រាជរដ្ឋាភិបាលចេញអនុក្រឹតបង្កើតស្រុកក្រុងថ្មីចំនួន៤នៅក្នុងខេត្តចំនួន៣

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត ក្នុងការបង្កើតស្រុកក្រុងថ្មីចំនួន៣នៅក្នុងខេត្តចំនួន៣ រួមមាន ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។

នេះបើតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។

រាជរដ្ឋាភិបាល បានសម្រេចបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺជា២ ដោយនឹងត្រូវបង្កើតទៅជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺវិញ។ ក្រុងឧដុង្គម៉ែជ័យ នឹងកាត់យកឃុំចំនួន៥ ខណៈស្រុកសាមគ្គីមុនីជ័យ នឹងត្រូវយកឃុំចំនួន១០នៃស្រុកឧដុង្គ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដោយកាត់យកឃុំចំនួន៥ ពីស្រុកសំបូរដាក់ជាចំណុះផងដែរ។

សម្រាប់ខេត្តកណ្តាល ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសក្នុងពេលថ្មីៗនេះ ក៏បានសម្រេចក្នុងការបង្កើតក្រុងសំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ពីស្រុកល្វាឯម។

ខេត្តកណ្តាលនឹងមានក្រុងចំនួនបី គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននេះ៕

 

ដំណឹងល្អៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតទីក្រុងអរិយក្សត្រហើយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតក្រុងមួយទៀត គឺ«ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ នេះបើតាមអនុក្រឹតដែលបណ្តាញព័ត៌មាន Property Area Asia ទទួលបាន។

ក្រុងអរិយក្សត្រ ដែលជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង។

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដោយឡែក ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕

បុរីប៉េង ហួតបង្ហាញសក្ដានុពលដ៏លេចធ្លោនៃគម្រោងលំនៅឋានបែបធម្មជាតិអេកូ ខូលិកសិន

  ដោយៈ រ៉ាមេត

ភ្នំពេញៈ គម្រោងលំនៅឋានបែបធម្មជាតិ ដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោងដ៏ធំសម្បើមមួយនេះមានឈ្មោះថា ហ្គ្រេនស្តា ផ្លាទីនីម ដំណា​ក់កាលទី2 អេកូ ខូលិកសិន ដែលមានវិសាលភាពលើផ្ទៃដីប្រមាណ150 ហិកតា ស្ថិតក្នុងតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ។

តាមរបាយការណ៍ពីក្រុមហ៊ុន គម្រោង អេកូ ខូលិកសិន មានគម្រោងសំខាន់ៗចំនួន5 ដែលបានបើកលក់រយៈពេល3ឆ្នាំមកហើយ ហើយក៏លក់អស់ស្ទើរតែទាំងស្រុងដែរ។ គេសង្កេតឃើញគម្រោងមេដ៏មហិមារនេះ មានចំណុចសំខាន់ជាច្រើន ខុសប្លែកពីគម្រោងលំនៅឋានផ្សេងៗ ដូចជា មានផ្លូវជិះកង់ និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិ បែងចែកដាច់ពីផ្លូវសម្រាប់ចរា​ចរណ៍ទូទៅក្នុងគម្រោង សួនច្បារសាធារណៈដែលឆ្លុះបញ្ចាំង ពីអត្តសញ្ញាណនៃគម្រោងទាំង5ផ្សេងៗពីគ្នា មហាវិថីអមដោយដើមក្ងោករាប់រយដើម មានប្រវែងជាង2គ.ម មានសួនផ្កាចម្រុះពណ៌ ទីធ្លាសម្រាប់ធ្វើលំហាត់ប្រាណជាច្រើនកន្លែង ពិសេសមានឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទ និងមានភោ​ជនីយដ្ឋាន ដែលមានម្ហូបមានរសជាតិឆ្ងាញ់ៗជាច្រើន កន្លែងសម្រាប់ប្រជាពលរដ្នគ្រប់ៗគ្នាទាំងក្នុង និងក្រៅបុរី ។

ក្រៅពីនេះ គម្រោងអេកូ ខូលិកសិន មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបនៅជុំវិញគម្រោងដូចជា សួនកម្សាន្តបែបអឺរ៉ុប អគារសន្និបាតនិងប្រារ​ព្ធ​ពិធី លំដាប់ផ្កាយ5 សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលកីឡា តំបន់ពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺគ្រប់គម្រោងនៃ អេកូ ខូលិកសិន សុទ្ធតែត្រូវបានបំផុសគំនិតដ៏ល្អឥតខ្ចោះ ដោយភាពមហស្ចារ្យនៃធម្មជាតិដូចជា៖

🏞- ភាពល្វតល្វន់នៃលំហូរទឹកពីធម្មជាតិ (អេកូ ឌែលតា)

💖- ក្ដីស្រលាញ់ដ៏ផ្អែមល្ហែមក្នុងធម្មជាតិ (អេកូ រ៉ូមែនស៍)

🎶- សំឡេងតន្ត្រីដ៏ពិរោះរណ្ដំក្នុងធម្មជាតិ (អេកូ មេឡូឌី)

🍃- អារម្មណ៍ស្រាកស្រាន្ត ប្រៀបបាននឹងផ្ទះលំហែក្នុងធម្មជាតិ (អេកូ វេរ៉ាន់ដា) និង🌞- ភាពចែងចាំងនៃពន្លឺព្រះអាទិត្យក្នុងធម្មជាតិ (អេកូ សាន់រ៉ាយ) ។

បច្ចុប្បន្ន គម្រោងធម្មជាតិដ៏ធំមួយនេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងមានការចូលរស់នៅកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមនៃគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ  𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth៕

  

 

 

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានបើកជើងហោះហើររវាងសៀមរាប និងទីក្រុងហាណូយ

ដោយ: លាងហួរ

សៀមរាប: ក្រុមហ៊ុនអាកាសចរណ៍Cambodia Angkor Air (CAAir) បានដំណើរការដោយជោគជ័យ នូវជើងហោះហើរដំបូង  ដែលតភ្ជាប់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយរបស់វៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃសុក្រនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជើងហោះហើរដំបូង បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិNoi Bai ទីក្រុងហាណូយកាលពីថ្ងៃព្រហ​ស្បតិ៍  ដោយដឹកអ្នកដំណើរចំនួន៦៨នាក់។

ក្រុមហ៊ុននេះបានបន្ថែមថា យន្តហោះ Airbus A320 បានត្រឡប់មកខេត្តសៀមរាបវិញ ក្នុងថ្ងៃតែមួយជាមួយនឹងអ្នកដំណើរចំនួន៨១នាក់។

ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺជាឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញ  និងជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុតរបស់កម្ពុជា។

សេចក្តី​ថ្លែងការណ៍​ដដែលបាន​បន្ត​ថា ដំបូង​ឡើយ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹង​ធ្វើ​ការ​ហោះហើរ​ចំនួន៣ជើង ​ក្នុង​មួយ​សប្តាហ៍​ ដោយ​យន្តហោះ Airbus A320 នៅ​រៀងរាល់​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃសៅរ៍។

លើសពីនេះ សម្រាប់ជើងហោះហើរ ទៅកាន់ប្រទេសវៀតណាម ក៏មានជើងហោះហើរបន្ត រវាងខេត្តសៀមរាប និងទីក្រុងហូជីមិញ ដោយមានជើងហោះហើរ២ជើង ជារៀងរាល់ថ្ងៃ ជើងហោះហើររវាងខេត្តសៀមរាប និងដាណាង ចំនួន១ជើងក្នុងមួយថ្ងៃ ជើងហោះហើររវាងភ្នំពេញ និងហាណូយចំនួន៣ជើងក្នុងមួយសប្តាហ៍ ។

ចំណែកជើងហោះហើរ រវាងភ្នំពេញ និងហូជីមិញ មានជើងហោះហើរ២ជើងជារៀងរាល់ថ្ងៃ ហើយរវាងក្រុងព្រះសីហនុ និងហូជីមិញ មានជើងហោះហើរ១ជើងជារៀងរាល់ថ្ងៃផងដែរ៕

ក្រុមប្រទេសG7សន្យាផ្តល់ប្រាក់ចំនួន៣២ពាន់លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំ២០២៣ខាងមុខ

ដោយ: លាងហួរ

តូក្យូ: ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសឧស្សាហកម្ម ទាំង៧(G7) បានសន្យាផ្តល់ប្រាក់ រហូតដល់៣២ពាន់លានដុល្លារ នៅឆ្នាំក្រោយ ដើម្បីជួយអ៊ុយក្រែនដោះស្រាយ ជាមួយនឹងសង្គ្រាមឈ្លានពានដ៏យូររបស់រុស្ស៊ី។

ក្រុមរដ្ឋមន្ត្រីប្រទេសទាំង៧ បានជួបប្រជុំគ្នាតាមវីដេអូZoom ដោយបានបញ្ជាក់ថា G7 នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លីបន្ទាន់របស់អ៊ុយក្រែន។

ថវិកាចំនួន៣២ពាន់លានដុល្លារនេះ នឹងអនុញ្ញាតឱ្យទីក្រុងគៀវ បន្តការផ្តល់សេវាមូលដ្ឋាន អនុវត្តន៍ការជួសជុលដ៏សំខាន់បំផុត និងស្ថិរភាពសេដ្ឋកិច្ច ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសG-7 បានរិះគន់រុស្ស៊ី ចំពោះការវាយប្រហារផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែន និងបានឯកភាពគ្នាបង្កើនការគាំទ្រ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ក្នុងការស៊ូទ្រាំនឹងរដូវរងាដ៏អាក្រក់នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Annalena Baerbock បានបញ្ជាក់ថា ការវាយប្រហារដ៏ធំ និងដោយចេតនារបស់រុស្ស៊ី ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករបស់អ៉ីរ៉ង់ បានធ្វើឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់រស់នៅក្នុងភាពងងឹត  និងរងាខ្លាំង។

ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូ មុនពេលដែលតំណែងជាប្រធានប្តូរវេនរបស់ G-7 នឹងត្រូវផ្ទេរទៅឱ្យប្រទេសជប៉ុន ក្នុងខែមករាខាងមុខ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានថ្លែងប្រាប់កិច្ចប្រជុំថា  វាជារឿងសំខាន់សម្រាប់G-7 ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ស្របពេលដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី កំពុងបន្តអូសបន្លាយពេល។

ក្រុមរដ្ឋមន្ត្រីការបរទេស G-7 ក៏បាន ថ្កោលទោសយ៉ាងខ្លាំង ដល់រដ្ឋាភិបាលតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះ ក្នុងការរារាំងស្ត្រីពីការចូលរៀន នៅសាកលវិទ្យាល័យផងដែរ៕

លោកឧកញ៉ាឃាង ពុទ្ធីៈ ស្ថានភាពអចលនទ្រព្យចុងឆ្នាំ២០២៣អាចវិលទៅរកសម័យកាលមុនវិបត្តិកូវីដ១៩

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល៣ឆ្នាំហើយ ដែលស្ថានភាពអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា បានជួបប្រទះនឹងបញ្ហាលើទីផ្សារ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប៉ុន្តែអ្នកជំនាញនៃវិស័យអចលនទ្រព្យ លោកឧកញ៉ាឃាង ពុទ្ធីបានមើលឃើញថា ស្ថានភាពអចលនទ្រព្យនៅឆ្នាំនេះ គឺជាសញ្ញាល្អសម្រាប់ឆ្នាំក្រោយ ហើយនៅចុងឆ្នាំ២០២៣ វិស័យនេះនឹងវិលទៅរកស្ថានភាពដូចនឹងមុនវិបត្តិឡើងវិញ។

លោកឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យបានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុកឱ្យដឹងថា ស្ថានភាពនៃវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានឹងវិលរកភាពប្រក្រតីឡើងវិញ ពោលគឺដូចនឹងស្ថានភាព មុនកូវីដ១៩នៅចុងឆ្នាំ ២០២៣ខាងមុខនេះ ។

លោកបន្តថា អ្វីដែលលោកអះអាងដូចនេះ ដោយសារហេតុផលមួយចំនួនដូចជា ទី១ យើងបានមើលឃើញថា ជំងឺកូវីដ១៩សឹងតែបាត់ទៅវិញហើយមកដល់បច្ចុប្បន្ននេះ ហើយវាក៏ត្រូវបានគេចាត់ទុក ដូចជា ជំងឺផ្ដាសា​យធម្មតា ។ អ្វីដែលពិសេសបណ្ដាប្រទេសមួយចំនួន ក៏បានចាត់ទុកជំងឺនេះជាជំងឺធម្មតា នឹងស៊ាំជាមួយជំងឺនេះទៅហើយ ។ ទី២ យើងរំពឹងថាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៣ ហើយនឹងធ្វើឱ្យវិនិយោគិនបរទេស អាចធ្វើដំណើរចេញចូលស្វែងរក ការវិនិយោគឡើងវិញផងដែរ”។​លោកបន្តថា “នៅពេលសង្គ្រាមត្រូវបានបញ្ចប់ វិស័យថាមពលអន្តរជាតិ ចំណីអាហារ ឥន្ធនៈក៏នឹងវិលទៅរកតម្លៃដូចធម្មតាឡើងវិញ”។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្ថែមថា នៅឆ្នាំ ២០២៣ខាងមុខនេះដែរ ក៏ជាឆ្នាំ ដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្ត្រ ហើយក្រោយការបោះឆ្នោតរួចស្ថានភាព នៃការវិនិយោគក៏នឹងប្រសើរឡើងដូចគ្នា ពីព្រោះថាជាទូទៅទាំងប្រជាជនកម្ពុជា និងវិនិយោ​គិនតែងតែរងចាំមើលពីការបោះឆ្នោត តែសម្រាប់លោកគិតថា ដោយសារតែកម្ពុជាយើងជាប្រទេស ដែលមានអ្នកនយោបាយចាស់ទុំច្រើន ដូច្នេះស្ថេរ​ភាពនយោបាយក៏នឹងល្អប្រសើរក្រោយការបោះឆ្នោត ។

លោកពុទ្ធីបានបញ្ជាក់ផងដែរថា ការទិញដីនៅក្នុងដំណាក់កាលនេះ មិនថាអ្នកមានលុយច្រើន ឬអ្នកទិញដើម្បីទុកវិនិយោគក្ដី គួរមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះស្ថានភាពពេលនេះ វាមិនដូចនឹងស្ថានភាពមុនទេ។

លោកពន្យល់ថា ពីមុនដីធ្លីមានតម្លៃទាប ការទិញដីទុកចំណេញនៅមានឱកាសខ្ពស់ តែពេលនេះតម្លៃដីធ្លីបានឡើងខ្ពស់ហើយ ហើយបើទោះ​បីជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិក្ដី ក៏តម្លៃដីធ្លីអត់មានធ្លាក់ចុះទេ មានតែបន្តឡើង។ ដូច្នេះហើយការទិញដីទុកចោល ដើម្បីយកចំនេញមិនធ្វើអ្វីសោះគួរមានការគិតគូរ៕

លោកស៊ុន ចាន់ថុលៈ គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញនឹងដាក់ជូនសម្តេចតេជោសម្រេច

ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើការពិនិត្យសម្រេចជ្រើសរើសនាពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួង សារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសនៅថ្ងៃទី២២ ខែធ្នូម្សិលមិញថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ដោយបច្ចុប្បន្ននេះ កំពុងធ្វើការកែសម្រួលបន្តិចបន្តួច ដើម្បីធ្វើយ៉ាងណាឱ្យគម្រោង នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកទេសរដ្ឋមន្ត្រីបន្តថា ក្រោយពីកែការសម្រួលរួចរាល់ គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើ អាកាសនឹងត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា “ផ្លូវភ្លើងក្រោមដី នៅរាជធានីភ្នំពេញ ក៏បានសិក្សាចប់សព្វគ្រប់ ឥឡូវយើងឱ្យអ្នកសិក្សាកែសម្រួលបន្តិចសិន អ៊ីចឹងយើងប្រៀ​បធៀបលើប្រព័ន្ធរថភ្លើងលើដី ផ្លូវរថភ្លើងលើអាកាស និងក្រោមដី គឺបានសិក្សាចប់ទាំង៣ហើយ និងធ្វើរបាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជ្រើសរើស តើប្រព័ន្ធមួយណាល្អជាងចំពោះរាជធានីភ្នំពេញយើង”។

គម្រោងកសាងរទេះភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាដោយក្រុមហ៊ុនគមនាគមន៍ និងសំណង់នៃប្រទេសចិនCCCC (China Communications Construction Company Limited) ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation)៕

មន្ត្រីសាធារណៈការអំពាវនាវឱ្យប្រើប្រាស់ការទូទាត់ប្រាក់ស្វ័យប្រវត្តិ ខណៈកំនើនអ្នកដំណើរកំពុងបន្តលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ

ដោយៈ សុផារី

ភ្នំពេញៈ រាប់ចាប់តាំងពីបើកឱ្យដំណើរការ រយៈពេល៨០ថ្ងៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបចំនួន៨៣១.០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចរាចរណ៍ប្រមា​ណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជា​ក់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ថា នៅដំណាច់ឆ្នាំ ឬអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំ២០២២-២០២៣ខាងមុខនេះ នឹងមានកំណើនរថយន្តធ្វើដំណើរកាន់តែច្រើន ដែលអាចឈានដល់ការកកស្ទះនៅច្រកចូលទៀតផង។

លោកបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ក្នុងការរៀបចំធ្វើស្វ័យប្រវត្តិកម្ម ក្នុងការរៀបចំការទូទាត់ប្រាក់ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បីសម្រួ​ល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមក សង្គេតឃើញថា គឺមិនមានបញ្ហា​កកស្ទះចរាចរណ៍ លើផ្លូវល្បឿនលឿនទៀតនោះទេ ទោះបីមានយានយន្តច្រើន បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះក៏ដោយ។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ និងសូមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលក្រសួងសាធារណការ និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានបំពាក់ជូនឱ្យប្រើប្រាស់ ឬបង់លុយតាមស្លាកលេខរថយន្តជាមុន តាមរយៈទូរសព្ទដៃ ជាមួយធនាគារណាមួយដែលជាដៃគូរបស់ក្រសួង ដូចដែលបានជម្រាបជូនជាបន្តបន្ទាប់ ឬប្រើប្រាស់ឧបករណ៍OBU ដើម្បីបញ្ចៀសការកកស្ទះនៅច្រកចូល និងចេញ ពិសេសនៅអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ ពី​ព្រោះការប្រើឧបករណ៍ OBU ឬបង់លុយមុននេះ មិនពិបាករងចាំយកកាត ឬអាប់លុយឡើយ។

ផ្លូវល្បឿនលឿន -ភ្នំពេញព្រះសីហនុ ជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ ផ្លូវល្បឿនលឿននេះ សាងសង់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រើរយៈពេលសាងសង់៤៨ខែ ចំណាយថវិកាជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

កម្លាំងចលករសំខាន់ចំនួន៣ នឹងជំរុញឱ្យអចលនទ្រព្យសៀមរាបមានសញ្ញាវិជ្ជមានក្នុងឆ្នាំ២០២៣

ដោយៈ សុផារី

សៀមរាបៈ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងប្រឹងប្រែងពង្រឹងនិងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធានានិរន្តរភាពសេដ្ឋកិច្ច នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស។

ក្នុងនោះ សៀមរាបជាគោលដៅអភិវឌ្ឍន៍សំខាន់មួយ ក្នុងឆ្នាំ២០២៣ បូកផ្សំនឹងចរន្តទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍ជាតិអន្តរជាតិជាច្រើន ត្រូវបានមើលឃើញថា ជាកត្តាជួយជំរុញឱ្យអចលនទ្រព្យ ក្នុងខេត្តនេះទទួលបានផលប្រយោជន៍ផងដែរ។

ក្រៅពីបណ្តាញផ្លូវថ្នល់ទាំង៣៧ ខ្សែនៅក្នុងក្រុងសៀមរាប និងគម្រោ​ងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ក្រុងសៀមរាបក៏កំពុងត្រូវបានសិក្សា និងរៀបចំឱ្យក្លាយជាគោលដៅទីក្រុងដ៏ឆ្លាតវៃមួយ។នាពេលថ្មីៗនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប ក៏បានកំពុងត្រូវបានសិក្សា ស្របជាមួយការលេចឡើង នៃការអភិវឌ្ឍតូច ធំជាច្រើនផងដែរ។

លោកស៊ា សុផល ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនKW ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញថា ស្ថានភាពអចលនទ្រព្យ នៅក្នុងខេត្តសៀមរាបមានភាពល្អប្រសើរ មានការសួរនាំ និងស្វែងរកមើលអចលនទ្រព្យច្រើនជាងឆ្នាំមុនៗ។

សញ្ញាល្អប្រសើរ និងស្ថិរភាពតម្លៃអចលនទ្រព្យនេះ លោកសុផលអះអាងថា ជាលទ្ធផលនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន បូកផ្សំនឹងសកម្មភាពទេសចរណ៍ហូរចូល និងព្រឹត្តិការណ៍សំខាន់ៗ ដែលត្រូវបានរៀបចំនៅក្នុងខេត្តសៀមរាបផ្ទាល់ បានធ្វើឱ្យចរន្តទិញលក់ជួលកម្រើកឡើងវិញ។

លោកបញ្ជាក់ថា “តាមរយៈការអភិវឌ្ឍន៍ទាំងនេះ បាននាំឱ្យផ្នែកខ្លះនៃអចលនទ្រព្យកម្រើកខ្លាំងឡើងវិញ ជាពិសេសផ្នែកផ្ទះអាជីវកម្ម ដីធ្លី និងដីសម្រាប់លំនៅឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារអាមេរិក”។ លោកថា “អ្នកវិនិយោគដែលមិនមានបញ្ហាលុយកាក់ ហើយត្រូវការទីតាំងសម្រាប់ពង្រីកអាជីវកម្ម ផ្ទះអាជីវកម្មកំពុងត្រូវបានស្វែងរកទិញ។ ដីណាក្រោមទីផ្សារ និងមានទីតាំងនៅជាប់ផ្លូវធំ មានការទិញលក់ច្រើន ព្រោះងាយស្រួលក្នុងការលក់ដូរ”។

លោកបន្តទៀតថា “សៀមរាបមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្អាតជាងមុន បូកផ្សំនឹងព័ត៌មានវិជ្ជមាន ទាក់ទងនឹងព្រឹត្តិការណ៍នានា ដូចជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាដើម ដែលបាននាំទេសចរមក ហើយអាជីវកម្មសណ្ឋាគារក៏ងើបឡើងវិញផងដែរ”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បញ្ជាក់កាលពីថ្ងៃទី២០ ខែធ្នូថា មានក្រុមហ៊ុនចំនួន៤ កំពុងសិក្សាលើការសាងសង់ផ្លូវនេះ។ លោកមានជំនឿចិត្តថា ការសាងសង់ផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ពីភ្នំពេញទៅខេត្តសៀមរាប  ក៏ដូចជាបង្កើនចំនួនអ្នកទេសចរណ៍ ទៅខេត្តតំបន់ប្រាសាទរបស់កម្ពុជានេះផងដែរ។

លោកបញ្ជាក់ថា “ផ្លូវល្បឿនល្បឿនភ្នំពេញក្រុងបាវិត ធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ប្រទេសយើងយើង ពីប្រទេសថៃមកកម្ពុជា ពីកម្ពុជាទៅវៀតណាមនេះ ទំនិញអាចឆ្លងកាត់កម្ពុជាតាមផ្លូវល្បឿនលឿន ធ្វើឱ្យសេវាល្អ កាត់បន្ថយតម្លៃនៃការដឹកជញ្ជូន”។ លោកបន្ថែមថា “ត្តសៀមរាបដូចគ្នា ភ្ញៀវទេសចរណ៍ទៅលេងសៀមរាប គឺពេលវេលាតិចជាងមុន។ ផ្លូវល្បឿនលឿនជួយច្រើនណាស់ ជួយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន”៕

សេដ្ឋកិច្ចអាមេរិកបង្ហាញពីសញ្ញាល្អប្រសើរឡើងវិញ ស្របពេលការចំណាយរបស់អ្នកប្រើប្រាស់ហក់ឡើង

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹង កាលពីថ្ងៃព្រហ​ស្បតិ៍ម្សិលមិញនេះថា  សេដ្ឋកិច្ចអាមេរិកបានកើនឡើង៣,២ភាគរយ នៅក្នុងត្រីមាសទី៣ ដែលជំរុញមកពីការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគ បានកើនឡើងខ្ពស់ជាងការព្យាករណ៍កាលពីលើកមុន។

សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានកើនឡើងជាលើកដំបូងក្នុងឆ្នាំ២០២២នេះ  ចាប់ពីខែកក្កដាដល់ខែកញ្ញា បន្ទាប់ពីមានការធ្លាក់ចុះចំនួន២ត្រីមាស ដោយបានបង្កឱ្យការភ័យខ្លាច ចំពោះការដាំក្បាលចុះនៃសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។

នៅក្នុងខែធ្នូនេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្កើនតួលេខ GDP រហូតដល់២,៩ភាគរយ ដោយតួលេខនេះជាការប្រសើរឡើងរួចទៅហើយពី២,៦ភាគរយ ដែលបានរាយការណ៍ ជាលើកដំបូងនៅក្នុងខែតុលា។

ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ការកើនឡើងនៃផលិតផ​លក្នុងស្រុកសរុបពិតប្រាកដ សម្រាប់ត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការនាំចេញ ការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគថេរ ដែលមិនមែនជាលំនៅដ្ឋាន ការចំណាយរបស់រដ្ឋបាលក្នុងស្រុក និងរដ្ឋ និងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។

ចំណែកការកើនឡើងនៃសេវាកម្មត្រូវបានទប់ស្កាត់ មួយផ្នែកដោយការធ្លាក់ចុះនៃទំនិញ ការលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តមានភាពយឺតយ៉ាវដូចការទិញអាហារ និងភេសជ្ជៈ ខណៈដែលពលរដ្ឋអាមេរិក កំពុងប្រឈមនឹងថ្លៃចំណាយខ្ពស់។

ក្រសួងពាណិជ្ជកម្មបានបន្តថា ការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាលត្រូវបាននាំមុខ ដោយការកើនឡើងនៃប្រាក់សំណងបុគ្គលិក និងការចំណាយលើវិស័យការពារជាតិ។

ទិន្នន័យ​ដដែលក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​ការ​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​បាន​កើន​ឡើង២,៣ភាគរយ ដែល​ខ្ពស់​ជាង​ការ​ប៉ាន់​ប្រមាណ​កាលពីមុន១,៧ភាគរយ។

ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិក មិនទាន់ភាពច្បាស់លាស់ទេថា តើអ្នកប្រើប្រាស់ នឹងអាចរក្សាល្បឿននៃការចំណាយបច្ចុប្បន្ន របស់ពួកគេបានរយៈពេលយូរប៉ុន្មាននោះទេ។

លោកស្រី Rubeela Farooqi   ប្រធានសេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន High Frequency Economics បានមានប្រសាសន៍ថា ថ្វីបើមានការកើនឡើងយ៉ាងឆាប់រហ័ស នៃអត្រាការប្រាក់យ៉ាងក្តី ប៉ុន្តែសេដ្ឋកិច្ចអាមេរិកកំពុងរីកចម្រើន ហើយសំខាន់ជាងនេះគឺពលរដ្ឋអាមេរិក នៅតែបន្តចំណា​យដដែល។

ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ចំនួន៧ដង ក្នុងឆ្នាំនេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយអតិផរណា ដែលហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាច្រើនទសវត្សរ៍កន្លងមក៕