិនចាប់ផ្ដើមមានវិបត្តិកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចនៅរយៈពេលចុងក្រោយនេះ ក៏ធ្វើឱ្យការវិនិយោគពីចិនមកកម្ពុជាក៏ថមថយ ។

បច្ចុប្បន្ននេះ ទាំងអ្នកវិនិយោគក្នុងស្រុក និងអ្នកសម្របសម្រួលលើការវិនិយោគអចលនទ្រព្យ ក៏កំពុងទន្ទឹងរង់ចាំមើលពីការវិលត្រលប់ របស់វិនិយោគិនចូលមកកម្ពុជាឡើងវិញផងដែរ ដើម្បីត្រៀមខ្លួនក្នុងការបន្តដំណើរការវិនិយោគលើអចលនទ្រព្យគម្រោងធំៗក្នុងប្រទេសកម្ពុជា៕

សារព៌តមានល្បីៗជាច្រើនរំលេចកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផែនទីកម្ពុជា ត្រូវបានបង្ហាញទៅកាន់ពិភពលោកជាថ្មី

ពិសេ​សបណ្តាញសារព៌តមាននានា បានចាប់យកមុំរឿងរបស់ពួកគេ ពីកុច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកទី៣នាពេលនេះ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំាំងជាងគេនោះ គឺវត្តមានរបស់លោកចូ បៃដិន​ប្រធានាធិបតីអាមេរិក ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលដ៏មានអត្ថន័យនេះ។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២  ដោយមានប្រមុខរដ្ឋ និងប្រមុខការទូតនៃប្រទេសក្នុងតំបន់ និងពិភពលោក បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ និង​​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ​លើ​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​សកលោក។

សារព័ត៌មានធំៗនៅលើពិភពលោក បានចុះផ្សាយព្រោងព្រាតពីការរៀបចំកិច្ចប្រជុំ និងការរំពឹងទុកនានា ព្រមទាំងចំណាប់អារម្មណ៍ផ្សេងៗពីគ្នា ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ។

កាសែត Global Times បានចុះផ្សាយពីកិច្ចប្រជុំនេះថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីជំរុញការអភិវឌ្ឍដ៏រឹងមាំ នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ចំណែកសារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយ ដោយដាក់ចំណងជើងថា ប្រទេស​អាស៊ី​អាគ្នេយ៍ មានភាពវិបត្តិរវាងទំនាក់ទំនងជាមួយ​រុស្ស៊ី​ ខណៈ​កិច្ចប្រជុំ​កំពូល​បានមកដល់។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ សម្លឹងមើលទៅរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ខណៈកិច្ចប្រជុំកំពូលពិភពលោកចំនួនបីបានមកដល់ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទីក្រុងមូស្គូឱ្យនៅដាច់ដោយឡែកពីគេ ដោយសារការឈ្លានពានអ៊ុយក្រែនក៏ដោយ។

ចំណែកសារព័ត៌មានស៊ិនហួររបស់ចិន បានចុះផ្សាយថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់អាស៊ាន ទទួលបានអត្ថប្រយោជន៍ ពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ BRIរបស់ចិន។ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)របស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសអាស៊ា នពង្រីកផ្លូវអភិវឌ្ឍន៍ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេរីកចម្រើន។

ចំណែកសារព័ត៌មានVOA  បានចុះផ្សាយពីកិច្ចប្រជុំអាស៊ានថា លោក Biden នឹងជួបជាមួយមេដឹកនាំនៃប្រទេសអេហ្ស៊ីប កម្ពុជា និងឥណ្ឌូនេស៊ី ។មន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោ​ក Joe Biden នឹងជួបជាមួយមេដឹកនាំនៃប្រទេសអេហ្ស៊ីប កម្ពុជា និងឥណ្ឌូនេស៊ី ក្នុងដំណើរទស្សនៈកិច្ចដ៏ទូលំទូលាយ ដែលរួមមានកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុអន្តរជាតិ និងកិច្ចប្រជុំអាស៊ាន និងក្រុមប្រទេសឧស្សាហកម្មចំនួន ២០។

សារព័ត៌មានដដែលក៏បានចុះផ្សាយផងដែរថា អ៊ុយក្រែនកំពុងជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទំនាក់ទំនងការបរទេសដ៏សំខាន់មួយ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅចុងសប្តាហ៍នេះ។

រីឯសារព័ត៌មានChannel News Asia របស់សិង្ហបុរី បានសរសេរចំណងជើងដ៏គួរឱ្យទាក់ទាញមួយ ដោយហៅកម្ពុជាថា “ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន” និងបានលើកគឡើងថា នាយករដ្ឋមន្ត្រីចិន ប្រកាសផ្តល់ជំនួយថ្មី សម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធកម្ពុជា។

សារព័ត៌មានជាច្រើនផ្សេងទៀត ក៏កំពុងតាមដានព្រឹត្តិការណ៍ និងលទ្ធផលកិច្ចប្រជុំអាស៊ាន ជាបន្តបន្ទាប់ផងដែរ៕

នាយករដ្ឋមន្រ្តីចិនៈ មិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា មានបទដ្ឋានគ្រឹះដ៏រឹងមាំ

ដោយៈ សុផារី

ភ្នំពេញៈ លោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន បានថ្លែងថា អរិយធម៌ប្រទេសចិន និងកម្ពុជាមានភាពរុងរឿង ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ដែលជាការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន មានភាពរឹងមាំ និងបានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ។

ថ្លែងក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន លើគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមនីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ លោកបានមានប្រសាសន៍ថា “មិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា គឺមានបទដ្ឋានគ្រឹះដ៏រឹងមាំ ហើយស្ថិតនៅក្នុងប្រជាជនទាំងពីរ មានការផ្លាស់ប្តូរវប្បធម៌យ៉ាងជិតស្និទ្ធបំផុត និងជាបទដ្ឋានដែលមានអត្ថន័យបំផុត សម្រាប់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ នឹងជះឥទ្ធិពលដល់មេត្រីភាពរវាងចិន និងកម្ពុជា”។

លោកបានបន្តថា “អរិយធម៌នីមួយៗ មានតម្លៃរបស់ខ្លួន ទើបកិច្ចសហប្រតិបត្តិការ រវាងប្រទេសនៅក្នុងពិភពលោក ផ្លាស់ប្ដូរខាងវប្បធម៌ ទើបធ្វើឱ្យអរិយធម៌មានភាពរឹងមាំ និងកាន់តែទទួលបានសមិទ្ធផល ជាផ្លែផ្កាបន្ថែមទៀត”។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការផ្លាស់ប្ដូរអរិយធម៌រវាងប្រទេសចិន និងកម្ពុជា ដោយសារប្រទេសទាំងពីរ សុទ្ធតែជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងជាយូរលង់ណាស់មកហើយ ហើយកម្លាំងនៃការតភ្ជាប់ និងការជំរុញកិច្ចសហប្រតិបត្តការរវាងចិន និងកម្ពុជាមានឥទ្ធិពលយ៉ាងខ្លាំង ដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន។

លោកលើកឧទាហរណ៍ជាក់ស្តែង សម័យអង្គរបានបង្ហាញពីអរិយធម៌ខ្មែរដ៏រុងរឿងអស្ចារ្យ ដែលជាមោទនភាពរបស់ប្រជាជនកម្ពុជា ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ត្រូវបានកត់ត្រាបង្ហាញ តាមរយៈសៀវភៅប្រវត្តិសាស្រ្ត ដោយបានបង្ហាញថា ប្រទេសតាំងពីរមានភាពជិតស្និទ្ធតាំងពីជាងមួយពាន់ឆ្នាំមុន៕

 

អ្នកជំនាញបង្ហើបពីមូលហេតុ និងរបៀបធ្វើឱ្យដីធ្លីឡើងថ្លៃនៅក្នុងទីផ្សារ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ការវិនិយោគដីធ្លី នៅតែជាការវិនិយោគមួយដ៏ល្អ និងមានឱកាសចំណេញខ្ពស់ ប៉ុន្តែតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យដីឡើងថ្លៃ និងមូលហេតុរបស់វា ពិតជាសំខាន់ណាស់ ដែលសាធារណៈជនអាចសិក្សាស្វែងយល់បន្ថែម។

អគ្គនាយក Brainland Real Estate លោកសោម លីហ៊ានដែលបានធ្វើការសិក្សាលំអិតពីទីផ្សារដីធ្លី មូលហេតុ និងវិធីធ្វើឲ្យដីឡើងថ្លៃបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា ប្រធានបទនេះមានសារៈសំខាន់មែនខ្លាំង សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ដីឡើងថ្លៃ តាមប្រ​ធា​នបទនេះ ខ្ញុំបាទចង់រំលេចនូវគោលបំណងធំៗ២ ទី១ ចង់បង្ហាញអំពីហេតុផលដែលធ្វើឱ្យ​ដីឡើង​ថ្លៃ និងទី២ ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នារួមចំណែក និងអាចក្លាយជាចំណែកដែលធ្វើឱ្យ​ដីនៅតែ​បន្ដ​ឡើង​ថ្លៃ​ដដែល

លោកបានបន្តថា យើងសូមបែងចែកហេតុផលចំនួន៥ធំៗ ដែលអាចធ្វើឱ្យដីធ្លី ឬផ្នែកដទៃទៀតនៃអចលនទ្រព្យ​ នៅ​ក្នុង​ស្រុក​ខ្មែរយើងឡើងថ្លៃ ហើយនៅតែបន្ដឡើងថ្លៃទៅមុខទៀត រួមមានដូចជា….

ចំណុចទី១ សុខសន្តិភាព

នៅនិយាយពីសុខសន្តិភាព យើងនឹកឃើញទៅដល់គោលនយោបាយដ៏រ៉ឹងមាំរបស់​រដ្ឋាភិបា​ល ដែលចង់បង្កើតសហគមន៍ សង្គមមួយដែលគ្មានជំលោះ គ្មានទំនាស់ក្នុងគ្រួសារ គ្មានទំនាស់ក្នុងសហគមន៍ គ្មានសង្គ្រាមស៊ីវិលក្នុងប្រទេស គ្មានសង្គ្រាមក្នុង​តំបន់ គ្មានសង្គ្រាមពិភពលោក។ កត្តាទាំងនេះហើយ វាចាប់ផ្ដើមចេញពីយើងប្រជាពលរដ្ឋទាំងអស់គ្នា។ យើងចាប់ផ្ដើមលុប​បំបាត់​បណ្ដើរៗ ហើយនៅតែរក្សាសន្តិភាពឱ្យនៅមានជារៀងរហូត។ ចំណែកតម្លៃដីធ្លីវានៅតែបន្តឡើងថ្លៃ។ នេះជាចំណុចទី១សំខាន់។

ចំណុចទី២ ការអភិវឌ្ឍ

វាជាចំណុចមួយសំខាន់ផងដែរ ដូចជា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គោលនយោបាយ​អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងមូលដ្ឋានច្បាប់ បទដ្ឋានគិតយុត្តិសព្វបែបយ៉ាង ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរបស់វិនិយោគគិនខ្មែរយើង និងអ្នកវិនិយោគ​មក​ពី​បរទេសមកអភិវឌ្ឍន៍ ក្នុងប្រទេសខ្មែរយើងទាំងមូល។

ជាក់ស្ដែង ដូចជា អ្នកធុរកិច្ចចិន កូរ៉េខាងត្បូង សិង្ហបុរី ហុងកុង វៀតណាម ថៃ ជប៉ុន ម៉ាឡេស៊ី ចិនតៃវ៉ាន់ បារាំង ឥណ្ឌា-ល។ ដែលអ្នកវិនិយោគមកពីប្រទេសទាំងអស់នេះ បាននិងកំពុងចូលមករកស៊ី​នៅស្រុកខ្មែរយើងច្រើន មិនថាតែវិស័យអចលនទ្រព្យ ឧស្សាហកម្ម បច្ចេកវិទ្យា ធនាគារ និងវិស័យជាច្រើន​ទៀត​។ ចំពោះវិនិយោគគិន នៅក្នុងស្រុកខ្មែរយើងវិញ គាត់បានសាងសង់បុរី ខុនដូ អាផាតម៉ិន ពុះដីឡូតិ៍​លក់ សាងសង់បុរី សាងសង់រោងចក្រជាដើម។

ពួក​គាត់​បាន​ចូលរួមចំណែកអភិវឌ្ឍន៍ ដូចជា ផ្នែកទី១ គឺហេដ្ឋារចនាសម្ព័ន្ធ “នេះជាសរសៃឈាម ជាបណ្ដាញ​សំខាន់​ ចំពោះ​វិស័យ​អចលនទ្រព្យ” មានផ្លូវ ទឹក លូ ជារួមមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដែលតភ្ជាប់​គ្នាពីភូមិ​មួយទៅភូមិមួយ ពីស្រុកមួយទៅ ស្រុកមួយ ពីខេត្តមួយទៅខេត្ត ពីរាជធានីទៅបណ្ដាទាំង២៥រាជធានី ខេត្ត ហើយការ​អភិវឌ្ឍផ្លូវទាំងនោះ ជាពិសេសមានផ្លូវល្បឿនលឿនផ្សេងៗ ដែល​រាជរដ្ឋាភិបាលសហការ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុកក្ដី ក្រៅស្រុកក្ដី គឺរដ្ឋាភិបាលធ្វើបានច្រើនទាក់ទង​ទៅហេដ្ឋារចនា​សម្ព័ន្ធ​នេះ។ ក្រៅពីនេះយើង​មាន​គម្រោង​ផ្លូវដែក ផ្លូវអាកាស ផ្លូវរដ្ឋភ្លើងល្បឿនលឿន មានគម្រោងជាច្រើន ដែលជា​កត្តា​ធ្វើឱ្យ​តម្លៃអចលន​ទ្រព្យបន្ដ​ឡើងថ្លៃផងដែរ។

ទាក់ទងនឹងការពង្រីកផ្លូវអាកាស រដ្ឋាភិបាលបានវិនិយោគព្រលាន​យន្តហោះថ្មីបន្ថែមទៀត ​ជាមួយ​នឹង​ព្រលានយន្ដហោះខ្នាតជាតិ ខ្នាតអន្ដរជាតិធំៗ ​ដែលជាកត្តាជំរុញឱ្យអ្នកវិនិយោគក្រៅស្រុកមកស្រុកខ្មែរ ​ងាយស្រួលក្នុង​ការធ្វើដំណើរ​ប្រើ​រយៈ​ពេលខ្លី។

កត្តាទាំង​អស់នេះហើយ ដែលធ្វើឱ្យដីធ្លីបន្ដឡើងថ្លៃខ្ពស់ និងខ្ពស់​បន្ថែម​ទៀតនាពេលអនាគត។

ផ្នែកទី២ គឺសេវាសាធារណៈ ដូចជា ផ្សារទំនើប ផ្សារសហគមន៍ សាលារៀន មន្ទីរពេទ្យ កន្លែងធ្វើការ ក្រុមហ៊ុន សហគ្រាស រោងចក្រ ការសាងសង់បុរី ខុនដូ ផ្ទះល្វែង ក្រសួង មន្ទីរស្ថាប័នរដ្ឋ-ឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល តំបន់ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ហាងរកស៊ីជាច្រើនដែលជាកត្តាជំរុញធ្វើឱ្យដីធ្លីឡើងថ្លៃ។

ចំណុចទី៣ កំណើនប្រជាជន និងតម្រូវការ

យោងតាមរបាយការណ៍វិទ្យាស្ថានជាតិស្ថិតិបានបង្ហាញថា កំណើនប្រជាជនខ្មែរ​យើងបានកើនឡើងរហូត ជាក់ស្ដែងក្នុង​ឆ្នាំ​១៩៦២ មកមានជាង៥លាននាក់ ក្នុងឆ្នាំ១៩៩៤ មាន៩លាននាក់ ក្នុងឆ្នាំ១៩៩៦ មានជាង១០លាននាក់ ក្នុង​ឆ្នាំ​១៩៩៨ មាន១១លាននាក់ ឆ្នាំ២០០៨ មាន១៣លាននាក់ ឆ្នាំ២០១៣ មាន១៤លាននាក់ ឆ្នាំ២០១៦ មាន១៥លាននាក់ ឆ្នាំ២០១៩ ជិត១៦លាននាក់។ ទាំងនេះជាតួលេខដែលបានពីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។

កំនើនប្រជាសាស្រ្តនេះ នឹងមានច្រើនជាងនេះទៀត តែនេះជា​សោកនាកម្មនៃនយោបាយ ដែលបំផ្លាញសន្តិភាព ធ្វើឱ្យកំណើតប្រជាជនធ្លាក់ចុះដែលនេះជាបទពិសោធន៍ ដែលយើងគួរការពារទាំងអស់គ្នាកុំឱ្យកើតឡើងទៀត(របបប៉ុល ពត)។

កំណើនប្រជាជនចេះតែច្រើនទៅៗ ដូចជា នៅរាជធានីភ្នំពេញ ដែលទំហំផ្ទៃដីបច្ចុប្បន្ន បាន​រីករហូតដល់ជាង៧០០គីឡូម៉ែត្រការ៉េ។ នេះជាទំហំផ្ទៃដីរដ្ឋបាល របស់សាលារាជធានីភ្នំពេញ ខណៈពេល​ប្រជាជនសរុបតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ មានដល់ទៅ១,៩លាននាក់ ជាតួលេខផ្លូវការ ដោយយើង​មិន​ទាន់រាប់បញ្ចូលសិស្សនិស្សិត អ្នកធ្វើការដែលគាត់មកបម្រើការងារ រកស៊ីពីតាមខេត្តមកភ្នំពេញបន្ថែមទេ។

អ្នកជំនាញខ្លះគាត់ថា បើបញ្ចូលគ្នាប្រជាជននៅរាជធានីភ្នំពេញទាំងអស់ គឺមានដល់ជិត៣លាននាក់ ដែលនេះជាកំណើនខ្ពស់ ធ្វើឲ្យកំណើន តម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការហូបចុក ស្នាក់នៅ ការរកស៊ីធ្វើការ និងត្រូវការផ្ទៃដីសម្រាប់សាងសង់ផ្ទះ សម្រាប់រកស៊ី ​សម្រាប់ផលិតកសិកម្ម ស្បៀងអាហារ រោងចក្រផ្សេងៗ។

ចំណុចទី៤ កម្ពុជាគ្មានគ្រោះធម្មជាតិ និងជំងឺរាតត្បាតផ្សេងៗ

ចំណុចនេះ ក៏ជាចំណុចសម្លាប់រស់ផងដែរ សម្រាប់​ប្រទេស​កម្ពុជា​យើងទាំងមូល ប៉ុន្តែវាជាសំណាងធំមួយសម្រាប់ខ្មែរយើង ដោយយើងមិនដែលមានគ្រោះរញ្ជួយដី គ្មានភ្នំភ្លើង​ផ្ទុះ ​ធ្វើឱ្យ​មានគ្រោះថ្នាក់មហន្ដរាយ ដល់ប្រជាជនយើង គ្មានរលកយក្សស៊ូណាមិនៅសមុទ្រផ្សេងៗ ដែលមិនបង្កផលប៉ះពាល់ខ្លាំងទេ។

លោកសោម លីហ៊ានបានបន្តថា “ចំណុចទាំងនេះនេះហើយ ដែល​ខ្ញុំគិតថាវាជាសំណាង​ធម្មជាតិមួយ គឺដូចទេវតា​ប្រទាន​ឱ្យប្រជាពលរដ្ឋ​កម្ពុជាយើង មិនដែលជួបទុក្ខភ័យធ្ងន់ធ្ងរ”។ លោកបន្តថា “មួយទៀតជំងឺរាតត្បាតផ្សេងៗសុទ្ធជាកត្តាសំខាន់ ជាក់​ស្ដែង​ដូចជំងឺកូវីដ-១៩ រាំងស្ទះគ្រប់វិស័យមិនត្រឹមតែវិស័យអចលនទ្រព្យមិនឡើងថ្លៃទេ វិស័យអ្វីក៏ប៉ះពាល់ផងដែរ”។

ក្រសួង​សុខាភិបាលបានចេញវិធានការណ៍ ទប់​ស្កាត់ ការការពារ ការដោះស្រាយជំងឺផ្សេងៗជាច្រើន ហើយយើងក៏បានចូលរួមការពារទាំងអស់គ្នា ដោយទទួលបានលទ្ធផលល្អដែរ។ ចំណុចនេះ ខ្ញុំគិតថាវាជា​មោទនភាព​មួយ​ដែរ ជាក់ស្ដែងដូចជា ជំងឺកូវីដ-១៩ យើងបានអនុវត្តន៍យុទ្ឋសាស្រ្ត បីកុំ បីការពារ និងចាក់វ៉ាក់សាំង ដើម្បីទប់ទល់ស្ថានភាពបានល្អប្រសើរ។

ចំណុចទី៥ តម្លៃធៀប

ចំណុចនេះជាចំណុចស្នូលមួយ ដែល​អាចធ្វើឱ្យដីធ្លី​របស់យើងនៅ​តែ​បន្ដ​ឡើងថ្លៃ។ បើនិយាយឱ្យស្រួលយល់ ខ្ញុំសុំធ្វើការប្រៀបធៀបតម្លៃដី នៅក្នុងប្រទេសកម្ពុជាយើង គឺនៅទីក្រុង​ភ្នំពេញ ​ជា​មួយនឹងតម្លៃដីនៅប្រទេសថៃ ក្នុងទីក្រុងបាងកកដូចគ្នា។

នៅភ្នំពេញតម្លៃដីបានលោតថ្លៃខ្ពស់បំផុត គឺចាប់ពី​១០,០០០ដុល្លា​រ​ក្នុងមួយម៉េត្រការ៉េ។ នេះតួលេខដែលក្រុមហ៊ុនធ្លាប់លក់បាន នៅក្នុងតំបន់ដែល​មានជន​បរទេស​ច្រើន នៅក្នុងខណ្ឌ៧មករា ឬខណ្ឌបឹងកេងកង។ បើយើងធៀបទៅទីក្រុងបាងកក នៅប្រទេសថៃវិញ តាម​របាយការណ៍ក្រុមហ៊ុន ​CBRE Thailand ចុះផ្សាយដោយព័ត៌មានThe Nation តម្លៃដីនៅឧទ្យា​នលំភិនី និងសង្កាត់សុខុមវិត ជាទីតាំងដែល​មានតម្លៃខ្ពស់ជាងគេ នៅទីក្រុងបាងកក។ តម្លៃដីនៅតំបន់នោះ បានកើនឡើងដល់ជាង៣០,០០០ដុល្លារ​ ក្នុងមួយ​ម៉ែត្រការ៉េ ហើយ​ក្នុងតំបន់សុខុមវិត តម្លៃជាង២០,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដូចនេះយើងអាចលើកជាសំណួរថា ​តើតម្លៃនៅស្រុកខ្មែរ នៅតែបន្តឡើងថ្លៃឬទេ សម្រាប់ខ្ញុំគិតថា “នៅតែឡើង” នៅពេលដែលនយោបាយសន្តិភាព និងផែន​ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនក្នុងស្រុក និងបរទេស។

បើគិតជារួមវិញ ការប្រៀបធៀប​តម្លៃ​ធៀបដីនៅស្រុកខ្មែរយើង គឺនៅមានកម្រិតទាបនៅឡើយ ​បើធៀបទៅនឹងប្រទេសជិតខាង។ នេះខ្ញុំប្រៀបធៀបត្រឹមប្រទេស​ថៃ ​ដែលមានភូមិផងរបងជាមួយគ្នាទេ។ យើងមិន​ទាន់គិតដល់ប្រទេសដទៃផង។

ចំណុចទាំងអស់នេះ ជាឱកាសមួយសម្រាប់​ប្រទេស​ខ្មែរ​យើង នៅពេលយើងចូលរួមអភិវឌ្ឍន៍ ចូលរួមគោរព​ច្បាប់ទាំងអស់គ្នា តម្លៃដីវានឹងកើនឡើងដូចគ្នា។

       ជាសំណូមពរដើម្បីឱ្យយើងទាំងអស់គ្នា ក្លាយជាចំណែកធ្វើឱ្យដីឡើងថ្លៃដដែល៖

  • សូមឱ្យខ្លួនយើងក្លាយជាប្រភពនៃសន្តិភាព ចូលរួមកាត់បន្ថយ ឬលុបបំបាត់ចោលទាំងស្រុង នូវជម្លោះ ទំនាស់ផ្លូវចិត្តរបស់យើង ជម្លោះទំនាស់ក្នុងគ្រួសារ សហគមន៍ ក្នុងប្រទេសទាំងមូល ចេះអធ្យាស្រ័យគ្នា​ ចេះចចារគ្នា ប្រកបដោយភាព ឈ្នះ ឈ្នះទាំងអស់គ្នា កុំកេងប្រវ័ញ្ច កិបកេង ឈ្លានពាន ​ព្រំប្រទល់របស់អ្នកជិត​ខាង ក៏​ដូចជាចូលរួមគោរពច្បាប់របស់រាជរដ្ឋាភិបាល។
  • ជួយផ្សព្វផ្សាយរឿងល្អៗ នៅក្នុងស្រុកខ្មែរយើងឱ្យបានច្រើន កុំឱ្យគេស្គាល់តាមរយៈរបបប៉ុល ពត តាមរយៈ​ទំនាស់​ដីធ្លី ដែលវាប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសយើង៕

 

នាយករដ្ឋមន្ត្រីចិនប្រកាសផ្តល់កញ្ចប់ជំនួយថ្មីចំនួន២៧,៦លានដុល្លារដល់កម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានប្រកាសកញ្ចប់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជាកាលពីថ្ងៃពុធ ទី០៩ វិច្ឆិកាក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន១៨ស្តីពី ជំនួយ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងចូលរួមក្នុងពិធីសម្ពោធផ្លូវល្បឿនលឿន ដែលសាងសង់ដោយមានការគាំទ្រពីប្រទេសចិន។

លោក លី ខឺឈាង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារទី០៨ ខែវិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ។

លោក លី ខឺឈាង គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំ ជាបន្តបន្ទាប់ជាមួយក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ហើយលោកក៏កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរផងដែរ។

ប្រទេសចិន គឺជាប្រភពនៃលំហូរវិនិយោគ និងម្ចាស់ជំនួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ទីក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍។

លោក លី ខឺឈាង និងសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១ ៨លើវិស័យនានា រាប់ចាប់ពីការសាងសង់ផ្លូវ ស្ពាន និងពាណិជ្ជកម្មកសិកម្ម រហូតដល់គម្រោងអប់រំ និងសុខភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានមានប្រសាសន៍ថា លោកលី ខឺឈាងបានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយចំនួន ២០០លានយ័ន(២៧,៦លានដុល្លារអាមេរិក) ដើម្បីជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ប្រទេសចិនក៏បានសន្យាថា នឹងបន្តគាំទ្រការស្ដារឡើងវិញនូវបេតិ​កភណ្ឌវប្បធម៌របស់កម្ពុជា បង្កើនចំនួននិស្សិតកម្ពុជា ដើម្បីទៅសិក្សានៅប្រទេសចិន ជួយក្នុងសកម្មភាពដោះមីន និងជួយរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ផងដែរ៕

  

សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារដើម្បីជំរុញទំនាក់ទំនងអាមេរិកនិងអាស៊ានដើម្បីទប់ឥទ្ឋិពលចិន

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តបង្ហាញការប្តេជ្ញាចិត្តចំពោះតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ខណៈពេលដែលគណបក្សប្រជាធិបតេយ្យ របស់លោកចូ បៃដិនអាចនឹងបាត់បង់ការគ្រប់គ្រងសភាតំណាងរាស្រ្ត ទៅឱ្យគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោកចូ បៃដិនទំនងជានឹងសង្កត់ធ្ងន់អំពី ជំហររបស់រដ្ឋបាលរបស់លោក ក្នុងការជំរុញទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ចំពេលមានការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់នេះ។

លោក ចូបៃដិន នឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិ​ជ្ជកម្មសំខាន់ៗចំនួន៨ រួមមាន ប្រទេសចិន និងរុស្ស៊ី ក្រោយមកលោកបៃដិននឹងធ្វើដំណើរទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។

លោក Joanne Lin Weiling អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថានISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន -អាមេរិកថ្មី(CSP) ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំ។

លោក Lin បានបន្តថា CSP នឹងនាំមកនូវមានការគាំទ្រកាន់តែច្រើនពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ការអនុវត្តរបស់អាស៊ាន ស្តីអំពីទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក(AOIP)។

កាលពីខែឧសភាកន្លងទៅនេះ លោកចូ បៃដិន បានរៀបចំការជួបជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោន ដែលលោកបានសន្យាថា នឹងចំណាយថវិកា១៥០លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមលក្ខណៈនៃជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕

គំរោងចំណាយសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតត្រូវបានបង្ហើប ឲ្យដឹងរួចហើយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​បង្ហើប​ពី​តម្លៃ​ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទៅ​បាវិត ដែល​គ្រោង​ចាយ​ថវិកា​វិនិយោគ​ប្រហែល១៦៣៨លាន​ដុល្លារ ខណៈការ​សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមានតម្លៃរហូតដល់២០០០លានដុល្លារ។

លោកស៊ុន ចាន់ថុលបានថ្លែង​ឲ្យដឹងបែបនេះ នៅ​ក្នុង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាព្រឹក​ថ្ងៃទី១០ វិច្ឆិកា ២០២២​លោក​រដ្ឋមន្រ្តីបាន​បញ្ជាក់​ថា ការ​ចំណាយ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន ​ទៅ​បាវិត​ថោកជាង​ គម្រោង​​សាងសង់​ទៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ចម្ងាយ​ផ្លូវ​ខ្លី​ជាង​តែ​ជាង១៣៨គីឡូម៉ែត្រ។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា “លើ​គម្រោង​ផ្លូវ​ល្បឿនលឿន​ទៅ​បាវិត នឹង​ត្រូវ​សាងសង់​ស្ពាន​ដ៏​ធំ​មួយ​ទៀត ​កាត់​ទន្លេរ​ដែល​ទាំង​ផ្លូវ​ទាំង​ស្ពាន​មាន​ប្រវែង​ជាង៥គីឡូម៉ែត្រ”។

លោក​រដ្ឋមន្រ្តីក៏​បាន​បង្ហា្ញញ​សារសំខាន់ ​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទៅ​បាវិត ជា​កម្រិត​​ផ្លូវ​អាស៊ាន​ហាយវេ​លេខ១ ដែល​តភ្ជាប់​តាំង​ពី​ចិន​មក​ភូមា មក​ថៃ កម្ពុជា​និង​វៀតណាម។

លោក​រដ្ឋមន្រ្តី​រំពឹង​ទុក​ដែរថា ក្នុង​ដំណើរ​ទស្សនកិច្ច​សម្តេចតេជោ​ ហ៊ុន សែន ទៅ​ប្រទេស​ចិន​នៅ​ពេល​ខាង​មុខ នឹង​ឈាន​ទៅ​ចុះហត្ថលេខា​សម្ប​ទាន​ ដើម្បី​បើក​ការដ្ឋាន​សាងសង់​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៣ ហើយ​អាច​បញ្ចប់​នៅ​ឆ្នាំ​២០២៦ ឬ​២០២៧៕

ប្រទេសជប៉ុនក្លាយជាទីផ្សារដ៏លេចធ្លោសម្រាប់វិនិយោគិនអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: លាងហួរ

តូក្យូ: យោងតាមអ្នកវិភាគដែលចូលរួម ក្នុងសន្និសីទអនឡាញ MSCI Real Assets បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងទាក់ទាញក្រុមវិនិយោគិនអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកជាច្រើន ដែលជំរុញមកពីកត្តាអត្រាការប្រាក់ទាប និងរូបិយប័ណ្ណចុះថោក ប៉ុន្តែកត្តាស្រដៀងគ្នានេះមិនបានជួយដល់ទីផ្សារអចលនទ្រព្យរបស់ចិននោះទេ។

ប្រទេសជប៉ុន និងប្រទេសចិន បានរក្សាអត្រាការប្រាក់នៅកម្រិតទាប បើទោះបីជាអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងគំហុកក៏ដោយក្តី។

ធនាគារកណ្តាលជប៉ុនបានជាប់គាំង ចំពោះគោលជំហររូបិយវត្ថុដែលធូររលុងបំផុតក្នុងរយៈពេលថ្មីៗនេះ ដោយប្រាក់យ៉េនបានធ្លាក់ចុះ នៅចំណុ​ចមួយដល់កម្រិតទាបមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះដែរ ប្រាក់យ័នរបស់ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបធៀបនឹងប្រាក់ដុល្លារ បន្ទាប់ពីធនាគារប្រជាជនចិន បានកាត់បន្ថយអត្រាការប្រាក់ ក្នុងខែសីហាមកត្រឹម៣,៦៥ភាគរយពី៣,៧ភាគរយ។

លោក Ben Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មអាស៊ីប៉ាស៊ីហ្វិកនៅ ក្រុមហ៊ុនMSCI បានមានប្រសាសន៍ថា ទីផ្សារមួយដែលលេចធ្លោជាងទីផ្សារផ្សេងទៀតគឺប្រទេសជប៉ុន ដោយប្រទេសនេះ មានអត្រាការប្រាក់ទាបនិងរូបិយប័ណ្ណចុះថោក៕

ការសិក្សាៈ ការទិញលក់ ជួលខុនដូបន្តធ្លាក់ចុះ ខណៈទុនវិនិយោគក្នុង វិស័យសំណង់ដាំក្បាលចុះយ៉ាងអាក្រក់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការសិក្សាដោយក្រុមហ៊ុនអន្តរជាតិ មួយបានរកឃើញថា កសកម្មភាព ទិញ លក់ ជួលខុនដូបានធ្លាក់ចុះក្នុងត្រីមាសទី៣ ស្របពេលទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះប្រមាណ៦៧ភាគរយ។

យោងតាមរបាយការណ៍​ស្រាវជ្រាវ​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះបានបង្ហាញថា បញ្ហា​វិបត្តិ​សកល​ កំពុង​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ ​បន្ត​ជួប​បញ្ហា ទាំង​ដំណើរការ​សាងសង់ និង​សកម្មភាព​ទិញ លក់ ឬ​ជួល​។

របាយការណ៍​បង្ហាញ​ទៀតថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ ​២០២២ មិនមាន​គម្រោង​អភិវឌ្ឍន៍​អគារ​ខុនដូ​ណា បាន​បញ្ចប់​ការសាងសង់​ឡើយ ដោយ​ចំនួន​បន្ទប់​ខុនដូ​នៅ​ភ្នំពេញ​នាពេល​នេះ ​មាន​ចំនួន​ជាង ៣៦,០០០​យូនីត​។

ការសិក្សារបស់CBRE Cambodiaបានឲ្យដឹងផងដែរថា សម្រាប់​តម្លៃ​លក់​ខុនដូ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំនេះ​ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ គឺ​បន្ទប់​ខុនដូ​ប្រណីត​ មាន​តម្លៃ​លក់​ជា​មធ្យម២៦៣៩​ដុល្លារ ​ក្នុង១​ម៉ែត្រការ៉េ ធ្លាក់ចុះ​ប្រមាណ១,២​ ភាគរយ​។ ខុនដូ​ប្រភេទ​មធ្យម មានតម្លៃ២០៧៨ ​ដុល្លារ ធ្លាក់ចុះ០,៨ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យមានតម្លៃ១៤០៨ ​ដុល្លារ​ធ្លាក់ចុះ០,២ ​ភាគរយ​។

ដោយឡែក​សម្រាប់​តម្លៃ​ជួល គឺ​ខុនដូ​ប្រណីត មាន​តម្លៃ​ជា​មធ្យម១១ ​ដុល្លារ​ក្នុង១​ម៉ែត្រការ៉េ ​សម្រាប់​រយៈពេល​១​ខែ ធ្លាក់ចុះ០,៣​ភាគរយ ប្រភេទ​តម្លៃ​មធ្យម មានតម្លៃ៩,៥ ដុល្លារ ធ្លាក់០,៩ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ៧,៨​ដុល្លារ ធ្លាក់២,៣​ភាគរយ​។

យោងតាមទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឱ្យ​ដឹងថា នៅក្នុង​រយៈពេល៨​ខែ​ឆ្នាំ ​២០២២ ចំនួន​គម្រោង​ដែល​ទទួល​បាន​ការអនុញ្ញាត​ ឱ្យ​សាងសង់​មាន​ចំនួន២៨១១ ធ្លាក់ចុះ៩០គម្រោង និង​មាន​តម្លៃ​វិនិយោគ១៦៦២​លាន​ដុល្លារ ធ្លាក់ចុះ៥៦,៧ភាគរយ ក្នុងនោះ​ប្រភេទ​សំណង់​លំនៅឋាន មាន​ចំនួន២៥២១គម្រោង (​ស្មើនឹង ៨៩,៧ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប ធ្លាក់ចុះ​៩​គម្រោង​បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១)៕

 

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៣១ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំក្នុងវិស័យសំណង់

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា នៅក្នុង​រយៈពេល៥ ឆ្នាំ​ចុង​ក្រោយនេះ​ ការ​វិនិយោគ​ នៅក្នុង​វិស័យ​សំណង់សម្រេចបាន១៩,៣២២គម្រោង ជាមួយទំហំ​​ទុនវិនិយោគ​ជាង៣១​ពាន់​លាន​ដុល្លារ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ​ប្រទេស​ចិនឈរ​ក្នុង​លំដាប់​ទី​១ នៃ​កា​រវិ​និ​យោគ​លើ​វិស័យនេះ​។​

យោងតាម​របាយការណ៍​ស្ដី​​ពី​ សមិទ្ធផល​សម្រេចបាន​រយៈ​ពេល៥​ឆ្នាំកន្លងមក​របស់​ក្រ​សួង​រៀបចំ​ដែនដី នគ​រូប​នី​យ​កម្ម និង​សំណង់ ការវិនិយោគ​វិស័យ​សំណង់​ទាំង​ក្នុងស្រុក និង​ពី​ក្រៅប្រទេស​មាន​សម្ទុះ​ខ្លាំងក្លា និង​បានរួម​ចំណែក​ដ៏​សំខាន់ ​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

ជា​​មួយ​គ្នា​នេះ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ ​២០២២ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​២០០០គម្រោង និង​មាន​ទុនវិនិយោគ១២០៦លាន​ដុល្លារ​។​

ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥ ​ឆ្នាំកន្លងមក របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​​ទី​ ២៤ ខែសីហា លោក លី រស្មី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំ​​ណង់ បាន​និយាយថា ប្រទេស​ដែល​នាំមុខគេ ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​​ទ្រព្យ​នៅ​កម្ពុជា រួមមាន​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ថៃ​។​

លោក​បាន​ថ្លែងថា “វិស័យ​សំណង់ គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់ ដែល​បានរួម​​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ដោយ​បំពេញ​នូវ​គោល​​បំណង​ជា​មូលដ្ឋាន និង​បង្កើត​នូវ​ឱកាស​ការងារ​ជាច្រើន ព្រម​​ទាំង​បង្កើន​ប្រាក់ចំណូល​ខ្ពស់​ដល់​សង្គម និង​បាន​ចូលរួម​ដ៏​សកម្ម​ក្នុង​កំណើន​នៃ​សេដ្ឋកិច្ចជាតិ ពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​ លើ​វិស័យនេះ​ដោយផ្ទាល់់”។​

ជាមួយគ្នានេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​ងារ​អចលនវត្ថុ​កម្ពុជាបាន​លើកឡើង​ថា ក្រៅពី​ចិន និង​ជប៉ុន ដែល​បាន​ចូលរួម​វិ​និ​យោគ​ច្រើន ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា វិនិយោគិន​នៅ​តំបន់​អឺរ៉ុប ក៏មាន​ការវិនិយោគ​ច្រើន​គួរឱ្យកត់សម្គាល់​ដែរ​។​

លោក​បន្ថែមថា ទុនវិនិយោគ​ដែល​ហូរ​ចូលមក​ប្រទេស​កម្ពុជា ​តាមរយៈ​វិស័យ​សំណង់ ​បាន​ចូលរួមចំណែក​យ៉ាងច្រើន ​ក្នុង​ការពង្រីក​សក្តានុពល​សេដ្ឋកិច្ចជាតិ ព្រោះ​អ្នកវិនិយោគ​ទាំង​​នេះ ​បាន​នាំយក​ទុន​ពី​បរទេស​មកចាក់​ចូល​នៅក្នុង​ចរន្ត​សេដ្ឋ​​កិច្ច​កម្ពុជា​។​

លោក​និយាយថា​ “​ប្រទេស​ដែលជា​ប់​លំដាប់ថ្នាក់ ​មានការ​​វិនិយោគ​វិស័យ​សំណង់​ច្រើនជាងគេ​ទាំងនេះ ភាគច្រើន​វិ​និ​​យោគ​លើ​ខុន​ដូ អា​ផាត​មិន និង​តំបន់​ប្រមូលផ្តុំ​ការិយាល័យ​សម្រាប់​ជួល​។ ទោះយ៉ាងណា យើង​ឃើញថា វិបត្តិ​កូ​វីដ ​១៩ នៅតែ​បន្ត​ជះឥទ្ធិពល​មិនល្អ​លើ​វិស័យនេះ”។​

យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់ ក្នុង​រយៈ​​ពេល​ជិត២២​ឆ្នាំ​មកនេះ​ ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាង​​សង់​ នៅ​ទូទាំងប្រទេស​ចំនួន៥៧,៥៩០គម្រោង និង​ទុន​វិ​និ​យោគ ៦៦,២០៥​លាន​ដុល្លារ​៕