ADBជួយទីក្រុងក្នុងខេត្តចំនួន៥លើអនុគំរោងសាងសង់ទីលាន ទុកដាក់សំរាម

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានផ្តល់ឥណទានលើគំរោង

សាងសង់ទីលានទុកដាក់សំរាម ដែលជាសមិទ្ធផលថ្មីក្នុងខេត្តចំនួន៥។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ តុលាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ -ប្រគល់ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ក្រុងកែប និង ក្រុងកំពត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យមើលរបាយការណ៍ទាក់ទងនឹងអនុគម្រោងសាងសង់ ទីលានចំនួន៥ទីតាំងខាងលើ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោករដ្ឋលេខាធិការ បានចែករំលែកមតិយោបល់លើការបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រើសើរឡើងលើការទុកដាក់ និងការបែងចែកសំរាមទៅតាមប្រភេទផ្សេងៗគ្នា និងជំរុញឱ្យក្រុមការងារពង្រឹងបន្ថែមលើការផ្សព្វផ្សាយពីសមិទ្ធផលថ្មីៗ ដែលសម្រេចបានជូនប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៌មាន ដើម្បីចូលរួមទាំងអស់គ្នាក្នុងការប្រើប្រាស់សេវាសាធារណៈ ដែលអាចជំរុញឱ្យការអនុវត្តការងារបានកាន់តែប្រសើរ។

ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូននឹងអញ្ជើញចុះពិនិត្យផ្ទាល់ទីលានទុកដាក់សំរាម ក្នុងក្រុងបាត់ដំបង និងខេត្តចំនួន៤ផ្សេងទៀត ដើម្បីត្រៀមប្រគល់ទទួលអនុគម្រោងនេះ ជូនទៅរដ្ឋបាលខេត្តនីមួយៗដើម្បីគ្រប់គ្រង៕

 

គណៈប្រតិភូសភាអ៊ុយក្រែនសរសើរជប៉ុន​មិនដាច់ពីមាត់ និងសុំឱ្យជួយ កសាងប្រទេសរបស់ខ្លួនឡើងវិញ

ដោយៈ សុខុម

តូក្យូ: គណៈប្រតិភូសភាអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន បានកោតសរសើរជប៉ុន មិនដាច់ពីមាត់​កាលពីថ្ងៃពុធ ទី២៦ ខែតុលា ថា​ជាប្រទេសឈានមុខគេក្នុងពិភពលោក ខាងកសាងប្រទេសឡើងវិញ។

គណៈប្រតិភូ​នេះ​​បាន​លើកឡើង​ថា ចំណេះ និងជំនាញដ៏ច្បាស់លាស់កម្ររក​បាន​របស់់ជប៉ុន ផ្នែ​ក​ស្ដារ និង​កសាងប្រទេសឡើងវិញក្រោយគ្រោះមហន្តរាយ គឺពិតជាមាន​ប្រយោជន៍​ខ្លាំងណាស់់់ ចំពោះអ៊ុយក្រែន នៅពេលខ្លួនចាប់​ផ្ដើមដំណើរការ កសាងប្រទេសឡើងវិញនៅទីបញ្ចប់ បន្ទាប់ពីភ្លើង​សង្គ្រាមជាមួយរុស្ស៊ី រលត់។

លោកស្រីបណ្ឌិត Galyna Mykhailiuk ដែលជាមេធាវី និងជាសហប្រធាននៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-អ៊ុយក្រែន បានកោតសរសើរជប៉ុនថា ជាប្រទេសឈានមុខគេក្នុងពិភពលោក ផ្នែកខាងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ មិនថាជាគ្រោះធម្មជាតិ សង្គ្រាម ឬពាក់ព័ន្ធនឹង​នុយក្លេអ៊ែរ ហើយថា ចំណេះ និង​ជំនាញ​នេះ ​ជាអ្វីដែលប្រទេសអ៊ុយក្រែន អាចរៀនសូត្រ​តាម ខណៈអ៊ុយក្រែន គ្រោងរៀបចំស្ដារ និងកសាងប្រទេសឡើងវិញនៅពេលអនាគត។

លោកស្រីបណ្ឌិតរូប​នេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯក្លឹបសារព័ត៌មានជាតិជប៉ុន (Japan National Press Club) នាកណ្ដាលទីក្រុងតូក្យូថា “យើងទន្ទឹងរង់ចាំការផ្លាស់ប្ដូរព័ត៌មាន និងចំណេះជំនាញគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងរឿងនេះ”។

ដូចដែលយើងធ្លាប់បានដឹងហើយថា ប្រទេសជប៉ុន ទទួលបានភាពជោគជ័យ គួរឱ្យ​ស្ញើចសរសើរនៅក្នុងការស្ដារ និងកសាងឡើងវិញនូវទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ​នានារបស់់ខ្លួន ក្រោយចាញ់សង្គ្រាមលោកលើកទី២ ព្រមទាំងក្រោយគ្រោះមហន្តរាយ ដ៏កំណាចដូចជាគ្រោះរញ្ជួយដីនៅ Hanshin ក្នុងឆ្នាំ១៩៩៥ និងគ្រោះរញ្ជួយដី ដែលបង្កឱ្យ​មាន​រលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១ នៅតំបន់ Tohoku ផងដែរ។

គណៈប្រតិភូសសភាអ៊ុយក្រែននេះ បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១៥ ខែតុលា មកម៉្លេះ។

អំឡុងសន្និបាតមួយ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ដែលរៀបចំឡើងរួមគ្នា ដោយក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 (កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក) និងសហភាពអឺរ៉ុប នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី២៦ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គឺស៊ីដា (Fumio Kishida) បានសន្យាថា នឹងបង្កើនការផ្ដល់ជំនួយជាសម្ភារៈ និងជំនួយគាំទ្រក្នុងទម្រង់ផ្សេងៗទៀត រួមទាំងចំណេះជំនាញ និងភាពខ្លាំងគ្មានពីរបស់ជប៉ុន នៅក្នុងការស្ដារ និងកសាងប្រទេសឡើងវិញ​ផងដែរ៕ Japan Times៕

រយៈពេលជិត១០ខែក្នុងឆ្នាំ២០២២នេះ ពន្ធដារប្រមូលពន្ឋបានជាង៣៩០០លានដុល្លារ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៩ខែ២៥ថ្ងៃនៃឆ្នាំ២០២២នេះ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទមានប្រមាណ២.៩៣០លានដុល្លារអាមេរិក។

លទ្ឋផលនេះ គឺសម្រេចបាន១០៤ភាគរយ នៃការផែនការប្រចាំឆ្នាំ ២០២២នេះទៅហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយ​កដ្ឋានពន្ធដារនៅល្ងាចថ្ងៃទី២៦តុលា ២០២២។

លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រ​សា​សន៍ថា ជោគជ័យនៃការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ គឺបណ្ដាលមកពីការខិតខំប្រឹងប្រែង អនុវត្តន៍តួនាទីភារកិច្ចប្រកបដោយឆន្ទៈ មោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពកូវីដ១៩ បានជោគជ័យ និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ហើយបានសង្គ្រោះប្រជាពលរដ្ឋកម្ពុជា និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ បានទាន់ពេលវេលា ដែលជំរុញឱ្យកម្ពុជា អាចបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា២០២១កន្លងទៅ ។

លោកបន្តថា “ទោះបីជាក្នុងបដិការ ដ៏លំបាកនៃជំងឺកុវីដ១៩ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានា បានជំរុញ និងធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ” ។លោកបន្តថា “អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ គ្រោងនឹងកើនឡើងធៀបនឹងឆ្នាំ២០២២ ខណៈនៅមានការផ្ដល់ផ្ដល់ជូននូវការលើកទឹកចិត្ត ផ្នែកពន្ធដារសម្រាប់វិស័យមួយចំនួន”។

តាមរយៈចំណូលពន្ធដែលកម្ពុជាទទួលបាននេះ ធ្វើឱ្យរដ្ឋាភិបាលនូវតែមានលទ្ធភាព ក្នុងការចាត់ចែងការចំណាយរបស់ខ្លួនចាំបាច់នានា និងអាចសន្សំថវិកាបាន សម្រាប់វិនិយោគសាធារណៈមួយចំនួនផងដែរ ដូចជាការសាងសង់ហេដ្ឋារចនាស្ព័ម្ព័ន្ធនានា ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេ​ស ចាត់ចែងចំនាយទៅលើប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយកូវីដ១៩ និងជាពិសេសគ្រោះទឹកជំនន់ ដែលទើបកើតឡើងថ្មីៗនេះផងដែរ៕

អ្នកធុរកិច្ច និងអ្នកជំនាញបង្ហើបថា ឆ្នាំ២០២៣អ្នកវិនិយោគចិននឹងត្រលប់មកកម្ពុជាច្រើនឡើងវិញ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមអ្នកជំនាញ និងអ្នកធុរកិច្ចធ្វើការជាមួយក្រុមហ៊ុនចិនធំៗបានលើកឡើងថា អ្នកវិនិយោគចិនកាន់តែច្រើន នឹងវិលត្រលប់មកកម្ពុជាឡើងវិញ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។

ព៌តមានដ៨ល្អនេះកើតមាន ខណៈវិបត្តិនៅប្រទេសចិន កំពុងត្រូវបានដោះស្រាយបណ្តើរៗ ហើយ​ការជាប់ឆ្នោតអាណត្តិទី៣ របស់ប្រធានាធិបតីចិនស៊ី ជីនពីង ក៏បានបញ្ចប់នូវការមន្ទិលផងដែរ។

អ្នកនាងជេស៊ីកា ភរិយាម្ចាស់ក្រុមហ៊ុនជនជាតចិនមួយរូបបានមាន  ប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ តុលាថា តាមព៌តមានដែលអ្នកនាងទទួលបាន គឺអ្នកវិនិយោគចិននឹងត្រលប់មក កម្ពុជាឡើងវិញច្រើននៅដើមឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំ ប្រពៃណីជនជាតិចិនបិទបញ្ចប់។

អ្នកនាងបន្តថា “តាមធម្មតាជនជាតិចិន ពួកគេមិនធ្វើអ្វីច្រើននៅមុនពេលពិធីបុណ្យជាតិដ៏ធំរបស់ពួកគេប្រចាំឆ្នាំឡើយ ពួកគេរង់ចាំរហូតដល់បញ្ចប់បុណ្យចូលឆ្នាំរបស់ពួកគេ ទើបពួកគេចាប់ផ្តើមជំនួញ”។ អ្នកនាងបន្តថា “កម្ពុជានៅតែជាទីផ្សារទាក់ទាញការវិនិយោគ ពីអ្នកធុរកិច្ចចិន ដោយសា​រទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឲ្យពួកគេមានអារម្ម​ណ៍កក់ក្តៅ”។

អ្នកនាងជេស៊ីកាបានបន្តទៀតថា អ្នកវិនិយោគចិន បាននិងកំពុងសម្លឹងឱកាសវិនិយោគកាន់តែច្រើន លើសពីអចលនទ្រព្យ ដោយសារកម្ពុជាមានសក្តានុពលច្រើនលើវិស័យកសិកម្ម ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មជាដើម។ អ្នកនាងបន្តថា លោកប្តីរបស់អ្នកនាងបានបង្ហើបព៌តមាននេះឲ្យដឹង ហើយគាត់ថាមិត្តភ័ក្តគាត់ជាច្រើន នឹងមករកស៊ីនៅកម្ពុជានាពេលឆាប់ៗនេះ។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដែលមានទំនាក់ទំនងល្អជាមួយអ្នកវិនិយោគចិនបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវិនិយោគចិនជាច្រើន បាននិងកំពុងត្រៀមខ្លួនមកកាន់កម្ពុជា ដោយសារ​ហេតុផលជាច្រើនដូចជា ទី១ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរ៉ឹងមាំ ដែលមេដឹកនាំកម្ពុជា ចិនបានចាត់ទុកជាមិត្តភាពដែកថែប ទី២ គោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិននៅតែមានសក្តានុពល និងពង្រីឱកា​សវិនិយោគកាន់តែច្រើន ពីអ្នកវិនិយោគចិន។

ទី៣ កម្ពុជាជាប្រទេស ដែលមានភាពអំណោយផលសេដ្ឋកិច្ច បទដ្ឋា​នច្បាប់គតិយុត្តិកាន់តែរ៉ឹងមាំ និងលើកទឹកចិត្តការវិនិយោគកាន់តែច្រើន។ ទី៤ មូលដ្ឋានរ៉ឹងមាំនៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរលើឆាកអន្តរជាតិ ដែលមេដឹកនាំទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក។ ទី៥ ផលប្រយោជន៍នៃភូមិសាស្រ្តនយោបាយ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោបានធ្វើឲ្យប្រទេសទាំងពីរ បង្កើតនូវភាពជាដៃគូយុត្តិសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងប្រែក្លាយប្រទេសទាំងពីរជាសហគមន៍ពីរ វាសនាតែមួយ។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យកម្ពុជា ក៏មានសុទិដ្ឋិនយមថា ចិននឹងវិលត្រលប់មកកាន់កម្ពុជាជាថ្មីផងដែរ ដោយសារហេតុផលមួយចំនួន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាបានលើកឡើងដោយសុទិដ្ឋិនិយមថា ផលចំណេ​ញនៃការវិនិយោគមានកម្រិតខ្ពស់នៅកម្ពុជា ទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរនិងអ្វីៗជាច្រើន ត្រូវបានអ្នកធុរកិច្ចចិនបន្សល់នៅទីនេះ នឹងទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាច្រើនឡើងវិញនាពេលឆាប់ៗនេះ។

លោកបន្តថា “អ្វីៗនៅតែរង់ចាំពេលវេលាប៉ុណ្ណោះ ស្ថានភាពនឹងប្រ​សើរឡើង ហើយអ្នកវិនិយោគចិន និងអ្នកធុរកិច្ចដទៃទៀត នឹងមកកាន់កម្ពុជាច្រើននៅពេលអនាគត”៕

 

ឱនភាពសារពើពន្ធរបស់ចិនកើនឡើងជិតឈានដល់១ទ្រីលានដុល្លារ អាមេរិកក្នុងឆ្នាំ២០២២

ដោយៈ សុខុម

ប៉េកាំង: ឱនភាពសារពើពន្ធ (Fiscal Deficit) របស់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានរហូតដល់ទៅជិត១ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ខណៈវិបត្តិអចលនទ្រព្យ និងការបន្ធូរបន្ថយពន្ធដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដាំក្បាលចុះបានធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។

ការវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg ដោយផ្អែកលើទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុចិន កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា បង្ហាញថា កង្វះថវិកាសម្រាប់រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ចាប់ពីខែមករា ដល់ខែកញ្ញា មានទំហំ៧,១៦ទ្រីលានយ័ន (៩៨០ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងកង្វះថវិកា២,៧ទ្រីលានយ័ន (៣៦២ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមក្រសួងហិរញ្ញវត្ថុចិន ឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលបានធ្លាក់ចុះ៦,៦% មកនៅត្រឹម១៥,៣ទ្រីលានយ័ន (ជាង២,១ទ្រីលានដុល្លារអាមេរិក) គិតចាប់ពីខែមករា ដល់ខែកញ្ញា ខណៈរដ្ឋាភិបាលបានបន្ធូរបន្ថយពន្ធបន្ថែមទៀតសម្រាប់អាជីវកម្មនានា។

ការចំណាយសារពើពន្ធ ចាប់តាំងពីពេលនោះបានកើនឡើង៦,២%ដល់១៩,០៤ទ្រីលានយ័ន (ជាង២,៦ទ្រីលានដុល្លារអាមេរិក) ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ក្រោយពីរដ្ឋាភិបាលបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋ។

ទិន្នន័យបានបង្ហាញនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើន៣,៩% ក្នុងត្រីមាសទី៣ ឆ្នាំនេះដែលបានកើនឡើងលើសការរំពឹងទុក។

ទោះជាយ៉ាងណា ការជាប់ឆ្នោតរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ជាប្រធានបក្សកុម្មុយនីស្តចិន សម្រាប់អាណត្តិទី៣ ដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រកាលពីថ្ងៃច័ន្ទ ទី២៤ ខែតុលា បានធ្វើឱ្យបណ្ដាវិនិយោគិនមានការភ័យខ្លាច ដោយរូបិយប័ណ្ណរបស់ចិនបានធ្លាក់ថ្លៃខ្លាំង ហើយភាគហ៊ុននៅក្នុងទីក្រុងហុងកុង បានដាំក្បាលចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកមក។

ប្រទេសចិន ក៏កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានផងដែរនៅក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន ដែលគ្របដណ្ដប់ជាង១ភាគ៤នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះ នៅពេលបូកបញ្ចូលជាមួយវិស័យសំណង់។

*អ្វីជាឱនភាពសារពើពន្ធ (Fiscal Deficit)?

ឱនភាពសារពើពន្ធ សំដៅដល់កង្វះប្រាក់ចំណូលរបស់រដ្ឋាភិបាល បើធៀបនឹងខ្ទង់ចំណាយរបស់ខ្លួន ឬអាចនិយាយបានថា ចំណាយធំជាងចំណូល៕ AFP៕

អាគារជាប់គាំង១២០០នៅក្រុងព្រះសីហនុ បញ្ហាប្រឈមនិង ដំណោះស្រាយ

 ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ថ្នាក់ដឹកនាំគេហទំព័រPropertyarea.asiaកាលពីសប្តាហ៍មុន បានទៅកំសាន្តនៅក្រុងព្រះសីហនុ កន្លែងដែលប្រជាជនបានកើបលុយមួយរយៈខ្លី នៅពេលការផ្ទុះឡើងនៃតម្លៃអចលនទ្រព្យ និងនិន្នាការអភិវឌ្ឈន៍មានសភាពដូចពពុះសាប៊ូ។

រយៈពេលជិត៤ឆ្នាំ ទីក្រុងនេះបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ទីក្រុងដែលធ្លាប់ស្ងប់ស្ងាត់ មានអាគារខ្ពស់បំផុតត្រឹម៧ជាន់ ក្លាយជាទីក្រុងដែលមានអាគារកប់ពពករាប់ពាន់កន្លែង ដោយសារលំហូរទុនវិនិយោគពីបរទេសពិសេសពីអ្នកវិនិយោគចិន ប្រមាណ៧០០០លានដុល្លារចាក់ចូលទីក្រុងនេះ។

ទីក្រុងនេះបានប្រែពីសភាពអ៊ូអរ មកជាទីក្រុងស្ងប់ស្ងាត់បន្តិចឡើងវិញ ប៉ុន្តែភាពស្ងប់ស្ងាត់នេះ នៅតែមានឱកាសរីកចម្រើនឡើងវិញ ប៉ុន្តែអ្វីៗ ត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើឲ្យទីក្រុងនេះរស់រវើកឡើងវិញ និងអាច    ឲ្យម្ចាស់អាគារដែលទុកចោលបច្ចុប្បន្ន មានលទ្ឋភាពសាងសង់ឡើងវិញ ជាមួយនឹងភាពឈ្នះ ឈ្នះជាមួយអ្នកវិនិយោគ ដែលបានបោះទុនយ៉ាងច្រើន​សាងសង់អាគារនេះ។

ការរឹបអូសអាគារជនជាតិចិនពីសំណាក់ម្ចាស់ដី

       ការជាប់គាំងអាគាររាប់រយកន្លែង ជារឿងគួរឲ្យសោកស្តាយមួយរួចទៅហើយ ប៉ុន្តែរឿងសោកស្តាយមួយទៀត គឺម្ចាស់ដីបានរឹបអូសយកអាគាររបស់អ្នកវិនិយោគ ដែលភាគច្រើនជាអ្នកវិនិយោគចិន ដោយសារបញ្ហាពួកគេមិនមានលទ្ឋភាពបង់ថ្លៃឈ្នួលអាគារ ឬបង់ថ្លៃសំណង់នានា ដែលនេះជាបញ្ហាធំមួយ ដែលរដ្ឋាភិបាលគួរដោះស្រាយ និងលូកដៃដើម្បីសម្របសម្រួ​លបញ្ហានេះ។

ការពឹងផ្អែកប្រព័ន្ឋតុលាការ ប្រហែលជាមិនអាចដោះស្រាយជម្លោះពីការរឹបអូសនេះបានទេ គឺមានតែការខកចិត្តពីអ្នកវិនិយោគ ព្រោះពួកគេមិនទទួលបានយុត្តិធ៌មឡើយ។

មន្រ្តីជាន់ខ្ពស់មួយរូបដែលបាន និងកំពុងរៀបចំទីក្រុងនេះ ជាទីក្រុងពហុបំណង បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការរឹបអូសយកអាគារពីសំណាក់ជនជាតិខ្មែរ ដែលជាម្ចាស់ដី បាននិងកំពុងបង្កឲ្យអ្នក​វិនិយោគ ពិសេសវិនិយោគិនចិនមានការភ័យខ្លាច ដោយពួកគេមិនចង់ត្រលប់មកកាន់ទីក្រុងនេះឡើងវិញនោះទេ។

លោកបន្តថា “ការប្តឹងផ្តល់ឡើងតុលាការ ជាលទ្ឋផលម្ចាស់អាគារជាអ្នកចាញ់ ពួកគេបានត្រឹមចំណាយប្រាក់ ហើយមិនទទួលបានយុត្តិធ៌មនោះទេ”។ លោកបន្តថា “តាមពិតម្ចាស់ដី គួរទូទាត់លើតម្លៃដីឬតម្លៃជួលដីរបស់ខ្លួន ជាជាងរឹបអូសយកអាគាររបស់អ្នកវិនិយោគនានា ព្រោះការធ្វើបែបនេះមិនបានផ្តល់ផលចំណេញអ្វីដល់ខ្លួនឡើយ ហើយពួកគេនឹងខាតបង់រយៈពេលវែង នៅពេលអ្នកវិនិយោគបរទេស មានអារម្មណ៍គ្មានសុវត្ថិភាព និងខាតបង់ប្រាក់ដោយអយុត្តិធ៌ម”។

កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ សភាពាណិជ្ជកម្មខេត្ត និងមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំងទាំង១២០០កន្លែង ប៉ុន្តែជាលទ្ឋផលពួកគេ មិនទាន់ទទួលបានដំណោះស្រា​យសមស្របណាមួយនៅឡើយទេ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្ស៊ី វិស្សុតបានមានប្រសាសន៍នាពេល​កន្លងមកថា រដ្ឋាភិបាលគិតគូររកដំណោះស្រាយ និងស្វែងរកអ្នកវិនិយោគ ដើម្បីសាងសង់ អាគារជាប់គាំងទាំងនោះឡើងវិញ ប៉ុន្តែលោកមិនបញ្ជាក់ថា តើបញ្ហានេះ នឹងត្រូវដោះស្រាយនៅពេលណា និងដោយរបៀបណានោះទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនផ្នែកដឹកជញ្ជូនមួយរូប នៅក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា ស្ថានភាពនៃការវិនិយោគនៅខេត្តព្រះសីហនុ និងស្ថានភាពការជាប់គាំងអាគារ នៅក្រុងព្រះសីហនុ នឹងត្រូវចំណាយពេលយូរណា​ស់ ដើម្បីដោះស្រាយបញ្ហានេះ ហើយលោកមិនរំពឹងថា អ្វីៗនឹងអាចដោះ​ស្រាយបានឆាប់នោះទេ។

លោកបន្តថា “មកមើលឃើញហើយ គឺអាគារខ្មោចរាប់រយជាប់គាំង តើត្រូវចាក់លុយប៉ុន្មានពាន់លានដុល្លារទៀត ដើម្បីធ្វើឲ្យអាគារទាំងនោះរស់ឡើងវិញ?”។ លោកបបន្ថែមដោយលើកជាសំណួរថា “តើមានអ្វីដែលអាចទាក់ទាញឲ្យតម្លៃអចលនទ្រព្យនៅទីនេះ អាចរីកចម្រើនឡើងវិញ?”។

តើអ្វីជាដំណោះស្រាយ

 

អ្វីៗមិនប្រាកដថាគ្មានដំណោះស្រាយនោះទេ នៅពេលបញ្ហាកើតឡើងមានតែរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ឋ និងប្រជាជនក្នុងមូលដ្ឋានប៉ុណ្ណោះ ជាអ្នកស្វែងរកដំណោះស្រាយរួមគ្នា។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia ដែលបានតាមដានដំណើរវិវត្តន៍សេដ្ឋកិច្ច និងអច​ល​នទ្រព្យនៅកម្ពុជា ក៏ដូចជា ក្រុងព្រះសីហនុបានលើកឡើងថា រដ្ឋាភិបាលបាននិងកំពុងរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍រយៈពេលវែងសំរាប់ទីក្រុងនេះហើយ ដោយបច្ចុប្បន្នក្រុមមន្រ្តីជំនាញ និងផ្នែកពាក់ព័ន្ឋ បាននិងកំពុងរៀបចំគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តដើម្បីរៀបចំទីក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ការពង្រីកកំពង់ផែទឹកជ្រៅ ការពង្រីកព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងការសិក្សាបង្កើតខ្សែរថភ្លើងល្បឿនលឿន ពីភ្នំពេ​ញ​ទៅកាន់ក្រុងព្រះសីហនុផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ការរៀបចំការលើកទឹកចិត្តពិសេសណាមួយ ដើម្បីលើកទឹកចិត្តវិនិយោគិនជាតិ អន្តរជាតិ និងរៀបចំកែច្នៃទីក្រុងនេះជាទីក្រុងទេស​ចរណ៍ ដែលមានស្តង់ដាអន្តរជាតិ ការរៀបចំជាទីក្រុងដែលស័ក្តសមជាទីលំហែរកាយ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិពិតប្រាកដ និងការដោះស្រាយទំនាស់រវាងម្ចាស់អាគារ និងអ្នកវិនិយោគដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះ នឹងជាធ្វើឲ្យព្រះអាទិត្យនឹងរះ ចែងចាំងលើទឹកសមុទ្រខៀវស្រងាត់ នៃទីក្រុងដ៏ឆើតឆាយនេះម្តងទៀតមិនខាន។

លោកយិន លាងគង់បានបន្តថា “ការក្លាយជាទីក្រុងពហុបំណង មិនមែនមានតែលើគោលនយោបាយ និងលើក្រដាសនោះទេ អ្វីៗវាទាមទារថវិកា ធនធានមនុស្ស និងឆន្ទៈនយោបាយពិតប្រាកដ”៕

 

Wealthy foreigners can now buy land, houses in Thailand

The Cabinet on Tuesday agreed to let foreigners purchase houses and up to a rai of land provided they can show an investment of at least 40 million baht.
The directive will be in effect for five years after it has been published in the Royal Gazette, which should be soon, the government said.

The proposal had been drawn up by the Interior Ministry in May with the aim of pulling in foreign investment and bringing foreigners with special expertise to Thailand. The Cabinet, however, spent months weighing the proposal and listening to opinions from several concerned agencies.

The directive allowing the purchase of a rai of land and houses will apply to wealthy expats, retirees, digital nomads who want to base themselves in Thailand and those with special expertise.

To be eligible, foreign citizens will be required to prove they have invested at least 40 million baht in Thailand and can maintain the investment for a minimum of three years, starting from the day they submit an application for the purchase.

The draft says the following will be considered investments:
• Bonds issued by the Thai government, Bank of Thailand, state enterprises and the Finance Ministry.
• Shares of property funds, infrastructure funds and funds to rehabilitate debts of financial institutions.
• Shares of trusts for investment in property developments.
• Shares of legal entities that receive Board of Investment (BOI) privileges.
• Shares in businesses that are eligible for BOI privileges.

Foreigners applying for permission to purchase land and/or houses must produce certificates proving their investments. The directive said foreigners can purchase land and/or houses in Bangkok, Pattaya and other municipal areas or zones marked out as residential areas in provinces. Foreigners cannot purchase land in military areas, the directive stipulated.

The process of applying for the right to purchase is as follows:
• Submit the application and required documents to the Land Department director-general, who will verify and then forward them to the Interior Ministry for approval.
• The bought land cannot be used for immoral activities or actions that violate local cultural norms.
• Once approved, the buyer is required to inform the local land department within 60 days.
• If buyers withdraw their investment, they must inform officials within 60 days.

The draft also specifies that foreigners can only buy one rai of land once, and the limit will apply even if the foreigner sells parts or all of the land.

Source: The Nations

មជ្ឈមណ្ឌលពិពរណ៌ត្រីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាចាប់បើកដំណើរការនៅដើមខែវិច្ឆិកានេះហើយ

ដោយៈ សុផារី

សៀមរាបៈ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការអាងពិពរណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិ​គម ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២។

គម្រោងនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ក្រោយបញ្ចប់ជាស្ថាពរដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។

តាមការបញ្ជាក់របស់ក្រុមហ៊ុន អាងពិពណ៌ត្រីនេះមានទំហំបរិមាណទឹកប្រមាណ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស និងមានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ ។ល។

អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។

សួនឧទ្យាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យទេស​ចរណ៍ ក្នុងខេត្តសៀមរាប រួមមាន បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ ដែលមកលេងខេត្តសៀមរាប បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប និងជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ ដែលចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស ព្រមទាំងអភិរក្សសត្វ ដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជផងដែរ។

បន្ថែមលើសនេះ ក៏បានផ្តល់ការងារដោយប្រយោល ដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម និងផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ ដំណាំអំពៅ ឬស្សី ដូង ចេក។ល។ ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ ក្រុមហ៊ុននឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់ លើផ្ទៃដីសរុប១០០ហិចតាផងដែរ៕

 

ការវិនិយោគលើរោងចក្រឧស្សាហកម្មកាន់តែច្រើនជួយ​រក្សា​ការ​ដោះដូរ​ដីធ្លីនិង​ជំរុញឱ្យតម្លៃដីធ្លីកើនមួយកម្រិត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជាការពិតណាស់ការវិនិយោគគម្រោងនានា នឹងជំរុញឱ្យតម្លៃដីធ្លីកើនឡើងមួយកម្រិតបន្ថែមទៀត ទោះបីជាតិចឬច្រើនក្ដី ក្នុងនោះដែរតាមរយៈការវិនិយោគ លើគម្រោងរោងចក្រសហគ្រាស ក្នុងវិស័យឧស្សាហកម្ម ក៏បានជំរុញឱ្យតម្លៃដីធ្លីមានកំណើនមួយកម្រិតផងដែរ ជាពិសេសបានជំរុញឱ្យតំបន់នោះ ក្លាយជាតំបន់ដែលមានភាពទាក់ទាញកាន់តែខ្លាំង។

ប្រធានផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty លោកសំ ចំរើនបញ្ញា បានមានប្រសាសន៍នៅដើមសប្ដាហ៍នេះឱ្យដឹងថា ការបោះទុនវិនិយោគ នៅក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យតម្លៃដីធ្លី ទទួលបានកំណើនមួយកម្រិតទៀត។ មិនតែប៉ុ

ណ្ណោះ ការវិនិយោគពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេសលើវិស័យឧស្សាហកម្មដូចជារោងចក្រ ឃ្លាំង នានា ក៏បានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ កាត់បន្ថយនូវការធ្វើចំណាកស្រុក ពីសំណាក់ប្រជាពល​រដ្ឋកម្ពុជាផងដែរ។

លោកបន្តថា “ការវិនិយោគទាំងនេះ គឺវាជាកត្តាចម្បងមួយដែលជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសនោះគឺទាក់ទង នឹងវិស័យដីធ្លីដែលធ្វើ​ឲ្យ​តម្រូវការកើនឡើងក្នុងផ្នែកនេះ”។ លោកបន្ថែមថា “ការវិនិយោគលើឧស្សា​ហកម្មរោងចក្រ សហគ្រាសនានានៅទីណាមួយនោះ នឹងធ្វើឱ្យដីធ្លីដឹងតែឡើថ្លៃជាក់ជាមិនខានទោះតិចឬច្រើន”។

លោកបញ្ញាបានឲ្យដឹងទៀតថា យើងបានមើលឃើញថាទីតាំងថ្មីនេះតំបន់ឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលបានកំណត់ ឃើញថាមានក្រុមហ៊ុនថ្មីៗ ដែលវិនិយោគលើវិស័យឧស្សាហកម្មនោះ បានធ្វើឱ្យតម្លៃដីធ្លីមានសន្ទុះនិងហាងឆេងល្អ ជាក់ស្ដែងតំបន់ដែលកំពុងមានសក្ដានុពល លើការវិនិយោគឧស្សាហកម្ម ឃើញមានសកម្មភាពមមាញឹក ក្នុងការវិនិយោគនិងអភិវឌ្ឍន៍អចលនទ្រព្យ សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការជាក់ស្ដែង។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTrust Appraisal បានឱ្យដឹងថា ក្នុងឆ្នាំ២០៣០ខាងមុខនេះ ផ្ទៃដីសម្រាប់ឧស្សាហកម្មនៅភ្នំពេញនឹងកើនឡើងដល់៣លានម៉ែត្រកាឡា ហើយខណ្ឌចំនួនបីនៅជាយក្រុងមានចំនួនរោងចក្រសហគ្រាសច្រើនជាងគេ រួមមាន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ។

លោកឌឹត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Lucky បានមានប្រសាសន៍ឱ្យដឹងផងដែរថា នៅក្នុងវិបត្តិកូវីដ១៩យើងសង្កេតឃើញថា ការវិនិយោគលើវិស័យរោងចក្រឧស្សាហកម្ម នៅតែបន្តនិងមានវិនិយោគិនស្វែងរកដីធ្លី សម្រាប់ជួលសង់ជាឃ្លាំងឬរោងចក្រថ្មី ដែលធ្វើឱ្យសកម្មភាពនៃការដោះដូរដីធ្លី សម្រាប់បម្រើក្នុងវិស័យនេះ នៅតែបន្តមានជាហូរហែខណៈផ្នែកផ្សេង នៃវិស័យអចលនទ្រព្យបានថមថយក៏ពិតមែន ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញផ្សាយជាបន្តបន្ទាប់បានបង្ហាញថា ការវិនិយោគលើរោងចក្រ ឧស្សាហកម្ម មានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ ក្នុងចំណោមកម្រោងវិនិយោគដែលបានចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលការណ៍បង្ហាញថាការវិនិយោគលើរោងចក្រ ឧស្សាហកម្មនៅកម្ពុជានៅតែមានភាពទាក់ទាញ៕

អ្នកជំនាញបង្ហាញតម្លៃដីធ្លី ដែលមានតម្លៃធូរថ្លៃអាចទទួលបានផលចំណេញពីការវិនិយោគនៅតាមផ្លូវក្រវាត់ក្រុងទី៣

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយ ដែលបាន និងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។ គម្រោងក៏ធំនេះត្រូវបានមើលឃើញថា បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់ជាប់ផ្លូវ មានកំណើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

បច្ចុប្បន្ន អ្នកជំនាញអចលនទ្រព្យមើលឃើញថា ប្រឈមនឹងវិបត្តិជាច្រើនមុខ តម្លៃដីធ្លីនៅតាមផ្លូវក្រវាត់ក្រុងទី៣ មានស្ថានភាពមិនសូវជាល្អប៉ុន្មានទេ ដោយសារតែផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ដែលបានធ្លាក់ចុះ។ ប៉ុន្តែ ក៏នៅមានតំបន់ខ្លះ ដែលមានតម្លៃធូរថ្លៃ ហើយអាចជាជម្រើសនៃការពិចារណាវិនិយោគបាន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២៦ ខែតុលា ឆ្នា២០២២នេះថា តម្លៃដីធ្លីក្រវាត់ក្រុងទី៣ នៅតំបន់ភាគខាងត្បូង នៃទីក្រុងភ្នំពេញមានចន្លោះពី៧០ ទៅ៨០ដុល្លារក្នុងមួយមែត្រការ៉េ។ ចំណែកតំបន់អរិយក្សត្រ មានតម្លៃចន្លោះពី៥៥ ទៅ៦០ដុល្លារក្នុងមួយមែត្រការ៉េ។

លោកបានបញ្ជាក់ថា “តាមការសង្កេត មានតំបន់មួយដែលតម្លៃដីធ្លីនៅមានភាពធូរថ្លៃ គឺតំបន់ភាគខាងជើង ដែលសព្វថ្ងៃនេះមានចន្លោះពី៤០ទៅ៦០ដុល្លារក្នុងមួយមែត្រការ៉េ”។ លោកបន្តថា “នៅក្នុងតំបន់មួយចំនួន​ននៅក្នុងខេត្តកណ្តាល ឆៀងខេត្តកំពង់ស្ពឺ ក៏មានតម្លៃធូរថ្លៃផងដែរ ដោយស្ថិតនៅចន្លោះពី២០ ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

លោកច្រឹក សុខនីមបានបន្ថែមទៀតថា ស្ថានភាពតម្លៃដីធ្លីនៅតាមផ្លូវក្រវាត់ក្រុងទី៣ អាចនឹងមានការកើនឡើងនាពេលអនាគត ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ហាក់មិនមានការកើនឡើងនោះទេ តែក៏មិនបានធ្លាក់ចុះខ្លាំងដែរ ដោយស្ថិតនៅក្នុងសភាពទ្រឹងនៅឡើយ។

លោកសង្កត់ធ្ងន់ថា “នាពេលខាងមុខតម្លៃដីអាចកើនឡើង តែនាពេលបច្ចុប្បន្ននេះ វានៅប្រឈមបន្តិច ដោយសារទីផ្សារអចលនទ្រព្យមិនសូវជាល្អ”។ លោកបន្តថា “វាប្រឈមខ្លះ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវជាល្អ អញ្ចឹងភាគរយនៃការរៀបចំ និងចាត់ចែងមានកម្រិតផងដែរ”។

លោកបញ្ជាក់បន្ថែមថា “ឱ្យវាឡើងថ្លៃតែម្តង ដូចជាអត់ទេ តម្លៃវានៅនឹង នាពេលបច្ចុប្បន្ននេះ”។

ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយ របស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។

គម្រោងក្រវាត់ក្រុងទី៣ គ្រោងបញ្ចប់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ប៉ុន្ដែត្រូវបានបន្ថែមពេលវេលា សាងសង់រយៈពេល១ឆ្នាំទៀត ដោយសារផ្លូវក្រវាត់ក្រុងទី៣នេះ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩។

ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណ៥២,៩គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល ប្រវែងជិត៣៨គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.៕