មន្រ្តីជំនាញចុះពិនិត្យលើបច្ចកទេសនិងវឌ្ឍនភាពការងារគំរោង ពង្រីកផ្លូវលេខ៣៣

   ដោយៈ គង់ សូរិយា

       កំពតៈ ក្រុមម​ន្រ្តីជំនាញបានចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដើម្បីធានាគុណភាពសាងសង់ ឱ្យស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស។

ការចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រោមកាតដឹកនាំដោយក្រុមមន្ត្រីជំនាញ នៃអង្គភាពអនុវត្តគម្រោង (PIU) របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដឹកនាំដោយ លោកសង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេ​កទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ ធ្វើឡើងក្នុងគោ​លបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណ​ភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣នេះផងដែរ។

លោកប្រធានអង្គភាពអនុវត្តគម្រោង បានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើ យត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន ៥,៨០% នៃទំហំការងារសរុប ដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកដាក់ដំណើរការappឈ្មោះ kwcambodia.com

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកKW Cambodiaបានសម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវAppរបស់ខ្លួនមានឈ្មោះkwcambodia.com។

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកនេះ បានដំណើរការកម្មវិធី​របស់ខ្លួនរយៈពេលមួយថ្ងៃពេញ ដោយមានអ្នកជំនាញ អ្នកអភិវឌ្ឍន៍អចល​នទ្រព្យជាច្រើនរយនាក់ នៅសាលសន្និសីទព្រីមៀរ សែនសុខ។

ក្រុមហ៊ុKW Cambodia មានសាខានៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ចាម។

លោកឧកញ៉ាសំ សុខនឿនប្រធានKW SAM SN បានមានប្រសា  សន៍ឲ្យដឹងថា ក្រុមហ៊ុនលំដាប់ពិភពលោកនេះ បាននិងកំពុងដំណើរការផ្តល់សេ​វាកម្មអចលនទ្រព្យ ប្រកបដោយទំនុកចិត្ត និងផ្តោតលើបច្ចេកវិទ្យា ដើម្បីជួយសម្រុញ និងសម្រួលដល់ការប្រើប្រាស់របស់អតិថិជន។

លោកបន្តថា “ការអភិវឌ្ឍន៍Appនេះឡើង ចំណាយប្រាក់រាប់លានដុល្លារអាមេរិក ដើម្បីសម្រួលការទិញលក់អចលនទ្រព្យ ក៏ដូចជាជួយពង្រិកសេវាកម្ម និងជម្រុញទំនុកចិត្តក្នុងទីផ្សារបន្ថែមទៀត”។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងបាននិងកំពុងពង្រីកសក្តានុពលរបស់យើង និងពង្រីកទំនុកចិត្ត ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីជួយលើកកំពស់វិស័យនេះ និងទាក់ទាញការវិនិយោគឲ្យបានកាន់តែច្រើនមកកម្ពុជា។

លោកបន្តថា “បច្ចេកវិទ្យាដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងវិស័យអចលនទ្រព្យ ដែលចាំបាច់ឲ្យយើងពង្រីកការវិនិយោគបន្ថែម ដើម្បីទាក់ទាញ និងសម្រួលដល់ការប្រើប្រាស់របស់ងតិថិជនរបស់យើង”។

ទាក់ទងនឹងការពង្រីកការិយាល័យ នៅតាមបណ្តាខេត្តនានា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបញ្ជាក់ថា ការពង្រីកសមាជិកភាពនៃសាខារបស់ក្រុមហ៊ុនKW Cambodia ជាការងាយនោះទេ ប្រសិនជាយើងទទួលអ្នកចង់ទិញម៉ាកយីហោនេះនៅកម្ពុជា ប៉ុន្តែការជ្រើសរើសសមាជិក ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ជាបញ្ហាដែលយើងមិនផ្តោតនោះទេ ប៉ុន្តែអ្វីដែលយើងផ្តោត គឺចង់ឲ្យអ្នកទិញយីហោរបស់យើង អាចរួមចំណែកប ណ្តុះបណ្តា​លធនធានមនុស្ស និងជួយដល់វិស័យនេះ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរិកចម្រើនកាន់តែខ្លាំង៕

 

គម្រោងផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលកសម្រេចបានជិត៦ភាគរយហើយ

ដោយ៖ សហការី

កំពត៖ ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ក្រោយបើកការដ្ឋាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សម្រេចបានជិត៦ភាគរយហើយ។

នេះបើយោងតាមលោក សង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ បានចុះត្រួតពិនិត្យការងារ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន៥,៨០% នៃទំហំការងារសរុប ដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នេះផងដែរ។

លោកប្រធានអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំអនុសាសន៍ផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់របស់lokទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕

ប្រទេស​ចិន​គ្រោងគាំទ្រ​ផ្នែក​ហិរញ្ញប្បទាននិងបំណុល​ដល់ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ

ដោយ: គង់ លាងហួរ

ប៉េកាំង: ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងជំរុញការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានគុណភាពល្អ និងដាក់ចេញនូវផែនការគាំទ្រចំនួន១០០ពាន់លានយ័ន(១៤,៨៦ពាន់លានដុល្លារ) សម្រាប់ប្រាក់កម្ចីទិញផ្ទះជួល។

សារព័ត៌មាន Xinhua បានរាយការណ៍ពីចំណាត់ការចុងក្រោយបង្អស់ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ងាយស្រួល ដែលបានញាំញីវិស័យអចលនទ្រព្យចិន ចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០២០។ ផែនការនេះផ្តោតជាសំខាន់ទៅលើក្រុមហ៊ុនអចលនទ្រព្យ ដែលមានគុណភាពខ្ពស់ជាមួយនឹងទំហំធំ និងមានសារៈសំខាន់ជាប្រព័ន្ធ។

ក្រុមនិយតករនឹងកែលម្អច្បាប់ “បន្ទាត់ក្រហមបី” សម្រាប់ក្រុមហ៊ុនអចលនទ្រព្យសាកល្បងចំនួន៣០ ដោយមិនផ្តល់ឈ្មោះជាក់លាក់របស់ក្រុមហ៊ុនទាំងនោះទេ។

គោលនយោបាយ “បន្ទាត់ក្រហមបី” បានរឹតបន្តឹងលើការខ្ចីប្រាក់ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយកំណត់លើសមាមាត្របំណុលរបស់ពួកគេ។

យោងតាមផែនការនេះ អាជ្ញាធរនឹងលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុឱ្យចរចា ដើម្បីពង្រីកបំណុល ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយគុណភាព ដោយផ្អែកលើមូលដ្ឋានសមហេតុផល។

ក្រុមអាជ្ញាធរក៏នឹងគាំទ្រការទូទាត់សងបំណុលនៅក្រៅប្រទេសរបស់អ្នកអភិវឌ្ឍន៍ ដោយផ្តល់នូវការគាំទ្រគោលនយោបាយ និងតាមរយៈការជួយកែលម្អការគ្រប់គ្រងការប្តូរប្រាក់បរទេសផងដែរ៕

ការស្ថាបនាផ្លូវថ្មីពីទីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤សម្រេចបានប្រមាណ៤០ភាគរយហើយ

ដោយ៖ សហការី

កំពត៖ ផ្លូវថ្មីមួយខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេចបានប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹមខែមករាឆ្នាំ២០២៣​នេះ។

ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះ មានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹង​ពន្លឿនការស្ថាបនាផ្លូវនេះ។

ថ្លែងនៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​លើក​​ដំបូងចំណង​ជើង​ថា ​“​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់​” កាលពីថ្ងៃទី ០៣ មករា អ្នកឧកញ៉ា ​សុខ គង់ ​អគ្គនាយក​ក្រុមហ៊ុន​សុខា​អូ​តែ​ល និង​សូគីម៉ិច​គ្រុប​ បានឱ្យដឹងថា​ “​យើង​មានការ​អភិវឌ្ឍ​ច្រើន​នៅលើ​ភ្នំ​បូកគោ ដូចជា ផ្លូវ​កាត់​ពី​ស្រែ​៥០០ទៅ​កំពង់សោម​”។

​            អ្នកឧកញ៉ាបាន​បន្ដថា​ “​ប្រហែលជា​ខែ៤ទៀត យើង​អាច​ភ្ជាប់​គ្នា​បាន​ហើយ ចំពោះផ្លូវ​ ១ ​ខ្សែ​នោះ​។ វា​មិនទាន់​ជា​ផ្លូវ​កៅស៊ូ​ល្អ​អ្វី​នោះទេ គ្រាន់តែ​អាចធ្វើ​ដំណើរ​បាន​​”​។​

លោក​ ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងនៅក្នុងពិធី​បញ្ចុះបឋមសិលា​កសាង ព្រះពុទ្ធ​ប្បដិមា​កម្ពស់​១០៨​ម៉ែត្រ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​ស្ថិត​ក្នុងចំណោម​ព្រះពុទ្ធ​ប្បដិមា​ខ្ពស់ៗ​លើ​ពិភពលោក។

លោក​បានលើកឡើងកាលពីថ្ងៃទី០៤ មករា ថា “​​រាជ​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ស្ថាបនាផ្លូវ​ថ្មី​ ១​ ខ្សែ​ទៀត ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៥៨+២០០ ឆ្ពោះទៅ​ភ្នំ​បូកគោ ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​ប្រមាណ​២៧ ​គីឡូម៉ែត្រ​ទទឹងផ្លូវ១៨​ម៉ែត្រ​”។

លោក​រដ្ឋមន្រ្តីបានបន្តថា ”ជា​ទិសដៅ រាជរដ្ឋាភិបាល​គាំទ្រ និង​លើកទឹកចិត្ដដ​ល់​ការអភិវឌ្ឍ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្របតាម​ប្លង់គោល ការប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ចក្ខុវិស័យ​ឆ្នាំ​ ២០៣៥ និង​ត្រូវ​អភិរក្ស​តំបន់ ដែល​មានគុណ​តម្លៃ​ជីវចម្រុះ តំបន់​ទី​ជម្រាល ផ្ទៃ​រង​ទឹកភ្លៀង អាង​ស្ដុក​ទឹក ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ ទីសក្ការៈ និង​តំបន់​រដ្ឋបាល​សាធារណៈ​”។

បន្ថែមលើនេះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ ​បាននិងកំពុង​អភិវឌ្ឍ​គម្រោង​៤​ ទីតាំង រួមមាន សាងសង់​ភូមិគ្រឹះ ៧៦១៣​ខ្នង និង​ផ្ទះ​២១៩២ ​ល្វែង ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧ មីនា ឆ្នាំ​២០២០​។

ក្រុមហ៊ុន​សុខាអូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕

ប្រទេសកម្ពុជារៀបចំផែនការសកម្មភាពកីឡាស៊ីហ្គេម ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងទេសចរណ៍បាននឹងកំពុងរៀបចំផែនការផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើនមកកាន់កម្ពុជា នៅឆ្នាំ២០២៣នេះ តាមរយៈការផ្សព្វផ្សាយព្រឹត្តិការណ៍មួយចំនួន រួមទាំងយុទ្ធនាការ Cambodia Visit 2023 ផងដែរ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣នេះ ហើយក្រសួងបាននឹងកំពុងយកចិត្តទុកដាក់លើព្រឹត្តិការណ៍ទាំង២នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាកាន់តែច្រើន។

ក្រុមការងាររបស់រដ្ឋាភិបាល និងតំណាងវិស័យឯកជនបានឯកភាពលើផែនការសកម្មភាពសំខាន់ៗចំនួន៥ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជាឆ្នាំ ២០២៣។

ក្រសួង​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា កិច្ច​ប្រជុំ​លើក​ទី​បី​នៃ​ក្រុម​ការងារ និង​វិស័យ​ឯកជន​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រធានអង្គប្រជុំបានសម្តែងការជឿជាក់ថា សេចក្តីព្រាងឯកសារនៃវិធានការគោលនយោបាយសម្រាប់ការអនុវត្តយុទ្ធនាការ “ឆ្នាំកម្ពុជា ២០២៣” នឹងត្រូវបានគាំទ្រនៅក្នុងកិច្ចប្រជុំរួមគ្នាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំក្រុមការងារបានពិភាក្សាអំពីវឌ្ឍនភាពការងាររបស់រដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ក្រសួង​ប៉ាន់​ប្រមាណ​ថា យុទ្ធនាការ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣ នឹង​អាច​ទាក់ទាញ​ទេសចរ​អន្តរជាតិ​យ៉ាង​ហោច​៤​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក​ប្រមាណ​១៥​លាន​នាក់ ។

គោលដៅនៃវិធានការ “ទស្សនាកម្ពុជាឆ្នាំ២០២៣”រួមមានការណែនាំ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ស៊ីជម្រៅ និងផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជានៅក្នុងទីផ្សារទេសចរណ៍អាទិភាពចំនួន៩ តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម។ល។

គោលដៅមួយទៀតគឺទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញទាំងថ្នាក់ស្រុក ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ៕

China to support financing, debt extension for quality developers

BEIJING/SHANGHAI : China will boost financing for good quality property developers and roll out a 100 billion yuan ($14.86 billion) support plan for rental housing loans, the official Xinhua news agency said on Friday.

Reporting the latest move to ease a liquidity crunch which has plagued the real estate sector since mid-2020, Xinhua said financial regulators have drafted a work plan to guide quality developers’ balance sheet back to a safe range.

 

The plan mainly targets high quality property firms with relatively big size and systemic importance, it said.

Regulators will improve the “three red lines” rule for 30 pilot property firms, without giving specific names of the firms. The “three red lines” policy restricts the amount of new borrowing property developers can raise each year by placing caps on their debt ratios.

 

The property sector, which accounts for roughly a quarter of China’s gross domestic product, has struggled with defaults and stalled projects, hitting market confidence and weighing on growth.

 

($1 = 6.7273 Chinese yuan renminbi)

 

Source: Reuters

ដំណឹងល្អៈ Passport កម្ពុជាឡើងចំំណាត់ថ្នាក់ពីលេខ៩៥មកលេខ៨៩

   ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ជាដំណឹងល្អ និងគួរឲ្យអបអរសាទរមួយ ដែលលិខិតធ្វើដំំណើររបស់កម្ពុជា(Cambodia Passport) បានឡើងចំណាត់ថ្នាក់ពីលេខ៩៥ មកលេខ៨៩ ដែលនេះជាការបង្ហាញពីឧត្តមភាព និងកិត្យានុភាពកម្ពុជាកាន់តែមានភាពប្រសើរឡើង។

លោកឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ីដែលបានយល់ពីជម្រៅរឿងនេះ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ មករានេះថា ការឡើងចំណាត់ថ្នាក់នេះ មានន័យថា ការធ្វើដំណើរពីកម្ពុជាទៅកាន់​ប្រទេសផ្សេងទៀត ដោយមិនចាំបាច់សុំទិដ្ឋាការ ឧទាហរណ៍ប៉ាស្ព័រ ដែ​លមានចំណាត់ថ្នាក់លេខ១ ដល់លេខ១០លើពិភពលោក អាចនិយាយ​បានថា ជនជាតិដែលកាន់ប៉ាស្ព័រនោះ មិនចាំបាច់សុំទិដ្ឋាការនោះទេ។

លោកបន្តថា “នៅពេលចំណាត់ថ្នាក់យើង កាន់តែឡើងដល់កម្រិតប្រសើរ គឺជនជាតិដែលកាន់ប៉ាស្ព័រនោះ នៅពេលមានបញ្ហានៅប្រទេសណា​មួយអាជ្ញាធរប្រទេសនោះនឹងខ្នះខ្នែងជួយ”។ លោកបន្តថា “វាបញ្ជាក់ផងដែរថា ប្រទេសនោះមានស្ថានទូត និងស្ថានអគ្គកុងស៊ុលទូទាំងពិភពលោកផងដែរ”។

លោកឡោ វិចិត្របានបន្តថា ប្រសិនជាឆ្នាំក្រោយ លិខិតធ្វើដំណើរ​របស់​ប្រទេសយើងឡើងពី៨៩ មកលេខ៨០ វានឹងបង្ហាញថាកម្ពុជាបានបើកស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា កាន់តែច្រើននៅលើពិភពលោក។ លោកបន្តថា បណ្តាប្រទេសនានានៅលើពិភពលោក តែងតែចង់បានរឿងធំៗចំនួនបីយ៉ាង ទី១ គេចង់ឲ្យព្រលានយន្តហោះរបស់គេ មានអ្នកធ្វើដំណើរច្រើនជាងគេ ទី២ គេចង់ឲ្យPassportរបស់គេ ជាប់ចំណាត់ថ្នាក់លេខ១ និងទី៣ គេចង់ឲ្យកំពង់ផែដឹកទំនិញរបស់គេ មានសកម្មភាពដឹកជញ្ជូនច្រើនជាងគេនៅលើពិភពលោក។

លោកបញ្ជាក់ថា “ហេតុនេះបើប្រទេសណាមួយ ជាប់ចំណាត់ថ្នាក់លេខ១ទាំងបីនេះ មានន័យថា ប្រទេសនោះនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក”។ លោកបន្ថែមថា “ដោយសារមូលហេតុនេះហើយ ទើបប្រទេសនិមួយៗគេកំពុងពង្រីកស្ថានទូត នៅគ្រប់ប្រទេសនានាក្នុងពិភពលោក ដើម្បីពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ពួកគេ”៕

អ្នកជំនាញបានជម្រុញឲ្យមានការសិក្សាទីផ្សារ និងតម្រូវការជាក់ស្តែង សម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន នាពេលបច្ចុប្បន្ន

ដោយ: សុផារី

ភ្នំពេញ: អចលនទ្រព្យលំនៅឋានជាប្រភេទអចលនទ្រព្យ ដែលបន្តទទួលបានតម្រូវការ និងភាពពេញនិយមច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។

ដូច្នេះ នៅក្នុងស្ថានភាពបច្ចុប្បន្ន អ្នកអភិវឌ្ឍន៍ត្រូវសិក្សាអំពីតម្រូវការជាក់ស្តែងរបស់អតិថិជន ចន្លោះតម្លៃដែលពេញនិយម និងស្ថានភាពទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នផងដែរ។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនងថា នៅក្នុងស្ថានភាពតម្រូវការលំនៅឋានរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រភេទអចលនទ្រព្យមួយចំនួន ដែលធ្លាប់ទទួលបានការពេញនិយមកំពុងធ្លាក់ចុះវិញ ខណៈប្រភេទអចលនទ្រព្យខ្លះទៀត ហាក់បង្ហាញកំណើនតម្រូវការខ្ពស់ឡើងវិញ។

លោកស្រីសុធីតា បានបន្ថែមថា តាមរយៈនិន្នាការតម្រូវការថ្មីនេះ អ្នកអភិវឌ្ឍន៍លំនៅឋានត្រូវស្វែងយល់អំពីតម្លៃ ដែលអ្នកទិញ ឬអ្នកវិនិយោគអាចមានលទ្ធភាពទិញបាន ដូច្នេះហើយពួកគាត់អាចរចនាចេញម៉ូតលំនៅឋានតាមគុណតម្លៃ ដែលអតិថិជនអាចជ្រើសរើសបាន។

លោកស្រីបានសង្កត់ធ្ងន់ថា “អ្នកអភិវឌ្ឍន៍ត្រូវស្វែងយល់ពីតម្រូវការរបស់អតិថិជន មុននឹងអភិវឌ្ឍន៍ ឬចេញម៉ូតប្រភេទផ្ទះណាមួយ”។

ជាមួយគ្នានេះ លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា អ្នកអភិវឌ្ឍន៍ ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីចរន្តនៃទីផ្សារ និងតម្រូវការនៃទីផ្សារ មុននឹងវិនិយោគលើអ្វីមួយ។

លោកបន្តថា “ជាអ្នកវិនិយោគត្រូវការសិក្សាឲ្យបានច្បាស់លាស់ អំពីចរន្តនៃទីផ្សារ និងតម្រូវការនៃទីផ្សារ ព្រមទាំងការរំពឹងទុក(speculation​) នៃទីផ្សារអចលនទ្រព្យបច្ចុប្បន្នផងដែរ”។លោកបញ្ជាក់បន្ថែមថា “អ្នកវិនិយោគគាត់ត្រូវមើលទីតាំង តម្លៃ និងទិសដៅនៃការវិនិយោគថា តំបន់ណាមួយរីកចម្រើននៅ ក្នុងលក្ខខណ្ឌច្បាស់លាស់នៅក្នុងផ្នែកណាមួយ ដើម្បីអាចវិនិយោគបាន”៕

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឆ្នាំ២០២២-២០៣៨

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គនាទីស្ដីការគណៈរដ្ឋមន្ត្រី ដោយបានលើកយកសេចក្ដីព្រាង គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ ២០២២-២០៣៥ មកពិភាក្សា។

បើតាមលោកផៃ ស៊ីផាន នាំអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនាព្រឹកថ្ងៃទី១៣ មករានេះថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំ គោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី “សៀវភៅសដីធ្លី”គោលនយោបាយជាតិស្ដីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

ដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយយរួមមាន  គ.ជ.ដ.ស. មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ តាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា រដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែង ដែលមានវិសាលភាពរហូតដល់ឆ្នាំ២០៣៨ “អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌ​លកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។

គោលនយោបាយនេះ មានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕