លោកច្រឹក សុខនីមពន្យល់ពីវិធីប្រើប្រាស់បំណុលដើម្បីទាញប្រយោជន៍ ពីវិស័យអចលនទ្រព្យ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បំណុលមិនមែនអាក្រក់នោះទេ គឺមានបំណុលល្អផងដែរ ប៉ុន្តែនៅទីនេះយើងនិយាយពីការប្រើប្រាស់បំណុល ដើម្បីទាញយកផលប្រ​យោជន៍ពីវិស័យអចលនទ្រព្យ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមា​គមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបាន​មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាទូទៅនៅក្នុងពិភពលោក តែងតែមានបំណុ​ល ដែលបំណុលទាំងនេះ មានលក្ខណៈជាគ្រួសារ សហគមន៍ ឯកជន ក្រុមហ៊ុន និងប្រទេសជាតិ  ហើយនៅពេលដែលប្រើប្រាស់បំណុលទាំងនេះ មានប្រសិទ្ធិភាពនោះ នឹងជំរុញឱ្យជីវភាព នៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារ សហគន៍ ប្រទេស និង ក្រុមហ៊ុន មានការរីកចំរើន។

លោកពន្យល់ថា “បំណុលគឺជាការប្រើប្រាស់ធនធានអ្នកដទៃ តាមរយៈការប្រើប្រា​ស់ជាថវិកាឬជាទ្រព្យសម្បត្តិ និងអ្វីផ្សេងៗទៀតសម្រាប់ធ្វើការការដោះដូរ និងជាប្រយោ​ជន៍ក្នុងការវិស័យជំនួញឱ្យមានប្រសិទ្ធិភាព”។

លោកបន្តថា នៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ អ្នកវិនិយោ​គអាចស្វែងរកបំណុល តាមរយៈធនាគារដែលជាស្ថាប័នឯករាជ្យ ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនទូទៅ ក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញលំនៅឋានសម្រាប់ធ្វើការវិនិយោគ​បន្ត ។

លោកច្រឹក សុខនីមបានពន្យល់ថា មុនដំបូងយើងត្រូវធ្វើការសិក្សានូវគុណតម្លៃ នៃវិស័យអចលនទ្រព្យដែលយើងត្រូវវិនិយោគ តើជាប្រភេទអចលនទ្រព្យបែបណា ។ ឧទាហរណ៍ បើយើងវិនិយោគលើលំនៅឋាន ដូចជាផ្ទះ ឬខុនដូ ឬមួយជាគម្រោងដែលកំពុងសាងសង់ សម្រាប់ទុកវិនិយោគបន្ត ឬសម្រាប់ជួលជាដើមនោះ យើងត្រូវសិក្សាពីចំណូល និងកំណើនតម្លៃអចលនទ្រព្យនៅពេលខាងមុខ ដោយធៀបជាមួយនឹងបំណុល។

លោកបន្ថែមទៀតថា នៅពេលដែល យើងមានគម្រោងដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យប្រកបដោយចីរភាព យើងត្រូវវិភាគអំពីឱកាសនៅក្នុងការវិនិយោគ រួមផ្សំជាមួយនឹងការសងត្រឡប់ បូកជាមួយប្រាក់បំរ៉ុងទុក។ បើយើងមានធនធានទាំងអស់នេះ បំណុលនៅក្នុងវិស័យអច​លនទ្រព្យ គឺទុន និងជាលទ្ធភាពល្អបំផុត ពីព្រោះ នៅពេលដែលយើងប្រើប្រាស់បំណុល ធ្វើឱ្យយើងចំណេញពេលវេលា និងអាចធ្វើឱ្យជីវភាពដើរលឿនជាអ្នកដែលមិនប្រើប្រាស់បំណុល។

លោកច្រឹក សុខនីមបានបញ្ជាក់ថា “ដូច្នេះនៅពេលដែលយើងប្រើប្រាស់បំណុលបានត្រឹមត្រូវ ហើយ ស្ទង់មើលនូវឥទ្ធិពល នៅក្នុងកម្រិតដែលជាវិជ្ជមាន គឺជាហេតុផលចម្បងដែលធ្វើឱ្យសេដ្ឋកិច្ចក្រុមគ្រួសារ មានការរីកចំរើន”។ លោកបន្ថែមថា “ការប្រើប្រាស់បំណុល ជាទ្រព្យសម្បត្តិ នឹងទទួលបាននូវគុណតម្លៃពីការវិនិយោគ”។

លោកបន្ថែមថា ជាមួយគ្នានេះដើម្បីទទួលបាននូវព័ត៌មានជុំវិញ ការប្រើប្រាស់បំណុ លើការវនិយោគវិស័យអចលចនទ្រព្យ លោកអ្នកអាចប្រឹក្សាយោបល់ជាមួយភ្នាក់​ងារអចលនវត្ថុ ឬ ក៏មន្ត្រីធនាគារ៕

 

ក្រុងឌូបៃបង្ហាញផែនការសេដ្ឋកិច្ច៨,៧ទ្រីលានដុល្លារ ដើម្បីពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេដងនៅ២០៣៣

ដោយៈ សុខុម

រីយ៉ាដៈ ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានដាក់ចេញនូវផែនការសេដ្ឋកិច្ច៨,៧ពាន់លានដុល្លារ កាលពីថ្ងៃពុធ ទី៤ ខែមករា ជាមួយនឹងគោលដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅទសវត្សរ៍ក្រោយ ខណៈក្រុងនេះ មានមហិច្ឆតាពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេដង។

ផែនការសេដ្ឋកិច្ចថ្មីដែលមានឈ្មោះថា “D33” នេះរួមបញ្ចូលទាំងគម្រោងផ្លាស់ប្តូរ រហូតដល់ទៅ១០០គម្រោងនៅក្រុងឌូបៃផងដែរ ខណៈរដ្ឋាភិបាលចង់ធ្វើឱ្យឌូបៃ ជាប់ឈ្មោះក្នុងចំណោមទីក្រុង សេដ្ឋកិច្ចកំពូលទាំង៣ក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា។

លោក Sheikh Mohammed bin Rashid Al-Maktoum ដែលជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត និងជាមេដឹកនាំក្រុងឌូបៃផងដែរនោះ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “យើងមានវិនិយោគិនជាង៣០០.០០០នាក់នៅក្រុងឌូបៃ ហើយខ្ញុំសូមអញ្ជើញអ្នកគ្រប់គ្នា ឱ្យចូលរួមក្នុងដំណើររបស់យើង ដើម្បីឆ្ពោះទៅកាន់គោលដៅក្លាយ ជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោក”។

ក្រោមផែនការនេះ ពាណិជ្ជកម្មបរទេសត្រូវបានកំណត់គោលដៅឱ្យឈានដល់៧,៩៧ទ្រីលានដុល្លារ នៅរយៈពេល១០ឆ្នាំក្រោយ ដោយកើនឡើងពីជាង៣,៨៦ទ្រីលានដុល្លារ ក្នុងទសវត្សរ៍កន្លងមក។

មេដឹកនាំក្រុងឌូបៃ រូបនេះក៏សរសេរបន្ថែមទៀតថា ក្រុងឌូបៃ កំពុងរៀបចំផែនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាមធ្យម១៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗនៅទសវត្សរ៍ក្រោយ ដើម្បីឈានលើស១៧៧ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៣។

ម្យ៉ាងវិញទៀតការចំណាយរបស់រដ្ឋាភិបាលត្រូវបានរំពឹងថា នឹងឈានដល់១៩០ពាន់លានដុល្លារ នៅឆ្នាំ២០៣៣ បើធៀបនឹង២១៥ពាន់លានដុល្លារ ក្នុងពេល១០ឆ្នាំកន្លងមក។

សម្រាប់ការវិនិយោគផ្នែកឯកជនត្រូវបានព្យាករថា នឹងឈានដល់២៧២ពាន់លានដុល្លារ នៅទសវត្សរ៍ខាងមុខ ដោយកើនឡើងពី២១៥ពាន់លានដុល្លារ ក្នុងពេល១០ឆ្នាំកន្លងមក៕ Arab News៕

ពលរដ្ឋចិនទិញខុនដូនៅថៃច្រើនជាងគេបំផុតក្នុងចំណោម ជនបរទេសនានា

ដោយៈ សុខុម

បាងកក: ថ្វីបើមានការរឹតបន្តឹងការធ្វើដំណើរលើចិនដីគោក យ៉ាងណាក្ដី ក៏ពលរដ្ឋចិន នៅតែជាអ្នកទិញខុនដូច្រើនជាងគេបំផុត ក្នុងប្រទេសថៃ ក្នុងឆ្នាំ២០២២ ខណៈពលរដ្ឋមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់កំពូលទី១០ ជាលើកដំបូង ដោយសារហេតុផលសេដ្ឋកិច្ច និងនយោបាយ។

នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា។

លោក Karlo Pobre នាយគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CIM Propert Consultants Co ដែលមានមូលដ្ឋាននៅក្រុងយ៉ង់ហ្គូន (Yangoon) ប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យអ្នកមានស្ដុកស្ដម្ភមួយចំនួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្វែងរកផ្ទះទី២ ក្នុងទីផ្សារដែលមានសុវត្ថិភាព និងស្ថិរភាពល្អប្រសើរ ជាពិសេសប្រទេសថៃ ដែលជាប្រទេសជិតខាង។

លោកគូសបញ្ជាក់ថា “គ្រួសារជាច្រើននៅមីយ៉ាន់ម៉ា បានទិញផ្ទះទី២ នៅប្រទេសថៃ ដោយសារហេតុផលសំខាន់៣យ៉ាង។ ហេតុផលទី១ គឺទិញសម្រាប់គោលបំណងវិនិយោគ ទិញទុកជាទ្រព្យ ហេតុផលទី២ គឺទិញទុកសម្រាប់ស្នាក់នៅពេលទៅព្យាបាលជំងឺនៅថៃ ដែលមានសេវាថែទាំសុខាភិបាលល្អប្រសើរ និងហេតុផលទី៣ គឺទិញសម្រាប់ឱ្យកូនៗរបស់ពួកគេស្នាក់នៅពេលទៅបន្តការសិក្សានៅថៃ”។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) ឱ្យដឹងថា ចំនួនយូនីតខុនដូក្នុងប្រទេសថៃ ដែលទិញដោយពលរដ្ឋមីយ៉ាន់ម៉ា បានកើនឡើងជាង៦ដង ដែលមានចំនួនកើនឡើងហូតដល់១៨៨យូនីត ក្នុងពេល៩ខែដើមឆ្នាំ២០២២ បើធៀបនឹង៣០យូនីតក្នុងឆ្នាំ២០២១ និង២៦យូនីតក្នុងឆ្នាំ២០២០។

កត្តានេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា ក្លាយជាជនបរទេសដែលទិញខុនដូច្រើនជាងគេទី៧ នៅប្រទេសថៃ ក្នុងពេល៩ខែដើមឆ្នាំ២០២២ ហើយនេះជាលើកដំបូងហើយ ដែលពួកគេឈានដល់ចំណាត់ថ្នាក់កំពូលទី១០ ចាប់តាំងពីREIC បានចាប់ផ្ដើមប្រមូលចងក្រងទិន្នន័យក្នុងឆ្នាំ២០១៨ មក។

ក្នុងឆ្នាំ២០១៨ ខុនដូដែលពលរដ្ឋមីយ៉ាន់ម៉ា ទិញនៅប្រទេសថៃ មានចំនួន៤៨យូនីត ហើយចំនួននេះបានកើនឡើងដល់៥៤យូនីត ក្នុងឆ្នាំ២០១៩ មុនពេលធ្លាក់ចុះដល់២៦យូនីតក្នុងឆ្នាំ២០២០។

លោកKarlo Pobre បានលើកឡើងថា ការធ្លាក់ចុះការទិញក្នុងឆ្នាំ២០២០ ទំនងជាបណ្ដាលមកពីប្រទេសមីយ៉ាន់ម៉ា បិទអាកាសយានដ្ឋាននានារបស់ខ្លួន នៅពេលចាប់ផ្ដើមផ្ទុះការឆ្លងវីរុសកូវីដ-១៩៕ Bangkok Post៕

ប្រទេសឡាវ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី៥០០​គីឡូ​វ៉ុល​មកកាន់កម្ពុជា​

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: ប្រទេសឡាវ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនី ៥០០គីឡូវ៉ុល តភ្ជាប់អនុស្ថានីយអគ្គិសនីនៅភូមិមួយ ក្នុងខេត្តចំប៉ាសាក់ មកកាន់តំបន់ព្រំដែនកម្ពុជា។

យោងតាមរបាយការណ៍មួយរបស់វិទ្យុជាតិឡាវ ដែលបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Thongphat Inthavong បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសឡាវ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Chanthaboun Soukaloun   នាយកគ្រប់គ្រងនៃអគ្គិសនីរដ្ឋឡាវ (EDL)  បានមានប្រសាសន៍ថា ខ្សែបញ្ជូនថាមពល និងអនុស្ថានីយ៍ គឺជាផ្នែកមួយនៃគម្រោងជាតិមួយ ដែលបានប្រើប្រាស់បច្ចេកទេសទំនើប ជាមួយនឹងទំហំទុនវិនិយោគខ្ពស់។

លោកបានបន្តថា“ វា​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ សម្រាប់​យុទ្ធសាស្ត្រ​របស់​ប្រទេស​ឡាវ ក្នុង​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី​ ទៅ​កាន់បណ្តាប្រទេស​ជិតខាង ជាពិសេស​គឺកម្ពុជា”។

ខ្សែ​បញ្ជូន​ថាមពល​នេះ​ មាន​ប្រវែង​ជាង ២០០​គីឡូម៉ែត្រ និងឆ្លងកាត់​ ស្រុក​ខុង នៃ​ខេត្ត​ចំប៉ាសាក់ និង​ស្រុក​សាណាមសៃ និង​ស្រុកភូវង់ ក្នុង​ខេត្ត​អាតតាព ។

រោងចក្រវារីអគ្គីសនីជាច្រើន ត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសនេះទៅជា“ថ្មអាគុយ”នៃតំបន់អាស៊ីអាគ្នេយ៍។

គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវមានប្រភពថាមពលចំនួន៩០ ជាមួយនឹងសមត្ថភាពដំឡើងសរុបជិត១១.០០០មេហ្គាវ៉ាត់។

ប្រភពថាមពលទាំង​នោះ​ រួម​មាន​ រោងចក្រវារីអគ្គិសនី​ចំនួន៧៧ រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន៨ គម្រោង​ជីវម៉ាស់​ចំនួន ៤ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្មចំនួន១៕

ក្រុមហ៊ុនលំដាប់យក្សWalmartស្នើសុំពង្រីកធុរកិច្ចនិងបញ្ជាទិញទំនិញ ពីកម្ពុជាបន្ថែម

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក បានស្នើក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកធុរកិច្ចរបស់ខ្លួនបន្ថែម នៅក្នុងប្រទេសកម្ពុជានិងបានស្នើសុំបញ្ជាទិញទំនិញពីកម្ពុជា បន្ថែមទៀតនៅពេលឆាប់ៗនេះ ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្រោយជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុនWalmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សរដ្ឋអាមេរិក។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្ម នៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

លោកក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យកម្ពុជាអាចបើកនូវរាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។ លោកក៏បានផ្តល់នូវបច្ចុប្បន្នភាព នៃសមិទ្ធិផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេសការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ  និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លោកបានទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា គឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រី Anbinh Phan តំណាងក្រុមហ៊ុនWalmart បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

លោកស្រីក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម៕

រដ្ឋបាលខេត្តកោះកុងបង្ហាញកំំណប់ធម្មជាតិមួយក្នុងស្រុកថ្មបាំង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុងបានបង្ហាញកំណប់ធម្មជាតិដ៏ស្រស់ត្រកាលមួយនាទឹកដី ស្រុកថ្មបាំង ខេត្តកោះកុង។

ធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ស្ទឹងកែបនេះ ស្ថិតក្នុងឧទ្យាន ជាតិ ជួរភ្នំក្រវ៉ាញ។

យោងតាមព៌តមានរបស់ខេត្តបានឲ្យដឹងថា ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ ដែលចូលចិត្តធម្មជាតិ និងស្តាប់សម្លេងទឹកហូរ។

ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។

ការចូលទៅកាន់តំបន់រមណីយដ្ឋានដ៏ត្រកាលនេះ ត្រូវធ្វើដំណើរឡាន/ម៉ូតូ២៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំង និង១៨គីឡូ ម៉ែត្រ ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។ ថ្មើរជើង ចម្ងាយ១៣គីឡូម៉ែត្រ ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប។

លោកជំទាវឆាវ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុងមានកំណប់ធនធានធម្មជាតិ ជាច្រើន ដែលបានលាក់ខ្លួន នៅកណ្តាលព្រៃ ហើយរដ្ឋាភិបាលមិនទាន់បានកែច្នៃ និងទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកជំទាវបន្តថា “មានអាថ៌កំបាំងធម្មជាតិជាច្រើន បានបង្កប់ខ្លួនក្នុងទឹកដីខេត្តកោះកុង ដែលខេត្តនេះបាននិងកំពុងមានសក្តានុពល និងភាពទាក់ទាញកាន់តែប្រសើរឡើង ដោយសារការវិនិយោគពីក្រុមហ៊ុនឯកជន និងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”៕

លោកបណ្ឌិត ហ៊ុន ម៉ាណែតលើកឡើងពីគុណតម្លៃជាច្រើននៃជ័យជំនះ៧មករា

ដោយ៖ សហការី

ក្រចេះ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នៅស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅសល់តែ ២ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជំនះ ៧មករា ដែលបានជួយឲ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូល បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ឈរលើមូលដ្ឋាននៃថ្ងៃជ័យជំនះ ៧មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិត ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។

ក្នុងនោះបានផ្តល់នូវឧត្តមប្រយោជន៍ នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឲ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យ នៃគ្រាប់មីន ដែលនៅតែជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឲ្យបាននូវគោលដៅកម្ពុជា គ្មានមីនឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកក៏បានសូមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង១០ឆ្នាំ មួយនេះ ក្រោមម្លប់សុខសន្តិភាព និងកម្លាំងសាមគ្គីភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាដោយឈរលើមូលដ្ឋាននៃវប្បធម៌ចែករំលែក ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងបន្សល់ទុកជូនអ្នកជំនាន់ក្រោយៗទៀត។

លោកបណ្ឌិត ក៏សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តក្រចេះនេះផ្ទាល់។ ក្នុងកាលៈទេសៈដែលប្រទេសកំពុងបន្តអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន និងតទៅអនាគត គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗ ដែលត្រូវកសាងខ្លួនឲ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពទាំងផ្នែកចំណេះដឹង និងផ្នែកគុណធម៌-សីលធម៌៕

 

អភិបាលខេត្តកំពតលើ់កឡើងពីសមិទ្ឋផលឆ្នាំចាស់ និងគំរោងដែល កំពុងស្ថាបនាក្នុងខេត្ត

   ដោយៈ គង់ សូរិយា

       កំពតៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបាន  ឱ្យដឹងថា រដ្ឋបាលខេត្តបានអភិវឌ្ឍលើគម្រោងជាច្រើន ក្នុងនោះមានបួនធំៗ ដែលជាសមិទ្ធផលសម្រាប់ឆ្នាំ ២០២២កន្លងទៅ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ លោកម៉ៅ ធនិនកាលពីព្រឹកថ្ងៃទី៤ មករាកន្លងមកបានលើកឡើងថា សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន ទី១ ឆ្នេរព្រែកកំពង់បាយ ហៅព្រែកកំពតប្រវែង២ពាន់ម៉ែត្រ នៅក្នុងស្រុកទឹកឈូ បានស្ថាបនារួច ទី២ កំពុងស្ថាបនាទីធ្លាសាធារណៈ នៅចន្លោះស្ពានឥន្ធនូ និងស្ពានថ្មថ្មី​ដែលមានប្រវែង៦៣៧ម៉ែត្រ។

ទី៣ រៀបចំឆ្នេរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិងូតទឹកកម្សាន្ត នៅចន្លោះស្ពានថ្មថ្មី ទៅស្ពានរទេះភ្លើង មានប្រវែង៦២៧ម៉ែត្រ កំពុងស្ថាបនា និងទី៤ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូ និងបេតុង នៅទីរួមខេត្តបានចំនួន ១៧ខ្សែ លើ៤៣ខ្សែ ក្នុងក្រុងកំពត និងស្រុកដងទង់។

លើសពីនេះទៀត លោក ម៉ៅ ធនិន បានឱ្យដឹងថា ជាផែនការរបស់រដ្ឋបាលខេត្តកំពត នឹងខិតខំឱ្យមានឆ្នេរសមុទ្រ សម្រាប់បម្រើផលប្រយោជន៍ដល់សាធារណជន មកលេងកម្សាន្តនៅខេត្តជាប់សមុទ្រ ប៉ែកនារតីនៃប្រទេ​សកម្ពុជា។

លោកអភិបាលខេត្តបានបន្តថា ដោយឡែកសមិទ្ធផលថ្មីសន្លាងដែ​លនឹងផុសចេញរូបរាងឆាប់ៗនេះ គឺការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលធំនិងខ្ពស់ជាងគេនៅកម្ពុជា និងខ្ពស់ក្នុងចំណោមពុទ្ធបដិមានៅលើពិភពលោក។

លោក ធនិនបានបន្តថា ក្រៅពីសមិទ្ធផលធំៗទាំងនេះ ខេត្តកំពតក៏សម្រេចបានសមិទ្ធផលផ្សេងៗជាច្រើនទៀតមាន ដូចជា សំណង់អគាររដ្ឋបាល មន្ទីរពេទ្យ សាលារៀន វត្តអារាម វិហារសាសនា ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រផលិតអគ្គិសនី ទឹកស្អាត រោងចក្រស៊ីម៉ងត៍ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍ និងសំណង់ជាច្រើនទៀត៕

 

New condo releases in Tokyo area expected to increase in 2023

The number of new condominiums put on sale in the Tokyo metropolitan area for 2023 is expected to rise 3.9 percent from the previous year to 32,000 units, according to a recent report by a real estate research firm.

 

The forecasted rise, the first in two years, is speculated to be led by scheduled sales of large condominiums near train stations in Tokyo’s 23 wards, Real Estate Economic Institute said in late December.

 

It also said an increase in the number of high-end condos could push up the average price in Tokyo and three neighboring prefectures. The prices of new condominiums in suburban areas are also expected to stay high on the back of surging construction material costs.

 

Meanwhile, there are prospects of mortgage rates rising after the Bank of Japan revised its ultraloose monetary policy in December, a surprise move that is seen as an effective rate increase.

 

“There are worries that condominium supplies will be squeezed in response to a decline in people’s appetite for purchasing,” said an official in charge of the report.

 

By area, the supply of condominiums in the 23 wards is projected to jump 9.4 percent to 14,000 units, and that in the rest of Tokyo is expected to surge 8.7 percent to 2,500 units.

Chiba Prefecture is expected to see an 8.1 percent increase to 4,000 units, while Kanagawa Prefecture is forecasted to see a 4.2 percent increase to 7,500 units.

 

Contrary to the overall trend, Saitama Prefecture is expected to see a major drop of 16.7 percent to 4,000 units after sharp gains in 2022.

 

The number of newly released condominiums last year was estimated at 30,800 units, down 8.4 percent from the year before, due partly to a delay in construction schedules resulting from the Russian war in Ukraine disrupting supply chains of construction materials and equipment.

Source: Japan Times

ស្ថានភាពទីផ្សារខុនដូថ្មីក្នុងទីក្រុងតូក្យូនឹងកើនឡើងក្នុងឆ្នាំ២០២៣នេះ

ដោយ: លាងហួរ

ក្រុងតូក្យូ: ចំនួនខុនដូថ្មី ដែលដាក់លក់នៅក្នុងតំបន់ទីក្រុងតូក្យូ សម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង៣,៩ភាគរយ ពីឆ្នាំមុន ដល់៣២.០០០យូនីត ។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យមួយ។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យបានរាយការណ៍ កាលពីដំណាច់ខែធ្នូ កន្លងទៅថា ការកើនឡើង  ដែលត្រូវបានព្យាករណ៍ទុកជាលើកដំបូង ក្នុងរយៈពេល២ឆ្នាំនឹងនាំមុខ ដោយការលក់ខុនដូធំៗ នៅជិតស្ថានីយ៍រថភ្លើង ក្នុងសង្កាត់ចំនួន២៣របស់ទីក្រុងតូក្យូ។

វិទ្យាស្ថាននេះក៏បានបញ្ជាក់ផងដែរថា ការកើនឡើងនៃចំនួនខុនដូប្រណិតៗ អាចជំរុញឱ្យតម្លៃខុនដូជាមធ្យម នៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣កើនឡើងផងដែរ។ តម្លៃខុនដូថ្មីនៅតំបន់ជាយក្រុងក៏ត្រូវបានគេរំពឹងថា នឹងនៅតែមានថ្លៃខ្ពស់ផងដែរ ដែលបណ្តាលមកពីការកើនឡើងថ្លៃសម្ភារៈសំណង់។

ទន្ទឹមនឹងនេះ អត្រាប្រាក់កម្ចីទិញផ្ទះ ត្រូវបានគេរំពឹងទុកថា នឹងកើនឡើង បន្ទាប់ពីធនាគារកណ្តាលជប៉ុន បានកែសម្រួលគោលនយោបាយរូបិយវត្ថុដ៏ធូររលុងរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២២។

យោងតាមមន្ត្រីមួយរូបទទួលបន្ទុកលើរបាយការណ៍ បានអះអាងថា យើងមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ខុនដូនឹងធ្លាក់ចុះ ដោយឆ្លើយតបទៅនឹង ការធ្លាក់ចុះនៃចំណង់របស់ប្រជាជន ក្នុងការទិញ។

ការផ្គត់ផ្គង់ខុនដូ នៅក្នុងសង្កាត់ទាំង២៣ ក្នុងក្រុងតូក្យូ នឹងកើនឡើង៩,៤ភាគរយដល់១៤.០០០យូនីត ហើយនៅតំបន់សេសសល់នៃទីក្រុងតូក្យូ ត្រូវបានគេរំពឹងថា នឹងកើនឡើង៨,៧ភាគរយ ដល់២.៥០០យូនីត។

ចំនួនខុនដូក្នុងខេត្ត Chiba ត្រូវបានគេរំពឹងថា នឹងកើនឡើង៨,១ភាគរយ ដល់៤.០០០យូនីត ខណៈចំនួនខុនដូ នៅខេត្ត Kanagawa ត្រូវបានព្យាករណ៍ថានឹងកើនឡើង៤,២ភាគរយ ដល់៧.៥០០យូនីត។ ចំណែក ចំនួនខុនដូនៅក្នុង ខេត្ត Saitama ត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះ១៦,៧ភាគរយ ដល់៤.០០០យូនីត បន្ទាប់ពីបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ២០២២៕